សកម្មជន​ព្រៃឈើ​ថា ទាល់​តែ​លុប​អំពើពុករលួយ និង​ចាត់​ការ​​មន្ត្រី​ខិល​ខូច ទើប​អាច​ការពារ​ព្រៃឡង់​បាន

0
117
រូបភាព​ដើម​ត្បែង កកោះ ផ្ដៀក ដួងចែម និង​ដើម​ច្បោះ​នៅ​តំបន់​ព្រៃ​ឡង់​ត្រង់​ចំណុច ក្បាលជាំប្រមេ ភូមិសាស្ត្រ​ខេត្តព្រះវិហារ ថត​នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៦។ រូបភាព​សកម្មជន​ការពារ​ព្រៃឡង់
រូបភាព​ដើម​ត្បែង កកោះ ផ្ដៀក ដួងចែម និង​ដើម​ច្បោះ​នៅ​តំបន់​ព្រៃ​ឡង់​ត្រង់​ចំណុច ក្បាលជាំប្រមេ ភូមិសាស្ត្រ​ខេត្តព្រះវិហារ ថត​នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៦។ រូបភាព​សកម្មជន​ការពារ​ព្រៃឡង់

សកម្មជន​ព្រៃឈើ និង​អ្នកឃ្លាំមើល​លើកឡើង​ថា ត្រូវតែ​លុបបំបាត់​អំពើពុករលួយ និង​ចាត់​វិធានការ​ទៅលើ​មន្ត្រី​ខិលខូច ដែល​ឃុបឃិត​ជាមួយ​ជនល្មើស ទើប​ការពារ​ព្រៃឡង់​ឲ្យ​នៅ​គង់វង្ស និង​មាន​ប្រសិទ្ធភាព​។ ការ​លើកឡើង​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ជុំវិញ​ព្រៃ​ឡង់​ចំនួន​៤​ខេត្ត ប្ដេជ្ញាចិត្ត​ការពារ​ព្រៃឡង់​ឲ្យ​គង់វង្ស។

សកម្មជន​ព្រៃឈើ និង​អ្នកឃ្លាំមើល​លើកឡើង​ថា ដើម្បី​ទប់ស្កាត់ និង​ការពារ​ព្រៃឈើ នៅ​តំបន់​ព្រៃឡង់​ឲ្យ​បាន​គង់វង្ស និង​មាន​ប្រសិទ្ធភាព ត្រូវតែ​ចាត់វិធានការ​ទៅលើ មន្ត្រី​បរិស្ថាន​មួយចំនួន ដែល​ប្រព្រឹត្ត​អំពើពុករលួយ បណ្ដោយ​ឲ្យ​ក្រុម​ជនល្មើស​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​។ លើស​ពី​នោះ​រដ្ឋាភិបាល ត្រូវតែ​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​គម្រោង​អាជីវកម្ម​រ៉ែ​ធំៗ នៅក្នុង​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់។

សកម្មជន​ការពារ​ព្រៃ​ឡង់ ខេត្តព្រះវិហារ លោក ខេម សុឃី អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៧ ខែ​ឧសភា ថា ការសន្យា​របស់​អាជ្ញាធរ ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ មិនមែន​ជា​លើកទីមួយ​នោះ​ទេ ចំណែក​បទល្មើស និង​ក្រុម​ឈ្មួញ​នៅតែ​បន្ត​កាប់​ឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដដែល ដោយ​លោក​ចាត់ទុកថា ការសន្យា​របស់​អាជ្ញាធរ​នៅ​ពេល​នេះ ធ្វើឡើង​ដើម្បី​តែ​ល្អមើល​ប៉ុណ្ណឹង។

លោក ខេម សុឃី៖ «​រឿង​កន្លងមក​យើង​មើលឃើញ​ហើយ​ថា ការប្រព្រឹត្តិ​បទល្មើស​មួយចំនួន​គឺ​ស្ថិត​លើ​ក្រសែភ្នែក​អ្នក​នៅក្នុង​តំបន់​នីមួយៗ គាត់​ដឹង​តែ​មិន​ដឹង​ថា គាត់​អនុវត្តន៍​ច្បាប់​ឬ​មិន​អនុវត្តន៍​ច្បាប់ រាល់​អ្វី​ដែរ​យើង​អ្នក​មូលដ្ឋាន​ដឹង​មន្ត្រី​នៅ​ជាមួយ​បទល្មើស​ចង់​មាន​ប្រសិទ្ធភាព​លុះត្រា​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​រឹងរឹត​ចំពោះ​មន្ត្រី​ខិលខូច​ទាំងឡាយ​ណា​គាត់​ប្រព្រឹត្តិ​ការ​ឃុបឃិត​ជាមួយ​បទល្មើស​គន្លង​មក​ទាំង​កំពុង​ប្រព្រឹត្តិ​ក្តី​ទើប​មាន​ប្រសិទ្ធភាព»។

សកម្មជន​ព្រៃ​ឡង់​រូប​នេះ បន្ថែមទៀត​ថា កន្លងទៅ​សហគមន៍​បាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន ជុំវិញ​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ប៉ុន្តែ​មន្ត្រី​ទាំងនោះ ហាក់​គ្មាន​វិធានការ​ច្បាប់​ទៅលើ​សជន​ល្មើស​ទាំងអស់​នេះនោះ​ឡើង​។ ប៉ុន្តែ​មន្ត្រី​ទាំងនោះ សកម្ម​ខ្លាំង​ក្នុង​ការ​រារាំង​មិន​ឲ្យ​សកម្មជន​បរិស្ថាន និង​អ្នកកាសែត​ចូល​ទៅ​ស៊ើបអង្កេត​បទល្មើស នៅក្នុង​តំបន់​ព្រៃឡង់​ទៅវិញ។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ទាំង​៤ នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​បានទេ នៅ​ថ្ងៃទី​៧ ខែ​ឧសភា។ ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​០៤ ខែ​ឧសភា អភិបាល​ខេត្ត​ចំនួន​៤ ជុំវិញ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​តំណាង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​អះអាង​ថា នឹង​ជជែក​គ្នា​លើ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ ដើម្បី​ថែរក្សា​ធនធានធម្មជាតិ​ដ៏​សំខាន់​មួយ​នេះ​ឲ្យ​បាន​គង់វង្ស។

ទោះជា​បែបនេះ​ក្ដី កន្លងទៅ​សកម្មជន​បរិស្ថាន រកឃើញ​ថា វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ កើត​ចេញ​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​រវាង​ក្រុម​ជនល្មើស និង​មន្ត្រី​បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ ចាប់តាំង​ពី​ថ្នាក់​តំបន់​រហូតដល់​ប្រធាន​មន្ទីរ​បរិស្ថាន។

ចំណែក អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង លើកឡើង​ថា រដ្ឋាភិបាល​មិន​អាច​ការពារ​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​នោះ​ទេ ប្រសិនបើ​បន្ត​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ និង​មិន​ព្រម​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ទៅលើ​ជនល្មើស និង​មន្ត្រី​ពាក់ព័ន្ធ។

លោក សេង សុខហេង៖ «ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ពីព្រោះ​ច្បាប់​មាន​រាប់​ឆ្នាំ​មក​ហើយ អញ្ចឹង​អ្វី​ដែរ​សំខាន់ គឺ​តួនាទី​របស់​មន្ត្រី និង​សមត្ថកិច្ច ខាង​កសិកម្ម ខាង​បរិស្ថាន ឬក៏​កងកម្លាំង​ដែល​មាន​តួនាទី​ការពារ​តំបន់​នោះ គួរតែ​ការពារ​ឲ្យ​បាន​តឹងរ៉ឹង ជាពិសេស​បើ​នៅតែ​បណ្ដែតបណ្ដោយ និង​លេច​ធ្លាយ​ទៀត ព្រៃឈើ​កាន់តែ​បាត់បង់ មិនយូរ​មិន​ឆាប់​កាន់តែ​រួម​តូច​ជា​បន្តបន្ទាប់»។

ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​មាន​ផ្ទៃដី​ជិត ៥​សែន (៤៨៩.៦៦៣) ហិកតារ ជាប់​ខេត្ត​ចំនួន​៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល បង្កើត​ជា​តំបន់​ដែន​ជម្រកសត្វព្រៃ​នៅក្នុង​ឆ្នាំ​២០១៦​។ ប៉ុន្តែ​រយៈពេល​ជិត ១០​ឆ្នាំ​មកនេះ អង្គការ​ជាតិ​និង​អន្តរជាតិ បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​ថា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​តែងតែ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ។

ក្រៅពីនោះ ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់ បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ចំនួន​៥ ដែល​កំពុង​ច្បាម​យក​ធ្វើ​ធនធាន​រ៉ែ​ផ្សេងគ្នា ក្នុង​មាន​ដូចជា ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន កំពុង​ច្បាម​យក​រ៉ែ​ដែក ទំហំ​ជាង​១​ម៉ឺន (១៤.៨៩៤) ហិកតារ នៅ​ភាគ​ខាងជើង​នៃ​តំបន់​ព្រៃ​ឡង់ នៃ​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​ភាគខាងត្បូង ក្នុង​ខេត្ត​កំពង់ធំ​លើ​ព្រៃ​ដី​ជិត​១​ម៉ឺន​ហិកតារ និង​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ខេភី ស៊ីមែន នៅ​ភាគ​ខាងកើត ក្នុង​ខេត្ត​ក្រចេះ ហើយ​ថ្មី​នេះ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី (Cambodian K88 Industry) ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ថ្មី​បន្ថែម​ទៀត​នៅក្នុង​ភូមិសាស្ត្រ​តំបន់​ការពារ​ព្រៃ​ឡង់​ភាគ​ខាងត្បូង ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ