សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ភាគី​ថៃ​ទទួល​ខុសត្រូវ​ចំពោះ​​ទង្វើ​​ដែល​ទាហាន​ថៃ​រំលោភ​បូក​ពលករ​ខ្មែរ

0
123
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​ ស សុខា និងភរិយា (ឆ្វេង) ចុះសួរសុខទុក្ខនារីជាពលករខ្មែរនៅថៃ ដែលចោទយោធាថៃបំពានផ្លូវភេទពេលត្រឡប់មកស្រុក​វិញ។ រូបកាលពីថ្ងៃទី១៧ វិច្ឆិកា ២០២៥។ ​​​​​​​​​​​​​​​​​​​​​​​​​​ដោយហ្វេសប៊ុកលោក ស សុខា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​ ស សុខា និងភរិយា (ឆ្វេង) ចុះសួរសុខទុក្ខនារីជាពលករខ្មែរនៅថៃ ដែលចោទយោធាថៃបំពានផ្លូវភេទពេលត្រឡប់មកស្រុក​វិញ។ រូបកាលពីថ្ងៃទី១៧ វិច្ឆិកា ២០២៥។ ​​​​​​​​​​​​​​​​​​​​​​​​​​ដោយហ្វេសប៊ុកលោក ស សុខា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ភាគី​ថៃ​ទទួល​ខុសត្រូវ​ចំពោះ​​​​ទង្វើ​ ដែល​​​​​​ក្រុម​ទាហាន​ឈុត​ខ្មៅ​​​​ថៃ បាន​​ធ្វើ​ទារុណកម្ម​​​​​មក​លើ​ពលករ​ខ្មែរ និង​ប្រព្រឹត្ត​អំពើ​​រំលោភ​បំពាន​​ផ្លូវ​ភេទ​​ចំពោះ​​​នារី​ខ្មែរ​ម្នាក់​​អាយុ ១៨ឆ្នាំ ដើម្បី​​នាំ​​​ជនល្មើស​ទាំង​នោះ មក​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់។ រីឯ​ភាគី​​ថៃ​ ​​​បាន​បដិសេធ​ថា មិន​មាន​ករណី​នេះ​កើត​ឡើយ។

រយៈ​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ អ្នក​​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​​អង្គការ​សង្គម​ស៊ីវិល​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ រួម​នឹង​បណ្ដាញ​សារព័ត៌មាន​ថៃ​មួយ​ចំនួន ​បាន​លើក​ឡើង​ជា​ហូរ​ហែ ជុំវិញ​ករណី​​​ ទាហាន​​ថៃ​​​​ប្រមាណ​៧​នាក់ ត្រូវ​​បាន​​​​​​សង្ស័យ​ថា បាន​ប្រព្រឹត្ត​​​​​អំពើ​ព្រៃ​ផ្សៃ​​មួយ​ ​គឺ​​​​​​​​​ចាប់​ ​ពលករ​ខ្មែរ​​​ចំនួន ១៣​នាក់ ​ធ្វើទារុណកម្ម និង​ រំលោភ​បូក​​លើ​​ក្មេង​​​ស្រី​ខ្មែរ​ម្នាក់​ ​​​​អាយុ​១៨​ឆ្នាំ អំឡុង​ពេល​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​ថៃ​ ចូល​កម្ពុជា​វិញ ​កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។

ភ្លាមៗ​​បន្ទាប់​ពី​ព័ត៌មាន​ទាំង​នេះ​​​​​​ ​​​បាន​ចែក​ចាយ​​យ៉ាង​ព្រោងព្រាត ​លើ​បណ្ដាញ​សង្គម​​រួច​មក​​ ​​​អង្គការ​សង្គម​ស៊ីវិល​ជាង ២០០​ស្ថាប័ន និង​ ​​​ក្រសួង​ពាក់ព័ន្ធ​​ ​​​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ​ដោយ​បាន​​ថ្កោលទោស ​ចំពោះ​ទង្វើ​ដ៏​ព្រៃផ្សៃ​ របស់​ទាហាន​ថៃ ហើយ​ថា​ ​​ករណី​នេះ​ ​គឺ​ជា​រឿង​ដ៏​ឈឺ​ចាប់​ និង​ឃោរឃៅ​​បំផុត​​ ​​ដែល​ទាហាន​ថៃ​បាន​​ធ្វើ​មក​លើ​ពលករ​ខ្មែរ។ ពួក​គាត់​បាន​ស្នើ​ឱ្យ​ រដ្ឋាភិបាល​ថៃ​ ​​ត្រូវ​តែ​​​​ទទួល​ខុស​ត្រូវ ​​​នាំ​ជនល្មើស​ទាំង​នោះ​​​ មក​​ផ្ដន្ទាទោស​​ ​ចំពោះ​មុខ​ច្បាប់។

ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ចំនួន​២១៦​ស្ថាប័ន​ ​ដែល​កំពុង​តែ​ធ្វើ​ការពារ​សិទ្ធិ​ពលករ និង​កម្មករ​​ទាំង​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​​​ ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​អំពើ​ហិង្សា និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ដ៏​សាហាវ​ទៅ​លើ​ក្មេង​​ស្រី​ខ្មែរ​​​ម្នាក់​ អាយុ​១៨​ឆ្នាំ​​ ​​ដោយ​ក្រុម​​​ទាហាន​​​​ថៃ ដែល​ប្រព្រឹត្ត​​​​​​នៅ​លើ​ទឹក​ដី​ថៃ​ជាប់​ព្រំដែន​​​​ខ្មែរ​ ​ស្ថិត​នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

សេចក្ដី​ថ្លែងការណ៍​ដដែល​​​ថា​​​ ការ​រំលោភ​បំពាន​របស់​​ក្រុម​ទាហាន​ថៃ​នេះ គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ លើ​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​​​​ពលករ​ចំណាក​ស្រុក ដែល​ត្រូវ​បាន​ការពារ​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ច្បាប់​ជាតិ ​​​ធម្មនុញ្ញ លិខិតុបករណ៍​អាស៊ាន និង​ច្បាប់​អន្តរជាតិ។

សេចក្ដី​ថ្លែងការណ៍​ដដែល​​ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​រួម​មាន អង្គការ​សហប្រជាជាតិ (UN) គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ស្ដីពី​សិទ្ធិមនុស្ស (AICHR)​ អង្គការសហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​​ស្ត្រី​ (UN Women) និង​គណៈកម្មការ​ទទួល​បន្ទុក​អនុសញ្ញា CEDAW ត្រូវ​តែ​មាន​វិធានការ​ច្បាស់​លាស់ និង​បន្ទាន់ ទៅ​កាន់​រដ្ឋាភិបាល​​ និង​ទាហាន​ថៃ​ ត្រូវ​តែ​បញ្ឈប់​នូវ​អំពើ​ដ៏​ព្រៃផ្សៃ​​​មួយ​នេះ។

ជុំវិញ​រឿង​នេះ​​ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ ក្រសួង​កិច្ចការ​នារី ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​​ទាហាន​ថៃ​ផង​ដែរ​ ដោយ​​បង្ហាញ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង និង​​​​ថ្កោលទោស​ដាច់​អហង្ការ ចំពោះ​ទង្វើ​ដ៏​សាហាវ​ព្រៃផ្សៃ អមនុស្សធម៌​របស់​ក្រុម​ទាហាន​ ដែល​​បាន​ប្រើ​​អំពើ​ហិង្សា យ៉ាង​សាហាវយង់ឃ្នង និង​វាយដំ ទាត់​ធាក់​ ជំរិត​ទារ​ប្រាក់​​ គំរាមកំហែង​យក​ទ្រព្យសម្បត្តិ មក​លើ​ក្រុម​ពលករ​ទេសន្តរប្រវេសក៍​ខ្មែរ​ចំនួន​១៣​នាក់​​។

ឆ្លើយ​តប​​​នេះ​​ ​នៅ​ថ្ងៃ​​ទី​១៧ ខែ​វិច្ឆិកា ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ ដែល​ជា​ក្រុម​កងទ័ពជើងទឹក ​បាន​ចេញ​សេចក្ដី​បំភ្លឺ​​ ​​​ហើយ ត្រូវ​បាន​សារព័ត៌មាន​ថៃ​​​​ ខាវសុត ( Khaosod​ English) យក​មក​​ផ្សាយ​​​​ដោយ​បញ្ជាក់​ថា ​​​អ្វី​ដែល​សារព័ត៌មាន​​កម្ពុជា​ ​បាន​ផ្សាយ​​ដោយ​​ចោទ​ថា ទាហាន​ថៃ​​​​​បាន​ចាប់​ ពលករ​ខ្មែរ​​​ ធ្វើ​ទារុណកម្ម និង​រំលោភ​ដល់​​នារី​ខ្មែរ​​អាយុ​១៨ឆ្នាំ​នោះ ជា​ព័ត៌មាន​មិន​ពិត​​នោះ​ទេ។

ពួក​គេ​បន្ថែម​​ថា កងទ័ព​ជើង​ទឹក​ថៃ បាន​បំពេញ​កាតព្វកិច្ច​ ប្រកប​ដោយ​គុណភាព ​​​តម្លាភាព និង​ ការ​គោរព​សិទ្ធិ​មនុស្ស​​​​ស្រប​ទៅ​តាម​គោលការណ៍​​អន្តរជាតិ។

រីឯ សារព័ត៌មាន​ថៃ​មួយ​ទៀត​ឈ្មោះ AmrinTV ដែល​សរសេរ​ជា​ភាសា​ថៃ​​ ​ដោយ​​ដកស្រង់​សម្ដី​​ របស់​កង​​ទ័ព​ជើង​ទឹក​ម្នាក់ មក​ផ្សាយ​ថា កងទ័ព​ជើង​ទឹក​​ថៃ​​​ចំនួន​ ៧នាក់​ ដែល​សារព័ត៌មាន​កម្ពុជា​​បាន​ចោទ​ប្រកាន់​នោះ​​​គឺ​ជា «ព័ត៌មាន​មិន​ពិត​ទាំង​ស្រុង​​​​ និង​​ជា​ព័ត៌មាន​ក្លែងក្លាយ»។ ពួកគេ​ថា​ កន្លង​ទៅ​​កង​ទ័ព​ថៃ​ ​តែង​តែ​គោរព​ និង​រៀបចំ​ម្ហូប​អាហារ​​ជូន​ដល់​​​​ពលករ​ខ្មែរ​​ខុស​ច្បាប់​ ឱ្យ​ពួកគេ​ បាន​​បរិភោគ​អាហារ​គ្រប់គ្រាន់​​​​ ​ មុន​បញ្ជូន​​​​ត្រឡប់​ទៅ​​កម្ពុជា​វិញ។ បន្ថែម​ពី​នោះ ពួក​គេ​ថា​​ ការណ៍​ដែល​កម្ពុជា​​បន្ត​ប្រឌិត​រឿង​មិន​ពិត ដើម្បី​វាយ​ប្រហារ​មក​​កាន់​ភាគី​ថៃ​​ អំឡុង​​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ជម្លោះ​ព្រំដែន​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​​រវាង​​ប្រទេស​ទាំង​ពីរ​កាន់​តែ​អាក្រក់។

ទោះ​ជា​យ៉ាង​​ ពលករ​ខ្មែរ ​ដែល​ជន​រងគ្រោះ​​ម្នាក់ ក្នុង​ចំណោម​ជន​រង​គ្រោះ​ចំនួន​​១៣​នាក់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា ករណី​ដែល​ទាហាន​ថៃ​ចាប់​ពួក​គាត់​ធ្វើ​ទារុណកម្ម និង​​រំលោភ​ មក​​លើ​នារី​ខ្មែរ​ ម្នាក់​អាយុ​១៨ឆ្នាំ​នោះ ​គឺ​ជា​រឿង​​​ពិត ពុំ​មែន​ជា​រឿង​​ប្រឌិត ​ដូច​ការ​លើក​ឡើង​របស់​សារព័ត៌មាន​ថៃ​នោះ​ទេ។ រឿង​ដែល​កញ្ញា​ចាំ​មិន​​ភ្លេច ក្នុង​ព្រឹត្តិការណ៍​នោះ​ គឺ​ទាហាន​ថៃ​បាន​ស្រែក​គំរាម​បាញ់​កញ្ញា​នឹង​កាំភ្លើង និង​ការដែល​​​ទាហាន​ថៃ បាន​ទាក់​ធាក់​ឪពុក​របស់​កញ្ញា​នៅ​នឹង​មុខ​​ស្ទើរ​សន្លប់​បាត់​ស្មារតី រហូត​​​ធ្លាក់​ចូល​​​ក្នុង​អូរ។

ពលការិនី​រងគ្រោះ៖ «ពេល​នោះ​ភ័យ​ខ្លាច​ ហើយ​គិត​ថា​ ​ប្រហែល​មិន​អាច​រស់​ផង​ ព្រោះ​លោត​ចុះ​ទឹក​អូរជ្រៅ​លិច​ក្បាល។ អូរ​នោះ​ជ្រៅ​មែន​ទែន ប្រហែល​ប្រវែង​ជិត​មួយ​ឡូ។ ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត​នៅ​ឡើយ ហើយ អ្វី​ដែល​​ចង់​ចាំ​ជាង​គេ គឺ​ពេល​វា​ទាត់​ធ្វើ​បាប​ឪ​ខ្ញុំ​។ ខ្ញុំ​ពីរ​នាក់​ម្ដាយ​ខំ​អង្វរ​ យំ សុំ​វា​ថា​កុំ​​ឱ្យ​វាយ​ កុំ​ឱ្យ​ធ្វើ​បាប តែ​វា​អត់​ព្រម​ទេ។ វា​ទាត់​ឪ​​ជិត​តែ​សន្លប់»។

ចំណែក អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ឆ្លើយ​តប​​ភ្លាមៗ​ នៅ​លើ​​គណនី​ ហ្វេសប៊ុក​ ផ្លូវ​ការ​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ថា​ ការ​​​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​​ខាវសុត ( Khaosod​ English) និង​សារព័ត៌មាន​ផ្សេង​ទៀត​របស់​ថៃ​ ដែល​​​បដិសេធ​​លើ​ករណី​ខាង​លើ​នេះ​ថា ជា​រឿង​មិន​ពិត​នោះ​ គឺ​ជា​រឿង​​ដែល​មិន​​ត្រឹមត្រូវ​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ពិត​នឹង​បង្ហាញ​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​ នៅ​ពេល​ដែល ​កម្ពុជា​រៀបចំ​បណ្ដឹង​ ប្ដឹង​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​រួច​រាល់។

លោក ទូច សុឃៈ៖ «អ្វី​ដែល​​ការ​ពិត វា​នឹង​បង្ហាញ​បន្តិច​ទៀត​ ដែល​ក្រុម​ជំនាញ​ចម្រុះ​ក្រសួង​មហាផ្ទៃ បន្ត​ធ្វើ​នីតិវិធី ប្រមូល​នូវ​ព័ត៌មាន ប្រមូល​នូវ​ភស្តុតាង​ ធ្វើ​កោសល្យវិច័យ​គ្រប់​បែប​គ្រប់​យ៉ាង តាម​លក្ខណៈ​បច្ចេកទេស នគរបាល​វិទ្យាសាស្ត្រ​។ ហើយ​នឹង​រៀបចំ​ពាក្យ​ប្ដឹង​ជា​ផ្លូវ​ការ​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថៃ​ខ្លួន​ឯង និង​តាម​រយៈ​ស្ថានទូត​ថៃ​ខ្លួន​ឯង​។»​​

ជុំវិញ​បញ្ហា​​​នេះ ​ប្រធាន​កម្មវិធី​ប្រ​ឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​​​​ នៅ​ថ្ងៃ​ដដែល​​នេះ​ថា ដើម្បី​​​ដោះស្រាយ​បញ្ហា​នេះ​ ​ប្រកប​ដោយ​ប្រសិទ្ធភាព អាជ្ញាធរ​កម្ពុជា​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​​ ប្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ​ហើយ​​​​សហការ​ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ទាំង​ក្នុង និង​​ក្រៅ​ប្រទេស​​​ដែល​ធ្វើ​ការ​​ការពារ​សិទ្ធិ​នារី និង​សិទ្ធិ​ពលករ​ ​ដើម្បី​បើក​ការ​ស៊ើប​​អង្កេត ដោយ​​​​​ឯករាជ្យ​​ នោះ​ទើប​ជា​រឿង​ដ៏​ត្រឹម​ត្រូវ។

លោក ឌី ថេហូយ៉ា៖ «ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ហើយ​ស្វែង​រក​ការ​ពិត ដើម្បី​បញ្ជាក់​ថា​តើ​ ពិត ឬ​មិន​ពិត។ ​បើ​ចង់​ដឹង​ថា​ពិត ឬ​មិន​ពិត ​ទី១ សួរ​សាក្សី​ជន​រងគ្រោះ​ផ្ទាល់​តែ​ម្ដង​ ព្រោះ​ជន​រងគ្រោះ​មិន​អាច​កុហក​បាន​ទេ​។ យើង​អាច​ធ្វើ​អ្វី​ទៅ​តាម​នីតិវិធី បច្ចេកទេស​ផ្លូវ​ច្បាប់ បច្ចេកទេស​ផ្លូវ​ពេទ្យ​ជា​ដើម។ អ្នក​បច្ចេកទេស​គាត់​ត្រូវ​ធ្វើ​លើ​ការងារ​ហ្នឹង​ដើម្បី​ពិសោធ។ ​ទី២ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​រឿង​ហ្នឹង​ថា​តើ ពិត ឬ​មិន​ពិត»

អ្នក​ការពារ​សិទ្ធិ​កម្មករ​លើក​ឡើង​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​ប្រមូល​ភស្តុតាង ​ករណី​ទាហាន​ថៃ​ធ្វើ​បាប​ពលករ​​ខ្មែរ​​​ឱ្យ​បាន​ឆាប់​រហ័ស ​និង​ម៉ឺងម៉ាត់​​ជា​ទីបំផុត​ ​ដើម្បី​​​​ប្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ​​ធ្វើ​យ៉ាងណា​ ចាប់​ជនល្មើស​មក​​​​ផ្ដន្ទាទោស​​​ឱ្យ​​​​​ទាល់​តែ​​បាន បើ​ពុំ​​ដូច្នោះ​ទេ​​ ករណី​បែប​នេះ​​ ​នឹង​នៅ​តែ​បន្ត​​មាន​ជា​បន្ត​បន្ទាប់ ខណៈ​​​ពលករ​ខ្មែរ​​​កំពុង​តែ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ​មាន​រាប់​ម៉ឺន​នាក់ ហើយ​​​​រាល់​ថ្ងៃ​នេះ​ ​ក៏​មាន​ពលករ​ខ្មែរ​ មិន​ក្រោម​១០០នាក់​នោះ​​ទេ​ ក្នុង​១​ថ្ងៃ​ៗ​ ​​បាន​លួច​ឆ្លង​ចូល​​ប្រទេស​ថៃ​ ​​ខុសច្បាប់ ដើម្បី​រក​ការងារ​ធ្វើ។ ដូច​នេះ អ្នក​ការពារ​សិទ្ធិ​កម្មករ​ បារម្ភ​ថា ​​​ពលករ​ខ្មែរ​ដែល​ជា​នារី​ៗ​​​ ​អាច​ប្រឈម​នឹង​ហានិភ័យ ​​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ពី​សំណាក់​ទាហាន​ថៃ​តាម​ព្រំដែន​គ្រប់​ពេលវេលា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ