
ជនភៀសសឹកមួយចំនួននៅខេត្តបន្ទាយមានជ័យ ត្អូញត្អែរពីទុក្ខលំបាក ក្នុងការរស់នៅក្រោមតង់កៅស៊ូ និងករណីដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហាក់គ្មានវិធានការច្បាស់លាស់ក្នុងការដោះស្រាយ បញ្ហាដីធ្លី និងផ្ទះសម្បែងឱ្យពលរដ្ឋ ដោយសារ យោធាថៃបានរំលោកយកអស់ ក្រោយសង្គ្រាមឈ្លានពាន២១ថ្ងៃ។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យពលរដ្ឋអត់ធ្មត់ ហើយលោក ធានានឹងទាមទារដីទាំងនោះមកវិញ។
ពលរដ្ឋ និងសង្គមស៊ីវិលថា ភាពមិនច្បាស់លាស់របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយ វិវាទព្រំដែន រវាង កម្ពុជា-ថៃ និងបញ្ហាគ្មានគោលការណ៍ផ្ដល់ ទីជម្រកសមរម្យដល់ជនភៀសសឹក បានធ្វើឱ្យ អ្នកភូមិរស់នៅដោយអារម្មណ៍តែលតោល និងពុំសូវមានជំនឿចិត្តលើរបៀបធ្វើការរបស់រដ្ឋាភិបាលបក្សកាន់អំណាច ខណៈយោធាថៃ បន្តឈូសឆាយផ្ទះអ្នកភូមិ និងសាងសង់លេណដ្ឋានជាច្រើន លើទឹកដីខ្មែរ ដើម្បីងាយស្រួលគ្រប់គ្រងជាអចិន្ត្រៃយ៍។
ជនភៀសសឹក រស់នៅក្នុងតំបន់បឹងត្រកួន លោក លី គឹមសាល ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២ ខែកុម្ភៈ ថា ជាង១ខែមកនេះ យោធាថៃមិនបានបន្ធូរដៃក្នុងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋ នៅតំបន់បឹងត្រកួន និងតំបន់ផ្សេងៗទៀត ដែលពួកគេ បានកាន់កាប់ និងព័ទ្ធបន្លាលួស យកនោះទេ។ ទន្ទឹមគ្នានេះ លោកថា ជនភៀសសឹកដែលកំពុងតែរស់នៅក្នុងជំរំបានជួបទុក្ខលំបាកជាច្រើន ព្រោះថា ការរស់នៅក្នុងតង់កៅស៊ូមានភាពចង្អៀត និងកង្វះអនាម័យ។
បញ្ហាចម្បងទៀតនោះ លោកថា រដ្ឋាភិបាល ហាក់ពុំសូវមានភាពច្បាស់លាស់ក្នុងការដោះស្រាយបញ្ហា ជនភៀសសឹក ឱ្យទៅរស់នៅកន្លែងថ្មី ដើម្បីអាចប្រកបមុខរបរចិញ្ចឹមជីវិតបានឡើងវិញ បើទោះជាពេលនេះ ផ្ទះសម្បែង និងដីធ្លី របស់អ្នកភូមិត្រូវបានយោធាថៃ រំលោភយកអស់ក្ដី។ លោកថា រដ្ឋាភិបាលគួរតែបង្ហាញពីវិធានការ ឬគោលការណ៍ច្បាស់លាស់ថាតើ អ្នកភូមិទាំងអស់ គួរតែទទួលបានដំណោះស្រាយបែបណា ហើយត្រូវរង់ចាំរយៈពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំបន្តទៀត ជាជាងដែលឱ្យពលរដ្ឋរក្សា ភាពស្ងៀមស្ងាត់។
លោក លី គឹមសាល៖ «ខ្ញុំចង់សំណូមពរឱ្យរដ្ឋាភិបាល ឱ្យគាត់មានលក្ខខណ្ឌច្បាស់លាស់ជាមួយពួកខ្ញុំជាជនភៀសសឹក។ ដាក់ខសន្យាជាមួយពួកខ្ញុំ ថាកន្លះខែ ឬមួយឆ្នាំ។ ឥឡូវនេះមានការលំបាកខ្លះហើយ រឿងទ្រាំមានតែ ទ្រាំនឹងឯង។ ឱ្យច្បាស់លាស់ថា ឥឡូវនៅប៉ុន្មានឆ្នាំដើម្បីឱ្យពួកខ្ញុំបានធ្វើចិត្ត ឬអាចពួកខ្ញុំទៅរកកន្លែង ផ្សាយដើម្បីប្រកបអាជីវកម្ម មុខរបររកស៊ីដើម្បី ដំណោះស្រាយ ដើម្បីឱ្យខ្ញុំមានការជឿជាក់ច្បាស់លាស់»។
មិនខុសពីពលរដ្ឋរស់នៅតំបន់បឹងត្រកួន ស្រុកថ្មពួកនោះទេ ជនភៀសសឹកជាច្រើនទៀតនៅតំបន់ភូមិជោគជ័យ ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងអ្នកភូមិរស់នៅតាមតំបន់ជិតប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និង តំបន់ខ្លះនៅភូមិ អូរខ្លាឃ្មុំ ភូមិរូតចំប៉ី សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ រាប់ពាន់គ្រួសារ ក៏កំពុងរស់នៅ ដោយក្ដីអស់សង្ឃឹម ក្រោយពីផ្ទះសម្បែង ត្រូវថៃបំផ្លាញចោល ខណៈយន្តការដោះស្រាយរបស់រដ្ឋាភិបាល បន្តជាប់គាំងដដែល។
ពលរដ្ឋរស់នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យប្រាប់អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិងសំឡេងថា ចាប់ពីតំបន់ព្រំប្រទល់អន្តរជាតិ អូរស្មាច់មក គឺមានចម្ងាយជាង ១គីឡូម៉ែត្រការ៉េ ដែលយោធាថៃ បានចូលព័ទ្ធបន្លាលួស យកដីខ្មែរជាថ្មី ក្រោយបទឈប់បាញ់៧២ម៉ោង ខណៈ ផ្ទះពលរដ្ឋ រាប់សិបខ្នង ត្រូវបានវាយកម្ទេចចោល។ លោកហាក់គ្មានជំនឿចិត្តសោះថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹងអាចទាមទារទឹកដី ដែលបាត់បង់បានមកវិញ ដរាបណា កម្ពុជាមិនប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិទេនោះ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣១ ខែកុម្ភៈ បានថ្លែងប្រាប់ជនភៀសសឹករាប់ពាន់គ្រួសារ ដែលកំពុងរស់នៅក្នុងបរិវេណវត្តបាក់កាំ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ថា លោកពិតជាបាន ដឹងពីទុក្ខលំបាក របស់ជនភៀសសឹក និងការឈឺចាប់បំផុតរបស់ជនរួមជាតិ ព្រោះថា បញ្ហាអាទិភាព របស់រដ្ឋាភិបាល គឺទឹកដី និងប្រជាពលរដ្ឋ។ ទន្ទឹមគ្នានោះ លោកថា ក្រោយពីបានដឹងទុក្ខលំបាករបស់ពលរដ្ឋ លោកបានឱ្យអាជ្ញាធរពាក់ព័ន្ធ រៀបចំទីជម្រកថ្មី ដល់ជនភៀសសឹកទាំងអស់ ដែលបានបាត់បង់ដីធ្លី និងផ្ទះសម្បែង ឱ្យបានឆាប់បំផុត។
លោកបញ្ជាក់ថា ការដែលរៀបចំឱ្យមានទីជម្រកថ្មី ដល់ជនភៀសសឹកនេះ មិនមែនមានន័យថា កម្ពុជា បានបោះបង់សិទ្ធិទាមទារដីធ្លី ដែលយោធាថៃ ឈ្លានពានយកនោះទេ។ លោកថា កម្ពុជានៅតែ បន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី។ បន្ថែមពីនោះ លោកថា ការផ្ទុះសង្គ្រាម ចំនួនពីរលើកមកនេះ លោកពុំបានត្រៀមខ្លួនសោះ ក្នុងការធ្វើសង្គ្រាមនោះឡើយ ព្រោះលោកគិតថា កម្ពុជាជាប្រទេស ស្រឡាញ់សន្តិភាព មិនចង់មានជម្លោះនោះទេ។
លោក ហ៊ុន ម៉ាណែត៖ «ការទាមទារទឹកដី បូរាណភាពទឹកដីរបស់យើងនៅតែបន្តធ្វើ យើងអត់មានការបោះបង់សិទ្ធិការទាមទារនូវដែនអធិបតេយ្យរបស់យើងទេ។ យើងអត់មានសញ្ញាឈប់បាញ់ ជាការបេះដូងកាត់ដីឱ្យគេអត់មានទេ។ ការងារវាលវែង ការងារគ្រប់គ្រង ដោះស្រាយបញ្ហាព្រំដែននៅតែត្រូវគោរពតាមច្បាប់អន្តរជាតិ»។
អ្នកឃ្លាំមើលថា ការថ្លែងសារ របស់ លោក ហ៊ុន ម៉ាណែត នេះគឺហាក់បង្ហាញថា លោកពុំបានខ្វល់ពីការការពារដែនអធិបតេយ្យភាពរបស់ប្រទេសជាតិនោះទេ លោកបានបណ្ដែតបណ្ដោយឱ្យទឹកដី ត្រូវបាន សត្រូវគំរាមកំហែង យកតាមតែអំពើចិត្ត ហើយ យោធិនរាប់រយនាក់ ត្រូវបានពលីដោយឥតន័យ ខណៈ ពលរដ្ឋជាច្រើននាក់ បានស្លាប់ និងអ្នកភូមិ ជាង១១ម៉ឺននាក់ ភៀសសឹក រហូតមកទល់បច្ចុប្បន្ន ដោយសារតែការមិនអើពើពីរដ្ឋាភិបាល។
ប្រធានសមាគមខ្មែររដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រចាំប្រទេសអូស្ត្រាលី លោក ជា យូហ៊ន លើកឡើងថា ការណ៍ដែលជនភៀសសឹកបន្តត្អូញត្អែរ បែបនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋាភិបាលដឹកនាំបច្ចុប្បន្ន គឺអសមត្ថភាព។ ទន្ទឹមគ្នានោះលោកថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលគិតប្រយោជន៍ជាតិ និងពលរដ្ឋជាធំ លោកនឹងមិនទុកពលរដ្ឋចោលបែបនេះទេ ហើយសំណុំរឿង ថៃឈ្លានពាន ក៏ត្រូវតែពន្លឿនប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិICJ ។
លោក ជា យូហ៊ន៖ «យន្តការរបស់ខ្ញុំមានផ្លូវតែមួយទេ គឺប្ដឹង។ អារឿងចរចា នឹងចរចាដល់អង្កាល់ទៀត។ គ្រាន់តែរឿងចរចាៗហើយ បាញ់។ បាញ់ហើយសម្រេចតែអញ រាយបន្លាលួសព័ទ្ធយកតាហ្មង!។ អាហ្នឹង អត់មានអ្នកណា គេសុខចិត្តទេ។ យើងទាំងអស់គ្នា បើថាយើងជាពូជខ្មែរអង្គរមែន អាហ្នឹង ត្រូវអីឱ្យដាច់ស្រឡះ។ កុំធ្វើរបៀបហ្នឹង»។
គេសង្កេតឃើញថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត បានកំពុងរកទីជម្រកបណ្ដោះអាសន្ន សម្រាប់ផ្លាស់ប្ដូរ ឱ្យជនភៀសសឹកទៅរស់នៅ ជំនួសឱ្យការ រស់នៅក្នុងតង់កៅស៊ូ ប៉ុន្តែយ៉ាងណា គេបារម្ភថា ទីតាំងដែលអាជ្ញាធរនឹងឱ្យពលរដ្ឋទៅរស់នៅភាគច្រើនគឺជាតំបន់ដាច់ស្រយាល និងនៅក្នុងដីព្រៃទុកចោល ដែលពុំមានប្រព័ន្ធភ្លើង និងប្រព័ន្ធទឹកនោះទេ ការណ៍នេះធ្វើឱ្យពលរដ្ឋរងផលលំបាកបន្ថែមទៀត ក្រោយពីពួកគាត់បានបាត់បង់ ដីធ្លី និងផ្ទះសម្បែងរួចមកហើយ។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាល ពន្លឿនការផ្ដល់ទីលំនៅថ្មីដល់ពលរដ្ឋ ហើយក៏គួរតែជាទីកន្លែងដែលមានផាសុកភាពត្រឹមត្រូវ៕









