

ម្ដាយសកម្មជនសង្គមលោក ធូ វ៉ាឃីម ខកចិត្ត ចំពោះតុលាការដែលសម្រេច មិនដោះលែងកូនប្រុសលោកស្រីឲ្យមានសេរីភាព។ សង្គមស៊ីវិល លើកឡើងថា ការចោទប្រកាន់ និងបន្តឃុំខ្លួនអ្នកទោសមនសិការ នឹងធ្វើឲ្យរដ្ឋាភិបាលរងការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស។
ក្រោយបដិសេធបណ្ដឹងសុំដោះលែងរបស់មេធាវី និងសកម្មជនសង្គម នៅថ្ងៃទី២៦ ខែកុម្ភៈ ចៅក្រមជំនុំជម្រះ បានបន្តសវនាការអង្គសេចក្ដីនៅថ្ងៃដដែលនេះ។
លោក ឡោ ជុនធី មេធាវីការពារក្ដីលោក ធូ វ៉ាឃីម លើកឡើងថា សវនាការអង្គសេចក្ដីនេះ ចៅក្រមបានសួរដេញដោល ទាក់ទងនឹងការបង្ហោះសាររបស់លោក ធូ វ៉ាឃីម លើបណ្ដាញសង្គម ប៉ុន្តែជាការឆ្លើយតប លោក ធូ វ៉ាឃីម អះអាងថា អ្វីដែលលោកឡើងលើបណ្ដាញសង្គម គឺជាការបញ្ចេញមតិ និងក្ដីបារម្ភតែប៉ុណ្ណោះ ដោយគ្មានចេតនាទៅ«ញុះញង់» នោះទេ។

លោក ឡោ ជុនធី៖ «គាត់អត់មានចេតនាអី ទៅញុះញង់ឲ្យនរណាមួយធ្វើអំពើអីទេ ក្នុងនាមគាត់ជាយុវជន។ គាត់មានសំណូមពរអី សំណូមពរឲ្យតុលាការមេត្តាសម្រេចឲ្យគាត់រួចផុតពីបទចោទ ព្រោះគាត់អត់មានចេតនាណា ដែលធ្វើឲ្យមាន បញ្ហាវឹកវរដូចជាការចោទប្រកាន់»។
លោក ឡោ ជុនធី បន្តថា ការបញ្ចេញមតិរបស់កូនក្ដី ក្នុងនាមជាយុវជនក្នុងសង្គមប្រជាធិបតេយ្យ គឺស្របតាមច្បាប់។
លោក ឡោ ជុនធី៖ «យើងយល់ថា នេះថាគឺជាគំនិតរបស់យុវជននៅក្នុងសង្គមប្រជាធិបតេយ្យ ដែលអាចបញ្ចេញមតិ ធ្វើយ៉ាងណាកែលម្អសង្គម ទៅតាមអ្វីដែលច្បាប់បានកំណត់ ដូចជា រដ្ឋធម្មនុញ្ញបានកំណត់ កតិកាសញ្ញាសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយក៏គេបានកំណត់។ អ៊ីចឹងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ថា ការបញ្ចេញមតិ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ទៅដល់សន្តិសុខសង្គម ប៉ះពាល់អ្នកដទៃ»។
លោក ធូ វ៉ាឃីម ជាអតីតព្រះសង្ឃ និងសកម្មជនសង្គម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពេលលោកបញ្ចេញមតិជាច្រើន ពាក់ព័ន្ធនឹងបញ្ហាសង្គមនៅលើបណ្តាញសង្គម។ លោកត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទ«បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់។
ម្ដាយរបស់លោក ធូ វ៉ាឃីម គឺលោកស្រី ឌឿក ឈាង ចាត់ទុកការមិនដោះលែងកូនប្រុស និងបន្តសវនាការអង្គសេចក្ដីទៀតនេះថា ជារឿងអយុត្តិធម៌ ពីព្រោះកូនរបស់លោកស្រីមិនបានធ្វើខុសអ្វីដូចការចោទប្រកាន់របស់តុលាការឡើយ។

លោកស្រី ឌឿក ឈាង៖ «ទទួលយកមិនបានទេ ដូចថា កូនខ្ញុំគ្មានរឿងហេតុអី ស្រាប់តែ មកចាប់ចោទប្រកាន់កូនខ្ញុំអ៊ីចឹង។ ខ្ញុំទទួលយកមិនបានទេ។ ខ្ញុំសុំសំណូមពរតុលាការក៏ដោយ មេធាវីក៏ដោយជួយកូនខ្ញុំឲ្យបានចេញក្រៅឃុំ លែកប្រកាន់ ជ្រុលសម្ដីបន្តិច សូមអត់ទោស លែងប្រកាន់»។
សេចក្ដីរាយការណ៍របស់អង្គការលីកាដូ ឲ្យដឹងថា លោក ធូ វ៉ាឃីម គឺជាយុវជន ម្នាក់ដែលសកម្មក្នុងការលើកឡើងពីបញ្ហាសង្គមនានា ដូចជាបញ្ហាសិទិ្ធមនុស្ស និង លំនៅឋានរបស់ពលរដ្ឋ ក្នុងសហគមន៍បឹងតាមោក ការកាប់បំផ្លាញព្រៃឈើក្នុង ឧទ្យានជាតិព្រៃឡង់ ជម្លោះដីធ្លីរបស់សហគមន៍ឡពាងខេត្តកំពង់ឆ្នាំង ព្រមទាំង ការទាមទារឲ្យដោះលែងសកម្មជនសង្គមនិងបរិស្ថាន និងទាមទារយុត្តិធម៌លើការស្លាប់របស់លោកបណ្ឌិត កែម ឡី និងបញ្ហាព្រំដែនជាដើម។
ជាមួយគ្នានេះ លោកក៏ធ្លាប់ទទួលរងការគំរាមកំហែង និងរំលោភបំពានពីអាជ្ញាធរស៊ីវិល និងគណៈគ្រប់គ្រងសង្ឃជាច្រើនដងកាលពីពេលលោក ធូ វ៉ាឃីម នៅជាបព្វជិតនៅឡើយ ជាពិសេសក្រោយពេលដែលលោកចូលរួមរំលឹកខួប ៨ ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី នៅមុខហាងកាហ្វេក្នុងស្ថានីយប្រេងឥន្ធនៈកាល់ តិចបូកគោកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
ក្រោយមកនៅខែសីហា ឆ្នាំ២០២៤ លោក ធូ វ៉ាឃីម ត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីក្រសួងធម្មការ និងសាសនា និងព្រះសង្ឃជាថ្នាក់ដឹកនាំវត្តថាន់ក្នុងរាជធានីភ្នំពេញបង្ខំចំនួន២ដង ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ចូលរួមធ្វើសកម្មភាពសង្គម។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយចំពោះការសម្រេចរបស់ តុលាការ ដែលមិនដោះលែងលោក ធូ វ៉ាឃីម។
លោក អំ សំអាត៖ «លោក ធូ វ៉ាឃីម គួរណាស់តែទទួលបានសេរីភាពវិញ ដើម្បីចូលរួមបន្តនៅលើកម្ពស់នូវបញ្ហាសិទ្ធិមនុស្ស កិច្ចការពារបរិស្ថាន ការងារសង្គមផ្សេងៗ ទៀត ដែលតែងតែសកម្មក្នុងការចូលរួមកន្លងមកនោះ»។
ទោះជាយ៉ាង លោក អំ សំអាត សង្ឃឹមថា ការលើកលែងទោស និងដោះលែងលោក ស៊ុន ចន្ធី ឲ្យមានសេរីភាព ជាជំហ៊ានវិជ្ជមានដំបូង បន្ទាប់ពីកម្ពុជាទទួលរងការរិះគន់ទាក់ទងនឹងការចាប់ខ្លួនសកម្មជននយោបាយ បរិស្ថាន សហជីព សកម្មជនសង្គម ជាដើម ដែលពួកគាត់ត្រូវបានតុលាការចោទប្រកាន់ និងជាប់ឃុំនៅក្នុងពន្ធនាគារ។ លោកថា បញ្ហានេះ បានធ្វើឲ្យសហគមន៍អឺរ៉ុប ផ្ដាច់ EBA ២០% និងសហរដ្ឋអាមេរិក មិនទាន់ផ្ដល់ប្រព័ន្ធ GSP ទាក់ទងនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោក អំ សំអាត ទទូចឲ្យមានការដោះលែងអ្នកទោសមនសិការផ្សេងទៀត ដើម្បីកាត់បន្ថយភាពតានតឹង និងភាពច្រូងច្រាស់អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិ ប្រជាធិបតេយ្យ ហើយក៏បង្ហាញពីការបង្រួបបង្រួមជាតិដែរ។
លោក អំ សំអាត៖ «បើបន្តការឃុំខ្លួនអ្នកទាំងអស់នេះ តទៀត យើងឃើញថា ដូចជាមិនមានផលចំណេញអី្វទេ សម្រាប់កម្ពុជាយើង។ អ៊ីចឹងបើសិនជាមានការផ្ដល់សេរីភាពពួកគាត់ឡើងវិញ អាហ្នឹងមានផលចំណេញសម្រាប់កម្ពុជាយើង គឺមានច្រើនទៅទៀត ដូចជាការមើលឃើញអំពីការបើកលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ សេរីភាពសារព័ត៌មាន សេរីភាពនយោបាយជាដើម ដែលកន្លងមកតែងតែមានការរិះគន់ច្រើនសម្រាប់កម្ពុជា»។
ក្រោយបញ្ចប់សវនាការអង្គសេចក្ដី ចៅក្រមជំនុំជម្រះ សម្រេចប្រកាសសាលក្រម សំណុំរឿងសកម្មជនសង្គមលោក ធូ វ៉ាឃីម នៅថ្ងៃទី១១ ខែមីនា ខាងមុខ៕








