
អង្គការការពារសិទ្ធិមនុស្សលីកាដូ អះអាងថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏អាប់អួរនៃសេរីភាពក្នុងការបញ្ចេញមតិ ដោយសារតែ ប្រជាពលរដ្ឋជាង ៨០នាក់ ត្រូវចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ពីបទ«ញុះញង់»និង«រួមគំនិតក្បត់» ព្រមទាំងពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» ទាក់ទងនឹងសកម្មភាពនៃការបញ្ចេញមតិរបស់ពួកគេ។
អង្គការការពារសិទ្ធិមនុស្សលីកាដូអំពាវនាវឲ្យរដ្ឋាភិបាល គោរពនិងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋ ក្នុងការបញ្ចេញគំនិត មតិយោបល់ និងទស្សនៈរបស់ពួកគេ មិនថាជាការលើកឡើងដោយផ្ទាល់ ឬលើកឡើងតាមរយៈបណ្ដាញសង្គមនោះទេ។
ការអំពាវនាវនេះ ធ្វើឡើងក្នុងអត្ថបទខ្លី ដែលអង្គការលីកាដូ បានចងក្រងករណីនៃការចាប់ខ្លួនចោទប្រកាន់និងឃុំខ្លួនប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៥ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈនេះ។
អង្គការលីកាដូរកឃើញថា ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនប្រជាពលរដ្ឋចំនួន ៨២ នាក់ ក្រោយពេលប្រជាពលរដ្ឋទាំងនោះ បានចែករំលែកទស្សនៈ ការបញ្ចេញមតិ និងការយល់ឃើញ ដែលភាគច្រើនត្រូវបានបង្ហោះ និងចែករំលែកបន្តនៅលើបណ្ដាញសង្គម អំពីប្រធានបទជាច្រើន ដូចជា ឃាតកម្មលើសកម្មជននយោបាយលោក លិម គិមយ៉ា ស្ថានភាពនៃការផ្តល់ជំនួយពីបរទេសមកប្រទេសកម្ពុជាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ហាសង្គមផ្សេងៗទៀតជាច្រើន។ ក្នុងនោះ ពលរដ្ឋចំនួន ៧៦ នាក់ កំពុងឃុំខ្លួននៅពន្ធនាគារតាមបណ្តារាជធានីខេត្តនៅទូទាំងប្រទេសគិតត្រឹមខែធ្នូ ឆ្នាំ២០២៥។
លីកាដូ បញ្ជាក់ថា អាជ្ញាធរបានប្រើប្រាស់បទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ » ដើម្បីចោទប្រកាន់លើពលដ្ឋ ដែលបទចោទនេះ អាចនឹងឱ្យអ្នកទាំងនោះ ជាប់ ពន្ធនាគាររហូតដល់ ២ឆ្នាំ។ រីឯបទចោទពាក់ព័ន្ធនឹងសន្តិសុខជាតិវិញ លីកាដូថា អាជ្ញាធរក៏បានប្រើប្រាស់បទ«រួមគំនិតក្បត់»និងបទ«ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» ដោយចោទទៅលើមនុស្ស ចំនួន ១០ នាក់ ដែលអាចឱ្យអ្នកទាំងនោះ ជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ឬ ១៥ឆ្នាំ។
ជាងនេះទៀត ពលរដ្ឋដែលមានពិការភាព ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ជាក់ស្ដែង លោក ភុន យុទ្ធ ដែលត្រូវបានចាប់ខ្លួនជាលើកទី៣ ដែលបច្ចុប្បន្ន លោកកំពុងជាប់ពន្ធនាគារខេត្តតាកែវ រីឯលោក ហុក រ៉េន ជាពិការជើងម្ខាង និងជាអ្នកបើកបររ៉ឺម៉កកង់បី (តុក តុក) ត្រូវបានចាប់ និងឃុំខ្លួន ដោយតុលាការចោទប្រកាន់«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” និងបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» ក្រោយ ពីលោកបានបញ្ចេញមតិនៅលើបណ្ដាញសង្គម។
អង្គការលីកាដូ ចាត់ទុកការចាប់ខ្លួននេះ បង្ហាញថាអាជ្ញាធរ មិនទាន់បានគោរពចំពោះសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ចំពោះពលរដ្ឋខ្លួននៅឡើយទេ។ អង្គការការពារសិទ្ធិមនុស្សទាមទារឲ្យអាជ្ញាធរត្រូវតែបញ្ឈប់ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គម អ្នកសារព័ត៌មាន និងសកម្មជននយោបាយ ដោយគ្រាន់តែអ្នកទាំងនោះ បានបញ្ចេញមតិរបស់ពួកគេ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៧ ខែកុម្ភៈថា ការចាប់ខ្លួនអ្នកសារព័ត៌មានហើយយកក្រមព្រហ្មទណ្ឌមកធ្វើការចោទប្រកាន់ ដោយមិនបានយកច្បាប់ស្ដីពីរបបសារព័ត៌មានអនុវត្តនោះ ធ្វើឲ្យប៉ះពាល់ ដល់សេរីភាពសាព័ត៌មានផងដែរ។ លោកថា អាជ្ញាធរគួរកំណត់ឲ្យច្បាស់លាស់ថា អ្វីជាសេរីភាពបញ្ចេញមតិ និងអ្វីជាបទល្មើស ពីព្រោះការបន្តរិតត្បិតសិទ្ធិពលរដ្ឋ ក្នុងការផ្ដល់យោបល់ បង្ហាញកង្វល់ និងដំណោះស្រាយដល់រដ្ឋាភិបាលបែបនេះ នឹងធ្វើឲ្យប៉ះពាល់សេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ ដែលធានាដោយ រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
លោក អំ សំអាត៖ «បើសិនជាករណីនេះ នៅតែបន្តកើតឡើងវាធ្វើឲ្យប៉ះពាល់ ទី១ គឺសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មានហ្នឹង ទី២ វាអត់មានផល ចំណេញអីសម្រាប់កម្ពុជា ទទួលបានការរិះគន់ច្រើនទៅទៀត ទាក់ទងនឹងលំហសេរីភាពបញ្ចេញមតិ និងលំហសេរីភាពសារព័ត៌មាន មានការធ្លាក់ចុះ និងរួមតូច»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំឆ្លើយតបជុំវិញរឿងនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី២៧ ខែកុម្ភៈ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ថា ការបញ្ចេញមតិរបស់ពលរដ្ឋ ចំពោះទង្វើថៃឈ្លានពានទឹកដីខ្មែរ គឺជាសិទ្ធិសេរីភាពក្នុងបញ្ចេញមតិ។
លោក ហ៊ុន ម៉ាណែត៖ «យើងអាចជ្រើសរើសជម្រើសតែមួយគត់ អត់អាចមានជម្រើស ដូចអ្នកចូល ខម្មិនថា តាមអារម្មណ៍ ហើយគាត់អស់ខុសទេ ព្រោះអារម្មណ៍ជា ខ្មែរគាត់មានសិទ្ធិឈឺចាប់ គាត់មានសិទ្ធិខឹង មានសិទ្ធិបញ្ចេញមតិរបស់គាត់។ ហើយវាអត់មានប៉ះពាល់ទៅដល់ស្ថានភាព ឬក៏ការឆ្លើយទៅលើដី ដូចការ សម្រេចចិត្តរបស់រាជរដ្ឋាភិបាល»។
ទោះបីជាលោក ហ៊ុន ម៉ាណែត និយាយបែបនេះក្ដី ប៉ុន្តែអាជ្ញាធរក្រោមការដឹកនាំរបស់ រដ្ឋាភិបាលរបស់លោកនៅតែបន្តចាប់ខ្លួនពលរដ្ឋគុក។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលត្រកូលហ៊ុន គួរតែចេះខ្មាសអៀនភាគីថៃ ដែលជាអ្នកឈ្លានពានប្រទេសកម្ពុជា ពីព្រោះក្រុមអ្នកមានអំណាចនៅថៃបង្រួបបង្រួមគ្នា តតាំងនឹងកម្ពុជា ប៉ុន្តែ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បែរជាបន្តឃុំខ្លួនពលរដ្ឋខ្មែរ ដែលគ្មានកំហុស ទុកធ្វើជាចំណាប់ខ្លាំងនៃអំណាចរបស់គ្រួសារត្រកូលហ៊ុនទៅវិញ។ ពួកគាត់ ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសនយោបាយ និង អ្នកទោសមនសិការទាំងអស់ ឲ្យមានសេរីភាព ដើម្បីបើកផ្លូវផ្សះផ្សាជាតិកម្ពុជា បង្កើនសក្ដានុពលតទល់នឹងថៃវិញ៕









