

ជនរងគ្រោះ និងអ្នកឃ្លាំមើលចោទថា ធនាគារជាតិនៃកម្ពុជាមិនបានអន្តរាគមន៍ជួយការពារអតិថិជនរងគ្រោះទាក់ទងនឹងករណីក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ បង្កកលុយនោះឡើយ។ ផ្ទុយទៅវិញជនរងគ្រោះយល់ថា ស្ថាប័ននេះបែរជាបង្ហាញទំនោរការពារក្រុមហ៊ុន និងដាក់បន្ទុកទៅលើជនរងគ្រោះទៅវិញ។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាចោទជនរងគ្រោះក្រុមហ៊ុន ហួយវ័ន ផេ ដែលចេញតវ៉ាថា ជាក្រុមបង្កហិង្សាក្នុងសង្គម និងបញ្ជាក់ឱ្យជនរងគ្រោះស្វែងរកដំណោះស្រាយដោយខ្លួនឯងរឿងលុយដែលក្រុមហ៊ុនបានបង្កក។
ជនរងគ្រោះមួយចំនួននៃក្រុមហ៊ុន ហួយវ័ន ផេ កាន់តែអស់សង្ឃឹមក្នុងការទទួលបានលុយត្រឡប់មកវិញ ដោយសារតែធនាគារជាតិនៃកម្ពុជាមិនបានអើពើជួយអន្តរាគមន៍ផ្ដល់ដំណោះស្រាយសម្រាប់ពួកគាត់ឡើយ និងបែរជាដាក់បន្ទុកដោយជំរុញឱ្យជនរងគ្រោះស្វែងរកដំណោះស្រាយខ្លួនឯងតាមរយៈតុលាការទៅវិញ។
ជនរងគ្រោះម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពបញ្ជាក់ថា ការដោះស្រាយតាមប្រព័ន្ធតុលាការនឹងធ្វើឱ្យជនរងគ្រោះកាន់តែស្មុគស្មាញ និងត្រូវចំណាយលុយកាក់ និងពេលវេលាបន្ថែមទៀត ខណៈជនរងគ្រោះភាគច្រើនកំពុងតែជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ។ ជនរងគ្រោះរូបនេះយល់ថា ក្នុងនាមជាស្ថាប័នសមត្ថកិច្ចធនាគារជាតិនៃកម្ពុជាគួរប្រើអំណាចរបស់ខ្លួន ដើម្បីកោះហៅប្រធានក្រុមហ៊ុន ហួយវ័ន ផេ ពាក់ព័ន្ធទាំងអស់ឱ្យចេញមុខដោះស្រាយដោយផ្ទាល់ ដើម្បីប្រគល់លុយឱ្យជនរងគ្រោះទាំងអស់វិញ។
អតិថិជន៖ «ហួយវ័ន (Huione) និងអេច-ផេ (H-Pay) គឺជាក្រុមហ៊ុនតែមួយទេ។ ហេតុអីក៏ខាងធនាគារជាតិ គាត់មិនព្រមហៅថៅកែ អ្នកណាដែលជាថៅកែ បន្ទាប់ពីថៅកែដែលគេបានចាប់ហ្នឹង ហើយនៅមានថៅកែផ្សេងទៀត ខ្ញុំគិតថា ក្រុមហ៊ុនមួយ ក្រុមហ៊ុនដែលធំដល់ថ្នាក់ហ្នឹង អត់អាចមានថៅកែតែមួយទេ ម៉េចក៏មានថៅកែ ១០នាក់ដែរ។ អ្នកណាដែលទទួលខុសត្រូវបន្តពីថៅកែដែលគេបានចាប់ខ្លួនហ្នឹង ហេតុអីក៏គាត់មិនប្រជុំហៅថៅកែ ហួយវ័ន ឬក៏ថៅកែ អេច-ផេ ហ្នឹងមកសួរនាំ? ដោយសារធនាគារជាតិគឺគាត់គ្រប់គ្រង ស្ថាប័នធនាគារទាំងអស់ ឬក៏មីក្រូហិរញ្ញវត្ថុ អ៊ីចឹងនៅពេលដែលមានរឿង គាត់ជាអាណាព្យាបាល អ្នកគ្រប់គ្រង គឺគាត់ត្រូវដឹងឮរឿងហ្នឹង។ ហើយអ្នកណាគេអ្នកកាន់ (App) ហួយវ័ន ហ្នឹងដែលទៅធ្វើឱ្យ (ទឹកលុយ) ទៅសូន្យហ្នឹង គាត់ហៅមកសួរមកថា វាយ៉ាងម៉េច? ហើយឱ្យគេបើក (App) ហ្នឹងមកវិញមក ចំនួនទឹកលុយហ្នឹងមានអត់ កុំឱ្យឃើញសូន្យអ៊ីចឹង។ ហើយថាពួកខ្ញុំអត់មានភស្តុតាងគ្រប់គ្រាន់ អាហ្នឹងអ្វីដែលខ្ញុំឆ្ងល់ ចង់សួរធនាគារជាតិ»។
អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី កាលពីថ្ងៃទី២៩ ខែមេសា បានចេញសេចក្ដីប្រកាសជាថ្មីទៀតថា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធមិនមានលទ្ធភាពជួយដោះស្រាយរឿងលុយរបស់ជនរងគ្រោះដែលត្រូវបានក្រុមហ៊ុន លោក ហ៊ុន តូ បង្កកឡើយ។ អ្នកស្រីបានជំរុញឱ្យជនរងគ្រោះប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការទាមទារយុត្តិធម៌ និងលុយកាក់ដោយខ្លួនឯងតាមរយៈប្រព័ន្ធតុលាការ។
អ្នកស្រី ជា សិរី៖ «វិធានការនៃការដោះស្រាយ ចំពោះប្រជាពលរដ្ឋទាំងនោះ គឺហួសដែនសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតជូនអតិថិជន ដើម្បីផ្ដល់ព័ត៌មានពីការសម្រេចចិត្តរបស់យើង។ យើងបានពន្យល់អំពីភាពមានកម្រិត នៃសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា និងឱ្យប្រជាពលរដ្ឋទាំងនោះប្រើសិទ្ធិរបស់គាត់ ទៅតាមយន្តការតុលាការ»។
អ្នកស្រី ជា សិរី ក៏បានបង្ហាញការសោកស្ដាយចំពោះការប៉ះទង្គិចដោយហិង្សារវាងកម្លាំងសមត្ថកិច្ច និងជនរងគ្រោះនៃក្រុមហ៊ុន ហួយវ័ន ផេ និងបានចោទថា ជនរងគ្រោះដែលចេញតវ៉ាទាំងនោះគឺជាជនឆ្លៀតឱកាស បង្កនូវបញ្ហាហិង្សាទាំងនេះ។
ជុំវិញនឹងបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣០ ខែមេសាថា ការបកស្រាយរបស់ធនាគារជាតិនៃកម្ពុជា គ្រាន់តែជាការឆ្លើយដោះសា និងគេចវេះពីការទទួលខុសត្រូវចំពោះអតិថិជនដែលជាជនរងគ្រោះដោយក្រុមហ៊ុនលោក ហ៊ុន តូ បង្កកលុយ។ លោកបញ្ជាក់ថា ក្នុងនាមជាស្ថាប័នត្រួតពិនិត្យប្រព័ន្ធហិរញ្ញវត្ថុទូទាំងប្រទេសប្រកាសណែនាំឱ្យជនរងគ្រោះស្វែងរកដំណោះស្រាយដោយខ្លួនឯងបែបនេះបង្ហាញពីភាពទន់ខ្សោយរបស់ធនាគារជាតិ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អតិថិជន និងអ្នកវិនិយោគអន្តរជាតិលើប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។
លោក ស៊ឹង សែនករុណា យល់ថា ធនាគារជាតិនៃកម្ពុជាគួរតែរៀបចំឯកសាររបស់ជនរងគ្រោះ ដើម្បីប្ដឹងទៅតុលាការឱ្យចាប់ខ្លួនលោក ហ៊ុន តូ និងប្រធានក្រុមហ៊ុន ហួយវ័ន ពាក់ព័ន្ធទាំងអស់។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំសូមឱ្យធនាគារជាតិ ពិនិត្យមើលលើការទទួលខុសត្រូវរបស់ខ្លួនឡើងវិញ ហើយត្រូវកសាងសំណុំរឿងហ្នឹង បញ្ជូនទៅតុលាការ ទៅលើបុគ្គលដែលជាថ្នាក់ដឹកនាំរបស់ធនាគារ ហួយវ័ន ហ្នឹង។ ត្រូវឱ្យមានការចាត់វិធានការតាមផ្លូវច្បាប់ ទៅលើជនទាំងអស់ហ្នឹង មិនមែនពេលធនាគារហ្នឹងមានបញ្ហានាំគ្នា លាឈប់ ហើយថា រួចខ្លួន អត់ទទួលខុសត្រូវទៅលើដំណោះស្រាយជូនជនរងគ្រោះនោះទេ។ អ៊ីចឹង យើងគួរតែធ្វើការស្រាវជ្រាវឱ្យច្បាស់លាស់ ហើយអនុវត្តច្បាប់ទៅលើបុគ្គលទាំងអស់ហ្នឹង ដកហូតទ្រព្យសម្បត្តិ ឬក៏បង្កកលុយកាក់ទាំងអស់យកមកធ្វើការផ្ដល់សំណងទៅដល់ជនរងគ្រោះ មិនមែនឱ្យជនរងគ្រោះហ្នឹង ទៅរកមធ្យោបាយដោះស្រាយដោយខ្លួនឯងនោះទេ»។
ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាមិនចាត់វិធានការលើប្រធានក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុន តូ ឡើយមកដល់ពេលនេះ បើទោះបីជាធនាគារជាតិអះអាងថា ក្រុមហ៊ុននេះខុសច្បាប់ និងបានដកអាជ្ញាប័ណ្ណតាំងពីឆ្នាំ២០២៤ ក្ដី។ អ្នកឃ្លាំមើលយល់ថា ការមិនចាត់ការលើលោក ហ៊ុន តូ ដោយសារតែធនាគារជាតិនៃកម្ពុជាក៏ស្ថិតក្រោមអំណាច និងឥទ្ធិពលរបស់ក្រុមហ៊ុន លោក ហ៊ុន តូ ដែលរកស៊ីពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម និងអំពើលាងលុយកខ្វក់ឱ្យបណ្ដាញក្រុមឧក្រិដ្ឋជន។
មកដល់ពេលនេះ អតិថិជនរងគ្រោះដោយសារតែក្រុមហ៊ុនរបស់លោក ហ៊ុន តូ មិនត្រឹមតែមិនទទួលបានដំណោះស្រាយ ឬទទួលបានលុយរបស់ខ្លួនមកវិញនោះទេ ជនរងគ្រោះ ២នាក់ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយអ្នករងគ្រោះផ្សេងទៀតក៏ប្រឈមនឹងបង្ក្រាបដោយហិង្សាពេលចេញតវ៉ា។ រីឯ លោក ហ៊ុន តូ វិញ ដែលរងការចោទប្រកាន់រកស៊ីពាក់ព័ន្ធអំពើឧក្រិដ្ឋកម្ម និងប្លន់លុយពលរដ្ឋនោះបែរជារស់នៅក្រៅសំណាញ់ច្បាប់ដេកក្នុងវិឡាស្កឹមស្កៃ មានអង្គរក្សការពារ ២៤ម៉ោង និងថែមទាំងចំណាយលុយរាប់សិបលានដុល្លារ ដើម្បីសាងសង់ទីលានវាយកូនហ្គោលដ៏ប្រណិតទៀតផង៕









