ទាហាន​ថៃ​បើក​ការ​បាញ់ប្រហារ​លើ​​យោធា​ខ្មែរ​នៅ​តំបន់​ច្រក​អានសេះ ធ្វើ​ឱ្យ​យោធា​ខ្មែរ​​របួស​២នាក់

0
188
រូបភាព​យោធា​ខ្មែរ​​រង​របួស​លើ​ជង្គង់​ដោយសារ​ទាហាន​ថៃ​បើក​ការបាញ់ប្រហារ​មក​លើ​ទីតាំង​យោធា​ខ្មែរ នៅ​តំបន់​ច្រក​អានសេះ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃទី​២០ កុម្ភៈ ២០២៦។ រូប៖ ផ្ដល់ឱ្យ
រូបភាព​យោធា​ខ្មែរ​​រង​របួស​លើ​ជង្គង់​ដោយសារ​ទាហាន​ថៃ​បើក​ការបាញ់ប្រហារ​មក​លើ​ទីតាំង​យោធា​ខ្មែរ នៅ​តំបន់​ច្រក​អានសេះ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃទី​២០ កុម្ភៈ ២០២៦។ រូប៖ ផ្ដល់ឱ្យ

ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ទីតាំង​យោធា​ខ្មែរ នៅ​តំបន់​ច្រក​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បណ្ដាល​ឱ្យ​កងទ័ព​ខ្មែរ​២​នាក់​រងរបួស។ ទាហាន​ខ្មែរ បាន​អះអាង​ថា ក្នុង​ការ​វាយប្រហារ​នេះ យោធា​ថៃ បាន​បាញ់កាំភ្លើង​មក​លើ​ទីតាំង​កម្ពុជា ជាច្រើន​គ្រាប់ ក៏ប៉ុន្តែ ទាហាន​ខ្មែរ​មិនបាន​បាញ់​តដៃ​វិញ​នោះ​ឡើយ។

យោធា​ខ្មែរ លើកឡើង​ថា ពេលនេះ​ពួកគាត់ សឹងតែ​អត់ធ្មត់​លែង​បាន​ទៀត​ហើយ ដោយសារ​យោធា​ថៃ បើក​ការ​បាញ់​ប្រហារ​ជាច្រើន​លើក។

ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​តំបន់​អានសេះ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ថា ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ទីតាំង​យោធា​ខ្មែរ នៅ​តំបន់​ច្រក​អានសេះ លើ​ភ្នំ​ដងរែក កាលពី​ព្រឹក​ថ្ងៃទី​២០ កុម្ភៈ នេះ បណ្ដាល​ឱ្យ​យោធិន​ខ្មែរ​រងរបួស ២​នាក់ ក្នុង​នោះ ទាហាន​ម្នាក់​រង​របួស​ត្រូវ​គ្រាប់កាំភ្លើង​នៅត្រង់​ក្បាលជង្គង់​ខាងស្ដាំ​។ យោធិន​រូប​នេះ អះអាង​ថា គិត​មកដល់​ល្ងាច​ថ្ងៃនេះ យោធា​ថៃ នៅតែ​បន្ត​បាញ់ប្រហារ​មក​លើ​ទីតាំង​របស់​យោធា​ខ្មែរ ដោយ​យោធា​ថៃ បាន​ឆ្មក់​បាញ់កាំភ្លើង​ដៃ​ប្រភេទ M-16 ជាច្រើនលើក ពេល​ទាហាន​ខ្មែរ ដើរ​ល្បាត។

ទាហាន​ខ្មែរ​៖ «ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​លាក់បាំង ហើយ​យើង​ជា​កងទ័ព​មួយ ហើយ​ព័ត៌មាន​ហ្នឹង​ជា​ការ​ពិត​។ ថៃ​អត់​ទាន់​ឈប់​បាញ់​ទេ នៅ​ឆ្មក់ យើង​អត់​តដៃ​ទេ»។

យោធិន​ខ្មែរ អះអាង​ថា ទោះបីជា​ភាគី​យោធា​ថៃ បើក​ការ​បាញ់​រះ មក​លើ​ទីតាំង​ទាហាន​ខ្មែរ​ដោយ​បើកចំហ​យ៉ាងណាក្ដី ក៏​ទាហាន​ខ្មែរ មិនបាន​បាញ់ តដៃ សូម្បី​តែមួយ​គ្រាប់​នោះ​ឡើយ ព្រោះ​គ្មាន​បញ្ជា​ពី​មេបញ្ជាការ​។ ទោះជា​យ៉ាងណា ទាហាន​ខ្មែរ បាន​ត្រៀមខ្លួន និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​យោធា​ថៃ ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​បន្ថែម​ទៀត។

ប្រភព​ពី​កងទ័ព​ខ្មែរ នៅ​តំបន់​អានសេះ​ជាច្រើន​នាក់​ទៀត បាន​អះអាង​ដូចគ្នា​ថា កន្លងមក ទាហាន​ថៃ បាន​បាញ់កាំភ្លើង​មក​លើ​ទីតាំង​ទាហាន​ខ្មែរ​ជាច្រើនលើក​មក​ហើយ ដោយពេល​ខ្លះ ពួកគេ​បាញ់​ឡើងលើ និង​ពេលខ្លះ បាញ់​តម្រង់​មកកាន់​ជំរំ​ទាហាន​ខ្មែរ​ផ្ទាល់​តែម្ដង ក៏ប៉ុន្តែ​ករណី​ទាំងនេះ ត្រូវ​ថ្នាក់លើ​បិទ​ព័ត៌មាន មិន​ឱ្យ​ផ្សព្វផ្សាយ​ចេញ​មក​ក្រៅ​នោះ​ឡើយ។

ការ​បាញ់​ប្រហារ​របស់​យោធា​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​សារព័ត៌មាន​អន្តរជាតិ ពី​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​លើ​ទឹកដី​កម្ពុជា តាម​បណ្ដោយ​ព្រំដែន​ជាច្រើន​កន្លែង។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​មេបញ្ជាការ​យោធភូមិភាគ​ទី៤ លោក ពៅ ហេង និង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​អំពី​ករណី​ផ្ទុះអាវុធ​នេះ​បាន​ទេ នៅ​ថ្ងៃទី​២០ ខែ​កុម្ភៈ។

គិត​មក​ដល់​ពេល​នេះ ក្រសួង​ការពារជាតិ​កម្ពុជា មិន​ទាន់​ផ្សព្វផ្សាយ​អំពី​ករណី​បាញ់ប្រហារ​ពី​សំណាក់​យោធា​ថៃ មក​លើ​ទាហាន​ខ្មែរ នេះ​នៅឡើយ​។ ចំណែកឯ​យោធា​ថៃ ក៏​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​អ្វី​នោះ​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ការ​អត់ធ្មត់​របស់​ទាហាន​ខ្មែរ មិន​បាញ់​តដៃ គឺជា​រឿង​ត្រឹមត្រូវ ដែល​អាច​បញ្ចៀស​ពី​ការ​ផ្ទុះអាវុធ​ទ្រង់ទ្រាយ​ធំ ដែល​លោក​យល់ថា គឺជា​ការ​ចង់​បាន​របស់​យោធា​ថៃ។ ទោះជា​យ៉ាងណា លោក​បន្ត​ថា ការ​លាក់បាំង​ព័ត៌មាន​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា ចាញ់​សង្គ្រាម​ផ្នែក​ការទូត និង​សារព័ត៌មាន ដូច​កាល​ករណី​ទាហាន​ថៃ បាន​លូច​ឆ្មក់​វាយប្រហារ​មក​លើ​កង​ទ័ព​ខ្មែរ ដល់ទី​តាំង​លេណដ្ឋាន ក្នុង​តំបន់​មុំ​បី ដែល​បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់ គឺ​លោក​ព្រឹន្ទបាលឯក សួន រ៉ោន បាន​ពលី កាល​ពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ដោយ​កាល​នោះ កម្ពុជា​មិន​បាន​ផ្សព្វផ្សាយ​ភ្លាមៗ​នោះ​ឡើយ ដោយ​ទុក​ឱ្យ​សារព័ត៌មាន​របស់​ថៃ ផ្សព្វផ្សាយ​បាន​មុន ហើយ​ទម្លាក់កំហុស និង​ចោទប្រកាន់​មក​លើ​កម្ពុជា ដែល​ធ្វើ​ឱ្យ​មតិ​អន្តរជាតិ មានការ​ភ័ន្តច្រឡំ។

លោក ម៉ែន ណាត៖ «កាលណា​រដ្ឋាភិបាល​លាក់​កំបាំង ធ្វើ​ឱ្យ​បាត់​ព័ត៌មាន និង​បាត់ដាន​។ បើ​ចង់​រក​យុត្តិធម៌​ក៏​ពិបាក​។ អ៊ីចឹង​អ្វី​ដែល​ខ្មែរ​ត្រូវធ្វើ​ហ្នឹង គឺ​ត្រូវ​បន្ត​បកអាក្រាត​ថៃ​បន្ត​ទៀត នៅ​លើ​ឆាក​អន្តរជាតិ ហើយ​និង​ត្រូវ​រាយការណ៍ នូវ​ហេតុការណ៍​តាម​បណ្ដោយ​ព្រំដែន​ឱ្យ​បាន​លឿន ព្រមទាំង​ប្រមូល​ភស្តុតាង ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ»។

ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ នៅ​តំបន់​មុំ​បី នេះ​ដែរ កាលពី​ថ្ងៃទី​៦ ខែ​មករា មាន​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់ ១​គ្រាប់ ដែល​បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​២​នាក់​រង​របួស ខណៈ​ភាគី​ថៃ​បាន​រាយការណ៍​ថា មាន​ទាហាន​ថៃ​ម្នាក់ បាន​រងរបួស។ ក្រោយ​ហេតុការណ៍​នេះ ភាគី​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​បញ្ជាក់​ពី​មូលហេតុ​ថា កើតឡើង​ដោយសារ​ការ​ដុត​សំរាម។

ទោះជា​បែបនេះ​ក្ដី យោធា​ថៃ បាន​បន្ត​យក​ឧបទ្ទវ​ហេតុនេះ មក​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ដោយ​តម្រូវ​ឱ្យ​កម្ពុជា ត្រូវ​សុំទោស​ជា​សាធារណៈ និង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​។ លើស​ពី​នេះ យោធា​ថៃ ក៏បាន​លើកយក​ករណីនេះ មក​ចោទប្រកាន់ និង​ព្រមាន​រឿង​ផ្ទុះ​សង្គ្រាម​មក​គំរាម​កម្ពុជា ថែម​ទៀត​ផង។

ចំណែក​ករណី ទាហាន​ថៃ ដែល​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ទាហាន​ខ្មែរ ដូច​ក្នុង​ពេលនេះ​វិញ ភាគី​ទាំងពីរ បែរ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ