សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជនបរទេស​ជាង​១​រយ​នាក់​ពេល​ចុះ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន

0
16
សកម្មភាពសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា ២០២៦។ រូប៖ ទទក
សកម្មភាពសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា ២០២៦។ រូប៖ ទទក

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនបរទេស​ជាង ១​រយ​(១២១)​នាក់ នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន នៅ​ទីតាំង​ស្នាក់នៅ​ប្រមូល​ផ្តុំ មួយ​កន្លែង ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ។

សារព័ត៌មាន​ក្នុងស្រុក បាន​ចុះផ្សាយ​ដោយ​ស្រង់​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​មេសា​ថា ជនបរទេស​ទាំង​១២១​នាក់​នោះ មាន​៩​សញ្ជាតិ ក្នុង​នោះ​រួមមាន​៖ ជនជាតិ​ចិន ៤២​នាក់ ស្រីលង្កា ៣៧​នាក់ វៀតណាម ២២​នាក់ ជនជាតិ​ឥណ្ឌា ១២​នាក់ ព្រមទាំង​ជនបរទេស​មួយចំនួន​ទៀត​។

ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ក៏បាន​រឹបអូស​យក​វត្ថុតាង​មួយចំនួន​ដែល​បម្រើ​សកម្មភាព​ឆបោក​អនឡាញ​ផង​ដែរ ដូចជា កុំព្យូទ័រ​ចំនួន ១២៣​គ្រឿង និង​ទូរ​សព្ទ​ដៃ​ចំនួន ១៣២​គ្រឿង​។ ប្រភព​ដដែល​បញ្ជាក់​ថា សមត្ថកិច្ច បា​ន​បញ្ចូន​ជន​ជាតិចិន​ចំនួន​៤២​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាក​សួររក​មេខ្លោង ខណៈ​ជនបរទេស​ចំនួន​៧៩​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បណ្តេញ​ចេញពី​កម្ពុជា។

បើទោះបីជា​រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​ថា នឹង​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ឲ្យ​អស់​ត្រឹម​ខែមេសា​នេះ​ក្តី ក៏​មក​ទល់​ពេល​នេះ សមត្ថកិច្ច នៅតែ​បន្ត​រក​ឃើញ​ជនបរទេស​ប្រមូល​ផ្តុំ​គ្នា​សម្ងំ​ប្រព្រឹត្តិ​បទល្មើស​ឆបោក​អន​ឡាញ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ជា​បន្តបន្ទាប់​។ អ្នកឃ្លាំមើល យល់​ថា ប្រសិនបើ​រដ្ឋាភិបាល មិន​ចាប់​មេខ្លោង​ធំៗ​ជា​ឥស្សរជន​របស់​បក្ស​កាន់អំណាច និង​ក្រុម​ឧកញ៉ា​មួយចំនួន​ដែល​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ​ទេ​នោះ ឧស្សាហកម្ម​ឆបោក​នេះ នឹង​បន្ត​រីក​ដុះដាល​វិញ​យ៉ាង​ឆាប់រហ័ស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ