ទាហាន​ខ្មែរ​អះអាង​ថា មាន​ករណី​ផ្ទុះអាវុធ​តាម​បណ្ដោយ​ព្រំដែន​ជាច្រើន​ទីតាំង ក្រោយ​ភាគី​ថៃ​ដក​កម្លាំង​ទ័ព​មួយ​ចំនួន

0
64
រូបភាពផ្កាយរណបបង្ហាញ​ពី​ភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​យោធាថៃ​បានឈ្លានពានយក ក្រោយថ្ងៃទី២៧ ធ្នូ​ ២០២៦។ រូប៖ លីកាដូ
រូបភាពផ្កាយរណបបង្ហាញ​ពី​ភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​យោធាថៃ​បានឈ្លានពានយក ក្រោយថ្ងៃទី២៧ ធ្នូ​ ២០២៦។ រូប៖ លីកាដូ

ទាហាន​ខ្មែរ​ដែល​ឈរជើង​នៅ​តាម​ព្រំដែន អះអាង​ថា មាន​ករណី​ផ្ទុះអាវុធ​នៅ​តាម​តំបន់​ព្រំដែន​មួយចំនួន​ជា​បន្តបន្ទាប់ ចេញ​ពី​ទីតាំង​ទាហាន​ថៃ ក៏ប៉ុន្តែ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នោះ​ឡើយ​។ យោធា​ថៃ​បាន​ចោទ​ថា ករណី​នេះ​បង្កឡើង​ពី​ភាព​គ្មាន​វិន័យ​របស់​ទាហាន​ខ្មែរ ក៏ប៉ុន្តែ​ទាហាន​ខ្មែរ​បាន​ច្រានចោល និង​អះអាង​ថា ពួកគាត់​តែងតែ​គោរព​បទបញ្ជា​ពី​ថ្នាក់លើ ដោយ​មិនបាន​ផ្ទុះអាវុធ​ស្រេច​តែ​ចិត្ត​នោះ​ឡើយ។

ស្ថានភាព​ជម្លោះ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ នៅតែ​មាន​ភាព​តានតឹង ទោះបីជា​ភាគី​ថៃ បាន​ដក​កម្លាំង​ទ័ព​មួយចំនួន​ក្ដី។

ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​តំបន់​ប្រាសាទ​តា​ក្របី បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា នៅ​ទីតាំង​ឈរជើង​របស់​លោក មានការ​ផ្ទុះអាវុធ​រប៉េះរប៉ោះ​ជាច្រើន​ថ្ងៃ​ជាប់​គ្នា ចេញពី​ទីតាំង​របស់​ទាហាន​ថៃ ដែល​ពេលខ្លះ​បាន​កើតឡើង​នៅពេល​ថ្ងៃ ពេលខ្លះ​នៅ​កណ្ដាលអធ្រាត្រ​។ លោក​បន្ត​ថា ទោះបីជា​ការ​ផ្ទុះអាវុធ​នេះ មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​ភាគី​ណាមួយ​ក៏ដោយ ក៏​ករណីនេះ​បាន​ធ្វើ​ឱ្យ​ភាគី​កងទ័ព​ខ្មែរ មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ចិត្ត ដោយ​បារម្ភ​ពី​ការ​លួច​វាយឆ្មក់ ឬ​ចេតនា​បង្កជម្លោះ​ពី​សំណាក់​ទាហាន​ថៃ។

ចំណែក​នៅ​ព្រំដែន​ខេត្តព្រះវិហារ វិញ ទាហាន​ខ្មែរ​បាន​អះអាង​ថា ទាហាន​ថៃ​បាន​បាញ់កាំភ្លើង​ជាច្រើន​គ្រាប់ មក​លើ​លេណដ្ឋាន​របស់​ទាហាន​ខ្មែរ នៅ​តំបន់​ភ្នំ​៤៦៩ ក្បែរ​តំបន់​មុំ​បី នៅ​កណ្ដាលអធ្រាត្រ​យប់​ថ្ងៃទី​២៣ ខែមីនា​។ នេះ​បើ​តាម​សារ​ឆ្លើយឆ្លង​គ្នា​របស់​ទាហាន​ខ្មែរ ដែល​ឈរជើង​នៅ​តំបន់​មុំ​បី ក្រោយ​ការ​ផ្ទុះ​អាវុធ។

ទាហាន​ខ្មែរ​៖«​ថៃ​បាញ់​ពីលើ​ភ្នំ​មក​លេណដ្ឋាន​។ បាញ់​ទល់មុខ​គ្នា នៅ​ភ្នំ​៤៦៩​ហ្នឹង»។

ដោយឡែក​នៅ​តំបន់​អូរស្មាច់ ទាហាន​ខ្មែរ​ម្នាក់ បាន​អះអាង​ថា ទាហាន​ថៃ​បាន​ឆ្មក់​បាញ់កាំភ្លើង ចេញពី​ទីតាំង​អាគារ​កាស៊ីណូ មក​លើ​ទីតាំង​ទាហាន​ខ្មែរ​ជា​ញឹកញាប់ ជាពិសេស​នៅ​ពេល​ដែល​ទាហាន​ខ្មែរ​ដើរ​ល្បាត​ក្បែរ​ទីតាំង​បន្លា​លួស និង​ប្រឡាយ ដែល​ទាហាន​ថៃ​បាន​សាងសង់​នៅក្នុង​ទឹកដី​កម្ពុជា​។ លោក​បន្ត​ថា ក្រោយ​កើតហេតុ​ការណ៍​នេះ ថ្នាក់លើ​បាន​ដាក់​បទបញ្ជា​ឱ្យ​ទាហាន​ជួរមុខ​រក្សា​ការ​អត់ធ្មត់ និង​ហាម​មិន​ឱ្យ​ផ្សព្វផ្សាយ​រឿង​នេះ​ចេញទៅ​ក្រៅ​នោះ​ឡើយ ។​

ទាក់ទិន​នឹង​ករណី​ផ្ទុះអាវុធ​នេះ អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បាន​អះអាង​កាលពី​ថ្ងៃទី​២៣ ខែមីនា ដោយ​ចោទ​ថា ករណីនេះ​កើតឡើង​ដោយសារ​ទាហាន​ខ្មែរ​ខ្វះ​វិន័យ និង​តែងតែ​បង្កទំនាស់​ជាមួយ​ទាហាន​ថៃ​។ ទោះជា​បែបនេះ​ក្ដី ទាហាន​ខ្មែរ​អះអាង​ថា គឺ​ទាហាន​ថៃ​ទៅវិញ​ទេ ដែល​តែងតែ​បើក​ការ​បាញ់​ប្រហារ​មក​លើ​ទាហាន​ខ្មែរ រហូត​ករណី​ខ្លះ​បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស​ទៀត​ផង។

ការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​នេះ បាន​កើតឡើង​ក្រោយពេល​យោធា​ថៃ បាន​ដក​កម្លាំង​ទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​មួយចំនួន ចេញពី​តំបន់​ព្រំដែន​។ តាមរយៈ​វីដេអូ​របស់​ទាហាន​ថៃ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​ថា សព្វាវុធ​ដែល​ដឹក​ចេញពី​តំបន់​ព្រំដែន​កម្ពុជា​នោះ រួមមាន កាំភ្លើង​ធំ​ប្រភេទ ១៥៥ និង​១០៥ មិល្លីម៉ែត្រ រួម​ទាំង​រថក្រោះ​ធុន​ធ្ងន់​ប្រភេទ VT4 T84 oplot M60 M48 និង​យាន​ចម្បាំង​ជាច្រើន​គ្រឿង​ទៀត។

ស្ថាប័ន​យោធា​ថៃ មិនបាន​បញ្ជាក់​ជា​ផ្លូវការ​អំពី​មូលហេតុ​នៃ​ការ​ដក​កម្លាំង​នៅ​តាម​ព្រំដែន​នោះ​ឡើយ ខណៈ​មេបញ្ជាការ​យោធា​ថៃ​មួយចំនួន បាន​អះអាង​ប្រាប់​សារព័ត៌មាន​របស់​ថៃ​ថា ការ​ដក​កម្លាំង​នេះ គឺ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ និង​ទុក​ឱកាស​ឱ្យ​កងទ័ព​ថៃ​បាន​សម្រាក ដើម្បី​ត្រៀមខ្លួន​សាជាថ្មី​សម្រាប់​បន្ត​បេសកកម្ម​។ ទោះជា​បែបនេះ​ក្ដី យោធា​ថៃ​បញ្ជាក់​ថា ពួកគេ​បាន​រក្សាទុក​កងកម្លាំង​នៅ​តំបន់​ឈរជើង​មួយចំនួន ដោយ​យោធា​ថៃ បាន​វាយតម្លៃ​ថា ក្រោយ​ការ​ដក​កម្លាំង​ទ័ព​ហើយ ភាគី​កម្ពុជា​ក៏​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​វាយ​ដណ្ដើមយក​ទឹកដី​ត្រឡប់​ទៅវិញ​នោះ​ឡើយ។

ចំណែក​ភាគី​ទាហាន​ខ្មែរ​វិញ បាន​អះអាង​ថា ទោះបី​ជា​មាន​ការ​ដក​កម្លា​ង​មួយចំនួន​ក្ដី ក៏​ទាហាន​ថៃ​នៅតែ​ធ្វើ​សកម្មភាព​ចូល​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា គ្រប់​រូបភាព និង​បាន​ធ្វើ​ការ​គំរាមកំហែង​ប្រមាថ​មក​លើ​ទាហាន​ខ្មែរ​សព្វបែបយ៉ាង នៅពេល​ទាហាន​ខ្មែរ​ចូល​ទៅ​ហាមឃាត់។

ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ព្រំដែន​កម្ពុជា​-​ថៃ នេះ​ដែរ នាយក​ផ្នែក​ចារកម្ម​ព័ត៌មាន​យោធា​ថៃ លោក ធីរ៉ាណាន់ ណាន់ថាខ្វាង (Theeranant Nanthakhwang) បាន​លើកឡើង​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​ទំនងជា​នឹង​ចាប់ផ្ដើម​ជម្លោះ​លើក​ទី​បី បន្ទាប់ពី​លោក​បាន​អះអាង​ថា កម្ពុជា​បាន​សម្រុក​ទិញ​អាវុធ​ជាច្រើន ពី​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត។ លោក​បាន​ព្រមាន​ថា សង្គ្រាម​តាម​ព្រំដែន​ជា​លើក​ទី​បី អាច​នឹង​ផ្ទុះឡើង​មុន​ពេល​មានការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២៧ ខាងមុខ​នេះ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ឡើយ នៅ​ថ្ងៃទី​២៤ ខែមីនា។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បារម្ភ​ថា ករណី​ផ្ទុះអាវុធ​នៅ​តាម​តំបន់​ព្រំដែន​នេះ អាច​នឹង​ក្លាយជា​រងើកភ្លើង​ដុត​បញ្ឆេះ​ឱ្យ​មាន​សង្គ្រាម​ធំ​កើតឡើង ខណៈ​ភាគី​ថៃ ដែល​មាន​កម្លាំងយោធា​ធំ​ជាង​កម្ពុជា តែងតែ​បង្កជម្លោះ និង​ឈ្លានពាន​មក​លើ​កម្ពុជា ជា​ញឹកញាប់​។ លោក​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា​ប្រញាប់​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​យោធា​ថៃ ដែល​ជា​វិធី​អាច​ជៀសវាង​ពី​ការ​ផ្ទុះ​សង្គ្រាម​សាជាថ្មី។

លោក ម៉ែន ណាត៖ «យើង​រម្លឹក​ឡើងវិញ​ថា មេដឹកនាំ​កម្ពុជា​ខ្សោយ មិនទាន់​ហ៊ាន​តដៃ​ជាមួយ​ថៃ​វិញ បន្ទាប់ពី​មាន​សង្គ្រាម​ជាមួយ​ថៃ​ចំនួន​ពីរ​លើក​ហ្នឹង​។ ហើយ​យន្តការ​ការទូត​ហ្នឹង ក៏​ខ្សោយ​នៅឡើយ​ដែរ មិន​ទាន់​បាន​ទាក់ទាញ​ទំនុកចិត្ត​ពី​អន្តរជាតិ​។ ដើម្បី​បញ្ចៀស​អំពី​ហិង្សា ត្រូវ​រៀបចំ​ឯកសារ​ប្ដឹង​ថៃ ឱ្យ​បាន​ដាច់ស្រេច ទៅ​តុលាការអន្តរជាតិ​ទាំងពីរ ទាំង ICC និង​ICJ»។

អ្នកឃ្លាំមើល​យល់​ថា ជម្លោះព្រំដែន​រវាង​កម្ពុ​ជា​-​ថៃ អាច​នឹង​មាន​ការប្រែប្រួល នៅ​ក្រោយ​ពេល​ប្រទេស​ទាំងពីរ​បើក​ការចរចា​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) ក្រោយពេល​ថៃ​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ