

អ្នកវិភាគថា ក្រោយផ្អាកសង្គ្រាមឈ្លានពានកម្ពុជា ចំនួន២លើកមក ភាគីថៃបានបង្ហាញសកម្មភាពយ៉ាងផុលផុស ក្នុងការអភិវឌ្ឍ និងឈូសឆាយផ្ទះអ្នកភូមិ ក្រោយពីពួកគេបានវាយដណ្ដើមពីកម្ពុជា ដើម្បីបង្ហាញពីមហិច្ឆតាក្នុងការកាន់កាប់ទឹកដីខ្មែរជាអចិន្ត្រៃយ៍ ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលតែងសន្យា ទាមទារទឹកដី មកឱ្យពលរដ្ឋវិញនោះ ហាក់ពុំសូវឃើញមាន សកម្មភាពជាដុំកំភួន ដើម្បីបង្ហាញឱ្យសាធារណជនជឿទុកចិត្តនោះឡើយ។
ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក បានដឹងរួចមកហើយ អំពីអំពើព្រៃផ្សៃរបស់យោធាថៃ ដែលបានឈ្លានពានកម្ពុជា ដុតបំផ្លាញផ្ទះអ្នកភូមិ ប្លន់ទ្រព្យសម្បត្តិ និងប្រាង្គប្រាសាទបុរាណខ្មែរខណៈ តំបន់ជាច្រើនទៀតដែលយោធាថៃ បានកាន់កាប់ ក៏ត្រូវបានយោធាថៃពង្រីកជាកន្លែងឈរជើងរបស់កងទ័ព ដែលមានលេណដ្ឋាន និងការដាក់ពង្រាយកុងតឺន័រ បិទជិតមិនឱ្យពលរដ្ឋខ្មែរចូលបាន។
អ្នកវិភាគថា ករណីនេះបង្ហាញឱ្យឃើញពីមហិច្ឆតា របស់ភាគីថៃ ដែលធ្លាប់អះអាងថា យោធាថៃ មានសមត្ថភាពក្នុងវាយដណ្ដើមទឹកដីកម្ពុជា ដើម្បីស្អំចិត្តពលរដ្ឋថៃ ឱ្យជឿជាក់លើវិស័យយោធា ដូចដែលពួកគេធ្លាប់សន្យា។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៤ ខែកុម្ភៈ ថា ក្រោយសង្គ្រាមឈ្លានពាន ភាគីថៃនិយាយហើយ គឺធ្វើរហូត ពេលខ្លះធ្វើសកម្មភាពច្រើន ជាងការនិយាយ ដូចជាការការឈូសឆាយផ្ទះពលរដ្ឋខ្មែរ និងការសាងសង់ លេណដ្ឋានផ្សេងៗ។ រីឯកម្ពុជា លោកថា និយាយច្រើនជាងធ្វើ រហូតហាក់ក្លាយជាសារប្រជាភិថុតិ។ ទន្ទឹមគ្នានោះលោកថា ភាគីថៃមានពេលគិតរួមគ្នា ទាំងកងទ័ព រដ្ឋាភិបាល អ្នកនយោបាយ និងអ្នកវិភាគ ប្រៀបដូចទៅនឹង ក្រុមអ្នកអុំទូក ដែលមានអ្នកជួយចូកជួយចែវច្រើន។ រីឯ កម្ពុជា មិនមានមនុស្សច្រើន ក្នុងការជួយគិតគ្នានោះទេ ប្រៀបបានដូច ទូកដែលមានចង្វាអុំតែមួយ។ លោកថា ករណីនេះ គឺដោយសារតែ បរិបទនយោបាយនៅថៃល្អជាងកម្ពុជា ខណៈកម្ពុជាមានការរឹតត្បិតផ្នែកនយោបាយ និងសេរីភាពបញ្ចេញមតិ។
បណ្ឌិត មាស នី៖ «ខ្ញុំគិតថានៅពេលដែលគេរៀបចំហើយស្រួលបួល ក្នុងពេលឆាប់ៗគេនឹងបើកផ្លូវឱ្យពលរដ្ឋរបស់គេបានមើលសមិទ្ធផល ដែលគេធ្វើបាន។ បានន័យថា ទាំងសមិទ្ធផល អភិវឌ្ឍន៍ និង សមិទ្ធផល ដែលគេកាន់កាប់ យកបានពីខ្មែរយើង ។ អ៊ីចឹងក្នុងស្ថានភាពនេះវានឹង ផ្ដល់ឱ្យថៃនូវគំនិតជាតិនិយម កាន់តែខ្លាំងថែមទៀត ហើយនឹងកាន់តែមានកិច្ចសហការកាន់តែរឹងមាំរវាងយោធា នឹងពលរដ្ឋថៃ នាពេលអនាគត»។
ប្រតិកម្មនេះ ធ្វើឡើងក្រោយពីមន្ត្រីយោធា និងរដ្ឋាភិបាលថៃ ធ្លាប់បានអះអាងជាច្រើនដង ដោយចិញ្ចឹមចិត្ត ឈ្លានពានយកទឹកដីខ្មែរ។ ពួកគេបានអះអាងថា នឹងវាយកម្ទេចសមត្ថភាព កងទ័ពកម្ពុជា រហូតដល់សុំចុះចាញ់។
បន្ថែមពីនោះទៀត កាលពីផ្ទុះអាវុធ ជុំទី១ អតីតមេទ័ពភូមិភាគ២ ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ធ្លាប់បានអះអាងថា ប្រសិនបើ ថៃផ្ទុះសង្គ្រាម ជាលើកទី២ជាមួយកម្ពុជា នឹងវាយយកប្រាសាទ តាក្របីឱ្យខានតែបាន។ នៅពេលច្បាំងជាលើកទី២ យោធាថៃ មិនត្រឹមតែវាយយកប្រាសាទតាក្របីនោះទេ ថែមទាំងយកប្រាសាទតាមាន់ធំ និងតំបន់ជាច្រើននៅតាមព្រំដែនរហូតដល់ភូមិស្រុក ដែលមានជនស៊ីវិលរស់នៅ។
ចំណែក កម្ពុជាវិញ បានចេញលិខិតថ្កោលទោស ទៅកាន់ភាគីថៃ ជាបន្ទាប់បន្ទប់ ចំពោះទង្វើឈ្លានពាន របស់ថៃមកលើដែនអធិបតេយ្យកម្ពុជា និងការបំផ្លិចបំផ្លាញ ផ្ទះសម្បែងអ្នកភូមិ វត្តអារាម និងប្រាសាទ បុរាណខ្មែរ។ ទន្ទឹមគ្នានោះ កម្ពុជាបានចោទយោធាថៃថា បានប្រព្រឹត្តនូវអំពើ «ឧក្រិដ្ឋកម្មសង្គ្រាម» ពាក់ព័ន្ធ ការឈ្លានពានទឹកដីកម្ពុជា និងសម្លាប់ជនស៊ីវិលអស់ជាច្រើននាក់។ ជាមួយគ្នា អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតិ ធ្លាប់លើកឡើងថា កម្ពុជានឹងប្ដឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ រីឯ លោក ហ៊ុន ម៉ាណែត ក៏ធ្លាប់បានអះអាង កាលពីផ្ទុះអាវុធលើកទី១ ថា កម្ពុជាបានប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJហើយដែរ ប៉ុន្តែ ជាក់ស្ដែង ករណីនេះត្រូវបានគេ រកឃើញថា ជាការ ភូតកុហក។
លោកក៏បានសន្យាដល់ពលរដ្ឋ ដែលបាត់បង់ដីធ្លី និងផ្ទះសម្បែងផងដែរ កុំឱ្យព្រួយបារម្ភ ព្រោះលោកនឹង ទាមទារមកវិញ តាមរយៈការដោះស្រាយតាមយន្តការទ្វេភាគី និងកិច្ចការទូត ស្របច្បាប់អន្តរជាតិ ក៏ប៉ុន្តែ ការដោះស្រាយនេះបានបរាជ័យ ជាច្រើនដងរួចហើយ។ រីឯ ភាគីថៃតែងតែបដិសេធ មិនចង់ដោះស្រាយជម្លោះ ជាមួយកម្ពុជា។ អ្នកឃ្លាំមើលថា ប្រសិនបើកម្ពុជាមិនប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ កម្ពុជាគ្មានថ្ងៃទាមទារទឹកដីបានមកវិញនោះទេ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកស្រី ម៉ាលី សុជាតា ដើម្បីឆ្លើយតប ជុំវិញរឿងនេះ បានទេនៅថ្ងៃទី៤ ខែកុម្ភៈ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា លោក គឹម សុខ លើកឡើងថា ការដែលលោក ហ៊ុន ម៉ាណែត និយាយច្រើនជាង ធ្វើគឺដោយសារតែ លោកមិនអាចដោះស្រាយបញ្ហាព្រំដែនជាមួយថៃបាន ដូច្នេះ មានតែការនិយាយ ដើម្បីស្អំចិត្ត និងបោកប្រាស់ពលរដ្ឋ។ ទន្ទឹមគ្នានោះ លោកថា លោក ហ៊ុន ម៉ាណែត ខ្លាចការគំរាមកំហែងរបស់ថៃ ព្រោះថាថៃ បានបង្វែរការឈ្លានពានកម្ពុជាទៅជាការបង្ក្រាប បទល្មើសឆបោកអនឡាញ ដែលករណីនេះ គឺជាចំណុចខ្សោយ របស់ត្រកូល«ហ៊ុន» ដែលកំពុងតែត្រូវបានគេរកឃើញថា អ្នកជាការពារក្រុមឧក្រិដ្ឋជនឆបោក។ ដូច្នេះ លោកថា លោក ហ៊ុន ម៉ាណែត គ្មានជម្រើសឡើយក្រៅពីថ្នមស្ថានការណ៍ កុំឱ្យថៃបង្កសង្គ្រាមម្ដងទៀត ព្រោះខ្លាចប៉ះពាល់អំណាច ជាជាងបាត់បង់ ដែនអធិបតេយ្យជាតិ។
លោក គឹម សុខ៖ «ថៃក៏ដឹងច្បាស់ថាអំណាចក្រុមគ្រួសារហ៊ុន វាយផុយស្រួយពេក ដោយសារតែ អំពើផ្ដាច់ការ ពុករលួយ បក្ខពួកនិយម និងគ្មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ហើយពុំពង្រឹងកម្លាំងកងទ័ពទៀត។ ម្ល៉ោះហើយថៃធ្វើតាមចិត្ត។ ធ្វើរហូតដល់ក្រុមគ្រួសារហ៊ុន ទៅលុតជង្គង់សំពះថៃ ហើយសន្យាធ្វើតាមថៃ គ្រប់បែបយ៉ាង ។ អ្វី ដែលយើងឃើញជាសាធារណៈ វាគ្រាន់តែ ជាសារនយោបាយ របស់ក្រុមគ្រួសារហ៊ុន ដើម្បីបន្លំប្រជាពលរដ្ឋ ប៉ុន្តែនៅពីក្រោយគ្រួសារហ៊ុន មិនហ៊ានអ្វីថៃនោះទេ»។
អ្នកវិភាគថា ការដោះស្រាយបញ្ហាព្រំដែន រដ្ឋាភិបាលកម្ពុជា មិនគួរភ័យខ្លាច បាត់បង់អំណាច ជាងប្រយោជន៍ជាតិនោះទេ។ ពួកគាត់ថា កម្ពុជាគួរតែពន្លឿនការប្ដឹងថៃទៅតុលាការអន្តរជាតិ ហើយត្រូវពង្រីង កិច្ចការទូតឱ្យសកម្ម និងម៉ឺងម៉ាត់ជាទីបំផុត ព្រោះថា កម្ពុជាមិនគួរដើរតួជាប្រទេសទន់ខ្សោយពេក រហូតដល់ប្រទេសជិតខាង ប្រមាថមើលងាយ សព្វបែបយ៉ាង តាមតែអំពើចិត្តបែបនេះឡើយ។ បន្ថែមពីនោះ លោក ហ៊ុន ម៉ាណែត ត្រូវហ៊ានទទួលខុសស្គាល់ភាព «កម្សោយ» របស់ខ្លួន ហើយត្រូវចុះចេញពីអំណាច ព្រោះប្រទេសជាតិមួយនេះ មិនមែនជា កម្មសិទ្ធិ របស់ត្រកូល «ហ៊ុន» នោះឡើយ៕









