ថៃ​បន្ត​យក​រឿង​ផ្ទុះ​សង្គ្រាម​លើក​ទី​៣ នៅ​តំបន់​ព្រំដែន មក​គំរាម​កម្ពុជា មុន​ពេល​បោះឆ្នោត

0
93
រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី២២ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក ASEAN
រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី២២ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក ASEAN

ទាំង​មន្ត្រី​ការបរទេស និង​កងទ័ព​ថៃ បាន​ចេញ​មក​គំរាម​កម្ពុជា​ព្រម​គ្នា នៅ​មុន​ការបោះឆ្នោត​សភា ក្នុង​ប្រទេស​ថៃ ដោយ​ពួកគេ​បាន​ព្រមាន និង​ចោទ​ថា ប្រសិនបើ​កម្ពុជា នៅតែ​ផ្ទុះអាវុធ​នៅ​តាម​ព្រំដែន និង​ជ្រៀតជ្រែក​ក្នុង​រឿង​នយោបាយ​របស់​ថៃ​ទៀត នោះ​ថៃ​នឹង​ធ្វើ​ការ​ឆ្លើយតប​ដោយ​ប្រើ​កម្លាំងយោធា​។ អ្នកឃ្លាំមើល​កម្ពុជា​យល់​ថា កម្ពុជា​គួរ​បង្កើន​ការ​ប្រុងប្រយ័ត្ន ដោយ​យោធា​ថៃ អាច​ប្រើ​លេស​នេះ ដើម្បី​ឈ្លានពាន​កម្ពុជា ជា​លើក​ទី​៣។

មន្ត្រី​ការបរទេស និង​យោធា​ថៃ បាន​ចេញ​មក​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ថៃ មិន​ចាំ​បាច់​បារម្ភ​អំពី​អសន្តិសុខ និង​បញ្ហា​ជម្លោះព្រំដែន ជាមួយ​កម្ពុជា​នៅមុន​ថ្ងៃ​បោះឆ្នោត​អ្វី​នោះឡើយ។

រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ថា ប្រទេស​ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ការពារ​ខ្លួន ប្រសិនបើ​កម្ពុជា​បាញ់ប្រហារ​ដោយ​ចេតនា​បង្កហេតុ នៅមុន​ការបោះឆ្នោត​ក្នុង​ប្រទេស​ថៃ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ខាង​មុខ​នេះ។

លោក ស៊ីហាសាក់ ចោទ​ថា កាលពី​ថ្ងៃទី​៣០ ខែ​មករា ទាហាន​ខ្មែរ បាន​បាញ់កាំភ្លើង​គ្រាប់​បែកដៃ ម៉ាក M79 ចូលក្នុង​ទឹកដី​ថៃ ក្នុង​ខេត្ត​ស៊ីសាកេត (Si Sa Ket) ជាប់​នឹង​តំបន់​មុំ​បី ក្នុង​ខេត្តព្រះវិហារ របស់​កម្ពុជា ដោយហេតុ​ការណ៍​នេះ បាន​ក្លាយជា​ក្ដី​បារម្ភ ចំពោះ​ប្រទេស​ថៃ ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ នៅមុន​ការបោះឆ្នោត​សភា​។ លោក​បន្ត​ថា ក្នុង​ករណី​នេះ កម្ពុជា និង​ថៃ​អាច​ដោះស្រាយ​នៅ​ថ្នាក់​តំបន់​បាន ក៏ប៉ុន្តែ បើ​ហេតុការណ៍​ផ្ទុះអាវុធ​នេះ នៅតែ​កើតឡើង​បន្ត​ទៀត នោះ​ប្រទេស​ថៃ នឹង​ចាត់ការ​ដោយ​ប្រើ​កម្លាំងយោធា។

ក្រៅពី​ព្រមាន​ផ្នែក​យោធា លោក ស៊ីហាសាក់ អះអាង​ថា លោក​បាន​ប្រាប់​តំណាង​របស់​កម្ពុជា ក្នុង​អំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន (Philippine) ឱ្យ​ភាគី​កម្ពុជា​ត្រូវ​ប្រុងប្រយ័ត្ន​ជាមួយនឹង​សេចក្ដីថ្លែងការណ៍​ផ្សេងៗ និង​ជៀសវាង​នូវ​អ្វី ដែល​លោក​ចោទ​ថា ជា​ការ​ជ្រៀតជ្រែក​ក្នុង​រឿង​នយោបាយ​ថៃ។

ងាក​មក​ខាង​យោធា​វិញ អ្នកនាំពាក្យ​កងទ័ពអាកាស​ថៃ លោក ចាក់គ្រីត ថាំវិឆៃ (Chakrit Thammavichai) បាន​អះអាង កាលពី​ម្សិលមិញ​ថា កងទ័ព​អាកាស​ថៃ នៅតែ​ធ្វើ​ប្រតិបត្តិការ​យោធា នៅ​តំបន់​ព្រំដែន ដើម្បី​ការពារ​ដែនអាកាស ដោយ​លោក​ចោទ​ថា ដោយសារតែ​កម្ពុជា​បាន​បង្កើត​សកម្មភាព​ញុះញង់​ជាច្រើន​ដង។

លោក ចាក់គ្រីត បញ្ជាក់​ថា កងទ័ពអាកាស​បាន​ត្រៀម​យុទ្ធោបករណ៍​រួចជាស្រេច សម្រាប់​ប្រតិបត្តិការ​យោធា​រយៈពេល​យូរ ចន្លោះ​ពី ២ ទៅ ៣​ឆ្នាំ ដោយមាន​ការ​សហការ​គ្នា​គ្រប់​វិស័យ រវាង​កងកម្លាំងប្រដាប់អាវុធ និង​រដ្ឋាភិបាល​ស៊ីវិល ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក។

ជុំវិញ​រឿង​នេះ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃ​នេះ​ថា នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ប្រទេស​ហ្វីលីពីន កាលពី​ចុងខែ​មករា រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​ថ្លែងប្រាប់​អង្គប្រជុំ​ថា ទោះបីជា​កម្ពុជា​បាន​អនុវត្ត​បទ​ឈប់​បាញ់​ក្ដី ក៏​នៅតែ​មាន​សកម្មភាព​មួយចំនួន ដែល​រំលោភ​លើ​កិច្ចព្រមព្រៀង​នេះ ជាពិសេស​ទាក់ទង​ទៅ​នឹង​ការគោរព​អធិបតេយ្យ និង​បូរណភាព​ទឹកដី ដែល​សកម្មភាព​បែបនេះ នឹង​បង្កើន​ភាព​តានតឹង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ស្ដារ​សន្តិភាព​ឡើង​វិញ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា ស្ថិត​ក្នុង​ស្ថានភាព​គំរាមកំហែង​បែបនេះ កម្ពុជា​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន ទាំង​ផ្នែក​នយោបាយ​ការទូត និង​យោធា ដោយ​ភាគី​ថៃ អាច​នឹង​ប្រើ​លេស ដើម្បី​ឈ្លានពាន​កម្ពុជា ជា​លើក​ទី​៣​។ លោក​ព្យាករណ៍​ថា នៅ​ក្រោយ​ថៃ​បោះឆ្នោត​រួច ស្ថានការណ៍​រឿង​ព្រំដែន នឹង​គ្មាន​ការប្រែប្រួល​សំខាន់​នោះ​ទេ ដោយ​ភាគី​ថៃ នៅតែ​រក​លេស បិទផ្លូវ​ចរចា​ទ្វេភាគី​ជាមួយ​កម្ពុជា។

លោក ម៉ែន ណាត៖ «​ជំហរ​កម្ពុជា​គ្មាន​រឿង​អ្វី ទៅ​បង្ក​ហានិភ័យ​ជុំវិញ​ការបោះឆ្នោត​នៅ​ថៃ​នោះ​ទេ​។ តាម​ស្ដាប់​មើល​ទៅ លោក ហ៊ុន ម៉ាណែត ត្រូវ​ការ​សន្តិភាព ហើយ​លេស​ហ្នឹង នៅតែ​ដដែល។ មហិច្ឆតា​គេ​(​ថៃ​) កន្លែង​ណា​គ្រប់គ្រង​បាន គេ​នៅ​បន្ត​គ្រប់គ្រង ហើយ​បើ​កម្ពុជា​មិន​យល់ព្រម​ទេ គេ​នឹង​មិន​ចរចា​ជាមួយ​ទេ​។ អ្វី​ដែល​គេ​ចង់បាន​ពី​កម្ពុជា គឺ​ចង់ឱ្យ​កម្ពុជា ចូលរួម​អនុវត្ត​ការប្រើប្រាស់​ផែនទី​ខុសច្បាប់​របស់​គេ ខ្នាត ១:៥០.០០០ ដើម្បី​ត្រួតត្រា​ទឹកដី​កម្ពុជា​មួយ​ផ្នែក ដែល​គេ​ចង់បាន​ហ្នឹង»។

ខណៈ​ថៃ​កំពុង​យក​សង្គ្រាម​គំរាម​កម្ពុជា​នោះ ថ្ងៃទី​៣ ខែកុម្ភៈ នេះ ទាហាន​ថៃ បាន​ដាក់​តម្រៀប​ទូ​កុងទឺន័រ និង​រាយ​បន្លា​លួស​ខាងមុខ​ខ្លោងទ្វារវត្ត​បឹង​ត្រកួន ដោយ​ព័ទ្ធ​យក​ទាំង​វត្ត​អារាម ទាំងអស់​តែម្ដង ខណៈ ផ្ទះ​៣​ខ្នង​នៅ​តំបន់​អូរ​ភ្លុក​ដំរី ខេត្តពោធិ៍សាត់ វិញ យោធា​ថៃ​បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​មក​ទស្សនា​កម្សាន្ត ប្រៀប​បាន​ទៅ​នឹង​រមណីយដ្ឋាន​មួយ​ទៅ​ហើយ។

ចំណែក​ពី​ខាង​ព្រំដែន​ខេត្ត​ព្រះវិហារ​វិញ យោធិន​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ជួរមុខ​ក្នុង​ខេត្ត​នេះ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ស្ថានភាព​នៅ​តាម​ព្រំដែន​មិនសូវ​ល្អ​នោះ​ទេ ដោយ​កងទ័ព​ខ្មែរ និង​កងទ័ព​ថៃ បាន​ឈ្លោះប្រកែក និង​ជេរ​គ្នា​ស្ទើរតែ​រាល់ថ្ងៃ ដោយសារ​តែ​យោធា​ថៃ នៅតែ​ព្យាយាម​ចូល​រាយ​បន្លា​លួស នៅក្នុង​ទីតាំង​របស់​យោធា​ខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ