
ពលរដ្ឋមួយចំនួនដែលបន្តក្រាញននៀល រស់នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ កំពុងមានជីវភាព ខ្វះខាត ព្រោះមិនអាចប្រកបមុខរបរបាន ដូចមុនបើទោះជាសង្គ្រាមរវាងប្រទេសទាំងពីរ បានស្ងប់ស្ងាត់ហើយក្ដី។ ទន្ទឹមគ្នានោះ ពួកគាត់ថា ដំណាំកសិកម្ម ដូចជាដំឡូងមី និងស្វាយចន្ទី ជាដើម ក៏មិនសូវមានឈ្មួញមកទិញ។
ពលរដ្ឋរស់នៅ តាមព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យភាគច្រើនរកស៊ីចិញ្ចឹមជីវិតដោយលក់ដូរអីវ៉ាន់តាមមុខផ្ទះ និងតាមផ្សារនៅជាប់ព្រំដែនថៃ។ ទន្ទឹមគ្នានោះ ពួកគាត់ក៏ធ្វើកសិកម្ម ដូចជាដាំដំឡូងមី ស្វាយកែវរមៀត និងស្វាយចន្ទីជាដើម លក់ឱ្យ ឈ្មួញកណ្ដាល ជាជនជាតិថៃ។ ក៏ប៉ុន្តែ ចាប់តាំងពីមានជម្លោះព្រំដែនមក ធ្វើឱ្យពលរដ្ឋកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
ពលរដ្ឋរស់នៅឃុំលំទង ស្រុកអន្លង់វែង លោក ណូន ណារិន្ទដា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែមីនាថា សព្វថ្ងៃនេះ ពលរដ្ឋរស់នៅតាមព្រំដែន ពុំសូវមានអារម្មណ៍រកស៊ីដូចមុននោះទេ ព្រោះបារម្ភពីសុវត្ថិភាព ហើយបើទោះបីជា បើកលក់ដូរផ្សេងៗ ក៏ពុំសូវមានមនុស្ស ធ្វើឱ្យបារម្ភពីការខាតបង់។ ទន្ទឹមគ្នានោះ លោកថា តម្លៃកសិផលដូចជាដំឡូងមី និងគ្រាប់ស្វាយចន្ទីជាដើម លក់មិនបានថ្លៃ ព្រោះមិនសូវមានឈ្មួញទិញច្រើន ទើបធ្វើឱ្យពលរដ្ឋកាន់តែលំបាក។
លោក ណូន ណារិន្ទដា៖ «ការលក់ដូរវាអត់សូវបានដូចមុនសង្គ្រាម។ កាលមុនលក់ដូរបានកាក់កបជាង ដែលពេលមានសង្គ្រាមអ៊ីចឹងទៅ ការលក់ដូរវាអត់ដាច់ ហើយពលរដ្ឋនៅតាមភូមិក៏គ្នា រកអ៊ីមិនបានដូចមុនដែរ ពិបាកក្នុងការរក។ សព្វថ្ងៃនេះ ពិបាកយ៉ាងម៉េច គឺពិបាក ចេញទៅរកស៊ីអី វាមិនពេញដៃពេញជើង។ ធ្វើអ្វីមួយចេះតែខ្លាច មិនហ៊ានធ្វើអ្វីធំដុំដូចមុន។ ឧទាហរណ៍ ធ្វើចម្ការអ៊ីចឹង យើងត្រូវដាំដុះច្រើន ក៏អត់ហ៊ានដែរ ខ្លាចស្ថានភាព ខ្លាចផ្ទុះសង្គ្រាមឡើង យើងរត់ចោលដំណាំយើង ខាតច្រើន»។
សង្គ្រាមឈ្លានពានថៃ មកលើកម្ពុជាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខជាតិ និង សេដ្ឋកិច្ចពលរដ្ឋ។ កាលពីមិនទាន់មានជម្លោះព្រំដែន ពលរដ្ឋកម្ពុជា-ថៃ តែងរស់នៅពឹងអាស្រ័យ គ្នាទៅវិញទៅមក តាមរយៈការដោះដូរទំនិញផ្សេងៗតាមព្រំដែន ប៉ុន្តែ ចាប់តាំងពីមានជម្លោះមក ព្រំដែន ត្រូវបានបិទរហូតមកដល់សព្វថ្ងៃ។
ពលរដ្ឋម្នាក់ទៀត នៅតំបន់អូរស្មាច់ ក្រុងសំរោង ប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពលើកឡើងថា ពលរដ្ឋនៅតំបន់អូស្មាច់ មានត្រឹមតែ១០ ទៅ២០% ដែលត្រឡប់ មករស់នៅក្នុងលំនៅឋានវិញ ។ លោកថា បើទោះបីជា អាជ្ញាធរខេត្តបានអំពាវនាវឱ្យពលរដ្ឋមក រស់នៅក្នុងតំបន់នេះក្ដី ពលរដ្ឋពុំសូវចង់មកទេ ព្រោះបារម្ភពីជីវភាព និងសុវត្ថិភាព ដូច្នេះមានតែបន្តរស់នៅក្នុងជំរំជនភៀសសឹក គ្រាន់បានស្បៀងខ្លះបរិភោគ។
លោកបន្តថា ពលរដ្ឋខ្លះទៀត បន្តក្រាញននៀលរស់នៅក្នុងតំបន់អូរស្មាច់ ទាំងជីវភាពខ្វះខាត ក៏ព្រោះតែ បារម្ភខ្លាច យោធាថៃបន្ត ពង្រីកឈ្លានពានកាន់តែជ្រៅ ខណៈបច្ចុប្បន្ន យោធាថៃចេះតែបន្តរុលចូលមកក្នុងទឹកដីខ្មែរ យ៉ាងគឃ្លើន ហើយអាជ្ញាធរកម្ពុជា ហាក់ពុំសូវបានអើពើនោះទេ។ លោកអំពាវនាវឱ្យរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាជីវភាពជូនពលរដ្ឋ ដែលកំពុងរស់នៅតាមព្រំដែន។ លោកក៏ស្នើសុំ ឱ្យអាជ្ញាធរ គួរតែ កុំយកថ្លៃទឹក ភ្លើង ពីពួកគាត់ ជាបណ្ដោះអាសន្ន ព្រោះពលរដ្ឋ កំពុងជួបការលំបាកគ្មានប្រាក់ចំណូល។
ពលរដ្ឋថ្លែងលាក់ឈ្មោះ «ទី១កុំយកថ្លៃភ្លើង ដើម្បីឱ្យបងប្អូនគាត់ប្រើ ៣-៤-៥ខែទៅ។ ទី២ ចង់ឱ្យផ្ដល់ដូចជាអង្ករ ដូចជាស្បៀង ឱ្យពលរដ្ឋហូបផង។ អ្នកខ្លះខ្វះខាតមែនទែន ដូចជាខ្ញុំជាដើម ក៏អត់ដែរ។ រកចំណូលចូល រកស៊ីអីក៏អត់បាន»។
ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែមីនា បានទាក់ទង អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា ដើម្បីសុំការឆ្លើយតប ជុំវិញរឿងនេះ ប៉ុន្តែ លោក បដិសេធ មិននិយាយ ហើយឱ្យទាក់ទងអ្នកនាំពាក្យសាលាខេត្ត លោក ម៉េត មាសភក្ដី។ យ៉ាងណា ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង លោក ម៉េត មាសភក្ដី បានទេ នៅថ្ងៃដដែលនេះ ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
បើទោះជាបែបនេះក្ដី បើតាមការអះអាងរបស់ពលរដ្ឋឱ្យដឹងថា ពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន របស់ថៃ នៅតាមព្រំដែន ក្នុងខេត្តឧត្តរមានជ័យ ដូចជាការខូចខាតផ្ទះសម្បែង រដ្ឋាភិបាលបានផ្ដល់ថវិកា ក្នុង ១គ្រួសារចំនួន ២លានរៀល។ ចំណែកពលរដ្ឋដែលមានលំនៅឋាន ក្នុងតំបន់ក្រហម ទទួលបានប្រាក់ឧបត្ថម្ភមួយគ្រួសារ២០ម៉ឺនរៀល រយៈពេល១ឆ្នាំ។
រីឯ ពលរដ្ឋដែលបាត់បង់ដីធ្លី និងផ្ទះសម្បែងដោយយោធាថៃកំពុងកានកាប់ អាជ្ញាធរកម្ពុជាបានរៀបចំជា ផ្ទះបណ្ដោះអាសន្នជូន។ យ៉ាងណា ពលរដ្ឋដែលកំពុងរងគ្រោះ ព្រោះបញ្ហាសេដ្ឋកិច្ច បង្កឡើងដោយសារ សង្គ្រាមឈ្លានពាននេះដែរ ពួកគាត់ក៏ជួបផលលំបាកដែរ ប៉ុន្តែ រដ្ឋាភិបាលហាក់ពុំបានអើពើនោះទេ។ ពួកគាត់សង្ឃឹមថា ប្រសិនបើរដ្ឋាភិបាល ជួយសម្រួលផ្នែកខ្លះ ដូចជា កុំយកថ្លៃទឹក និងថ្លៃភ្លើងជាដើម គឺជារឿងដ៏ល្អ ដើម្បីជួយសម្រាលបន្ទុកបានខ្លះ។
ប្រធានការិយាល័យអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យលោក អ៊ិន គង់ជិត យល់ស្របថា ស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋ នៅតាមព្រំដែន គឺពិតជាមានផលលំបាកខ្លាំង ក្រោយពីមានសង្គ្រាមឈ្លានពានរបស់ថៃ។ លោកថា ពលរដ្ឋភាគច្រើន នៅតាមព្រំដែន មិនថាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ គឺសុទ្ធតែ ជួបផលលំបាកដូចគ្នា ព្រោះកន្លងទៅពួកគាត់តែងតែរកស៊ីដោះដូរទំនិញ ជាមួយប្រទេសថៃ។
លោកស្នើឱ្យរដ្ឋាភិបាល គួរតែគិតគូរ រៀបចំស្ដារសេដ្ឋកិច្ចនៅតាមព្រំដែនឡើងវិញឱ្យបានឆាប់ ហើយ គួរតែផ្ដល់ជា អំណោយមនុស្សធម៌ខ្លះ ដល់ពលរដ្ឋនៅតាមព្រំដែន ដែលកំពុងជួបបញ្ហាសេដ្ឋកិច្ច។ ទន្ទឹមគ្នានោះលោកថា អាជ្ញាធរ ក៏ត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងទាក់ទាញឈ្មួញឱ្យមកប្រមូលទិញកសិផលពីពលរដ្ឋឱ្យបានតម្លៃសមរម្យ ដើម្បីជួយស្ដារសេដ្ឋកិច្ចពលរដ្ឋ។
លោក អ៊ិន គង់ជិត៖ «បន្ទាយមានជ័យក្ដី ឧត្តរមានជ័យ ព្រះវិហារ និងបាត់បង់ដំបងក្ដី អាជ្ញាធរត្រូវជួយរកទីផ្សារដើម្បី លើកទឹកចិត្តឱ្យឈ្មួញកណ្ដាលនឹងអាច ទិញកសិផលរបស់ប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ ដើម្បីពួកគាត់ អាចលក់ផលិតផលពួកគាត់ដាច់ និងបានប្រាក់ចំណូលចិញ្ចឹមគ្រួសារបន្តទៀត»។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ក្នុងស្ថានភាពដែលពលរដ្ឋកំពុងជួបការលំបាក ដោយសារតែមិនអាចប្រកបមុខរបរបាន រដ្ឋាភិបាលក៏ត្រូវប្រឹងប្រែងរកដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ពួកគាត់ថា ថ្វីត្បិតថា បញ្ហានេះបានកើតឡើង ដោយសារតែ បញ្ហាសង្គ្រាមឈ្លានពានក្ដី រដ្ឋាភិបាល មិនត្រូវទុកពួកគាត់ ចោលនោះដែរ ព្រោះពលរដ្ឋគឺជាជនរងគ្រោះពីការដឹកនាំរបស់រដ្ឋាភិបាល ដែលពុំបាន ធានានូវសុវត្ថិភាព ជូនពលរដ្ឋឱ្យបានត្រឹមត្រូវ៕










