

អ្នកឃ្លាំមើលសង្គម អះអាថា ការដែលសភាកម្ពុជាមិនមានចំណាត់ការកោះហៅមន្ត្រីជាន់ខ្ពស់មកដេញដោលជុំវិញបញ្ហាឧស្សាហកម្មឆបោកនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថានភាពនយោបាយបច្ចុប្បន្ន ដែលអំណាចត្រូវបានប្រមូលផ្ដុំនៅក្នុងដៃបក្សតែមួយ បានធ្វើឲ្យយន្តការត្រួតពិនិត្យនិងតុល្យភាពអំណាចដែលជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យបានចុះខ្សោយ។ ការអះអាងនេះ គឺបន្ទាប់ពី រដ្ឋសភាកម្ពុជា អះអាងថា មិនមានគម្រោងកោះហៅសមាជិករដ្ឋាភិបាលមកសាកសួរពីចំណាត់ការលើឧក្រិដ្ឋកម្មឆបោកអនឡាញនោះទេ ដោយសារតែរដ្ឋាភិបាល បានអនុវត្តច្បាប់ដោយមានប្រសិទ្ធភាពនិងជឿទុកចិត្តបាន។
បើទោះបីជាលោក លី យ៉ុងផាត់ និងលោក កុន អាន រងការចោទថា មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក និងអំពើជួញដូរមនុស្សប៉ុន្តែពួកគេ មិនត្រូវបានអាជ្ញាធរកម្ពុជាចាត់វិធានការផ្លូវច្បាប់ ឬហៅទៅសួរនាំនោះទេ ព្រោះពួកគេមានទាំងអំណាចនយោបាយ និងទ្រព្យសម្បត្តិជាច្រើន ដែលចាំជួយដល់ បក្សកាន់អំណាច និងគ្រួសារត្រកូលហ៊ុន។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការដែលសភាកម្ពុជាមិនមានចំណាត់ការកោះហៅមន្ត្រីជាន់ខ្ពស់មកដេញដោលជុំវិញបញ្ហាឧស្សាហកម្មឆបោកនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថានភាពនយោបាយបច្ចុប្បន្ន ដែលអំណាចត្រូវបានប្រមូលផ្ដុំនៅក្នុងដៃបក្សតែមួយ នៅពេលដែលស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ មានប្រភពចេញពី បក្សនយោបាយតែមួយ យន្តការត្រួតពិនិត្យនិងតុល្យភាពអំណាចដែលជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យត្រូវបានចុះខ្សោយ ឬស្ទើរតែរលាយបាត់រូបរាងតែម្តង។
លោក សេង វណ្ណលី បន្ថែមទៀតថា ក្នុងបរិបទនៃខ្សែស្រឡាយនយោបាយនិងអំណាចសេដ្ឋកិច្ចត្រូវបានចាក់ស្រែះចូលគ្នាយ៉ាងណែនបែបនេះ លោកថា វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលគ្មានការដេញដោល ព្រោះតំណាងរាស្ត្រដែលជាអ្នកសួរនិងរដ្ឋមន្ត្រីដែលត្រូវឆ្លើយ សុទ្ធតែស្ថិតក្រោមរចនាសម្ព័ន្ធដឹកនាំតែមួយ ដែលធ្វើឲ្យការបំពេញតួនាទី តាមដានគ្នាទៅវិញទៅមក ក្លាយជារឿងដែលមិនអាចទៅរួច។
លោក សេង វណ្ណលី៖ «វាជារឿងដែលគួរឲ្យសោកស្តាយដែលឃើញប្រព័ន្ធស្ថាប័នកំពូលរបស់ជាតិមិនអាចបំពេញតួនាទីជាខ្នងបង្អែកសម្រាប់សេចក្ដីសុខសាន្តនិងយុត្តិធម៌សង្គមបានពេញលេញ ផ្ទុយទៅវិញបែរជាបណ្តោយឲ្យឧក្រិដ្ឋជនដែលមក ជ្រកកោណបានយ៉ាងងាយស្រួល»។
លោក វណ្ណ សេងលី បន្ថែមទៀតថា ការដែលឧស្សាហកម្មឆបោកនៅតែបន្តមានវត្តមាន វាមិនត្រឹមតែបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីវិបត្តិនៃការរំលោភអំណាច និងការចុះខ្សោយនៃប្រព័ន្ធគ្រប់គ្រងរដ្ឋនៅក្នុងសម័យឯកបក្ស។ ចំណុចរបត់នៃការបាត់បង់តុល្យភាពអំណាច ចាប់តាំងពីការរំលាយគណបក្សប្រឆាំងដ៏ធំកាលពីឆ្នាំ២០១៧ វាបានបន្សល់ទុកនូវចន្លោះប្រហោងដ៏ធំក្នុងប្រព័ន្ធត្រួតពិនិត្យជាតិ។
ការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ គឺបន្ទាប់ពីអ្នកនាំពាក្យប្រធានសភា លោក កែវ ពិសិដ្ឋ បានអះអាងប្រាប់អ្នកសារព័ត៌មាន ថា រដ្ឋសភាមិនមានគម្រោងកោះហៅសមាជិករដ្ឋាភិបាលមកសាកសួរពីចំណាត់ការលើឧក្រិដ្ឋកម្មឆបោកអនឡាញនោះទេ ដោយសារ រដ្ឋាភិបាល បានអនុវត្តច្បាប់លើបញ្ហាឧក្រិដ្ឋកម្ម មានប្រសិទ្ធភាព និងទុកចិត្តបាន។
ផ្ទុយពីការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការដែលអាជ្ញាធរកម្ពុជាមិនហ៊ានបើកការស៊ើបអង្កេតមកលើមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន» រួមនឹង សមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ និងលោក កុក អាន ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ និងការជួញដូរមនុស្ស ព្រោះអ្នកទាំងនោះ គឺជាអ្នករកលុយដ៏ធំបំផុតជួយដល់គ្រួសារត្រកូលហ៊ុន រួមនិងគណបក្សកាន់អំណាច។
សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិចោទប្រកាន់មនុស្សជំនិតរបស់លោក ហ៊ុន សែន គឺឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា កុក អាន ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការជួញដូរមនុស្សលំដាប់អន្តរជាតិ ក៏ប៉ុន្តែមកទល់ពេលនេះ គ្មានស្ថាប័នរដ្ឋណាមួយហ៊ានបើកការស៊ើបអង្កេតទៅលើបុគ្គលទាំងពីរនាក់នេះនោះដែរ។
លោក លី យ៉ុងផាត់ និងលោក កុក អាន បានចេញអះអាងជាសាធារណៈថា មិនជាប់ជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ការលាងលុយកខ្វក់ និងអំពើជួញដូរមនុស្សនោះទេ។
កន្លងមកនេះ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិបានរកឃើញថា មិនមែនមានតែលោក លី យ៉ុងផាត់ និង លោក កុក អាន ទេដែលមានជាប់ពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្សនេះ សូម្បីតែក្មួយលោក ហ៊ុន សែន គឺ លោក ហ៊ុន តូ និងលោក នេត សាវឿន ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត ក៏ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្ម ឆបោកអនឡាញ ការលាងលុយកខ្វក់និង ការជួញដូរមនុស្សលំដាប់អន្តរជាតិដែរ។ ប៉ុន្តែ អ្នកទាំងនោះ មិនត្រូវបានស្ថាប័នពាក់ព័ន្ធណាហ៊ាន ស៊ើបអង្កេត និងចាត់វិធានការច្បាប់នោះឡើយ៕









