ជនភៀសសឹក​ជាច្រើន​គ្រួសារ​បន្ត​រស់នៅ​ក្រោម​តង់​កៅស៊ូ​ទាំង​លំបាក និង​ខ្វះ​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល

ទិដ្ឋភាពជំរុំភៀសសឹកនៅវត្ត​កណ្ដោល ស្រុក​ពួក ខេត្ត​បន្ទាយមានជ័យ ក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក
ទិដ្ឋភាពជំរុំភៀសសឹកនៅវត្ត​កណ្ដោល ស្រុក​ពួក ខេត្ត​បន្ទាយមានជ័យ ក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក

ជនភៀសសឹក​ជាច្រើន​គ្រួសារ នៅក្នុង​ខេត្ត​ឧត្តរមានជ័យ បន្ត​រស់នៅ​ក្រោម​តង់​កៅស៊ូ​ទាំង​លំបាក មិន​ថា​រដូវប្រាំង និង​រដូវវស្សា​នោះ​ទេ ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល ដូចជា​អង្ករ​ទឹក​ស្អាត និង​អាហារ​ហូបចុក​មួយចំនួន ក៏​គ្មាន។ បច្ចុប្បន្ន​ពួកគាត់ ដើរ​បេះ​បន្លែ​តាម​វាលស្រែ និង​ដើរ​ចាប់​ត្រី​តាម​បឹងបួ​ក្បែរៗ​ជំរំ យក​មក​ធ្វើជា​ម្ហូប​ប្រចាំថ្ងៃ។

ការ​រស់នៅ​ក្រោម​តង់​កៅស៊ូ របស់​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តរមានជ័យ ជិត​កន្លះ​ឆ្នាំ​មកនេះ ពួកគាត់​ជួប​ការ​លំបាក​ជាច្រើន ជាពិសេស​ការរស់នៅ​ដែល​គ្មាន អនាម័យ​ល្អ ការ​ហូបចុក​ពុំ​គ្រប់គ្រាន់ ហើយ នៅពេល​ភ្លៀង​ម្ដងៗ ពួកគាត់ ពុំ​សូវ​បាន​ដេក​ពួន​នោះ​ទេ ព្រោះ​តង់​កៅស៊ូ ត្រូវ​ទឹក​លិច ខណៈ តង់​កៅស៊ូ​ខ្លះទៀត បាន​រហែក​រយីករយាក ដែល​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​រស់នៅ។

ពលរដ្ឋ​រស់នៅ​មណ្ឌល​ជនភៀសសឹក ក្នុង​បរិវេណ​វត្ត​គោកមន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ លោក អាត សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ ខែ ឧសភា ថា បច្ចុប្បន្ន​ជនភៀសសឹក​ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​តង់​កៅស៊ូ វត្ត​គោកមន មាន​ជាង​៤០០​គ្រួសារ ហើយ​ការ​រស់នៅ​របស់​ពួកគាត់​កាន់តែ​លំបាក នៅ​រដូវវស្សា​នេះ ព្រោះ​តង់​កៅស៊ូ​កាន់តែ​ចាស់ ហើយ​ងាយ​រហែក ពេល​ភ្លៀង​ម្ដងៗ ពួកគាត់​ពុំបាន​ដេក​ពួន​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​រវល់​បាច់​ទឹក។

ក្រៅពី​បញ្ហា​ទីជម្រក លោក​ថា អាហារ​ហូបចុក​ក៏​ពុំ​មាន ព្រោះ​ជំនួយ​ពី​សប្បុរសជន​លែង​មាន​ទៀត​ហើយ។ លោក​ថា សព្វថ្ងៃ ជនភៀសសឹក ដើរ​បេះ​បន្លែ​តាម​ព្រៃ និង​តាម​វាលស្រែ​ក្បែរៗ​ជំរំ និង ដើរ​ចាប់​ត្រី តាម​ប្រឡាយ បឹងបួ យក​មក​ធ្វើជា​ម្ហូប​។ រីឯ ដំណោះស្រាយ​ឱ្យ​ពលរដ្ឋ​វិលត្រឡប់​ទៅ​ភូមិកំណើត​ពេលណា​នោះ លោក​ថា មិនទាន់​មាន​នោះ​ទេ ព្រោះ​ជនភៀសសឹក​ភាគច្រើន​មកពី​តំបន់​ក្រហម​ជាប់​ព្រំដែន​ថៃ ដូចជា​តំបន់​ប្រាសាទ​តាក្របី និង​ប្រាសាទ​តាមាន់។

លោក អាត សុជាតិ៖ «ការរស់នៅ​ក្នុង​តង់ទី១ ជីវភាព​កាន់តែ​ពិបាក ពីព្រោះ​អ្នកខ្លះ​គាត់​អត់​បាន​ទៅ​រក​ចំណូល​អ្វី​នោះ​ទេ ។ អ្នកមួយ​ចំនួន​គាត់​ទៅ​រក​នៅ​ខាង​ស្ទឹងត្រែង ឥឡូវ​គាត់​ត្រឡប់មកវិញ​អស់ហើយ ព្រោះ​អស់​ការងារ ហើយ​អ្នក​នៅ​តាម​ព្រំដែន​ស្រែចម្ការ​ពួកគាត់​នៅតែ​លើៗ ហើយ​នៅ​ទីនោះ​ហានិភ័យ​គាត់​ហ៊ាន​ចូល​ទៅ​ធ្វើ​នោះ​ទេ ដោយសារតែ​តំបន់​ខ្លះ​វា​រង​នូវ​ប្រភេទ​គ្រាប់​មិន ទាន់​ផ្ទុះ​ច្រើន»។

លោក អាត សុជាតិ ទទូច​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ពន្លឿន​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ឱ្យ​បាន​ឆាប់​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​វិលត្រឡប់​ទៅ​រស់នៅ​ភូមិកំណើត​វិញ​។ ជាមួយគ្នា​នោះ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​រៀបចំ ទីជម្រក​បណ្ដោះអាសន្ន​ឱ្យ​បាន​សមរម្យ ដល់​ជនភៀសសឹក​ដែល​កំពុង​រស់នៅ​ហាលភ្លៀង ហាលថ្ងៃ ក្រោម​តង់​កៅស៊ូ ព្រោះ​សព្វថ្ងៃ​ទីតាំង ដែល​ជនភៀសសឹក រស់នៅ​ក្នុង​បរិវេណ​វត្ត​គោក​មន​ជាទី​តាំង​ទំនាប ពេល​ភ្លៀង​ម្ដងៗ ងាយ​លិច​ទឹក ហើយ​តង់​កៅស៊ូ ក៏​កាន់តែ​​សឹករិចរិល។

រីឯ ជនភៀសសឹក​ម្នាក់ទៀត លោក ម៉ៅ ហ្វូង បាន​រៀបរាប់​ថា គ្រួសារ​របស់​លោក​កំពុងតែ​ខ្វះ​អង្ករ​ដាំបាយ​ហូប ខណៈ​ដែល​អំណោយ​ឧបត្ថម្ភ​ប្រចាំខែ​ពី​រដ្ឋាភិបាល តាមរយៈ​ប័ណ្ណ​សង្គមកិច្ច និង​ប័ណ្ណ​ក្រីក្រ​ក៏​គ្មាន​។ លោក​អំពាវនាវ ដល់​សប្បុរសជន និង​រដ្ឋាភិបាល ឱ្យ​ជួយ​ផ្ដល់​ជា​ស្បៀង និង​អង្ករ​ដល់​ជនភៀសសឹក ព្រោះ​ពួកគាត់​ពុំ​មាន​ការងារ​ធ្វើ​ដើម្បី​អាច​រក​ប្រាក់​ចំណូល​បាន​នោះ​ទេ ហើយ​ដីស្រែ​ចម្ការ​ក៏​មិនអាច​ទៅ​អាស្រ័យ​ផល​បាន ដូច​មុន ព្រោះ​ជាប់​តំបន់​ក្រហម ហើយ​កន្លែង​ខ្លះ​ទៀត​ត្រូវ​បាន​ហាមឃាត់ ព្រោះ​សម្បូរ​ដោយ​គ្រាប់​ម៉ឺន​មិន​ទាន់​ផ្ទុះ។

លោក ម៉ៅ ហ្វូង៖ «​សព្វថ្ងៃ​ប្រជាពលរដ្ឋ​កំពុងតែ​ខ្វះខាត ហើយ​ខ្វះខាត​តែ​អង្ក​ស៊ី​នោះ​ឯង បើ​ម្ហូបអាហារ​អី ធ្វើ​ម៉េច​មានតែ រក​តឹក​តក់​។ អ៊ីចឹង ខ្ញុំ​សំណូមពរ​ឱ្យ​ជួយ​តែ​ខាង​អង្ករ​បាន​ហើយ ធ្វើ​ម៉េច​ឱ្យតែ​បាន អង្ករ​ហូប​ទៅ​ចុះ»។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ខេត្ត​ឧត្តរមានជ័យ លោក ម៉េត មាសភក្តី និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៩ ខែឧសភា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ជុំវិញ​បញ្ហា​ជនភៀសសឹក​នេះ​ដែរ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​លោក គន់ គីម បាន​អះអាង​នៅ​ថ្ងៃទី​១៥ ឧសភា​នេះ​ថា រដ្ឋាភិបាល​បាន​ជួយ​សម្រួល​ការ​លំបាក​របស់​ជនភៀសសឹក បាន​យ៉ាងច្រើន ក្រោយពី​លោក បាន​ចុះ​ជួយ​សម្របសម្រួល​ដោយ​ផ្ទាល់។ លោ​កថា​សព្វថ្ងៃ​ជនភៀសសឹក ភាគច្រើន រស់នៅ​ដោយ​ក្ដី សប្បាយរីករាយ ហើយ​មានតែ​មនុស្ស​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​បាន​បង្ហោះ​ពី​ទុក្ខ​​លំបាក ក្នុង​ចេតនា​មិនល្អ វាយប្រហារ​មក​លើ​អាជ្ញាធរ​ពាក់ព័ន្ធ។

បើ​ទោះបីជា​មានការ​អះអាង​បែបនេះ​ក្ដី ជនភៀសសឹក​ភាគច្រើន ដែល​កំពុង​រស់នៅ​តាម​ផ្ទះ​បណ្ដោះអាសន្ន ពួកគាត់​ត្អូញត្អែរ​ថា គ្មាន​ស្បៀង​សម្រាប់​បរិភោគ ខណៈ ការងារ​ធ្វើ​ក៏​គ្មាន​។ ជនភៀសសឹក​បាន​អះអាង​ថា បញ្ហា​គ្មាន​ការងារ​ធ្វើ និង​គ្មាន​មុខរបរ​រកស៊ី បាន​ក្លាយជា​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។ ក្រៅពី​ជនភៀសសឹក​ដែល​រស់​នៅ​តាម​ផ្ទះ​ថ្មី ឬ​បណ្ដោះអាសន្ន មាន​ជនភៀសសឹក​រាប់​រយ​គ្រួសារ​ទៀត នៅ​ខេត្ត​ឧត្តរមានជ័យ ពួកគាត់​រស់នៅ​ក្រោម​តង់​កៅស៊ូ​ទាំង​ត្រដាបត្រដួស ក្ដៅ​ហួតហែង ហើយ ពេល​មាន​ភ្លៀង ក៏​ត្រូវ​ទឹក​លិច ពុំ​សូវ​បាន​ដេក​ពួន​គ្រប់គ្រាន់។

ប្រធាន​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង​ឧត្តរមានជ័យ លោក អ៊ិន គង់ជិត លើកឡើង​ថា ជនភៀសសឹក ដែល​រស់នៅ​តាម​តង់​កៅស៊ូ ក្នុង​ខេត្ត​ឧត្តរមានជ័យ ពិតជា​ជួប​ការ​លំបាក​មែន ទាំង​រដូវវស្សា និង​រដូវប្រាំង​។ លោក​ថា សព្វថ្ងៃ​ពួកគាត់​កំពុង​ប្រឈម​បញ្ហា​ខ្វះ ស្បៀង និង សម្ភារៈ​ប្រើប្រាស់ ដើម្បី​បិទបាំង​ក្នុង​ជំរំ ព្រោះ​ជិត​កន្លះ​ឆ្នាំ​មកនេះ សម្ភារៈ​ទាំងនោះ​បាន​សឹក​រេចរឹល បង្ក​ជា​ផល​លំបាក​សម្រាប់​ពលរដ្ឋ​។ លោ​កថា អាជ្ញាធរ ឬ​គណៈកម្មការ​គ្រប់គ្រង តាម​ជំរំ​ភៀស​សឹក​គួរតែ​រៀបចំ​របាយការណ៍​ពី​ទុក្ខ​លំបាក ឬ​ការ​ខ្វះខាត​របស់​ជនភៀសសឹក ផ្ញើ​ទៅ​ថ្នាក់​ខេត្ត ឬ​ថ្នាក់​ជាតិ ឱ្យ​ជួយ​រក​ដំណោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ។

លោក អ៊ិន គង់ជិត៖ «សម្ភារៈ​ចាំបាច់​មួយចំនួន ជួយឧបត្ថម្ភ​ពួកគាត់ ទាំង​ជម្រក​ស្នាក់នៅ ទាំង​ស្បៀងអាហារ​ថ្នាំពេទ្យ នឹង​សម្ភារៈ​ផ្សេងៗ​ទៀត ដែល​ពួកគាត់​ត្រូវការ​ចាំបាច់ ព្រោះ​ពេលនេះ​រដូវវស្សា​បាន​ចាប់ផ្ដើម​ចូល​មក​ដល់ ហើយ​ពួកគាត់​មិនទាន់​មាន​លទ្ធផល​ប្រកបមុខរបរ​ធ្វើ​អី​បាន នៅតែ​ពឹង​លើ​ជំនួយ​មនុស្ស​របស់​អាជ្ញាធរ និង​រាជរដ្ឋាភិបាល»។

ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៩ ខែឧសភា បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​ជនភៀសសឹក ដោយ​បង្ហាញថា​ក្នុង​ចំណោម​ជនភៀសសឹក​សរុប ៦​សែន​៤​ម៉ឺន នាក់ មាន​ជិត​៦​សែន ២​ម៉ឺន​នាក់​ហើយ​បាន​ត្រឡប់​ទៅ​រស់នៅ​លំនៅឋាន​វិញ​។ ក្នុង​នោះ​មាន​ជាង ៣​ម៉ឺន​១​ពាន់​[៣១.១១៣]​នាក់​បន្ត​រស់នៅ​ក្នុង​ជំរំ។

បច្ចុប្បន្ន​មាន​ជនភៀសសឹក​រាប់រយ​គ្រួសារ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​រស់​នៅ​តាម​ជំរំ​តង់​កៅស៊ូ​នៅឡើយ ព្រោះតែ​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពួកគាត់​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម ឬ​ត្រូវ​ខូចខាត​មិនទាន់​បាន​ជួសជុល ដោយ​តែ​សង្គ្រាម ឈ្លានពាន​របស់​ថៃ ទើប​មិនទាន់​អាច​ត្រឡប់​ទៅវិញ​បាន ដូច្នេះ​មានតែ ពួកគាត់ បន្ត​រស់នៅ​ហាលភ្លៀង ហាលថ្ងៃ ជិត​កន្លះ ឆ្នាំ​មក​ហើយ។

ជនភៀសសឹក​ទាំងនេះ ពុំ​សូវ​មាន​អាជ្ញាធរ ឬ​រដ្ឋាភិបាល គិតគូរ​ឱ្យ​បាន​ដិតដល់​នោះ​ទេ ព្រោះ ទាំង​រដ្ឋាភិបាល និង​អាជ្ញាធរ តែងតែ គិត​រឿង​ពលរដ្ឋ ដែល​ត្រូវ​ទៅ​នៅផ្ទះ​បណ្ដោះអាសន្ន ដែល​រដ្ឋាភិបាល​រៀបចំ​ឱ្យ ដើម្បី​បង្ហាញ​ដល់​សាធារណជន អំពី​ទំនួល​ខុសត្រូវ​ជាក់ស្ដែង​ ខណៈ​ជនភៀសសឹក​ដែល​មិន​តម្រូវ ឱ្យទៅ​រស់នៅ​តាម​ផ្ទះ​បណ្ដោះអាសន្ន បាន​ត្រឹមតែ​រស់នៅ​ដោយ​ក្ដី អស់សង្ឃឹម ព្រោះ​មិនដឹង ពេលណា​បាន​អាច​ត្រឡប់​ទៅ​ភូមិឋាន វិញ​បាន​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ