

ប្រជាពលរដ្ឋនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការរុករករ៉ែមាស របស់ក្រុមហ៊ុន អន្ទ្រង មេធល (Antrong Metals) ពីព្រោះគម្រោងនេះធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋ ដែលកំពុងរស់នៅតំបន់នោះ។ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងទុក្ខកង្វល់របស់ពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅភូមិអន្ទ្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អះអាងថា ការរុករករ៉ែមាស របស់ក្រុមហ៊ុន អន្ទ្រង មេធល (Antrong Metals) កំពុងបង្កផលប៉ះពាល់បរិស្ថាន ដោយបំផ្លាញព្រៃឈើជាច្រើនកន្លែង នៅក្នុងតំបន់ព្រៃសហគមន៍ការពារ ជាប់ដែនជម្រកសត្វព្រៃភ្នំព្រេច។ សហគមន៍ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ ឬប្ដូរភូមិសាស្ត្រនៃការរុករករ៉ែមាសនេះ កុំឲ្យប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថាននៅតំបន់នោះ។
តំណាងសហគមន៍អន្ទ្រងសែនជ័យ លោក ប៊ី គុណ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៧ ខែកុម្ភៈថា ក្រុមហ៊ុន អន្ទ្រង មេធល ទទួលបានសិទ្ធិរុករករ៉ែមាសជាថ្មីម្ដងទៀត ក្រោយផ្អាកកាលពីដើមឆ្នាំ២០២៥ ហើយគម្រោងរុករកលើកទីពីរនេះ កំពុងប៉ះពាល់ដីព្រៃសហគមន៍ដែលមានទំហំជាង២ពាន់ហិកតារ ដែលពលរដ្ឋខំប្រឹងការពារតាំងពីយូរណាស់មកហើយនោះ។ លោកថា ពលរដ្ឋបារម្ភខ្លាចក្រុមហ៊ុនដំណើរអាជីវកម្ម នឹងធ្វើឲ្យប៉ះពាល់ដីស្រែចម្ការ បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ ដូចលើកមុនដែរ។
លោក ប៊ី គុណ៖ «បារម្ភខ្លាចបាត់បង់ព្រៃឈើ កន្លែងណាដែលគាត់ត្រូវចុះទៅ កន្លែងណាខ្លះដែលគាត់ត្រូវយក យើងអត់ទាន់ដឹង ពេលណាដែលគាត់ត្រូវការធ្វើគាត់ចូលហើយ រុករានពេញណុងហើយ អ្នកភូមិខ្ញុំគាត់ចេះតែបារម្ភ ចេះតែភ័យព្រួយ គាត់ដំណើរការកាន់តែខ្លាំងទៅ យើងវាពិបាក វានឹងបាត់បង់ប្រជាពលរដ្ឋខំថែរក្សាការពារ ប្រជាពលរដ្ឋគាត់មិនសុខចិត្តអញ្ចឹង គាត់ខំថែរក្សាការពារតាំងពីយូរណាស់មកហើយ ឥឡូវឲ្យក្រុមហ៊ុនចូល»។
លោក ប៊ី គុណ បន្ថែមទៀតថា ពលរដ្ឋនៅក្នុងភូមិ មិនបានប្រឆាំងរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍អ្វីមួយនោះទេ ប៉ុន្តែសុំឲ្យរដ្ឋាភិបាលគិតគូរដល់ប្រជាពលរដ្ឋ និងបរិស្ថាននៅជុំវិញតំបន់នោះ។
ក្រុមហ៊ុន អន្ទ្រង មេធល គឺជាកម្មសិទ្ធិរបស់លោកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ដែលមានឈ្មោះដើមថា (ចាង យុនហ្វេង) ត្រូវជាកូនប្រសារបស់អតីតមេបញ្ជាការកងទ័ពជើងគោក លោក មាស សុភា បច្ចុប្បន្នជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ លោកឧកញ៉ា ទៀ ណារ៉ាវុទ្ធ បានរៀបការជាមួយលោកជំទាវ មាស សុភាវី ដែលជាកូនស្រីបង្កើតរបស់ លោក មាស សុភា។ លោកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ក៏ជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា។ លោកក៏ធ្លាប់ជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងក្រសួងការពារជាតិ និងតែងតែជួយឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជាជាប្រចាំ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី លោក ទី សុផល ដើម្បីសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី២៧ ខែកុម្ភៈ។ ចំណែកអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងប្រធានក្រុមហ៊ុន អន្ទ្រង មេធល (Antrong Metals) លោកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ក៏ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី មានប្រសាសន៍ថា ការវិនិយោគណាមួយត្រូវតែសិក្សាអំពីផលប៉ះពាល់នៅតំបន់នោះឲ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវស្ដាប់មតិរបស់ប្រជាពលរដ្ឋរួចរកដំណោះស្រាយដោយសន្តិវិធី។ លោកថា អាជ្ញាធរត្រូវតែពិចារណាឡើងវិញ ចំពោះសំណើរបស់ប្រជាពលរដ្ឋ ពីព្រោះបញ្ហាទាំងអស់នេះកើតឡើងដដែលៗ។
លោក យិន ម៉េងលី៖ «ក្រសួងពាក់ព័ន្ធពិចារណាមែនទែន ចុះទៅពិនិត្យ ឬបញ្ជូនអ្នកវាយតម្លៃនឹងឲ្យបានច្បាស់លាស់ ចុះមកសិក្សាអំពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ គិតថាបញ្ហានឹងយើងជៀសបាន វាមិនបានល្អ១រយភាគរយនោះទេ ប៉ុន្តែវាអាចមានផលប៉ះពាល់តិចដែរ»។
កាលពីដើមឆ្នាំ២០២៥ ក្រុមហ៊ុន អន្ទ្រង មេធល បានលួចធ្វើអាជីវកម្មរ៉ែមាស ដោយបង្ហូរសារធាតុគីមី ពាសវាលពាសកាលធ្វើឲ្យប៉ះពាល់ពលរដ្ឋ និងសត្វចិញ្ចឹមងាប់ ដោយមិនមានអ្នកទទួលខុសត្រូវ ឬចាត់វិធានការណាមួយទៅលើក្រុមហ៊ុននេះនោះទេ។ លើសពីនេះក្រុមហ៊ុនមួយនេះ បានព័ទ្ធយកដីស្រែចម្ការរបស់ពលរដ្ឋជាង៣០០គ្រួសារ និងឲ្យទាហានដាក់បារ៉ាស់បិទផ្លូវពលរដ្ឋ មិនឲ្យចេញចូលថែមទៀតផង។
កាលពីឆ្នាំ២០២៣ អង្គការសមធម៌កម្ពុជា បានចេញរបាយការណ៍មួយ ដោយរកឃើញថា ការធ្វើអាជីវកម្មរ៉ែមាសខ្នាតធំ បង្កឲ្យមានការរំលោភសិទ្ធិមនុស្ស រំលោភបំពានដីធ្លីពលរដ្ឋនិងបំផ្លាញបរិស្ថាន ខេត្តចំនួន៤ រួមមាន ខេត្តព្រះវិហារ រតនគីរី ក្រចេះ និងខេត្តមណ្ឌលគិរី៕









