

កម្លាំងសមត្ថកិច្ចជំនាញបានបន្តប្រតិបត្តិការឆ្មក់បង្ក្រាបមណ្ឌលឆបោកតាមអនឡាញ (Online Scam) មួយកន្លែងទៀត ស្ថិតនៅក្នុងសណ្ឋាគារ ជីនបៀនមេនឌូ (Jin Man Du Resort & Hotel) ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យសរុប ៤៩នាក់ កាលពីថ្ងៃទី២២ ខែមីនា។ ភាគច្រើននៃជនសង្ស័យគឺជាជនជាតិចិន ម៉ាឡេស៊ី និងមានស្ត្រីខ្មែរម្នាក់។
កម្លាំងសមត្ថកិច្ចអះអាងថា ក្រុមជនសង្ស័យទាំងនេះបានប្រើប្រាស់ទឹកដីកម្ពុជា ជាមូលដ្ឋានសម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ (Online Scam) ក្នុងទម្រង់ «វិនិយោគក្លែងក្លាយ» ដោយធ្វើការអូសទាញ និងបោកបញ្ឆោតជនរងគ្រោះនៅតាមបណ្តាប្រទេសជុំវិញពិភពលោក។ ក្រុមនេះទើបតែផ្លាស់ប្ដូរទីតាំងប្រតិបត្តិការពីខេត្តត្បូងឃ្មុំ មកកាន់រាជធានីភ្នំពេញថ្មីៗនេះ ដើម្បីបន្តសកម្មភាពឆបោករបស់ខ្លួន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរឹបអូស កុំព្យូទ័រ ទូរស័ព្ទដៃ និងស៊ីមកាតប្រទេសម៉ាឡេស៊ីមួយចំនួនធំ។
អាជ្ញាធរបានអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការជួលទីតាំងឱ្យជនបរទេសដែលសង្ស័យពាក់ព័ន្ធអំពើឆបោកតាមអនឡាញ ឬសកម្មភាពខុសច្បាប់ផ្សេងៗ ហើយត្រូវរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ប្រសិនបើមានភាពមិនប្រក្រតី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបោសសម្អាតមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា ប៉ុន្តែគ្មានចំណាត់ការចាប់មេខ្លោងធំៗដែលកាងពីក្រោយឧក្រិដ្ឋកម្មនេះយកមកផ្ដន្ទាទោសតាមច្បាប់ឡើយ។ លើសពីនេះ យុទ្ធនាការចុងក្រោយនេះគឺសមត្ថកិច្ចផ្ដោតលើការបង្ក្រាបតែទីតាំងអគារ ដោយមិនបានបង្ក្រាបឱ្យចំគោលដៅអ្នកដែលគាំទ្រ ឬជួលអគារឱ្យក្រុមឧក្រិដ្ឋជនធ្វើប្រតិបត្តិការឆបោកតាមអនឡាញឡើយ។
មិនតែប៉ុណ្ណោះ យុទ្ធនាការបង្ក្រាបរបស់លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានសហគមន៍អន្តរជាតិរិះគន់ថា បង្កជាវិបត្តិមនុស្សធម៌អន្តរជាតិនៅកម្ពុជា ដោយសារតែជនរងគ្រោះដែលនាំគ្នាសម្រុកចេញពីអគារឆបោកតាមអនឡាញជាបន្តបន្ទាប់នោះមិនទទួលបានកិច្ចគាំពារពីរដ្ឋាភិបាលត្រកូល ហ៊ុន ឡើយ។
អ្នកឃ្លាំមើលជាតិ និងអន្តរជាតិព្រមានថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនចាត់វិធានការបង្ក្រាបឱ្យចំគោលដៅលើមេខ្លោងធំៗទេនោះ បណ្ដាញឧក្រិដ្ឋជននឹងបន្តប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានសម្រាប់បង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញបន្តទៀត ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិបន្ថែមទៀត៕









