ពលរដ្ឋ​រងគ្រោះ​ដោយ​ក្រុមហ៊ុន លោក ទ្រី ដាលុច ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ជួយ​រក​ដំណោះស្រាយ​ឆាប់ៗ

0
14
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព

ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន (​ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់​លោក ទ្រី ដាលុច ចំនួន​២​ឃុំ​នៅ ស្រុក​រវៀង ស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះវិហារ​ជួយ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​បាន​ឆាប់​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ដើរ​តួនាទី​ជា​អាជ្ញាកណ្ដាល និង​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​សមរម្យ ដោយ​សន្តិវិធី និង​យុត្តិធម៌។

ស្របពេល​យោធា​ថៃ​កំពុង​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​នោះ ​ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន អេនើជី ឌីវេឡុបមេន របស់​លោក ទ្រី ដាលុច ដែល​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​កំពុងតែ​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ជាង​១០០(១៤៦) គ្រួសារ នៅ​ឃុំ​រួសរាន់ និង​ឃុំ​រីករាយ ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ។

ដោយ​មិន​ទទួល​បាន​ចំណាត់ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន និង​ស្រុក​អស់​ជាច្រើន​ឆ្នាំ នៅ​ថ្ងៃទី​២១ ខែមេសា ពលរដ្ឋ​ជិត​១០០​នាក់​បាន​នាំគ្នា​ប្រមូលផ្ដុំ​នៅមុខ​សាលាខេត្ត​ព្រះវិហារ ដើម្បី​ដាក់​ញត្តិ​ស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី ជួយ​ស្វែងរក​ដំណោះស្រាយ ដោយ​ត្រូវ​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ ដែល​ក្រុមហ៊ុន​បាន​រំលោភ​យក ទុក​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល​វិញ សម្រាប់​បង្កបង្កើនផល​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​ខាងមុខ។

តំណាង​ពលរដ្ឋ​នៅ​ស្រុក​រវៀង លោក សោម យូវី អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២១ ខែមេសា​ថា ក្រោយ​អាជ្ញាធរ​ស្រុក​រវៀង បរាជ័យ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​ពាក់ព័ន្ធ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន ពលរដ្ឋ​មិន​ពេញចិត្ត​នូវ​ដំណោះស្រាយ និង​សំណង​ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ឲ្យ​ពលរដ្ឋ​នោះ​ទេ ទើប​ពលរដ្ឋ​នាំគ្នា​ស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី ជួយ​ស្វែងរក​ដំណោះស្រាយ​វិញ ពីព្រោះ​ពលរដ្ឋ​គិតថា អាជ្ញាធរ​ស្រុក​ហាក់​គ្មាន​ឆន្ទៈ និង​អំណាច​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​។ លោក​ថា ពលរដ្ឋ​គ្មាន​ចង់បាន​អ្វី​ក្រៅពី​ដីស្រែ​ចម្ការ​ធ្លាប់​អាស្រ័យ​ផល និង​សំណង​នៃ​ផលដំណាំ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​បំផ្លាញ​កន្លងទៅ​នោះ​ឡើយ។

លោក សោម យូវី៖ «ជួយ​ដោះស្រាយ​ឲ្យ​បាន​ដី​នេះ​ធ្វើ​ដំណាំ​បង្ក​បង្កើន​ផល​បាន​ធម្មតា ព្រោះ​ដី​នេះ​បន្សល់​ពី​ដូនតា​ចែ​កម​កតៗ​គ្នា​អ្នកខ្លះ​មិនដឹង​ប្រវត្តិ​ដី ម៉ែឪ​ចែក​ឲ្យ​ធ្វើ​រហូតដល់​ផ្សព្វ​ថ្ងៃ រឿង​បញ្ហា​ក្រុមហ៊ុន​ទើប​បង្កើត​ទ្បើង​នៅក្នុង​ឆ្នាំ​២០២៥​នេះ ហើយ​ដី​នេះ​ដូនតា​រស់នៅ​ទាំងអស់គ្នា​មក​តាំងពី​៥០​ទៅ​៦០​ឆ្នាំ សូម្បី​ខ្ញុំ​មិនដឹង​ភូមិ​នេះ​កើត​ពី​ឆ្នាំ​ណា ដឹងក្តី​មក​គឺ​នៅ​ភូមិ​នេះ​តែម្តង»។

លោក សោម យូវី អះអាង​ទៀត​ថា ពលរដ្ឋ​រង់ចាំ​ដំណោះស្រាយ​ពី​អភិបាលខេត្ត​ព្រះវិហារ ពីព្រោះ​មន្ត្រី​សាលាខេត្ត​សន្យា​ថា នឹង​យក​ញត្តិ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី។ លោក​ថា ប្រសិនបើ​អភិបាលខេត្ត​មិន​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​បាន​សមរម្យ​នោះ​ទេ ពលរដ្ឋ​នឹង​នាំគ្នា​ទៅ​ដាក់​ញត្តិ​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ស្វែងរក​ដំណោះស្រាយ​វិញ​ម្ដង។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​២១ ខែ​មេសា។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ជំរុញ​ឲ្យ​អាជ្ញាធរ​ដើរ​តួនាទី​ជា​អាជ្ញាកណ្ដាល និង​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​សមរម្យ និង​យុត្តិធម៌ ជៀសវាង​ទៅ​គំរាមកំហែង និង​នាំ​បញ្ហា​បន្ថែម​ទៅលើ​ពួកគាត់​។​

លោក យិន ម៉េងលី៖ «មធ្យោបាយ​មានតែ​មួយ​ទេ​ថ្នាក់​ខេត្ត​ត្រូវ​មើល​របាយការណ៍​សូម​គោលការណ៍​កាត់​ឆ្វៀល​ឲ្យ​ពលរដ្ឋ​ពី​ផល​ប៉ះពាល់​ឬ​រដ្ឋាភិបាល​មិនអាច​កាត់​ឆ្វៀល​បាន​ត្រូវ​ចរចា​សង​សំណង​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ទៅ​កុំ​អូស​បន្លាយ​យូរ​ពេក ហើយ​ការ​អូស​បន្លាយ​ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ឈឺចាប់​ខ្លាំង​ទៀត​ទៅលើ​បញ្ហា​បាត់បង់​ដីធ្លី​នឹង​ឯង បាត់បង់​ចំណូល​របស់​គាត់»។

ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន របស់​លោក ទ្រី ដាលុច បាន​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ក្រោយពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ ពី​រដ្ឋាភិបាល កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៣ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ កំពុងតែ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ លើស​ពី​នោះ​ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន បាន​ដណ្ដើម​យក​ដី​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ នៅ​ខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែង​រាប់ពាន់​គ្រួសារ និង​ច្បាម​យក​ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ រាប់ពាន់​ហិកតារ។

ក្រៅពីនោះ រថយន្ត​ដែល​ដឹកជញ្ជូន​រ៉ែ​ដែក ពី​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង យក​ទៅ​ដាក់​សាឡង់​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​បំផ្លិចបំផ្លាញ​ផ្លូវជាតិ​អស់​ជាច្រើន​ខ្សែ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​រង​ផល​ប៉ះពាល់​សុខភាព​ផ្លូវដង្ហើម និង​សួត​ធ្ងន់ធ្ងរ ដោយសារ​ការ​ដឹកជញ្ជូន​បង្ក​ឱ្យ​មាន​ដី​ហុយ​ខ្លាំង ។ លោក ទ្រី ដាលុច គឺជា​កូនប្រុស​របស់​លោក ទ្រី ភាព ដែល​ជា​អ្នកជំនួញ​ល្បីល្បាញ​ខាង​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ហើយ​បច្ចុប្បន្ន​លោក ទ្រី ដាលុច គឺជា​ទីប្រឹក្សា​របស់​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC)៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ