

ជនភៀសសឹកជាច្រើនគ្រួសារ នៅក្នុងខេត្តឧត្តរមានជ័យ បន្តរស់នៅក្រោមតង់កៅស៊ូទាំងលំបាក មិនថារដូវប្រាំង និងរដូវវស្សានោះទេ ខណៈជំនួយពីរដ្ឋាភិបាល ដូចជាអង្ករទឹកស្អាត និងអាហារហូបចុកមួយចំនួន ក៏គ្មាន។ បច្ចុប្បន្នពួកគាត់ ដើរបេះបន្លែតាមវាលស្រែ និងដើរចាប់ត្រីតាមបឹងបួក្បែរៗជំរំ យកមកធ្វើជាម្ហូបប្រចាំថ្ងៃ។
ការរស់នៅក្រោមតង់កៅស៊ូ របស់ជនភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ ជិតកន្លះឆ្នាំមកនេះ ពួកគាត់ជួបការលំបាកជាច្រើន ជាពិសេសការរស់នៅដែលគ្មាន អនាម័យល្អ ការហូបចុកពុំគ្រប់គ្រាន់ ហើយ នៅពេលភ្លៀងម្ដងៗ ពួកគាត់ ពុំសូវបានដេកពួននោះទេ ព្រោះតង់កៅស៊ូ ត្រូវទឹកលិច ខណៈ តង់កៅស៊ូខ្លះទៀត បានរហែករយីករយាក ដែលធ្វើឱ្យពួកគាត់ពិបាករស់នៅ។
ពលរដ្ឋរស់នៅមណ្ឌលជនភៀសសឹក ក្នុងបរិវេណវត្តគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លោក អាត សុជាតិ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៩ ខែ ឧសភា ថា បច្ចុប្បន្នជនភៀសសឹកដែលកំពុងរស់នៅក្នុងជំរំតង់កៅស៊ូ វត្តគោកមន មានជាង៤០០គ្រួសារ ហើយការរស់នៅរបស់ពួកគាត់កាន់តែលំបាក នៅរដូវវស្សានេះ ព្រោះតង់កៅស៊ូកាន់តែចាស់ ហើយងាយរហែក ពេលភ្លៀងម្ដងៗ ពួកគាត់ពុំបានដេកពួនគ្រប់គ្រាន់នោះទេ ព្រោះរវល់បាច់ទឹក។
ក្រៅពីបញ្ហាទីជម្រក លោកថា អាហារហូបចុកក៏ពុំមាន ព្រោះជំនួយពីសប្បុរសជនលែងមានទៀតហើយ។ លោកថា សព្វថ្ងៃ ជនភៀសសឹក ដើរបេះបន្លែតាមព្រៃ និងតាមវាលស្រែក្បែរៗជំរំ និង ដើរចាប់ត្រី តាមប្រឡាយ បឹងបួ យកមកធ្វើជាម្ហូប។ រីឯ ដំណោះស្រាយឱ្យពលរដ្ឋវិលត្រឡប់ទៅភូមិកំណើតពេលណានោះ លោកថា មិនទាន់មាននោះទេ ព្រោះជនភៀសសឹកភាគច្រើនមកពីតំបន់ក្រហមជាប់ព្រំដែនថៃ ដូចជាតំបន់ប្រាសាទតាក្របី និងប្រាសាទតាមាន់។
លោក អាត សុជាតិ៖ «ការរស់នៅក្នុងតង់ទី១ ជីវភាពកាន់តែពិបាក ពីព្រោះអ្នកខ្លះគាត់អត់បានទៅរកចំណូលអ្វីនោះទេ ។ អ្នកមួយចំនួនគាត់ទៅរកនៅខាងស្ទឹងត្រែង ឥឡូវគាត់ត្រឡប់មកវិញអស់ហើយ ព្រោះអស់ការងារ ហើយអ្នកនៅតាមព្រំដែនស្រែចម្ការពួកគាត់នៅតែលើៗ ហើយនៅទីនោះហានិភ័យគាត់ហ៊ានចូលទៅធ្វើនោះទេ ដោយសារតែតំបន់ខ្លះវារងនូវប្រភេទគ្រាប់មិន ទាន់ផ្ទុះច្រើន»។
លោក អាត សុជាតិ ទទូចឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ពន្លឿនរកដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ ឱ្យបានឆាប់ដើម្បីឱ្យពលរដ្ឋបានវិលត្រឡប់ទៅរស់នៅភូមិកំណើតវិញ។ ជាមួយគ្នានោះ លោកស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយរៀបចំ ទីជម្រកបណ្ដោះអាសន្នឱ្យបានសមរម្យ ដល់ជនភៀសសឹកដែលកំពុងរស់នៅហាលភ្លៀង ហាលថ្ងៃ ក្រោមតង់កៅស៊ូ ព្រោះសព្វថ្ងៃទីតាំង ដែលជនភៀសសឹក រស់នៅក្នុងបរិវេណវត្តគោកមនជាទីតាំងទំនាប ពេលភ្លៀងម្ដងៗ ងាយលិចទឹក ហើយតង់កៅស៊ូ ក៏កាន់តែសឹករិចរិល។
រីឯ ជនភៀសសឹកម្នាក់ទៀត លោក ម៉ៅ ហ្វូង បានរៀបរាប់ថា គ្រួសាររបស់លោកកំពុងតែខ្វះអង្ករដាំបាយហូប ខណៈដែលអំណោយឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាល តាមរយៈប័ណ្ណសង្គមកិច្ច និងប័ណ្ណក្រីក្រក៏គ្មាន។ លោកអំពាវនាវ ដល់សប្បុរសជន និងរដ្ឋាភិបាល ឱ្យជួយផ្ដល់ជាស្បៀង និងអង្ករដល់ជនភៀសសឹក ព្រោះពួកគាត់ពុំមានការងារធ្វើដើម្បីអាចរកប្រាក់ចំណូលបាននោះទេ ហើយដីស្រែចម្ការក៏មិនអាចទៅអាស្រ័យផលបាន ដូចមុន ព្រោះជាប់តំបន់ក្រហម ហើយកន្លែងខ្លះទៀតត្រូវបានហាមឃាត់ ព្រោះសម្បូរដោយគ្រាប់ម៉ឺនមិនទាន់ផ្ទុះ។
លោក ម៉ៅ ហ្វូង៖ «សព្វថ្ងៃប្រជាពលរដ្ឋកំពុងតែខ្វះខាត ហើយខ្វះខាតតែអង្កស៊ីនោះឯង បើម្ហូបអាហារអី ធ្វើម៉េចមានតែ រកតឹកតក់។ អ៊ីចឹង ខ្ញុំសំណូមពរឱ្យជួយតែខាងអង្ករបានហើយ ធ្វើម៉េចឱ្យតែបាន អង្ករហូបទៅចុះ»។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ ខែឧសភា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញបញ្ហាជនភៀសសឹកនេះដែរ អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាលោក គន់ គីម បានអះអាងនៅថ្ងៃទី១៥ ឧសភានេះថា រដ្ឋាភិបាលបានជួយសម្រួលការលំបាករបស់ជនភៀសសឹក បានយ៉ាងច្រើន ក្រោយពីលោក បានចុះជួយសម្របសម្រួលដោយផ្ទាល់។ លោកថាសព្វថ្ងៃជនភៀសសឹក ភាគច្រើន រស់នៅដោយក្ដី សប្បាយរីករាយ ហើយមានតែមនុស្សពីរបីនាក់ប៉ុណ្ណោះដែលបានបង្ហោះពីទុក្ខលំបាក ក្នុងចេតនាមិនល្អ វាយប្រហារមកលើអាជ្ញាធរពាក់ព័ន្ធ។
បើទោះបីជាមានការអះអាងបែបនេះក្ដី ជនភៀសសឹកភាគច្រើន ដែលកំពុងរស់នៅតាមផ្ទះបណ្ដោះអាសន្ន ពួកគាត់ត្អូញត្អែរថា គ្មានស្បៀងសម្រាប់បរិភោគ ខណៈ ការងារធ្វើក៏គ្មាន។ ជនភៀសសឹកបានអះអាងថា បញ្ហាគ្មានការងារធ្វើ និងគ្មានមុខរបររកស៊ី បានក្លាយជាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ។ ក្រៅពីជនភៀសសឹកដែលរស់នៅតាមផ្ទះថ្មី ឬបណ្ដោះអាសន្ន មានជនភៀសសឹករាប់រយគ្រួសារទៀត នៅខេត្តឧត្តរមានជ័យ ពួកគាត់រស់នៅក្រោមតង់កៅស៊ូទាំងត្រដាបត្រដួស ក្ដៅហួតហែង ហើយ ពេលមានភ្លៀង ក៏ត្រូវទឹកលិច ពុំសូវបានដេកពួនគ្រប់គ្រាន់។
ប្រធានការិយាល័យអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ លោក អ៊ិន គង់ជិត លើកឡើងថា ជនភៀសសឹក ដែលរស់នៅតាមតង់កៅស៊ូ ក្នុងខេត្តឧត្តរមានជ័យ ពិតជាជួបការលំបាកមែន ទាំងរដូវវស្សា និងរដូវប្រាំង។ លោកថា សព្វថ្ងៃពួកគាត់កំពុងប្រឈមបញ្ហាខ្វះ ស្បៀង និង សម្ភារៈប្រើប្រាស់ ដើម្បីបិទបាំងក្នុងជំរំ ព្រោះជិតកន្លះឆ្នាំមកនេះ សម្ភារៈទាំងនោះបានសឹករេចរឹល បង្កជាផលលំបាកសម្រាប់ពលរដ្ឋ។ លោកថា អាជ្ញាធរ ឬគណៈកម្មការគ្រប់គ្រង តាមជំរំភៀសសឹកគួរតែរៀបចំរបាយការណ៍ពីទុក្ខលំបាក ឬការខ្វះខាតរបស់ជនភៀសសឹក ផ្ញើទៅថ្នាក់ខេត្ត ឬថ្នាក់ជាតិ ឱ្យជួយរកដំណោះស្រាយឱ្យបានត្រឹមត្រូវ។
លោក អ៊ិន គង់ជិត៖ «សម្ភារៈចាំបាច់មួយចំនួន ជួយឧបត្ថម្ភពួកគាត់ ទាំងជម្រកស្នាក់នៅ ទាំងស្បៀងអាហារថ្នាំពេទ្យ នឹងសម្ភារៈផ្សេងៗទៀត ដែលពួកគាត់ត្រូវការចាំបាច់ ព្រោះពេលនេះរដូវវស្សាបានចាប់ផ្ដើមចូលមកដល់ ហើយពួកគាត់មិនទាន់មានលទ្ធផលប្រកបមុខរបរធ្វើអីបាន នៅតែពឹងលើជំនួយមនុស្សរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល»។
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែឧសភា បានធ្វើបច្ចុប្បន្នភាពអំពីជនភៀសសឹក ដោយបង្ហាញថាក្នុងចំណោមជនភៀសសឹកសរុប ៦សែន៤ម៉ឺន នាក់ មានជិត៦សែន ២ម៉ឺននាក់ហើយបានត្រឡប់ទៅរស់នៅលំនៅឋានវិញ។ ក្នុងនោះមានជាង ៣ម៉ឺន១ពាន់[៣១.១១៣]នាក់បន្តរស់នៅក្នុងជំរំ។
បច្ចុប្បន្នមានជនភៀសសឹករាប់រយគ្រួសារនៅក្នុងខេត្តឧត្តរមានជ័យ ដែលរស់នៅតាមជំរំតង់កៅស៊ូនៅឡើយ ព្រោះតែដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ក្រហម ឬត្រូវខូចខាតមិនទាន់បានជួសជុល ដោយតែសង្គ្រាម ឈ្លានពានរបស់ថៃ ទើបមិនទាន់អាចត្រឡប់ទៅវិញបាន ដូច្នេះមានតែ ពួកគាត់ បន្តរស់នៅហាលភ្លៀង ហាលថ្ងៃ ជិតកន្លះ ឆ្នាំមកហើយ។
ជនភៀសសឹកទាំងនេះ ពុំសូវមានអាជ្ញាធរ ឬរដ្ឋាភិបាល គិតគូរឱ្យបានដិតដល់នោះទេ ព្រោះ ទាំងរដ្ឋាភិបាល និងអាជ្ញាធរ តែងតែ គិតរឿងពលរដ្ឋ ដែលត្រូវទៅនៅផ្ទះបណ្ដោះអាសន្ន ដែលរដ្ឋាភិបាលរៀបចំឱ្យ ដើម្បីបង្ហាញដល់សាធារណជន អំពីទំនួលខុសត្រូវជាក់ស្ដែង ខណៈជនភៀសសឹកដែលមិនតម្រូវ ឱ្យទៅរស់នៅតាមផ្ទះបណ្ដោះអាសន្ន បានត្រឹមតែរស់នៅដោយក្ដី អស់សង្ឃឹម ព្រោះមិនដឹង ពេលណាបានអាចត្រឡប់ទៅភូមិឋាន វិញបានឡើយ៕









