សហគមន៍​អន្តរជាតិ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ផ្ដន្ទាទោស​លោក កឹម សុខា

ឯកអគ្គរាជទូត​កាណាដា ប្រចាំកម្ពុជា លោក ដេស រ៉ូឆេស (DesRoches) ថ្លែងប្រាប់​អ្នកកាសែត ក្រោយចូលរួមឃ្លាំមើលសវនាការ​លោក កឹម សុខា នៅ​សាលាឧទ្ធរណ៍ភ្នំពេញ​ កាល​ពីថ្ងៃទី៣០ មេសា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ឯកអគ្គរាជទូត​កាណាដា ប្រចាំកម្ពុជា លោក ដេស រ៉ូឆេស (DesRoches) ថ្លែងប្រាប់​អ្នកកាសែត ក្រោយចូលរួមឃ្លាំមើលសវនាការ​លោក កឹម សុខា នៅ​សាលាឧទ្ធរណ៍ភ្នំពេញ​ កាល​ពីថ្ងៃទី៣០ មេសា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​៣០​មេសា​នេះ បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​លើ​លោក កឹម សុខា ដដែល ដោយ​រក្សា​ទោស​ជាប់ពន្ធនាគារ ២៧​ឆ្នាំ​ដដែល ក្រោម​បទចោទប្រកាន់​ពី​បទ «​ក្បត់ជាតិ​»​។​

​តាម​សាលក្រម​របស់​សាលាឧទ្ធរណ៍​ថ្មី​នេះ លោក កឹម សុខា បន្ត​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ មិនអាច​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​រយៈពេល ៥ ឆ្នាំ​បន្ថែម។

​សេចក្តី​សម្រេច​នេះ មិន​ត្រឹមតែ​ជា​បញ្ហា​នយោបាយ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ទាំងពីរ​សហគមន៍​អន្តរជាតិ និង​សង្គម​កម្ពុជា​ផ្ទាល់។ ស្ថានទូត​បរទេស​ជាច្រើន​នៅ​ភ្នំពេញ បាន​បង្ហាញ​ការ​ខកចិត្ត និង​ការ​ព្រួយបារម្ភ​។​

ស្ថានទូត​អង់គ្លេស បាន​អំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ស្ដារ​សិទ្ធិ​នយោបាយ​របស់​លោក​វិញ។

ស្ថានទូត​អាល្លឺម៉ង់ បាន​បញ្ជាក់​ថា សាលក្រម​នេះ មិនអាច​បំបាត់​ការ​ព្រួយ​បារម្ភ​ដែល​មាន​ជា​យូរ​មក​ហើយ​ចំពោះ​ករណីនេះ​បាន​ឡើយ។ ខណៈ​ស្ថានទូត​អូស្ត្រាលី បាន​ពិពណ៌នា​លទ្ធផល​នេះ​ថា គួរ​ឲ្យ​ខកចិត្ត​យ៉ាង​ខ្លាំង និង​អំពាវនាវ​ឲ្យ​មានការ​បើកទូលាយ​លំហ​នយោបាយ។ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ដូចជា Human Rights Watch និង Amnesty International បាន​អះអាង​ថា ករណីនេះ​មាន​លក្ខណៈ​នយោបាយ ខណៈ​អង្គការ​សហប្រជាជាតិ បាន​លើកឡើង​ពី​បញ្ហា​នីតិវិធី និង​ការ​ពន្យា​ពេល​យូរ​នៃ​សវនាការ​។ ចំណែក​ក្រុម​អ្នកច្បាប់​អន្តរជាតិ​ពី International Commission of Jurists ក៏បាន​ពិពណ៌នា​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ។

លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជា​អោយ​ចាប់ខ្លួន​កាលពី​ឆ្នាំ ២០១៧ ហើយ​បន្ទាប់មក គណបក្សប្រឆាំង​ធំ​បំផុត​ត្រូវ​បាន​រំលាយ មុន​ការបោះឆ្នោត​ឆ្នាំ ២០១៨ ដែល​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​ថា ខ្វះ​ការប្រកួតប្រជែង​ពិតប្រាកដ។

នៅក្នុង​សង្គម​កម្ពុជា ប្រតិកម្ម​ចំពោះ​សាលក្រម​នេះ បង្ហាញ​ពី​ភាព​បែងចែក​យ៉ាង​ច្បាស់។

មនុស្ស​មួយចំនួន ដែល​មាន​ទស្សនៈ​គាំទ្រ​រដ្ឋាភិបាល យល់ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​ធម្មតា និង​បង្ហាញថា «​គ្មាន​នរណា ធំ​ជាង​ច្បាប់​»​។ ពួកគេ​អះអាង​ថា ករណីនេះ​ទាក់ទង​នឹង​សន្តិសុខ​ជាតិ មិនមែន​ជា​បញ្ហា​នយោបាយ​នោះ​ទេ ហើយ​ការរិះគន់​ពី​បរទេស គឺជា​ការ​ជ្រៀតជ្រែក​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា។

ផ្ទុយទៅវិញ អ្នកគាំទ្រ​បក្ស​ប្រឆាំង និង​សកម្មជន​នយោបាយ បាន​បង្ហាញ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយ​ចាត់ទុក​សាលក្រម​នេះ​ថា ជា​ការ​បន្ត​បិទ​លំហ​នយោបាយ និង​ខ្វះ​យុត្តិធម៌​។ ពួកគេ​បាន​អំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ស្ដារ​សិទ្ធិ​នយោបាយ​វិញ ដើម្បី​បង្កើត​ការប្រកួតប្រជែង​ពិតប្រាកដ​ក្នុង​ប្រទេស។

អ្នកវិភាគ​ឯករាជ្យ និង​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន បាន​បញ្ជាក់​ថា ករណី​នេះ មានន័យ​លើស​ពី​បុគ្គល​ម្នាក់ ព្រោះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​ប្រជាធិបតេយ្យ​ទូទៅ​។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​មេដឹកនាំ​ប្រឆាំង​មិនអាច​ចូលរួម​នយោបាយ​បាន នោះ​ការបោះឆ្នោត​អនាគត អាច​ខ្វះ​ភាព​ជឿជាក់​ពី​សាធារណៈ និង​សហគមន៍​អន្តរជាតិ។

នៅ​លើ​បណ្ដាញ​សង្គម ក៏​មាន​ប្រតិកម្ម​យ៉ាងច្រើន​ផង​ដែរ​។ ក្នុង​នោះ ការ​បង្ហោះ​របស់​លោក Hong Lim បាន​បង្ហាញ​ការរិះគន់​យ៉ាង​ខ្លាំង ដោយ​សរសេរ​ថា «​អរគុណ​សន្តិភាព អរគុណ​សម្តេច​ពុក អរគុណ​សម្តេច​កូន អរគុណ​សម្តេច​ចៅ​! ឈាម​ស្រែក ស្បែក​ហៅ ព្រោះ​គ្មានអ្វី​អាច​ស្រោចស្រង់​ត្រកូល​ហ៊ុន​បានទេ​!»​។​

ខណៈ​អ្នកវិភាគ​នយោបាយ លោក សេង វណ្ណលី បាន​លើកឡើង​ថា ករណីនេះ មិនមែន​ត្រឹមតែ​ជា​បញ្ហា​ច្បាប់​ទេ ប៉ុន្តែ​ជា​បញ្ហាន​យោបាយ ហើយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​ភាព​យុត្តិធម៌ និង​ឯករាជ្យភាព​តុលាការ។

ជាមួយ​គ្នា​នេះ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់​ថា KMD ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ខ្លាំង​។ KMD បាន​ពិពណ៌នា​សាលក្រម​នេះ​ថា ជា «​ការ​សម្លាប់​យុត្តិធម៌ និង​ការ​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​» ហើយ​អះអាង​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា បាន​ក្លាយជា​ឧបករណ៍​នយោបាយ។

KMD ក៏បាន​ព្រមាន​ថា សេចក្តី​សម្រេច​នេះ អាច​ប៉ះពាល់​ដល់​បរិយាកាស​ន​យោ​បាយ មុន​ការបោះឆ្នោត​ឆ្នាំ ២០២៧ និង ២០២៨ និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់វិធានការ​ម៉ឺងម៉ាត់ និង​ដាក់​សម្ពាធ​លើ​អ្នក​ពាក់ព័ន្ធ​។ ពួកគេ​ក៏បាន​ប្ដេជ្ញា​ថា នឹង​បន្ត​តស៊ូ​មតិ ដើម្បី​ទាមទារ​យុត្តិធម៌ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ឈរ​ឡើង​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌។

សារ​ចុងក្រោយ​របស់ KMD គឺ​៖ «​យុត្តិធម៌​ត្រូវតែ​មាន​! លោក កឹម សុខា ត្រូវតែ​មាន​សេរីភាព​!»

ជា​សរុប សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​លើ​លោក កឹម សុខា បាន​បង្ក​ប្រតិកម្ម​យ៉ាង​ទូលំទូលាយ និង​បង្ហាញ​ពី​ភាព​បែងចែក​យ៉ាង​ច្បាស់​ទាំង​ក្នុង និង​ក្រៅប្រទេស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ