សមត្ថកិច្ច​បន្ត​ឆ្មក់​បង្ក្រាប​អគារ​ឆបោក​អនឡាញ​នៅ​ភ្នំពេញ ឃាត់ខ្លួន​មនុស្ស ៤៩​នាក់

0
46
សកម្មភាពសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា ២០២៦។ រូប៖ ទទក
សកម្មភាពសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា ២០២៦។ រូប៖ ទទក

កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​មណ្ឌល​ឆបោក​តាម​អនឡាញ (Online Scam) មួយ​កន្លែង​ទៀត ស្ថិត​នៅ​ក្នុង​សណ្ឋាគារ ជីនបៀនមេនឌូ (Jin Man Du Resort & Hotel) ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ៤៩​នាក់ កាលពី​ថ្ងៃទី​២២ ខែមីនា​។ ភាគច្រើន​នៃ​ជនសង្ស័យ​គឺជា​ជនជាតិ​ចិន ម៉ាឡេស៊ី និង​មាន​ស្ត្រី​ខ្មែរ​ម្នាក់។

កម្លាំង​សមត្ថកិច្ច​អះអាង​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ (Online Scam) ក្នុង​ទម្រង់ «​វិនិយោគ​ក្លែងក្លាយ​» ដោយ​ធ្វើការ​អូសទាញ និង​បោក​បញ្ឆោត​ជនរងគ្រោះ​នៅ​តាម​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក។ ក្រុម​នេះ​ទើបតែ​ផ្លាស់ប្ដូរ​ទីតាំង​ប្រតិបត្តិការ​ពី​ខេត្ត​ត្បូងឃ្មុំ មកកាន់​រាជធានី​ភ្នំពេញ​ថ្មីៗ​នេះ ដើម្បី​បន្តសកម្មភាព​ឆបោក​របស់​ខ្លួន។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ក៏បាន​រឹបអូស កុំព្យូទ័រ ទូរស័ព្ទ​ដៃ និង​ស៊ីម​កាត​ប្រទេស​ម៉ាឡេស៊ី​មួយ​ចំនួន​ធំ។

អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​ផ្ទះ​ជួល​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ជួល​ទីតាំង​ឱ្យ​ជនបរទេស​ដែល​សង្ស័យ​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​អនឡាញ ឬ​សកម្មភាព​ខុសច្បាប់​ផ្សេងៗ ហើយ​ត្រូវ​រាយការណ៍​ជូន​សមត្ថ​កិច្ច​ភ្លាមៗ ប្រសិនបើ​មាន​ភាព​មិន​ប្រក្រតី។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​បោសសម្អាត​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ប៉ុន្តែ​គ្មាន​ចំណាត់ការ​ចាប់​មេខ្លោង​ធំៗ​ដែល​កាង​ពីក្រោយ​ឧក្រិដ្ឋ​កម្ម​នេះ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ឡើយ​។ លើស​ពី​នេះ យុទ្ធនាការ​ចុងក្រោយ​នេះ​គឺ​សមត្ថកិច្ច​ផ្ដោត​លើ​ការ​បង្ក្រាប​តែ​ទីតាំង​អគារ ដោយ​មិនបាន​បង្ក្រាប​ឱ្យ​ចំ​គោលដៅ​អ្នក​ដែល​គាំទ្រ ឬ​ជួល​អគារ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ឡើយ។

មិនតែប៉ុណ្ណោះ យុទ្ធនាការ​បង្ក្រាប​របស់​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​ថា បង្ក​ជា​វិបត្តិ​មនុស្សធម៌​អន្តរជាតិ​នៅ​កម្ពុជា ដោយសារតែ​ជនរងគ្រោះ​ដែល​នាំគ្នា​សម្រុក​ចេញពី​អគារ​ឆបោក​តាម​អនឡាញ​ជា​បន្តបន្ទាប់​នោះ​មិន​ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន ឡើយ។

អ្នកឃ្លាំមើល​ជាតិ និង​អន្តរ​ជាតិ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ចាត់វិធានការ​បង្ក្រាប​ឱ្យ​ចំ​គោលដៅ​លើ​មេខ្លោង​ធំៗ​ទេ​នោះ បណ្ដាញ​ឧក្រិដ្ឋជន​នឹង​បន្ត​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​មូលដ្ឋាន​សម្រាប់​បង្កើត​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​បន្ត​ទៀត ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ