
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងលើកឡើងថា ការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកទោសនយោបាយជាច្រើនទៀត ឱ្យមានសេរីភាពឡើងវិញ នឹងជួយឱ្យកម្ពុជាងាយក្នុងការ ស្ដារទំនាក់ទំនងការទូតល្អប្រសើរ នៅលើឆាកអន្តរជាតិ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ហើយនិងគម្រោងទស្សនកិច្ចទៅកាន់បណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់ទ្វីបអឺរ៉ុបជាដើម។
បើទោះជាការរំពឹងឱ្យមានការស្ដារប្រជាធិបតេយ្យ នៅកម្ពុជា តាមរយៈការដោះលែងអ្នកទោសនយោបាយ ឱ្យមានសេរីភាព គឺជារឿងដ៏ពិបាកក្ដី មន្ត្រីបក្សប្រឆាំង អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល នៅតែមានសុទិដ្ឋិនិយមថា រដ្ឋាភិបាល របស់លោក ហ៊ុន ម៉ាណែត នឹងគិតគូរឡើងវិញ ដើម្បីស្ដារមុខមាត់ប្រទេសជាតិឱ្យបានល្អប្រសើរ ព្រោះថា ការបែកបាក់ផ្ទៃក្នុងជាតិ និង ការបណ្ដែតបណ្ដោយឱ្យប្រទេសជាតិ មានរឿងអាស្រូវច្រើន ដូចជា បញ្ហាឧក្រិដ្ឋកម្ម ឆបោកតាម អនឡាញ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបែបនេះ កម្ពុជាពុំទទួលបានផលចំណេញ អ្វីនោះទេ ផ្ទុយទៅវិញធ្វើឱ្យប្រជាជនក្រីក្រ ហើយប្រទេសជិតខាងបង្កើនការឈ្លានពានទឹកដី។
អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ លើកឡើង នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី១៩ ខែកុម្ភៈថា ការដោះលែង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ និង ការដោះលែង អនុប្រធានគណបក្ស ភ្លើងទៀនលោក ថាច់ សេដ្ឋា រួមនឹងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសហជីពជាដើម ឲ្យមានសេរីភាពឡើងវិញ គឺជារឿងដ៏ល្អ ហើយនឹងផ្ដល់នូវចំណេញជាច្រើន ដល់ប្រទេសជាតិ និងប្រជាជន។
លោក សុន ឆ័យ ថា ផលចំណេញនោះ រួមមាន ការបន្ធូរបន្ថយសម្ពាធអន្តរជាតិ ដោយលោកប្រៀបធៀបថាជា «សន្លឹកបៀ» ដ៏សំខាន់ ក្នុងការចរចា ជាមួយបណ្ដាប្រទេស លោកខាងលិច រួមមានសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ជាដើម ដើម្បីស្ដារ ទំនាក់ទំនងការទូត និងផ្នែកសេដ្ឋកិច្ច តាម រយៈការទាក់ទាញវិនិយោគិនល្អៗ ពីក្រៅប្រទេស។ ចំណែកផលចំណេញ មួយទៀតនោះ លោកថា គឺជា ការលើកកម្ពស់មុខមាត់កម្ពុជា លើឆាកអន្តរជាតិ អំពីភាពធូរស្រាលនៃស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ នៅកម្ពុជា ដែលអាចជួយឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទទួលបានភាពស្របច្បាប់ ពីសហគមន៍អន្តរជាតិ។
ជាចុងក្រោយ លោកថា ការដោះលែងអ្នកទោសនយោបាយ គឺបង្ហាញពី ការបង្រួបបង្រួមជាតិ ព្រោះ ករណីនេះ គឺជាសារនៃការផ្សះផ្សាជាតិ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកនយោបាយក្នុងស្រុក និង ទាក់ទាញការចាប់អារម្មណ៍ពីអ្នកបោះឆ្នោត។ ទន្ទឹមគ្នានេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ ប្រាប់ទូរទស្សន៍អាស៊ីសេរីបន្ថែមថា ស្របពេលកម្ពុជា កំពុងរងការឈ្លានពានដែនអធិបតេយ្យ ពីសំណាក់ប្រទេសថៃ ផងនោះ ការផ្សះផ្សាជាតិជារឿងដ៏ចាំបាច់បំផុត។ លោកយល់ថា លោក ហ៊ុន ម៉ាណែត ក៏បានដឹងរួចមកហើយ អំពីចំណុចខ្វះខាត ដែលជាហេតុធ្វើឱ្យប្រទេសជាតិ ត្រូវរងការប្រមាថមើលងាយពីប្រទេសថៃ។
លោក សុន ឆ័យ៖ «រដ្ឋាភិបាលមិនឆោតទេ អាចយល់បញ្ហានេះច្បាស់ណាស់។ ដំណើរទស្សនកិច្ចនេះថែមទៀត ប្រហែលនឹងទទួលបានការបញ្ជាក់បន្ថែមពីមន្ត្រីធំៗពី សហរដ្ឋអាមេរិកពីការចង់បានឱ្យកម្ពុជាសម្របសម្រួលផ្នែកនយោបាយឱ្យបានត្រឹមត្រូវ និងអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានប្រសើរ។ ដូច្នេះខ្ញុំយល់ថា វាជាមូលដ្ឋានសំខាន់ដែលអ្នកដឹកនាំប្រទេសត្រូវតែយល់ដឹង ហើយគួរតែយកពិចារណាចំពោះការយល់ឃើញរបស់ខ្ញុំវានឹងបានផលប្រយោជន៍បើរដ្ឋាភិបាលដោះលែង»។
ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងរូបនេះ ធ្វើឡើងស្របពេលដែល លោក ហ៊ុន ម៉ាណែត កំពុងមានវត្តមាន ចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាមេរិក ហើយគម្រោងនឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេស ក្នុងតំបន់ទ្វីបអឺរ៉ុបមួយចំនួន ដូចជា ប្រទេសស្វីស និងប្រទេស បែលហ្សិក ជាដើម ក្នុងគោលដៅ ដើម្បីពង្រឹងទំនាក់ទំនងការទូត។ អ្នកឃ្លាំមើលថាដំណើរទស្សនកិច្ចនេះ គឺជាឱកាសដែលកម្ពុជាត្រូវស្ដារមុខមាត់ ប្រទេសជាតិឡើងវិញ តាមរយៈការស្ដារប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស នៅក្នុងស្រុក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានឆ្លើយយ៉ាងខ្លីថា ករណីនេះ មិនព័ន្ធពាក់ព័ន្ធ រដ្ឋាភិបាលនោះទេ គឺជាដែនសមត្ថកិច្ចរបស់តុលាការ។
លោក ជា ធីរិទ្ធ៖ «រឿងនេះវាស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ។ អ៊ីចឹងរឿងដោះលែង ឬមិនដោះលែងវាជា ឆន្ទានុសិទ្ធិ របស់តុលាការយើងមិនអាចទៅជ្រៀតជ្រែកបានទេ។ ម្ល៉ោះហើយខ្ញុំមិនត្រូវការបកស្រាយចំពោះរឿងក្នុងដៃ របស់តុលាការដែលវាហួសពីសមត្ថកិច្ចរបស់ខ្ញុំ»។
ជុំវិញករណីដោះលែង លោក កឹម សុខា នេះដែរ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានបង្ហោះសារនៅលើហ្វេសប៊ុក របស់លោក រៀបរាប់ថា ការរក្សាសំណុំរឿងលោក កឹម សុខា ឱ្យបន្តជាប់ឃុំ គឺជាចេតនារបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដើម្បីទុកគ្រប់គ្រងស្ថានការណ៍នយោបាយ កុំឱ្យមានចលនាប្រឆាំង អាចងើបឡើងវិញ អំឡុងពេលដែលលោក ហ៊ុន ម៉ាណែត កំពុងកាន់អំណាច។
លោកថា ការប្រើប្រាស់ប្រព័ន្ធតុលាការ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងការបំបែកបំបាក់ស្មារតីអ្នកគាំទ្របក្សប្រឆាំង និងពលរដ្ឋដែលចង់ផ្លាស់ប្ដូរសង្គម។ ទោះជាយ៉ាងណាលោកថា ប្រសិនបើ លោក ហ៊ុន សែន ដោះលែង លោក កឹម សុខា និងសកម្មជននយោបាយ កម្ពុជានឹងទទួលបានផលប្រយោជន៍ ជាច្រើនដល់ជាតិ ដូចជា ការស្តារទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ឱ្យមានភាពប្រសើរឡើងវិញ។
បន្ថែមពីនោះលោកថា កម្ពុជានឹងទទួលបានសញ្ញាជាវិជ្ជមានក្នុងការចរចាស្តាប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA បានពេញលេញមកវិញ និង អាចបញ្ចៀសការដាក់ទណ្ឌកម្មពន្ធ ខ្ពស់ពីសហរដ្ឋអាមេរិក ដែលធ្លាប់មានការគំរាមកំហែងដំឡើងពន្ធ រហូតដល់ ៤៩%មកត្រឹម ១៩%។ លោកថា ករណីនេះ នឹងជួយផ្ដល់ការងារដល់កម្មកររាប់លាននាក់ ក្នុងវិស័យកាត់ដេរ និងជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ ឱ្យងើបឡើងវិញ តាមរយៈការទាក់ទាញ វិនិយោគិនបរទេស។
ជាងនេះទៅទៀត លោក សេង វណ្ណលី ក៏យល់ឃើញដូចនឹង លោក សុន ឆ័យ ដែរថា ការដោះលែងអ្នកទោសនយោបាយ គឺជាការកសាងសាមគ្គីភាពជាតិ ខណៈកម្ពុជា កំពុងរងការឈ្លានពានពីសំណាក់យោធាថៃ។ ជាមួយគ្នានោះ លោកថា កាលៈទេសៈនេះការដោះលែងអ្នកទោសនយោបាយ នឹងជួយ បិទបាំងនូវចំណុចខ្សោយ របស់លោក ហ៊ុន ម៉ាណែត ដែលមិនអាចការពារទឹកដីបាន ប៉ុន្តែ បានជួយឱ្យមានការផ្សះផ្សាជាតិឡើងវិញ គឺជាការល្អ។
ទន្ទឹមគ្នានោះលោកថា ការស្ដារប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ បែបចម្រុះពណ៌ឡើងវិញ នឹងជួយ ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញពិភពលោកថា កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក មានការប្រកួតប្រជែងនយោបាយ ប្រកបដោយសេរីភាព និង យុត្តិធម៌ត្រឹមត្រូវ។ ថ្វីត្បិតការស្តាប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដ ជាការលំបាក ព្រោះតែ ប្រព័ន្ធបក្ខពួកនិយម និងអំពើពុករលួយ បានចាក់ឫសយ៉ាងជ្រៅមកហើយក្ដី នេះជាជម្រើសដ៏ល្អ ដើម្បីផ្សះផ្សាជាតិឡើងវិញ។
អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់ឃើញថា ការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយ គឺជារឿងដ៏លំបាក ព្រោះថា នេះគឺជា ចំណុចស្លាប់ រស់ របស់ គណបក្សកាន់ អំណាច។ លោកបន្តថា លោក ម៉ាណែត នឹងមិនស្ដារប្រជាធិបតេយ្យវិញនោះឡើយ ហើយចំណុចដែល លោកចង់បានការគាំទ្រពីសហរដ្ឋអាមេរិក នៅពេលនេះ គឺក្នុងលក្ខខណ្ឌ ដែលអាមេរិកមិនត្រូវលើកឡើង ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
លោក វ៉ន ចាន់ឡូត៖ «ដូច្នេះទំនងមិនអាចធ្វើទៅរួចនោះទេ ក្នុងកាលៈទេសៈនេះ។ អ្វីដែល លោក ហ៊ុន ម៉ាណែត ចង់បានបំផុតគឺចង់បាន ការគាំទ្រមកពីសហរដ្ឋអាមេរិក ដោយមិននិយាយសោះឡើយពីបញ្ហា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ហើយចង់បានទៀតនោះ គឺធានាថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តដឹកនាំប្រទេសនេះដោយគ្មានលក្ខខណ្ឌ»។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានកត់សម្គាល់ឃើញថា អាជ្ញាធរក្រុងភ្នំពេញបានបន្តចាប់ខ្លួន និងឃុំខ្លួន អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សហជីព អ្នកសារព័ត៌មាន និង ពលរដ្ឋ ដាក់គុក មានជិត១០០(៩៧)នាក់ បន្ទាប់ពីបានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ ដែលស្របតាមច្បាប់។ ក្នុងចំណោម អ្នកទោសនយោបាយនោះ ក៏មានលោក កឹម សុខា ផងដែរ។ លោក កឹម សុខា កំពុងជាប់ឃុំនៅក្នុងផ្ទះ បន្ទាប់ពីតុលាការឯកបក្សបានកាត់ទោស ឱ្យជាប់ពន្ធនាគារ ចំនួន ២៧ឆ្នាំ និង ដកហូតសិទ្ធិធ្វើ នយោបាយអស់មួយជីវិត៕









