

ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បន្តទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្ដឹងភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ស្របតាមច្បាប់អន្តរជាតិ ប្រសើរជាងរង់ចាំរកដំណោះស្រាយទ្វេភាគី។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ប្រាប់ឲ្យពលរដ្ឋទុកចិត្តរដ្ឋាភិបាល ក្នុងការរកដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ តាមរយៈគណៈកម្មាធិការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC)។
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវតែប្រញាប់ប្ដឹងភាគីថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីទាមទារទឹកដី និងប្រាសាទរបស់កម្ពុជា ត្រឡប់មកវិញ ប្រសើរជាងរង់ចាំរកដំណោះស្រាយទ្វេភាគី។
ពលករនៅប្រទេសកូរ៉េខាងត្បូង (South Korea) លោក ឃឹម វិជ្ជាធន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១០ ខែកុម្ភៈថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ត្រូវប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ពាក់ព័ន្ធទាហានថៃ បើកការវាយប្រហារឈ្លានពាន មកលើទឹកដីកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ និងទាមទារទឹកដី ប្រាសាទខ្មែរ ត្រឡប់មកវិញ។ លោកថា រដ្ឋាភិបាលត្រកូលហ៊ុន មិនគួរចាប់ពលរដ្ឋ ដែលហ៊ានសម្ដែងមតិរឿងព្រំដែនដាក់ពន្ធនាគារនោះទេ លើសពីនោះ មេដឹកនាំពុំគួរនិយាយបង្ខិតបង្ខំ និងគំរាមពលរដ្ឋឲ្យជឿជាក់លើខ្លួន ទាំងដែលគ្មានសមត្ថភាពការពារទឹកដីនោះដែរ។
លោក ឃឹម វិជ្ជាធន៖ «ទឹកដីដែលបាត់បង់ទៅប្រទេសថៃត្រឡប់មកវិញតាមរយៈការចរចាទ្វេភាគី ដែលលោក ហ៊ុន ម៉ាណែត កំពុងតែធ្វើនេះ គឺមិនមែនតែខ្ញុំទេ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគាត់គ្មានជំនឿទុកចិត្តទៅលើ លោក ហ៊ុន ម៉ាណែត ទៀតទេ ដូចឃើញស្រាប់ហើយកន្លងមក លោក ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា យកគ្រួសាររបស់ខ្លួនមកធានា ប្រសិនបើធ្វើឲ្យបាត់បង់ទឹកដីមួយមីលីម៉ែត្រ ប៉ុន្តែសព្វថ្ងៃយើងដឹងហើយទឹកដីមួយភាគខាងលិចត្រូវបានថៃគ្រប់គ្រង រហូតដល់៤២ទីតាំងមកដល់សព្វថ្ងៃនេះ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋរស់នៅប្រទេសជប៉ុន (Japan) លោក មួន យន លើកឡើងថា លោក ហ៊ុន ម៉ាណែត មិនមានសមត្ថភាពការពារទឹកដីឲ្យបានគង់វង្សនោះទេ ពីព្រោះរាល់ការសន្យារបស់រដ្ឋាភិបាលត្រកូលហ៊ុន តែងតែរងនូវបរាជ័យ និងធ្វើឲ្យពលរដ្ឋរងទុក្ខវេទនាជាបន្តបន្ទាប់។
លោក មួន យន៖ «ប្រសិនបើរបបក្រុងភ្នំពេញមានឧត្ដមគតិ ឬឆន្ទៈស្នេហាជាតិមាតុភូមិ ស្រឡាញ់ប្រជាពលរដ្ឋពិតប្រាកដ ម្ល៉េះសមរបបនេះ នឹងយករឿងដែលថៃឈ្លានពានទៅប្ដឹងទៅតុលាការអន្តរជាតិ នេះបានសមជាមេដឹកនាំ អ៊ីចឹងទេ សូមរបបក្រុងភ្នំពេញប្ដឹងទៅតុលាការអន្តរជាតិ ទើបអាចរក្សាការពារទឹកដីដែលនៅសេសសល់ ហើយអាចទាមទារទឹកដីដែលថៃឈ្លានពានយកមកវិញបាន»។
នៅក្នុងពិធី ជួបសំណេះសំណាលជាមួយសិស្សានុសិស្សជាប់និរទេសA នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី១០ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យប្រជាពលរដ្ឋត្រូវតែជឿជាក់ទៅលើរដ្ឋាភិបាលរបស់លោក ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកថា រដ្ឋាភិបាលរបស់លោក រង់ចាំរកដំណោះស្រាយទ្វេភាគី តាមរយៈគណៈកម្មាធិការចម្រុះព្រំដែនគោកកម្ពុជា-ថៃ(JBC) បន្ទាប់ពីប្រទេសថៃធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំរួចហើយនោះ។
លោក ហ៊ុន ម៉ាណែត៖ «ក្នុងនោះបានចែងយ៉ាងច្បាស់អំពីការប្រើប្រាស់យន្តការព្រំដែន(JBC) ដើម្បីយើងធ្វើការវាស់វែង ពិតណាស់មិនទាន់កើតឡើយ ដោយសារប្រទេសថៃមានការបោះឆ្នោត ប៉ុន្តែទៅមុខទៀតយើងសង្ឃឹមថា យន្តការនេះជាអ្វី ដែលនឹងត្រូវប្រើធានានូវសន្តិភាពនៃប្រទេសទាំងពីរ ឲ្យប្រជាជននៅព្រំដែនប្រទេសទាំងពីរ កុំឲ្យមានការលំបាកដូចកាល ៦ខែកន្លងមកនេះ ហើយយើងរកវិធីដោះស្រាយដើម្បីបញ្ចប់ជម្លោះ ដើម្បីកុំឲ្យទុកជាមរតកទៅកូនចៅរបស់យើងជំនាន់ក្រោយ»។
ទាក់ទិននឹងបញ្ហានេះ ប្រធានអង្គការសម្ធ័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដើម្បីកម្ពុជា នៅប្រទេសអូស្ត្រាលី(Australia ) លោក អ៊ិន ណាត យល់ឃើញថា រដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត គ្មានវិធីសាស្ត្រអ្វី ក្រៅពីប្ដឹងភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិICJ និងសហប្រធាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីស្វែងរកយុត្តិធម៌ និងទាមទារទឹកដីត្រឡប់មកវិញ។ លោកថាប្រសិនបើ រដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត មិនប្ដឹងភាគីថៃនោះទេ ពលរដ្ឋនឹងបាត់បង់ជំនឿទៅលើរដ្ឋាភិបាលជាក់ជាមិនខាន។
លោក អ៊ិន ណាត៖ «ការប្ដឹង និងមានតែការប្រើច្បាប់ទេ ទើបយើងទាមទារបាន បើទោះបីមិនបានទាំងអស់ ក៏យើងបានមកវិញខ្លះដែរ ថា ឲ្យយើងទាមទារមកវិញទាំងអស់ខ្ញុំមិនមានជំនឿទេ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលខ្ញុំបាននិយាយជាមួយ គឺថា គេមិនមានជំនឿរដ្ឋាភិបាល នឹងអាចទាមទារទឹកដីដែលបាត់បង់ទាំងអស់បានត្រឡប់មកវិញបានដែរ ជាញឹកញយរដ្ឋាភិបាល មេដឹកនាំជាពិសេស លោក ហ៊ុន ម៉ាណែត គាត់តែងតែនិយាយស្អំចិត្តប្រជាពលរដ្ឋ ប៉ុន្តែពលរដ្ឋបាត់បង់ជំនឿនេះទៅហើយ»។
ក្រោយផ្ទុះអាវុធលើកទី២ជាង២០ថ្ងៃ យោធាថៃ បានរាយបន្លាលួសព័ទ្ធយកទឹកដី ឈូសឆាយផ្ទះពលរដ្ឋ វត្តអារាម និងប្រាសាទខ្មែរជាច្រើនទីតាំង នៅតាមព្រំដែនកម្ពុជា-ថៃ។ ភាគីថៃអះអាងថា តំបន់ដែលយោធាថៃដណ្ដើមបានពីកម្ពុជា ភាគីថៃនឹងមិនប្រគល់ឱ្យទៅកម្ពុជាវិញនោះទេ។ ប៉ុន្តែភាគីកម្ពុជា បានបដិសេធមិនទទួលស្គាល់ការកំណត់ព្រំដែន ដែលបានប្រើប្រាស់កម្លាំងអាវុធនោះទេ កម្ពុជា កំណត់យកព្រំដែនដោយប្រើប្រាស់សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដែលមានសុពលភាពស្របតាមច្បាប់អន្តរជាតិ៕








