

ពលរដ្ឋនៅស្រុករវៀង ខេត្តព្រះវិហារ អះអាងថា រថយន្តដឹករ៉ែដែករបស់ក្រុមហ៊ុនលោក ទ្រី ដាលុច កំពុងបង្កផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងសួតរបស់កុមារ ដែលរស់នៅតាមបណ្ដោយផ្លូវជាតិ២១៣។ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរត្រួតពិនិត្យ និងដោះស្រាយបញ្ហានេះជូនពលរដ្ឋជាបន្ទាន់។
ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២១៣ក្នុងស្រុករវៀង ខេត្តព្រះវិហារ អះអាងថា អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់កូនលោក ទ្រី ភាព គឺលោក ទ្រី ដាលុច ធ្វើអាជីវកម្មរ៉ែដែក និងមានរថយន្តធំៗរាប់រយគ្រឿងដឹកជញ្ជូនរ៉ែដែកទាំងថ្ងៃទាំងយប់ ធ្វើឲ្យខូចផ្លូវ មានដីហ៊ុយ បង្កផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងសួតកុមារធ្ងន់ធ្ងរ។
ក្រុមប្រឹក្សាគណបក្សភ្លើងទៀនម្នាក់ នៅស្រុករវៀង សុំមិនបញ្ចេញឈ្មោះ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែកុម្ភៈថា រថយន្តដឹករ៉ែដែក បង្កឲ្យមានដីហ៊ុយទាំងថ្ងៃទាំងយប់ ធ្វើឲ្យកុមារតូចៗដែលមានអាយុក្រោយ៣ឆ្នាំ កំពុងរងផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងសួតធ្ងន់ធ្ងរ ខណៈអាជ្ញាធរមិនមានវិធានការទប់ស្កាត់បញ្ហាទាំងអស់នេះនោះទេ។ លោកថា ពលរដ្ឋមួយចំនួនបានរអ៊ូរទាំ ខឹងសម្បារ និងខ្លះទៀតបានថតរូបភាព និងវីដេអូ បង្ហោះជាសាធារណៈ ហើយស្នើឲ្យអាជ្ញាធរជួយរកដំណោះស្រាយពាក់ព័ន្ធបញ្ហានេះជាបន្ទាន់។
ក្រុមប្រឹក្សាគណបក្សភ្លើងទៀនម្នាក់ សុំមិនបញ្ចេញឈ្មោះ៖ «តំណាងឲ្យប្រជាពលរដ្ឋ ខ្ញុំសុំឲ្យខាងក្រុមហ៊ុនគាត់ជួយធ្វើផ្លូវឲ្យបានល្អដូចមុន កុំឲ្យវាហ៊ុយវាប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋយើង រាល់ថ្ងៃជាបញ្ហាគឺសុខភាពនេះឯង ដល់វាហ៊ុយរាល់ថ្ងៃវាធ្វើឲ្យប៉ះពាល់សុខភាព វាធ្វើឲ្យខាតបង់ថវិកាប្រាក់ចំណូលរបស់គាត់ មនុស្សយើងឲ្យតែមានជំងឺឈឺស្កាត់ហើយគ្មាននរណាមានប្រាក់ចំណូលនោះទេ សុំឲ្យខាងក្រុមហ៊ុនគាត់ធ្វើផ្លូវឲ្យបានល្អដូចមុន»។
ពលរដ្ឋឈ្មោះ ជុន បញ្ញាវ័ន្ត រស់នៅស្រុករវៀង បានថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម ដោយនិយាយរៀបរាប់ថា ប្រជាពលរដ្ឋនៅស្រុករវៀងនឹងកើតជំងឺសួតគ្រប់គ្នា ដោយសារតែមានរថយន្តធន់ធ្ងន់រាប់រយគ្រឿង បើកបរដឹកជញ្ជូនរ៉ែគ្មានពេលឈប់សម្រាក។
ជុន បញ្ញាវ័ន្ត៖ «ហុយណាស់លោកអើយ បើមួយថ្ងៃៗពីព្រឹកដល់ល្ងាច ងាប់អស់ហើយប្រជាពលរដ្ឋ»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុធ្ធី និងតំណាងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន លោក ដេត សិលា ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១១ ខែកុម្ភៈ។
ពលរដ្ឋថា ផ្លូវជាតិចំនួន២ខ្សែរងការខូចខាតស្ទើរតែទាំងស្រុង ដោយសាររថយន្តដឹករ៉ែដែករបស់លោក ទ្រី ដាលុច ក្នុងនោះ មានផ្លូវជាតិលេខ២១៣ ចាប់ពីផ្លូវបំបែកស្រុកឆែប រហូតដល់ផ្លូវបំបែកភ្នំដែក នៃស្រុករវៀង និងផ្លូវជាតិលេខ៦២ ចាប់ពីផ្លូវបំបែកភ្នំដែក រហូតដល់ខេត្តកំពង់ធំ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធត្រូវតែប្រញាប់រកដំណោះស្រាយឲ្យប្រជាពលរដ្ឋ មិនត្រូវអូសបន្លាយរហូតកើតបញ្ហាធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋបែបនេះនោះទេ។
លោក យិន ម៉េងលី៖ «អាជ្ញាធរទាំងអស់នេះ គឺជាតំណាងប្រជាពលរដ្ឋ គាត់ត្រូវតែមើលសុខទុក្ខប្រជាពលរដ្ឋ បើគាត់មិនមើលសុខទុក្ខពលរដ្ឋទៀត ទៅជាតំណាងពលរដ្ឋយ៉ាងម៉េចកើត ឲ្យគាត់មើលពីតួនាទីរបស់គាត់ឡើងវិញ កុំភ្លេចមើលតួនាទីរបស់ខ្លួនសម្រាប់ពលរដ្ឋនេះ ដើម្បីដោះស្រាយបញ្ហាឲ្យពិតប្រាកដ គេឲ្យមានអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយនៅមូលដ្ឋាន បើដោះស្រាយនៅមូលដ្ឋានមិនចេញទេ ត្រូវឡើងមកលើជាបន្តបន្ទាប់ដល់ថ្នាក់ជាតិ ទើបឲ្យពលរដ្ឋអាចរស់នៅដោយសុខដុមរមនាបាន»។
កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៣ ទីស្ដីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់លោក ទ្រី ដាលុច រុករក និងធ្វើអាជីវកម្មរ៉ែដែកទូទាំងប្រទេស ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែធ្វើអាជីវកម្មរ៉ែដែកក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង រួចដឹកយកទៅលក់នៅក្រៅប្រទេស តាមច្រកព្រំដែនអន្តរជាតិ ក្អមសំណរ ខេត្តកណ្ដាល ដោយដឹកជញ្ជូនមកដាក់សាឡង់នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន គឺជាកម្មសិទ្ធិរបស់លោក ទ្រី ដាលុច ដែលជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព ល្បីល្បាញខាងរកស៊ីឈើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ បច្ចុប្បន្នលោក ទ្រី ដាលុច គឺជាទីប្រឹក្សារបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC)៕









