គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ក្រោយ​សាលាឧទ្ធរណ៍​បន្ត​ផ្ដន្ទាទោស​លោក

0
68
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ រូប៖ ហ្វេសប៊ុកលោក កឹម សុខា
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ រូប៖ ហ្វេសប៊ុកលោក កឹម សុខា

គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ការ​ថ្លែងការណ៍ ដោយ​ក្ដី​សោកស្ដាយ និង​ខកចិត្ត ដែល​សាលាឧទ្ធរណ៍​បន្ត​ផ្ដន្ទាទោស លោក កឹម សុខា។

គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​រួម​គ្នា​លើកឡើង​ថា ការ​រក្សា​ទោស លោក កឹម សុខា ដ៏​ធ្ងន់ធ្ងរ​នេះ​គឺជា​ការបោះបង់​ឱកាស​ក្នុង​ការ​ស្ដារ​ឡើងវិញ​នូវ​ឯកភាព​ជាតិ និង​ការ​បង្រួបបង្រួម​ជាតិ ដែល​ជា​បំណងប្រាថ្នា​តែមួយគត់​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ជាមួយ​គ្នា​នេះ​គណបក្ស​កម្លាំង​ជាតិ ក៏​ចាត់ទុក​សាលដីកា​សាលាឧទ្ធរណ៍​នេះ​ថា អយុត្តិធម៌ និង​បង្ហាញ​ពី​គម្លាត​រវាង​ខ្មែរ និង​ខ្មែរ ដែល​មិនអាច​ផ្សះផ្សារ និង​ឯកភាព​ជាតិ​បាន​ឡើយ​។ លើស​ពី​នេះ​គណបក្ស​កម្លាំង​ជាតិ​ថា ទង្វើ​នេះ​ផ្ទុយ​ពី​ការ​អំពាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ដែល​ចង់​ឱ្យ​មាន​ការ​រួបរួម​សាមគ្គី​ឯកភាព​ជាតិខ្មែរ។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ​ចាត់ទុក​សាលដីកា​សាលាឧទ្ធរណ៍​នេះ​ជា​សញ្ញា​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី​រួបរួម​ជាតិ និង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​។ គណបក្ស​នេះ​បារម្ភ​ពី​ការ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ ដើម្បី​ដាក់​កម្រិត​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សកម្មជន និង​អ្នកនយោបាយ​ប្រឆាំង។

គណបក្ស​នយោបាយ​ទាំង​៤ នេះ​សុទ្ធតែ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ ទាំងអស់​លើ លោក កឹម សុខា និង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ពួកគេ​អះអាង​ថា ការផ្តន្ទាទោស​លោក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ធ្វើ​ឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ចជាតិ និង​អ្នករងគ្រោះ​គឺ​ពលរដ្ឋ​ស្លូតត្រង់ ខណៈ​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ចំពោះមុខ​ជាពិសេស​គឺ​ការឈ្លានពាន​ពី​ប្រទេសជិតខាង។

ដោយឡែក គណបក្ស​ជំនាន់​ថ្មី វិញ​គណបក្ស​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយតប នឹង​សាលដីកា​សាលាឧទ្ធរណ៍​ដែរ ប៉ុន្តែ​គណបក្ស​នេះ​ពុំបាន​បង្ហាញ​ជំហរ​ច្បាស់លាស់​ទេ គឺ​គ្រាន់តែ​សរសេរ​ដោយ​ប្រយោល​ថា គណបក្ស​លើកទឹកចិត្ត​ឱ្យ​មាន​ការ​កែលម្អ​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ