

តុលាការខេត្តឧត្ដរមានជ័យ បានចោទប្រកាន់ និងឃុំខ្លួនអ្នកសារព័ត៌មានអនឡាញលោក លួត សុផល ក្រោយពីលោកផ្សាយរឿងកងទ័ពខ្វះទឹកប្រើប្រាស់។ អ្នកជំនាញសារព័ត៌មាន និងសង្គមស៊ីវិល លើកឡើងថា ការបន្តធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានមិនផ្ដល់ផលចំណេញដល់រដ្ឋាភិបាលនោះទេ។
សាលាដំបូងខេត្តឧត្តរមានជ័យ បានចោទប្រកាន់ និងឃុំខ្លួនអ្នកសារព័ត៌មាន អនឡាញ លោក លួត សុផល ពីបទ«ធ្វើឱ្យខូចទឹកចិត្តកងទ័ព» និង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីបានផ្សាយព័ត៌មានមានចំណងជើង «អត់សូម្បីទឹក» កាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលចង់សំដៅដល់ការខ្វះទឹកប្រើប្រាស់របស់កងទ័ពក្នុងពេលកម្ពុជាបន្តមានជម្លោះព្រំដែនជាមួយថៃ។
សេចក្តីជូនដំណឹងរបស់តំណាងអយ្យការសាលាដំបូងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៤ ខែកុម្ភៈ លើកឡើងថា ការផ្សព្វផ្សាយរបស់លោក លួត សុផល ដែលបាននិយាយនៅក្នុងវីដេអូរឿងកងទ័ពអត់ទឹកប្រើប្រាស់ នៅចំណុចអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៧ ខែកុម្ភៈ គឺមានចេតនាចូលរួមធ្វើឲ្យខូចទឹកចិត្តកងទ័ព និងមានចរិតញុះញង់បង្កឲ្យមានបទល្មើស។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ស្នើឲ្យតុលាការយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្តលើលោក លួត សុផល ឬក៏ឲ្យផ្សាយកែតម្រូវឡើងវិញ ប្រសិនបើរកឃើញថា ការផ្សាយនេះ មិនត្រឹមត្រូវ។ លោករិះគន់តុលាការ ដែលបន្តយកក្រមព្រហ្មទណ្ឌមកអនុវត្តលើអ្នកសារព័ត៌មាន។
លោក យិន ម៉េងលី កត់សម្គាល់ថា អ្នកសារព័ត៌មានខ្លះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដែរ ប៉ុន្តែក្រោយពួកគេធ្វើវីដេអូសុំទោស ក៏ត្រូវបានដោះលែងវិញ។ រីឯលោក លួត សុផល ក៏បានធ្វើវីដេអូសុំទោសហើយបានលុបវីដេអូដែលផ្សាយកាលពីថ្ងៃទី០៧ ខែកុម្ភៈ ចេញវិញខណៈគ្រួសាររបស់លោកក៏សុំទោសដែរ ប៉ុន្តែតុលាការនៅតែចោទប្រកាន់ និងឃុំខ្លួន អ្នកសារព័ត៌មានរូបនេះដដែល។
លោក យិន ម៉េងលី៖ «ការដែលហាមឃាត់មិនឲ្យផ្សាយព័ត៌មានអ៊ីចឹង វាមិនបានចំណេញអីដល់រដ្ឋាភិបាលទេ។ តាមពិតវាធ្វើឲ្យរដ្ឋាភិបាល មានការខាតបង់នូវព័ត៌មានពិត។ អ៊ីចឹងបើសិនជារដ្ឋាភិបាលបើកលំហទៅ ទី១ រដ្ឋាភិបាលចំណេញ រដ្ឋាភិបាលមានឈ្មោះល្អលើឆាតអន្តរជាតិ ទី២ រដ្ឋាភិបាលទទួលបានព័ត៌មានពិត ដើម្បីធ្វើការដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា កុំឲ្យបញ្ហាតូចវាទៅជាបញ្ហាធំ។ កាលណា រដ្ឋាភិបាលទទួលព័ត៌មានពិតបញ្ហាតូចដោះស្រាយទៅវាបញ្ចប់បញ្ហា តែបើសិនជាសារព័ត៌មានឯករាជ្យ ត្រូវ បានបិទនឹងវាធ្វើឲ្យបញ្ហាធ្លាក់ទៅលើរដ្ឋាភិបាលវិញទេ»។
អ្នកសារព័ត៌មានអនឡាញ នៃសារព័ត៌មានស្រទាប់យុវវ័យ និងជាអតីតកីឡាប្រដាល់ លោក លួត សុផល ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យក្រោយពេលដែលលោកបានផ្សាយផ្ទាល់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ នូវវីដេអូព័ត៌មាននិយាយរិះគន់ពីការខ្វះខាតទឹកសម្រាប់កងទ័ពជួរមុខ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី យល់ ថា រដ្ឋាភិបាលគួរធ្វើការឆ្លើយតប និងដោះស្រាយបញ្ហា កង្វះខាតជូនកងទ័ពភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាន ជាជាងធ្វើការប្ដឹងផ្ដល់ និងចោទប្រកាន់លើអ្នកសារព័ត៌មាន។ លោកថា អ្នកសារព័ត៌មានមានតួនាទីជំរុញ និងលើកកម្ពស់ទំនុកចិត្តសាធារណជនជាមួយរដ្ឋាភិបាល ប៉ុន្តែបើសេរីភាពអ្នកសារព័ត៌មាន ត្រូវបានរាំងខ្ទប់នោះ លោកថា វាក៏បង្កឧបសគ្គក្នុងការផ្ដល់ទំនុកចិត្តរបស់សាធារណជនជាមួយរដ្ឋាភិបាលដែរ។
លោក ណុប វី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៦ ខែកុម្ភៈថា រដ្ឋាភិបាលគួរពិនិត្យមើលចំណុចវិជ្ជមានរបស់អ្នកសារព័ត៌មាន ជាជាងចាត់ទុកការអនុវត្តតួនាទីរបស់អ្នកសារព័ត៌មាន ជាការគំរាមកំហែងដល់ការងាររបស់រដ្ឋាភិបាល។
លោក ណុប វី៖ «យើងទៅជាប្ដឹងផ្ដល់ ចោទប្រកាន់អ្នកសារព័ត៌មាន ខ្ញុំគិតថា ដូចជា វាអាចនឹងមិនធ្វើឲ្យការឆ្លើយតប របស់យើងចំពោះបញ្ហាដែលកើតមានឡើង វាមានប្រសិទ្ធភាព ហើយយើងដឹងហើយ ការឆ្លើយតប តាមរយៈការដែលមិនហ៊ានបញ្ចេញព័ត៌មានមិនហ៊ានទទួលស្គាល់នូវ ការកង្វះខាតរបស់យើង វាជារឿងដែល មិនល្អទេ ព្រោះធម្មតា អ្នកណាក៏មានចំណុចខ្វះខាតដែរ។ ដូច្នេះ យើងត្រូវដឹង យើងត្រូវសរសើរវិញទេ អ្នកដែលគាត់បានមើលឃើញ អ្នកដែលគាត់បង្ហាញអំពីអ្វី ដែលជាចំណុចខ្វះខាតរបស់យើង ដើម្បីឲ្យយើងមានឱកាសអាចឆ្លើយតបចំពោះចំណុចខ្វះខាតទាំងអស់ហ្នឹងបាន»។
ចាប់តាំងពីខែមករាដល់ ខែកុម្ភៈនេះ អ្នកសារព័ត៌មានជិត១០នាក់ ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយសារការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនបញ្ហារបស់កងទ័ព និងការឆបោកតាមអនឡាញជាដើមក្នុងនោះអ្នកសារព័ត៌មានខ្លះត្រូវបានឃុំខ្លួនរយៈពេលខ្លីរួចដោះលែងវិញក្រោយធ្វើវីដេអូសុំទោស ខ្លះត្រូវអាជ្ញាធររឹបអូសយកឧបករណ៍សម្រាប់បំពេញវិជ្ជាជីវៈ ខ្លះត្រូវអាជ្ញាធរបង្ខំឱ្យលុបរូបថត ឬវីដេអូចេញពីម៉ាស៊ីនថត ឬទូរសព្ទដៃ និងចុងក្រោយគឺត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនដោយប្រើក្រមព្រហ្មទណ្ឌតែម្តង។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកការចោទប្រកាន់ និងចាប់ឃុំខ្លួននេះ ថា ជាការបំបិទសំឡេងរបស់អ្នកសារព័ត៌មានបន្ថែមទៀត។ ពួកគេទាមទារឲ្យអាជ្ញាធរ និងរដ្ឋាភិបាលគោរព និងការពារសេរីភាពអ្នកសារព័ត៌មាន ដើម្បីពួកគេអាចបំពេញមុខងារវិជ្ជាជីវៈដោយមិនមានការភ័យខ្លាច ការយាយី ការបំភិតបំភ័យ និងការចាប់ដាក់ពន្ធនាគារ៕









