

ពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន គ្លប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់លោក ទ្រី ដាលុច ចំនួន២ឃុំនៅ ស្រុករវៀង ស្នើឲ្យអភិបាលខេត្តព្រះវិហារជួយស្វែងរកដំណោះស្រាយឲ្យពួកគាត់បានឆាប់។ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរដើរតួនាទីជាអាជ្ញាកណ្ដាល និងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋបានសមរម្យ ដោយសន្តិវិធី និងយុត្តិធម៌។
ស្របពេលយោធាថៃកំពុងឈ្លានពានទឹកដីកម្ពុជានៅតាមព្រំដែន ស្ទើរជារៀងរាល់ថ្ងៃនោះ ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន អេនើជី ឌីវេឡុបមេន របស់លោក ទ្រី ដាលុច ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ក៏កំពុងតែរំលោភយកដីស្រែចម្ការរបស់ពលរដ្ឋជាង១០០(១៤៦) គ្រួសារ នៅឃុំរួសរាន់ និងឃុំរីករាយ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។
ដោយមិនទទួលបានចំណាត់ការដោះស្រាយរបស់អាជ្ញាធរថ្នាក់មូលដ្ឋាន និងស្រុកអស់ជាច្រើនឆ្នាំ នៅថ្ងៃទី២១ ខែមេសា ពលរដ្ឋជិត១០០នាក់បាននាំគ្នាប្រមូលផ្ដុំនៅមុខសាលាខេត្តព្រះវិហារ ដើម្បីដាក់ញត្តិស្នើឲ្យអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ជួយស្វែងរកដំណោះស្រាយ ដោយត្រូវកាត់ឆ្វៀលដីស្រែចម្ការ ដែលក្រុមហ៊ុនបានរំលោភយក ទុកឲ្យពលរដ្ឋអាស្រ័យផលវិញ សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតទៅថ្ងៃខាងមុខ។
តំណាងពលរដ្ឋនៅស្រុករវៀង លោក សោម យូវី អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២១ ខែមេសាថា ក្រោយអាជ្ញាធរស្រុករវៀង បរាជ័យក្នុងការស្វែងរកដំណោះស្រាយឲ្យពលរដ្ឋពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុន គ្លប៊ល ហ្គ្រីន ពលរដ្ឋមិនពេញចិត្តនូវដំណោះស្រាយ និងសំណងដែលក្រុមហ៊ុនបានផ្ដល់ឲ្យពលរដ្ឋនោះទេ ទើបពលរដ្ឋនាំគ្នាស្នើឲ្យអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ជួយស្វែងរកដំណោះស្រាយវិញ ពីព្រោះពលរដ្ឋគិតថា អាជ្ញាធរស្រុកហាក់គ្មានឆន្ទៈ និងអំណាចគ្រប់គ្រាន់ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋ។ លោកថា ពលរដ្ឋគ្មានចង់បានអ្វីក្រៅពីដីស្រែចម្ការធ្លាប់អាស្រ័យផល និងសំណងនៃផលដំណាំ ដែលក្រុមហ៊ុនបានឈូសឆាយបំផ្លាញកន្លងទៅនោះឡើយ។
លោក សោម យូវី៖ «ជួយដោះស្រាយឲ្យបានដីនេះធ្វើដំណាំបង្កបង្កើនផលបានធម្មតា ព្រោះដីនេះបន្សល់ពីដូនតាចែកមកតៗគ្នាអ្នកខ្លះមិនដឹងប្រវត្តិដី ម៉ែឪចែកឲ្យធ្វើរហូតដល់ផ្សព្វថ្ងៃ រឿងបញ្ហាក្រុមហ៊ុនទើបបង្កើតទ្បើងនៅក្នុងឆ្នាំ២០២៥នេះ ហើយដីនេះដូនតារស់នៅទាំងអស់គ្នាមកតាំងពី៥០ទៅ៦០ឆ្នាំ សូម្បីខ្ញុំមិនដឹងភូមិនេះកើតពីឆ្នាំណា ដឹងក្តីមកគឺនៅភូមិនេះតែម្តង»។
លោក សោម យូវី អះអាងទៀតថា ពលរដ្ឋរង់ចាំដំណោះស្រាយពីអភិបាលខេត្តព្រះវិហារ ពីព្រោះមន្ត្រីសាលាខេត្តសន្យាថា នឹងយកញត្តិរបស់ប្រជាពលរដ្ឋឲ្យទៅ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី។ លោកថា ប្រសិនបើអភិបាលខេត្តមិនរកដំណោះស្រាយឲ្យពលរដ្ឋបានសមរម្យនោះទេ ពលរដ្ឋនឹងនាំគ្នាទៅដាក់ញត្តិស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយស្វែងរកដំណោះស្រាយវិញម្ដង។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២១ ខែមេសា។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ជំរុញឲ្យអាជ្ញាធរដើរតួនាទីជាអាជ្ញាកណ្ដាល និងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋបានសមរម្យ និងយុត្តិធម៌ ជៀសវាងទៅគំរាមកំហែង និងនាំបញ្ហាបន្ថែមទៅលើពួកគាត់។
លោក យិន ម៉េងលី៖ «មធ្យោបាយមានតែមួយទេថ្នាក់ខេត្តត្រូវមើលរបាយការណ៍សូមគោលការណ៍កាត់ឆ្វៀលឲ្យពលរដ្ឋពីផលប៉ះពាល់ឬរដ្ឋាភិបាលមិនអាចកាត់ឆ្វៀលបានត្រូវចរចាសងសំណងដើម្បីបញ្ចប់បញ្ហានេះទៅកុំអូសបន្លាយយូរពេក ហើយការអូសបន្លាយក៏ធ្វើឲ្យប្រជាពលរដ្ឋកាន់តែឈឺចាប់ខ្លាំងទៀតទៅលើបញ្ហាបាត់បង់ដីធ្លីនឹងឯង បាត់បង់ចំណូលរបស់គាត់»។
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច បានរុករក និងធ្វើអាជីវកម្មរ៉ែដែកអស់រយៈពេល៣ឆ្នាំមកហើយ ក្រោយពីក្រុមហ៊ុននេះទទួលបានសិទ្ធិ ពីរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែធ្វើអាជីវកម្មរ៉ែដែកយកទៅលក់នៅក្រៅប្រទេស។ លើសពីនោះក្រុមហ៊ុន គ្លប៊ល ហ្គ្រីន បានដណ្ដើមយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែងរាប់ពាន់គ្រួសារ និងច្បាមយកដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ រាប់ពាន់ហិកតារ។
ក្រៅពីនោះ រថយន្តដែលដឹកជញ្ជូនរ៉ែដែក ពីខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង យកទៅដាក់សាឡង់នៅខេត្តកំពង់ឆ្នាំង បានបំផ្លិចបំផ្លាញផ្លូវជាតិអស់ជាច្រើនខ្សែ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវរងផលប៉ះពាល់សុខភាពផ្លូវដង្ហើម និងសួតធ្ងន់ធ្ងរ ដោយសារការដឹកជញ្ជូនបង្កឱ្យមានដីហុយខ្លាំង ។ លោក ទ្រី ដាលុច គឺជាកូនប្រុសរបស់លោក ទ្រី ភាព ដែលជាអ្នកជំនួញល្បីល្បាញខាងបំផ្លិចបំផ្លាញព្រៃឈើនៅកម្ពុជា ហើយបច្ចុប្បន្នលោក ទ្រី ដាលុច គឺជាទីប្រឹក្សារបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC)៕








