

អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលបញ្ហាសង្គម អះអាងថា នៅក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលកម្ពុជាមិនអាចបើកច្រកព្រំដែនឡើងវិញនោះទេ ពីព្រោះរាល់ការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជាពុំទាន់ដោះស្រាយនៅឡើយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាត្រូវទាមទារឲ្យយោធានិងរដ្ឋាភិបាលថៃ សងសំណងខូចខាតទ្រព្យសម្បត្តិរបស់ជនស៊ីវិលដែលទាហានថៃបានបំផ្លាញឲ្យជនភៀសសឹកវិញ។ ចំណែករដ្ឋាភិបាលជប៉ុន គួរដាក់គំនាបឲ្យរដ្ឋាភិបាលថៃគោរពច្បាប់អន្តរជាតិ និងប្រគល់ដែនអធិបតេយ្យរបស់កម្ពុជាដែលភាគីថៃឈ្លានពានមកឲ្យកម្ពុជាវិញ ប្រសើរជាងការស្នើជាថ្មីឲ្យកម្ពុជា និងថៃបើកច្រកព្រំដែនឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្មរបស់វិនិយោគិនជប៉ុន។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៤ កុម្ភៈ ថា នៅក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលកម្ពុជាមិនអាចបើកច្រកព្រំដែនឡើងវិញនោះទេ ពីព្រោះរាល់ការឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជាដោយរឹបអូសយកទឹកដីកម្ពុជាទៅធ្វើជាទឹកដីរបស់ខ្លួននៅពុំទាន់ដោះស្រាយនៅឡើយ។ ចំណែកឯទ្រព្យសម្បត្តិរបស់ជនភៀសសឹកដែលយោធាថៃបានបំផ្លិចបំផ្លាញ និងរឹបអូសយកក៏ពុំទាន់មានដំណោះស្រាយនៅឡើយ។
លោក សេក សុជាតិ បានបន្ថែមថា ប្រទេសជប៉ុនគួរស្នើទៅប្រទេសថៃឲ្យប្រគល់ដែនដីកម្ពុជាមកវិញសិន ហើយជប៉ុនគួរដាក់គំនាបប្រទេសថៃឱ្យគោរពច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហា ដោយឈរទៅលើគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់ ហើយប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ និងដោះស្រាយបញ្ហាព្រំដែនតាមរយះពហុភាគី។ លោកថា ក្នុងកាលៈទេសៈណាក៏ដោយកម្ពុជាត្រូវតែមានភាពច្បាស់លាស់ហើយត្រូវតែឈរទៅលើទិដ្ឋភាពផ្លូវច្បាប់។
លោក សេក សុជាតិ៖ «សម្រាប់ខ្ញុំនៅតែមិនមានការគាំទ្រឲ្យមានការបើកព្រំដែនរវាងកម្ពុជា និងថៃនៅក្នុងអំឡុងពេលដែលមិនទាន់មានភាពច្បាស់លាស់ណាមួយកើតឡើងនោះទេ ហើយអ្នកណាក៏ចង់ឲ្យសេដ្ឋកិច្ចប្រទេសជាតិមានភាពល្អប្រសើរដែរ តែយើងមិនគួរចង់បានសេដ្ឋកិច្ចនៅក្នុងពេលដែលពួកគេឈ្លានពានយើង ហើយគេធ្វើអ្វីបានតាមចិត្ត ហើយយើងបែរទៅជាចង់បានទ្រព្យសម្បត្តិបន្តិចបន្តួចផលប្រយោជន៍បន្តិចបន្តួចដោយភ្លេចនូវមនសិការជាតិនិយម»។
ការយល់ឃើញរបស់អ្នកឃ្លាំមើលនេះ គឺបន្ទាប់ពីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ុយណូ អាត់ស៊ូស៊ី (Ueno Atsushi) បានថ្លែងនៅក្នុងកិច្ចសន្ទនាស្ដីពី «កម្ពុជា-ជប៉ុននៅក្នុងពិភពលោកថ្មី» កាលពីថ្ងៃទី៣០មករា ដោយបង្ហាញការបារម្ភអំពីទំនុកចិត្តរបស់ជនជាតិជប៉ុន នៅពេលដែលព្រំដែនរវាងកម្ពុជានិងថៃនៅតែបន្តរឹតបន្តឹង។ លោកថា ការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ បានប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនជប៉ុន ជាពិសេសក្រុមហ៊ុន ដែលមកវិនិយោគនៅកម្ពុជា ដោយពួកគេត្រូវរកមធ្យោបាយផ្សេងៗសម្រាប់ការផ្គត់ផ្គង់បន្ត។
លោក អ៊ុយណូ អាត់ស៊ូស៊ី បានស្នើជាថ្មីឲ្យកម្ពុជា និងថៃ បើកច្រកព្រំដែនឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្មរបស់វិនិយោគិនជប៉ុន។ លោកថា ការអូសបន្លាយការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ បានជះឥទ្ធិពលដល់វិនិយោគិនជប៉ុនទាំងក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៤ កុម្ភៈ ថា ជប៉ុនចង់ឲ្យកម្ពុជា និងថៃបើកច្រកព្រំដែនឡើងវិញនៅពេលនេះគឺដើម្បីផលប្រយោជន៍របស់ជប៉ុនតែប៉ុណ្ណោះ។ លោកថា កម្ពុជាមិនត្រូវបើកច្រកព្រំដែននៅក្នុងកាលៈទេសៈដែលព្រំដែនគ្មានសន្តិសុខនោះឡើយ។
លោក គឹម សុខ បន្ថែមទៀតថា កម្ពុជាអាចបើកច្រកព្រំដែនជាមួយប្រទេសថៃបាន លុះត្រាថៃដកកំលាំងឈ្លានពានរបស់ខ្លួនចេញពីទឹកដីកម្ពុជាឲ្យអស់ ហើយថៃត្រូវធានានៅចំពោះមុខសហគមន៍អន្តរជាតិថា ខ្លួនមិនប្រើកំលាំងនិងអាវុធឈ្លានពានប្រទេសកម្ពុជាទៀតនោះទេ។ ថៃនិងកម្ពុជាត្រូវមានការព្រមព្រៀងគ្នាដោះស្រាយបញ្ហាព្រំដែនដោយប្រើឯកសារស្របច្បាប់អន្តរជាតិ និងមានការចូលរួមពីភាគីទីបីដូចជាបារាំងនិងអង្គការសហប្រជាជាតិ ដូច្នេះទើបអាចបើកច្រករកស៊ីដោយស្មើមុខគ្នា។
លោក គឹម សុខ៖ «ពុំមានប្រទេសណាដែលគេបើកព្រំដែននៅពេលដែលភាគីម្ខាងទៀតកំពុងប្រើអាវុធ និងកំលាំងឈ្លានពានប្រទេសគេនោះទេ»។
ច្រកព្រំដែនកម្ពុជា-ថៃ បានបិទចាប់ពីខែមិថុនា ឆ្នាំ២០២៥ ក្រោយពេលដែលថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា។ ឆ្លើយតបនឹងការបិទជាឯកតោភាគីរបស់ថៃ កម្ពុជាបានសម្រេចបិទការនាំចូលបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងទំនិញមួយចំនួនពីថៃចូលកម្ពុជា។ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងបញ្ជាក់ថា នឹងមិនមានការចរចាដើម្បីបើកច្រកព្រំដែនឡើងវិញនោះទេ ព្រោះថៃបានបិទជាឯកតោភាគី ហើយថា កម្ពុជានឹងបើកច្រក នៅពេលថៃបើកឡើងវិញមុន៕









