ភាគី​ថៃ​ថា សំឡេង​ផ្ទុះ​ចំពេល​កម្ពុជា​ដឹកនាំ​អ្នកសង្កេតការណ៍​បរទេស​ទៅ​មើល​តំបន់​អូរស្មាច់​ជា​សំឡេង​ផាវ

0
108
ទិដ្ឋភាពមន្ត្រីអាជ្ញាធរខេត្ត​ឧត្ដរមានជ័យ នាំអ្នកសង្គេតការអាស៊ាន (AOT) ពិនិត្យតំបន់អូរស្មាច់ ដែលថៃកំពុងកាន់កាប់ កាល​ពីថ្ងៃទី២៩ មេសា ២០២៦។ រូប៖ អធិការក្រុង​សំរោង
ទិដ្ឋភាពមន្ត្រីអាជ្ញាធរខេត្ត​ឧត្ដរមានជ័យ នាំអ្នកសង្គេតការអាស៊ាន (AOT) ពិនិត្យតំបន់អូរស្មាច់ ដែលថៃកំពុងកាន់កាប់ កាល​ពីថ្ងៃទី២៩ មេសា ២០២៦។ រូប៖ អធិការក្រុង​សំរោង

ក្រសួងការពារជាតិ​កម្ពុជា អះអាង​ថា យោធា​ថៃ បាន​ផ្ទុះអាវុធ​ចំនួន ៥​លើក ក្នុង​ពេល​ក្រសួងការពារជាតិ បាន​នាំ​ក្រុម​អនុព័ន្ធយោធា​បរទេស (MACPP) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​សង្កេតការណ៍​នៅ​ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃទី​២៩ ខែ​មេសា​នេះ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា អ្នកស្រី ម៉ាលី សុជាតា លើកឡើង​ថា មុន​ការចេញដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អនុព័ន្ធយោធា​បរទេស (MACPP) ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) នៃ​យោធភូមិភាគ​ទី​៤ កម្ពុជា បាន​ចេញ​លិខិត​ជូនដំណឹង​ជា​ផ្លូវ​ការ​ជូន​ទៅកាន់​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) នៃ​កងទ័ព​ភូមិភាគ​ទី​២ ថៃ រួចរាល់​ហើយ​។ ប៉ុន្តែ​អ្នកស្រី បញ្ជាក់​ថា ជា​ការ​គួរ​ឱ្យ​សោកស្តាយ​បំផុត ក្នុង​អំឡុង​ពេល​កំពុង​សង្កេតការណ៍ និង​ត្រួតពិនិត្យ​នៅ​ទីតាំង​ជាក់ស្តែង ក៏​មាន​ករណី​ផ្ទុះអាវុធ​បង្កឡើង​ដោយ​កម្លាំងយោធា​ថៃ​ចំនួន ៥​លើក ចន្លោះ​ពី​ម៉ោង ១០:៣៥​នាទី​ព្រឹក ដល់​ម៉ោង ១១:០៩​នាទី ដោយ​បាន​បាញ់កាំភ្លើង​ប្រភេទ M79 និង​ប្រភេទ M16 សរុប​ចំនួន ៩​គ្រាប់។

ជាមួយ​គ្នា​នេះ កងកម្លាំង​របស់​កម្ពុជា​បាន​នឹង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ភាព​ស្ងប់ស្ងាត់​នៅ​តាម​បណ្តោយ​ព្រំដែន។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ វីនថៃ ស៊ូវ៉ារី បាន​អះអាង​ថា សំឡេង​ផ្ទុះ​នៅ​តំបន់​អូរស្មាច់ ដែល​ភាគី​កម្ពុជា​អះអាង​ថា ជា​ផ្ទុះអាវុធ​ប្រភេទ​អាវុធ M79 និង M16 នោះ តាម​ពិត​ទៅ​គឺជា​សំឡេង​ផាវ ដែល​ទាហាន​ថៃ​បាន​ដុត​ចំនួន​បី​គ្រាប់ ដើម្បី​ព្រមាន​កម្ពុជា​កុំឱ្យ​ចូល​មក​ក្បែរ​តំបន់​បន្លាលួស​ដែល​យោធា​ថៃ​បាន​ដាក់​ពង្រាយ​។ ទន្ទឹម​គ្នា​នេះ យោធា​ភូមិភាគ​ទី​២ របស់​ថៃ បាន​ប្រកាស​ថា នឹង​ដាក់​បណ្ដឹង​តវ៉ា​មក​កម្ពុជា ដោយ​យោធា​ថៃ​បាន​ចោទ​ថា ភាគី​កម្ពុជា បាន​ចូល​ទៅ​តំបន់​អូរស្មាច់​នេះ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ភាគី​ថៃ ខណៈ​តំបន់​នេះ ត្រូវ​យោធា​ថៃ​ចូល​កាន់កាប់​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៥។

ទោះជា​យ៉ាងណា ជា​ការ​កត់សម្គាល់ នៅក្នុង​លិខិត​បដិសេធ​ដ៏​វែង​នេះ យោធា​ថៃ​បាន​ហៅ​តំបន់​អាគារ​កាស៊ីណូ​អូរស្មាច់​របស់​កម្ពុជា​ថា ជា​តំបន់​ឆងចម ដោយ​យោធា​ថៃ​មិន​បាន​ហៅ​តំបន់​នេះ​ថា អូរស្មាច់ នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ