

គ្រួសារ និងយុវជនបរិស្ថាន សង្ឃឹមថា នៅដើមខែមីនាខាងមុខ តុលាការកំពូលនឹងដោះលែងសកម្មជនមាតាធម្មជាតិទាំង ៥ នាក់ ឲ្យមានសេរីភាព ដើម្បីពួកគេបានបន្តការសិក្សា និងបំពេញការងារការពារធនធានធម្មជាតិឡើងវិញ។ សង្គមស៊ីវិលយល់ថា តុលាការកំពូលគួរពិចារណា ដោះលែងយុវជនទាំង៥ នាក់ ដើម្បីបញ្ចៀសការរិះគន់ ពីអន្តរជាតិ និងលើកទឹកចិត្តយុវជនចូលរួមការពារបរិស្ថាន។
សកម្មជនបរិស្ថានទាំង៥នាក់ ទទូចឲ្យតុលាការកំពូលដោះលែងពួកគេឲ្យមាន សេរីភាព ដើម្បីពួកគេបានចូលរួមធ្វើកិច្ចការងារសង្គមបន្តទៀត និងបង្ហាញពីការបង្រួបបង្រួមជាតិ ខណៈកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសជិតខាង។
ការស្នើរបស់យុវជនបរិស្ថាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង លោក យីម លាងហ៊ី នេះ ធ្វើឡើងអំឡុងពេលតុលាការកំពូល នៅថ្ងៃទី២៣ ខែកុម្ភៈ បានបើកសវនាការបណ្ដឹងសាទុក្ខសុំដោះលែងពួកគេ ឲ្យមានសេរីភាពវិញ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកលោក យី សុខសាន្ត ដែលចូលរួមស្ដាប់សវនាការ ថ្លែងថា សកម្មជនបរិស្ថានទាំង៥នាក់ បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលឲ្យដោះលែងពួកគេ ដើម្បីបន្តការសិក្សា ជួយការពារធនធានធម្មជាតិ និងធ្វើការងារសង្គមផ្សេងៗទៀត។
លោក យី សុខសាន្ត យល់ថា យុវជនទាំង៥ នាក់ មិនបានប្រព្រឹត្តបទល្មើស «រួម គំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ដូចតុលាការចោទប្រកាន់ឡើយ ដូច្នេះ លោកស្នើឲ្យតុលាការកំពូល ទម្លាក់ការចោទប្រកាន់លើសកម្មជនបរិស្ថាន ដើម្បីបង្ហាញទៅអន្តរជាតិពីបង្រួបបង្រួមជាតិ ខណៈកម្ពុជា ក៏កំពូលចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពផងដែរ។
លោក យី សុខសាន្ត៖ «ដូច្នេះពួកគាត់ជាយុវជនក៏ត្រូវការរួបរួមជាតិ ដើម្បីការពារ ប្រទេសជាតិខ្លួនគាត់ផងដែរ។ ដូច្នេះអ្វីដែលយើងមើលឃើញ ពាក់ព័ន្ធទៅហ្នឹង ការងារចូលរួមសង្គមរបស់យុវជនទាំង៥រូបនេះគឺជាកាតព្វកិច្ច ក៏ជាករណីកិច្ចក្នុងការជួយទៅដល់រាជរដ្ឋាភិបាលក្នុងការបំពេញចន្លោះខ្វះខាត ដែលពួកគាត់មើលឃើញ ដែលរដ្ឋាភិបាលមើលមិនឃើញ ហើយអ្វីដែលពួកគាត់ស្នើសុំនៅក្រៅឃុំនេះ គាត់បានចូលរួមចំណែកជាមួយរដ្ឋាភិបាល ហើយ ពួកគាត់អត់មានកំហុសធ្ងន់ធ្ងរ ដូចការចោទប្រកាន់ទេ។ អ្វីដែលរួមគំនិតក្បត់នេះ ពួកគាត់ជានិស្សិត ៤ទៅ ៥ នាក់មិនអាចយកស្អី ទៅក្បត់បានទេ យើងមើលឃើញទាំងអស់គ្នា មិនអាចយកអី ទៅក្បត់បានទេ ពីព្រោះពួកគាត់មានតែដៃ និងស្លាប៉ាកាដែលគាត់សរសេរទេ»។
កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង លោក យីម លាងហ៊ី ត្រូវបានតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ៦ឆ្នាំ ដល់ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និងបទ«ប្រមាថ ព្រះមហាក្សត្រ»កាលពីខែកក្កដា ឆ្នាំ២០២៤។
ពួកគេត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារ នៅតាមខេត្តផ្សេងៗគ្នា ដែល ឆ្ងាយពីក្រុមគ្រួសារ។ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ពួកគាត់ទាំង ៥នាក់ បានជាប់ក្នុងពន្ធនាគារ អស់រយៈពេល ៦០០ថ្ងៃហើយដោយសារ សកម្មភាពការពារ បរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្ស។
លោកស្រី ប៉ាត់ រស្មី ប្រពន្ធលោក ថុន រដ្ឋា លើកឡើងថា ទោះបីជាលោកស្រីជួបបញ្ហាប្រឈមជាច្រើនក្នុងជីវភាពប្រចាំ ដោយសារតែ ប្ដីជាប់ពន្ធនាគារក៏ដោយ ប៉ុន្តែលោកស្រីនៅតែគាំទ្រសកម្មភាព និងលើកទឹកចិត្តប្ដី។ លោកស្រីថា ប្ដីរបស់លោកស្រី និងសកម្មជនបរិស្ថាន ៤នាក់ទៀត ជាមនុស្សស្អាតស្អំ ដូច្នេះ លោកសង្ឃឹមថា តុលាការកំពូល នឹងដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញ។
លោកស្រី ប៉ាត់ រស្មី៖ «ខ្ញុំសំណូមពរដល់តុលាការ ហើយក៏ដូចជារដ្ឋាភិបាលគួរតែពិចារណាដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញទៅ ព្រោះគាត់ជាជនស្អាតស្អំជាគាត់យុវជនដែលស្រឡាញ់បរិស្ថានណាស់ គាត់ធ្វើការងាររាល់ថ្ងៃ គឺដើម្បី ប្រយោជន៍រួមមិនមែនដើម្បីប្រយោជន៍បុគ្គលទេ»។
រីឯម្ដាយលោក លី ចាន់ដារ៉ាវុធ លើកឡើងថា កូនប្រុសរបស់លោកស្រីនៅតែញញឹម និងរឹងមាំ ដោយសារតែ កូនលោកស្រីមិនបានធ្វើខុសដូចការចោទប្រកាន់របស់តុលាការ។ លោកស្រីយល់ថា ការបន្តឃុំខ្លួនកូនប្រុស និងមិត្តរបស់ពួកគេ នៅក្នុងពន្ធនាគារ មិនបានចំណេញអ្វីដល់រដ្ឋាភិបាល និងសង្គមជាតិឡើយ។
ម្ដាយលោក លី ចាន់ដារ៉ាវុធ៖ «គាត់ជាធនធានមួយរបស់កម្ពុជា ដែលពួកគាត់អាចចូលរួមធ្វើកិច្ចការសង្គម ដើម្បីពលរដ្ឋ ដើម្បីប្រទេសជាតិរបស់គាត់ មិនគួរឲ្យគាត់ទុកពេល វេលាចោលនៅក្នុងពន្ធនាគារទាំងដែលគាត់គ្មានកំហុស។ ខ្ញុំគិតថា អត់ចំណេញទេ ដោយសារអីចំណេះដែលគាត់រៀនទៅ មិនយកទៅប្រើការជួយសង្គមបែរជាគាត់ យកទៅកប់ចោលក្នុងពន្ធនាគារទាំងអយុត្តិធម៌ ហើយគ្មានសេរីភាពក្នុងការរៀនសូត្រ ក្នុងការបម្រើសង្គម»។
ប្អូនស្រីកញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន សង្ឃឹមថា តុលាការកំពូលដោះលែងបងស្រី និងសកម្មជនបរិស្ថាន ៤ នាក់ទៀត ឲ្យមានសេរីភាពវិញ ដើម្បីឲ្យបងស្រីរបស់កញ្ញា បានបន្តការសិក្សាបញ្ចប់ឆ្នាំទី៤។
កញ្ញា ឡុង សុខលីន៖ «មិនថាខ្ញុំឬគាត់ទេ សុទ្ធតែចង់នៅក្រៅឃុំ ដើម្បីមកបន្តការសិក្សា របស់គាត់ ព្រោះគាត់ទើបសិក្សាឆ្នាំទី៣។ អ៊ីចឹងគាត់នៅសល់ ១ឆ្នាំទៀត នៅក្នុងការ បញ្ចប់សកលវិទ្យារបស់គាត់។ អ៊ីចឹងខ្ញុំចង់ឲ្យគាត់បាននៅក្រៅឃុំ ហើយបងៗផ្សេង ទៀតក៏ដូចគ្នាដែរ ដូចជាបងលាងហ៊ី បងរដ្ឋា គាត់សុទ្ធតែមានប្រពន្ធកូន ដែលត្រូវមើលថែ គាត់ជាបង្គោលគ្រួសារ។ អ៊ីចឹងក៏ចង់ឲ្យពួកគាត់មានសេរីភាពដូចគ្នាដែរ»។
អំឡុងពេលតុលាការកំពូល បើកសវនាការនោះ នៅឯខាងក្រៅរបងតុលាការវិញ ក៏មានសកម្មជនសង្គម និងកូដករណាហ្គាវើលដ៍ បាននាំគ្នាទៅប្រមូលផ្ដុំ និងលើកបដាភ្ជាប់នឹងសារ ថា«គ្រាន់តែការពារធនធានធម្មជាតិក្បត់ជាតិដែរ? ប្រឆាំងអំពើពុករលួយក្បត់ជាតិដែរ? និងដោះលែងសកម្មជនមាតាធម្មជាតិ ពួកគេជាមនុស្សស្អាតស្អំ»។
កូដករណាហ្គាវើលដ៍ ដែលទៅគាំទ្រ និងលើកទឹកចិត្តសកម្មជនបរិស្ថាន គឺកញ្ញា សៀក បញ្ញា លើកឡើងថា សកម្មភាពនិងការងាររបស់យុវជនទាំង ៥នាក់ ធ្វើកន្លងមក ដើម្បីបរិស្ថាន និងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ កញ្ញាយល់ថា សកម្មជនបរិស្ថានទាំង៥នាក់នេះ មិនបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់របស់តុលាការឡើយ។
កញ្ញា សៀក បញ្ញា៖ «គាត់ផ្សព្វផ្សាយបរិស្ថាន គាត់ផ្សព្វផ្សាយពីអំពើពុករលួយគាត់ ចង់បញ្ជាក់ថា សម្បត្តិធម្មជាតិនៅក្នុងប្រទេសវាមិនមែនជាទ្រព្យរបស់បុគ្គលណា ម្នាក់ទេ។ អ៊ីចឹងតែងតែព្យាយាមផ្សព្វផ្សាយនូវអ្វីដើម្បីសង្គមជាតិ ។ អ៊ីចឹងហើយ ខ្ញុំ ចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស មិនថាអង្គការសង្គមស៊ីវិល ឬមួយអង្គការសិទ្ធិមនុស្សទេ ខ្ញុំចង់ឲ្យថាពេលដែលមានវត្តមានរបស់ពួកគាត់ឡើង សវនាការចង់បងប្អូនពលរដ្ឋខ្មែរទាំងអស់មកចូលរួមលើកទឹកចិត្តគាត់ ព្រោះគាត់ធ្វើ ដើម្បីសង្គមជាតិច្រើនមែនទែន គាត់មិនមែនធ្វើដើម្បីនរណាម្នាក់ទេ»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត យល់ថា យុវជនទាំង៥ នាក់ គួរត្រូវបានលើកទឹកចិត្ត ជាជាងការចោទប្រកាន់ និងឃុំខ្លួនពួកគេ។
លោក អំ សំអាន៖ «យើងឃើញថាសកម្មភាពរបស់អ្នកទាំង ៥ គឺជាសកម្មភាពចូល រួមក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ ហេតុដូច្នេះ វាគួរតែត្រូវបានលើកទឹក ចិត្តសម្រាប់ពួកគាត់។ ពួកគាត់មិនត្រូវជាគោលដៅនៃការចាប់ឬឃុំខ្លួនទេ។ អ៊ីចឹង យើងឃើញថា ការចាប់ ការឃុំខ្លួនកន្លងមក ក៏មានការរិះគន់ច្រើនទៅលើបញ្ហាទាំង អស់នេះដែរ ហើយទាំងអង្គការជាតិ អង្គការអន្តរជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិ មនុស្សផង បានទទូចស្នើឲ្យដោះលែងពួកគាត់ឲ្យមានសេរីភាពវិញ»។
ក្រោយពីបញ្ចប់សវនាការ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល សម្រេច ប្រកាសសាលដីកាសំណុំរឿងនេះនៅថ្ងៃទី០២ ខែមីនា ខាងមុខនេះ៕.









