ទាហាន​ថៃ​សម្រុក​រាយ​បន្លា​លួស និង​ជីក​ប្រឡាយ​ចូល​ក្នុង​ទឹកដី​កម្ពុជា​រាប់​រយ​ម៉ែត្រ​នៅ​តំបន់​អូរស្មាច់

0
20
ទិដ្ឋភាព​ទាហានថៃជីកប្រឡាយ និងរាយបន្លាលួសរំលោភយកដីខ្មែរនៅអូរខ្លាឃ្មុំ តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាព​ទាហានថៃជីកប្រឡាយ និងរាយបន្លាលួសរំលោភយកដីខ្មែរនៅអូរខ្លាឃ្មុំ តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

ទាហាន​ខ្មែរ​ឈរជើង​នៅ​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ទាហាន​ថៃ​បាន​ធ្វើ​សកម្មភាព​រាយ​បន្លា​លួស និង​ជីក​ប្រឡាយ ក្នុង​ទឹកដី​ខ្មែរ​ជាច្រើន​ទីតាំង នៅ​តំបន់​អូរ​ស្មាច់ ចាប់តាំងពី​តំបន់​ទីប្រជុំជន កាស៊ីណូ រហូតដល់​តំបន់​ស្រែចម្ការ​របស់​ពលរដ្ឋ​ខ្មែរ។ ទាហាន​ខ្មែរ​ចោទ​ថា ការណ៍​ដែល​ទាហាន​ថៃ អាច​ធ្វើ​សកម្មភាព​ឈ្លានពាន​បាន​យ៉ាង​រលូន​បែប​នេះ គឺ​បណ្ដាល​មក​ពី​ថ្នាក់លើ បាន​ដាក់​បញ្ជា​ឱ្យ​កងទ័ព​រក្សា​ភាព​ស្ងៀមស្ងាត់ និង​អត់ធ្មត់។

ទាហាន​ខ្មែរ​ម្នាក់ ឈរជើង​នៅ​តំបន់​អូរ​ស្មាច់ អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា គិត​មកដល់​ពេល​នេះ ទាហាន​ថៃ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក​តំបន់​កាស៊ីណូ​នៅក្នុង​ទឹកដី​ខ្មែរ បាន​ទាំងស្រុង​ហើយ ដោយ​ពួកគេ​បាន​ប្រើប្រាស់​អេស្កាវ៉ាទ័រ​កាយ​កម្ទេច​សសរ​គ្រឹះ និង​អាគារ​មួយ​ចំនួន។ លោក​បន្ត​ថា ទីតាំង​ដែល​ទាហាន​ថៃ ចូល​រាយ​បន្លា​លួស​ព័ទ្ធ​យក​នោះ មាន​ចម្ងាយ​ពី​ប៉ុស្តិ៍​ប្រចាំការ​នៅ​ច្រកព្រំដែន​ប្រហែល​ជាង ៤០០​ម៉ែត្រ ខណៈ​តំបន់​មួយ​ចំនួន​ទៀត ទាហាន​ថៃ​បាន​ចូល​រាយ​បន្លា​លួស និង​ជីក​ប្រឡាយ​ចូលក្នុង​ទឹកដី​កម្ពុជា​រហូតដល់​ទៅ​ជាង ៦០០​ម៉ែត្រ ដូចជា​តំបន់​អូរ​ខ្លាឃ្មុំ ជាដើម។

ប្រភព​ពី​ទាហាន​ខ្មែរ​ផ្សេង​ទៀត បាន​អះអាង​ដូចគ្នា​ថា ទាហាន​ថៃ​បាន​ធ្វើ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​តំបន់​អូរ​ស្មាច់​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ដោយ​ពួកគេ​បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​អាគារ​កាស៊ីណូ និង​ទីតាំង​មួយចំនួន ហើយ​នៅពេល​មាន​ទាហាន ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ដើរ​ឆ្លងកាត់ ទាហាន​ថៃ​នឹង​ស្រែក​គំរាម រហូតដល់​មានការ​បាញ់ប្រហារ​ពីលើ​អាគារ​ជាច្រើន​គ្រាប់ មក​លើ​កងកម្លាំង និង​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ផង។

ទាហាន​ខ្មែរ​អះអាង​ទៀត​ថា កន្លង​មក​ពួកគេ​បាន​រាយការណ៍​ករណី​ផ្ទុះ​អាវុធ និង​ឈ្លានពាន​របស់​យោធា​ថៃ​នេះ ទៅកាន់​ថ្នាក់លើ​ជាច្រើនលើក ក៏ប៉ុន្តែ​ថ្នាក់លើ​បាន​បញ្ជា​ឱ្យ​កងកម្លាំង​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ការ​អត់ធ្មត់ ដែល​ធ្វើ​ឱ្យ​ទាហាន​ខ្លះ​បាន​អនុវត្ត​បទបញ្ជា​នេះ​ទាំង​មិន​ពេញចិត្ត និង​បាន​ត្រឹមតែ​ឈរ​មើល​សកម្មភាព​ឈ្លានពាន​របស់​ទាហាន​ថៃ នៅ​ក្នុង​ទឹកដី​ខ្លួនឯង។

ទាហាន​ខ្មែរ​អះអាង​ថា ទោះបីជា​ស្ថានភាព​នៅ​តំបន់​អូរស្មាច់ មាន​ភាព​ផុយ​ស្រួយ​យ៉ាងណាក្ដី ក៏​អាជ្ញាធរ​ក្នុង​តំបន់​នេះ បាន​បិទ​ខ្ទប់​ព័ត៌មាន​មិន​ឱ្យ​មានការ​ផ្សព្វផ្សាយ​ចេញទៅ​ក្រៅ​នោះ​ឡើយ​។ ជាង​នេះ​ទៅ​ទៀត ក្នុងអំឡុងពេល​ទាហាន​ថៃ​ធ្វើ​សកម្មភាព​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា​នោះ គ្មាន​ថ្នាក់ដឹកនាំ ឬ​តំណាងរាស្ត្រ​ណា​ម្នាក់ ចុះ​មក​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទីតាំង​ទាំង​នោះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​អភិបាលខេត្ត​ឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៣ ខែ​មីនា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន លើកឡើង​ថា ទាហាន​ថៃ​បាន​ចូល​កាន់កាប់​តំបន់​អូរស្មាច់ ដោយ​ខុសច្បាប់ ព្រោះ​តំបន់​នេះ​ស្ថិត​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា ដោយ​យោង​តាម​ផែនទី​ខ្នាត ១/២០០.០០០ ដែល​ជា​ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ។

លោក អ៊ុំ សំអាន៖ «បើ​ទាហាន​ខ្មែរ​យើង មិន​ទទួល​បាន​បទបញ្ជា​ដើម្បី​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​ទាហាន​ថៃ នៅក្នុង​ទឹកដី​កម្ពុជា​នោះ​ទេ នឹង​ធ្វើ​ឱ្យ​ទាហាន​ថៃ​ឈ្លានពាន​មក​លើ​កម្ពុជា​បន្ថែម​ទៀត តាមរយៈ​ការ​ដាក់​រាយ​បន្លា​លួស តម្រៀប​ទូ​កុងតឺន័រ និង​អភិវឌ្ឍ​នៅ​លើ​ដី​ខ្មែរ​យើង ដែល​ធ្វើ​ឱ្យ​យើង​បាត់បង់​ទឹកដី​ជាង ៤៥​ទីតាំង​ហើយ នៅ​បន្ត​បាត់​បន្ថែម​ទៀត នៅពេល​កម្ពុជា​រក្សា​ភាព​ស្ងៀមស្ងាត់»។

ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ទាហាន​ថៃ នៅ​តំបន់​អូរស្មាច់ នេះ​ដែរ កាលពី​ថ្ងៃទី​១២ ខែ​មីនា ទាហាន​ថៃ បាន​ដឹកនាំ​អ្នកសារព័ត៌មាន​បរទេស​ចំនួន ៣៧​នាក់ មកពី​ស្ថាប័ន​ចំនួន​១៨ ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ច្រក​ទ្វារ​ព្រំដែន​អូរស្មាច់។ នៅ​ពីមុខ​ផ្ទាំង​ប៉ាណូ ដែល​បង្ហាញ​ពី​ទីតាំង​អាគារ​កាស៊ីណូ ក្នុង​តំបន់​អូរ​ស្មាច់ ទាហាន​ថៃ​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អន្តរជាតិ​ថា អាគារ​កាស៊ីណូ​ទាំងនេះ ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ឆបោក​ឆ្លងដែន​ដ៏​ធំ មុននឹង​ត្រូវ​បាន​ទាហាន​ខ្មែរ​ប្រើប្រាស់​ជា​មូលដ្ឋាន​ប្រតិបត្តិការ​យោធា ដើម្បី​ប្រឆាំង​នឹង​កងទ័ព​ថៃ។

ទោះជា​យ៉ាងណា ក្រសួង​ការបរទេស​ថៃ ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​រឿង​នេះ មិន​បាន​រំលេច​ឈ្មោះ​ទីតាំង​កាស៊ីណូ​ទាំង​នោះ ថា​នៅក្នុង​តំបន់​អូរ​ស្មាច់​របស់​កម្ពុជា​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ