

គណបក្សក្រៅរដ្ឋាភិបាលនិងអ្នកឃ្លាំមើលសង្គម បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង អ្នកជាប់ឃុំមនសិការទាំងអស់ ដើម្បីបង្ហាញពីការផ្សះផ្សាជាតិខ្មែរជាធ្លុងមួយ ហើយនឹងទទួលបានគាំទ្រពីសហគមន៍អន្តរជាតិ ខណៈលោកហ៊ុន ម៉ាណែត កំពុងបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។
ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃ២៥ កុម្ភៈ ថា លោកអំពាវនាវឲ្យរដ្ឋាភិបាលដោះលែង និងទម្លាក់ចោលរាល់បទចោទប្រកាន់ទៅលើ អ្នកទោសនយោបាយ ដូចជា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មេធាវី និងជាសកម្មជនសិទ្ធិមនុស្សខ្មែរអាម៉េរិកាំង កញ្ញា សេង ធារី សកម្មជនបរិស្ថាន សកម្មជនសង្គម ឱ្យមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ដើម្បីផ្សះផ្សាជាតិខ្មែរតែមួយនៅក្នុងកាលៈទេសៈ ដែលខ្មែរកំពុងត្រូវរងនូវការបំពានពីប្រទេសជិតខាង។
លោក រ៉ុង ឈុន បន្ថែមទៀតថា រដ្ឋាភិបាលត្រូវបើកលំហសិទ្ធិសេរីភាពសារព័ត៌មាន បើកលំហលទ្ធិប្រជាធិបតេយ្យ ការបញ្ចេញមតិ និងកែទម្រង់ការបោះឆ្នោតអាណត្តិខាងមុខប្រកបដោយសេរី និងយុត្តិធម៌ ត្រឹមត្រូវ ដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល។
លោក រ៉ុង ឈុន៖ «គេចង់បាន ហើយគេតែងតែងក្រើនរំលឹកឲ្យកម្ពុជាយើងហ្នឹងស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយប្រសិនណាបើយើង ក្នុងកាលៈទេសៈនេះបើយើងធ្វើ ដោះលែងពេលហ្នឹងនឹងទទួលបាននូវការគាំទ្រការទូតខ្លាំង»។
ទីប្រឹក្សានៃគណបក្សកម្លាំងជាតិរូបនេះ បន្ថែមថា សម្រាប់រូបលោកសព្វថ្ងៃនេះវិញ គឺប្រៀបបាននឹងការចងដៃ ជើង និងបិទមាត់ ដោយខ្សែនយោបាយ។ ការលើកឡើងរបស់លោក រ៉ុង ឈុន បែបនេះ ព្រោះលោក ត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល និងត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសជារៀងរាល់ខែដោយគិតមកពេលនេះ លោកបង្ហាញខ្លួនជិត២០លើកទៅហើយ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ចេញសាលក្រមផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល និងដកហូតសិទ្ធិធ្វើនយោបាយមួយជីវិត ក្រោមបទចោទប្រកាន់ «ញុះញង់បង្កភាពវឹកវរក្នុងសង្គម និងពីបទមិនរាងចាល» ដោយសារលោកបញ្ចេញមតិរឿងព្រំដែនកម្ពុជា និងវៀតណាម។
ថ្វីដ្បិតមកទល់ពេលនេះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងតែអំពាវនាវឲ្យខ្មែររួបរួមសាមគ្គីជាតិជាធ្លុងមួយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី មិនបានបង្ហាញឱ្យឃើញលទ្ធផលនោះទេ ក្រៅពីបន្តចាប់ចង និងធ្វើទុក្ខបុកម្នេញលើសំឡេងរិះគន់ និងសំឡេងប្រឆាំងឥតឈប់ឈរ។
ទាក់ទងទៅនឹងបញ្ហានេះអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង អ្នកជាប់ឃុំមនសិការទាំងអស់ គឺជារឿងត្រឹមត្រូវ ប៉ុន្តែវាមិនត្រឹមត្រូវសម្រាប់បរិបទរបស់រដ្ឋាភិបាលគ្រួសារហ៊ុននោះទេ ពីព្រោះគ្រួសារហ៊ុនគឺជាឧបសគ្គនៃការផ្សះផ្សាជាតិ។
លោក គឹម សុខ៖ «បរិបទពិតនៃនយោបាយគ្រួសារត្រកូលហ៊ុនមិនមែនដោះលែងឡើយ គឺមានតែចាប់ថែម ពីព្រោះកាលណាមានការផ្សះផ្សាបង្រួបបង្រួមជាតិវាត្រូវភ្ជាប់ទៅនឹងការប្រកួតប្រជែងដោយចំហ និងត្រឹមត្រូវ ហើយក្រុមគ្រួសារហ៊ុនឯណាទៅហ៊ានប្រកួតប្រជែងត្រឹមត្រូវក្នុងនយោបាយអំណាចរបស់ខ្លួននោះ»។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានកត់សម្គាល់ឃើញថា គិតមកដល់ថ្ងៃទី២៣ ខែកុម្ភៈនេះ អាជ្ញាធរបានបន្តចាប់ខ្លួន និងឃុំខ្លួន សកម្មជនបរិស្ថាន សកម្មជនសង្គម អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សហជីព អ្នកសារព័ត៌មាន និងពលរដ្ឋ ដាក់គុកជិត១០០(៩៧) នាក់ហើយ បន្ទាប់ពីពួកគាត់ បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ ដែលស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ៕








