តុលាការ​កាត់ទោស​សកម្មជន​នយោបាយ ៦​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២​ឆ្នាំ រឿង​បញ្ចេញមតិ​បញ្ហា​ព្រំដែន និង​ច្បាប់​ដក​សញ្ជាតិ

0
81
អ្នកទោសនយោបាយ ដែលរងការចោទប្រកាន់ពីរដ្ឋាភិបាល ករណីបញ្ចេញមតិបញ្ហានយោបាយ និងព្រំដែនជាដើម។ រូប៖ អង្គការលីកាដូ

តុលាការក្រុង​ភ្នំពេញ កាត់ទោស​សកម្មជន​ន​យោ​បាយ​គណបក្សប្រឆាំង ៦ នាក់ ជាប់ពន្ធនាគារ​ម្នាក់ៗ ចំនួន ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ជុំវិញ​ការ រិះគន់​រឿង​ព្រំដែន និង​ច្បាប់​ដក​សញ្ជាតិ​។ សង្គម​ស៊ីវិល លើកឡើង​ថា ការសម្រេច​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​បែបនេះ ធ្វើ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។

សកម្មជន​គណបក្សប្រឆាំង ៦​នាក់​ទៀត ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ ចំនួន ២​ឆ្នាំ ដោយសារ​ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ រិះគន់​រឿង​ព្រំដែន និង​ច្បាប់​ដក​សញ្ជាតិ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) រាយការណ៍​នៅ​ថ្ងៃទី​៣០ ខែមករា​ថា សមាជិក​សកម្ម​នៃ​គណបក្សប្រឆាំង​ទាំងនោះ រួមមាន លោក ហែម ហឿន សមាជិក​ក្រុមប្រឹក្សា​ស្រុក​ឱរ៉ាល់ និង​ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​ឆន្ទៈ​ខ្មែរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លោក វ៉ន ឡាង ជា​ជំទប់​ទី​២ ឃុំ​ត្រពាំង​ជោរ និង​ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក ឡេង ឡុន ជា​អនុប្រធាន​ប្រតិបត្តិ​ថ្នាក់​ស្រុក​ស្ទោង នៃ​គណបក្ស​កម្លាំង​ជាតិ ខេត្តកំពង់ធំ​។ រីឯ សកម្មជន​បក្ស​ប្រឆាំង ៣​នាក់​ទៀត គឺ​លោក ម៉ុង ផល្លី លោក ប៉ក់ ស៊ីណាវុធ និង​លោក សៀវ ចាន់រ៉ុម។

អង្គការ​លីកាដូ រាយការណ៍​ថា លោក ហែម ហឿន និង លោក វ៉ន ឡាង ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម ស្តីពី​បញ្ហា​ព្រំដែន រីឯ​លោក ឡេង ឡុន ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន រឿង​ចែករំលែក​សារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ​។ អង្គការ​លីកាដូ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លីកាដូ មិន​មាន​ព័ត៌មាន​ច្បាស់ការ​ណាមួយ ជុំវិញ​ករណី​លោក ម៉ុង ផល្លី លោក ប៉ក់ ស៊ីណាវុធ និង លោក សៀវ ចាន់រ៉ុម នោះ​ទេ ហើយក៏​មិន​ន​ព័ត៌មាន​ណាមួយ បញ្ជាក់​ពី​មូល​ហេតុ​ដែល​មនុស្ស​ទាំង ៦​នាក់ ត្រូវ​បាន​ផ្តន្ទា​ទោស នៅក្នុង​សំណុំរឿង​តែមួយ​នោះ​ដែរ។

យ៉ាងណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែ​មករា​នេះ បាន​ប្រកាស​សាលក្រម​កាត់​ឲ្យ​សកម្មជន​គណបក្សប្រឆាំង​ទាំង ៦​នាក់ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ២​ឆ្នាំ ហើយ​ពិន័យ​ប្រាក់​ម្នាក់ៗ ២​លាន​រៀល។ ពួកគេ​ត្រូវ​បាន​តុលាការ​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

លីកាដូ​ឲ្យ​ដឹង​ថា សកម្មជន ៥​នាក់ កំពុង​ជាប់ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ម​១ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​លោក ម៉ុង ផល្លី មិន​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នោះ​ទេ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៣០ ខែមករា​ថា ក្នុង​កាលៈទេសៈ​ប្រទេសជាតិ​ដូច​សព្វថ្ងៃ គួរតែ​ដោះលែង​អ្នក​ទោសនយោបាយ និង​អ្នកទោស​មនសិការ តាម​ការ​ទទូច​របស់​សហគមន៍​អន្តរជាតិ ដើម្បី​បង្ហាញ​ការប្រតិបត្តិ​ឲ្យ​ឃើញ​អំពី​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ជាក់ស្ដែង ជា​ខ្មែរ​តែមួយ ទើប​ខ្មែរ​ខ្លាំង។

លោក អំ សំអាត៖ «ដូច្នេះ គួរតែ​ពិនិត្យ​ទៅលើ​សកម្មជន​នៃ​គណបក្ស​នយោបាយ ដែល​ជាប់ពន្ធនាគារ ឬក៏​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន សកម្មជន សហជីព សកម្មជន​ការងារ​សង្គម​ផ្សេងៗ ដែល​ធ្វើ​សកម្មភាព ដើម្បី​លើកកម្ពស់​ទៅ​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​ហ្នឹង ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ឲ្យ​ខ្មែរ​ទាំងអស់​រួបរួម​គ្នា ខ្មែរ​តែមួយ​ខ្មែរ​ខ្លាំង»។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​ខ្មែរ​រួបរួមសាមគ្គី​ជា​ខ្មែរ​តែមួយ​នោះ ជា​នយោបាយ​បោកប្រាស់​លេចធ្លោ ប្រចាំ​ទសវត្ស​ន៍​នេះ ពីព្រោះ​អាជ្ញាធរ​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន និង​តុលាការ នៅតែ​សហការ​គ្នា​យ៉ាងសកម្ម ក្នុង​ការ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង ដាក់​ពន្ធនាគារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ