

អាជ្ញាធរវៀតណាមនៅខេត្តលង់ហោរនៅថ្ងៃទី២៩ ខែមេសា បានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀត គឺលោក ថាច់ ចាន់ត្រា ដាក់ពន្ធនាគារក្រោយពីលោកបានចែករំលែកព័ត៌មានដែលអាជ្ញាធរវៀតណាមរំលោភបំពានសិទ្ធិមនុស្សខ្មែរក្រោមនៅលើបណ្តាញសង្គមជាបន្តបន្ទាប់។ អាជ្ញាធរចោទប្រកាន់លោកពីបទកេងចំណេញសេរីភាពប្រជាធិបតេយ្យតាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០១៥ របស់វៀតណាម។
អាជ្ញាធរនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមបន្តអនុវត្តកណ្តាប់ដៃដែកបង្ក្រាបឥតស្រាកស្រាន្តទៅលើសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពសម្ដែងមតិ និងចែករំលែកព័ត៌មាននៅលើបណ្ដាញសង្គមជុំវិញការរំលោភបំពានសិទ្ធិមនុស្សខ្មែរក្រោម។
លោក ថាច់ ចាន់ត្រា អាយុ ៥៤ ឆ្នាំ គឺជាពលរដ្ឋខ្មែរក្រោមម្នាក់ដែលតែងឈឺឆ្អាលពីបញ្ហាសង្គម និងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពតស៊ូមតិដើម្បីការពារសិទ្ធិជនជាតិដើមខ្មែរនៅកម្ពុជាក្រោម។ លោកត្រូវបានអាជ្ញាធរវៀតណាមចុះឆែកឆេរ និងចាប់ខ្លួនដល់គេហដ្ឋាន ស្ថិតនៅភូមិទ្រព្រះបាទ ខេត្តព្រះត្រពាំង បច្ចុប្បន្នត្រូវបានបញ្ចូលទៅក្នុងខេត្តលង់ហោរ។
អាជ្ញាធរវៀតណាមអះអាងនៅលើទំព័រហ្វេសប៊ុករបស់នគរបាលវៀតណាមខេត្តលង់ហោរថា ក្នុងរយៈពេលកន្លងមក លោក ថាច់ ចាន់ត្រា បានប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្ហោះ ចែករំលែក និងផ្សាយផ្ទាល់ជាញឹកញាប់ជាមួយនឹងពាក្យពេចន៍ និងការនិយាយមិនត្រឹមត្រូវតាមការពិត ព្រមទាំងចូលរួមពិភាក្សាអំពីមាតិកាដែលផ្សព្វផ្សាយ និងបំភាន់ទិសនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋវៀតណាម ដោយចោទប្រកាន់ថា អាជ្ញាធរវៀតណាមបានបង្ក្រាបមកលើជនជាតិខ្មែរក្រោមជាដើម។ ដូច្នេះអាជ្ញាធរត្រូវចាប់ឃុំខ្លួនលោក ថាច់ ចាន់ត្រា បណ្ដោះអាសន្នដើម្បីដំណើរការទៅតាមបទប្បញ្ញត្តិច្បាប់។
មុនពេលត្រូវបានចាប់ខ្លួន លោក ថាច់ ចាន់ត្រា បានចែករំលែកព័ត៌មានជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ក្នុងនោះក៏មានព័ត៌មានដែលនិយាយពីតុលាការវៀតណាមខេត្តលង់ហោរ ដែលកាលពីថ្ងៃទី២២ មេសា បានកាត់ទោសសកម្មជនស្ត្រីខ្មែរក្រោមអ្នកស្រី ថាច់ ធីវ៉ារី ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ៦ខែ ពីបទកេងចំណេញសេរីភាពប្រជាធិបតេយ្យតាមមាត្រា ៣៣១ ដដែលនេះ និងព័ត៌មានអំពីសហព័ន្ធខ្មែរកម្ពុជាក្រោមចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិលាតត្រដាងពីអាជ្ញាធរវៀតណាមរំលោភសិទ្ធិមនុស្សខ្មែរក្រោមប្រាប់សហគមន៍អន្តរជាតិជាដើម។ ក្នុងពេលកន្លងទៅ លោក ថាច់ ចាន់ត្រា និងក្រុមគ្រួសារក៏ធ្លាប់បានចេញមុខប្រឆាំងនឹងអាជ្ញាធរវៀតណាមដែលបានលើកគ្នាជាច្រើនមកអនុវត្តសាលដីការបស់តុលាការដើម្បីរឹបអូសយកដីស្រែជាកេរដំណែលគ្រួសារដោយលោកបានចោទប្រកាន់អាជ្ញាធរវៀតណាមថាបានឃុបឃិតជាមួយអ្នកដាក់ពាក្យបណ្តឹងដើម្បីប្លន់យកដីស្រែ និងធ្វើបាបមកលើគ្រួសាររបស់លោក។

ដោយសារតែអាជ្ញាធរបានប្រព្រឹត្តអំពើអយុត្តិធម៌មកលើក្រុមគ្រួសារ និងដោយមើលឃើញពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមមកលើព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមជាបន្តបន្ទាប់ លោក ថាច់ ចាន់ត្រា ក៏បានបង្កើនសកម្មភាពចូលរួមកិច្ចការងារសង្គម និងសកម្មភាពសិទ្ធិមនុស្សជាច្រើនរហូតត្រូវបានអាជ្ញាធរវៀតណាមកត់សម្គាល់ និងចាប់ខ្លួននៅពេលនេះ។
បច្ចុប្បន្នប្រទេសវៀតណាមគឺជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមានកាតព្វកិច្ចជំរុញឱ្យរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិលើកកំពស់ និងគោរពសិទ្ធិមនុស្ស ប៉ុន្តែគេសង្កេតឃើញថា រដ្ឋាភិបាលវៀតណាមខ្លួនឯងកំពុងតែរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរទៅលើជនជាតិផ្សេងៗដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន រួមទាំងខ្មែរក្រោមផងដែរ។
អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា អាជ្ញាធរវៀតណាមកំពុងតែផ្គើនសហគមន៍អន្តរជាតិ និងកំពុងតែរំលោភបំពានកាន់តែធ្ងន់ធ្ងរទៅលើគោលការណ៍ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលវៀតណាមជារដ្ឋភាគី ហើយក៏កំពុងបន្តធ្វើសកម្មភាពគំរាមកំហែង និងបំភិតបំភ័យទៅលើខ្មែរក្រោមមិនឱ្យងើបឡើងតវ៉ាប្រឆាំងនឹងទង្វើរំលោភបំពានសិទ្ធិខ្មែរក្រោម។ លោកចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាមគឺជាការអនុវត្តផ្ទុយទៅនឹងក្របខណ្ឌច្បាប់អន្តរជាតិ។
លោកបណ្ឌិត សឺន ជុំជួន៖ «យើងខ្ញុំនៅតែប្ដេជ្ញាធ្វើការដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាមត្រូវតែគោរពទៅតាមគោលការណ៍សិទ្ធិមនុស្សជាដាច់ខាត ហើយស្មារតីនៃការតស៊ូទាមទាររបស់យើងខ្ញុំនៅតែមិនបោះបង់ចោលទេ បន្តទៅមុខជានិច្ចដរាបណារដ្ឋាភិបាលវៀតណាមមានការកាត់បន្ថយ ឬក៏លុបបំបាត់រាល់ទង្វើទាំងឡាយនៃការរំលោភបំពានសិទ្ធិមនុស្សនេះ»។
នៅក្នុងកិច្ចប្រជុំវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើមនៅបុរីញូវយ៉ក (New York) សហរដ្ឋអាមេរិកដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមបានឡើងថ្លែងប្រាប់សហគមន៍អន្តរជាតិពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលអាជ្ញាធរវៀតណាមបានប្រព្រឹត្តមកលើជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក ជាពិសេសគឺការបង្កើនយុទ្ធនាការចាប់ខ្លួនព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដាក់ពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពដែលមានចែងនៅក្នុងសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម។ សហព័ន្ធខ្មែរកម្ពុជាក្រោមចាត់ទុកយុទ្ធនាការរបស់រដ្ឋអំណាចវៀតណាមគឺជាការព្យាយាមបំបិទសំឡេង និងជាការសងសឹករបស់វៀតណាមទៅលើពលរដ្ឋខ្មែរក្រោមមិនឱ្យហ៊ានងើបឡើងតស៊ូមតិការពារសិទ្ធិជាជនជាតិដើមនៅលើទឹកដីកំណើតដូនតារបស់ខ្លួន។
លោក ថាច់ ចាន់ត្រា គឺជាសកម្មជនខ្មែរក្រោមទី១៨ ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនចាប់តាំងពីឆ្នាំ២០២៣មកដោយសារតែការប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្ហោះ ចែករំលែក និងផ្សព្វផ្សាយព័ត៌មាន។ បូករួមទាំងលោក ថាច់ ចាន់ត្រា ដែលទើបត្រូវបានចាប់ខ្លួននៅពេលនេះបច្ចុប្បន្ននៅមានព្រះសង្ឃខ្មែរក្រោមចំនួន ៣អង្គ និងសកម្មជនខ្មែរក្រោមចំនួន ៨នាក់កំពុងជាប់នៅក្នុងពន្ធនាគារនៅឡើយ៕









