រដ្ឋាភិបាល​២៣​តុលា​ខក​ចិត្ត​នឹង​លោក ហ៊ុន សែន ដែល​ពុំ​ផ្ដល់​សេរីភាព​ពេញ​លេស​ដល់​លោក កឹម សុខា

ទិដ្ឋភាពលោក កឹម សុខា ​ប្រធានគណបក្សសង្គ្រោះជាតិ ​ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិ​លោក នៅ​រាជធានីភ្នំពេញ ​​កាល​​ពី​ព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា សម្ដែង​ការ​ខកចិត្ត​ចំពោះ​របប​ភ្នំពេញ​នៃ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ដែល​ផ្ដល់​សេរីភាព​ដល់​លោក កឹម សុខា ត្រឹមតែ​អាច​បំពេញ​ករណី​ក្នុង​គ្រួសារ និង​ធ្វើ​កិច្ចការ​ផ្ទាល់ខ្លួន ប៉ុន្តែ មិន​ផ្ដល់​សិទ្ធិ​នយោបាយ​ពេញលេញ​ដល់​គាត់ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ ។ នេះ មាន​ន័យថា លោក កឹម សុខា ក៏ដូចជា​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ផ្សេងទៀត​ដែរ គឺ​នៅតែ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ជា​អ្នក​ទោស​នយោបាយ​របស់​លោក ហ៊ុន សែន ដដែល។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា៖ «យើង​ទាមទារ ឲ្យ​របប​ភ្នំពេញ​នៃ​គ្រួសារ​ហ៊ុន ត្រូវតែ​ផ្តល់​សិទ្ធិ​សេរីភាព​នយោបាយ​ពេញលេញ ជូន​លោក កឹម សុខា និង ឲ្យ​គាត់​អាច​ធ្វើ​ដំណើរ​ចេញ​-​ចូល ក្នុង​និង​ក្រៅប្រទេស ដូច​ពលរដ្ឋ​ទូទៅ​ដែរ។ នេះ​ទើប​ជា​ការ​ចាប់ផ្ដើម​ដ៏​ត្រឹមត្រូវ នៃ​ដំណើរការ​ផ្សះផ្សា ដែល​នឹង​ឈាន​ដល់​សាមគ្គី​ឯកភាព​ជាតិ ។ យើង​សូម​បញ្ជាក់​ថា សាមគ្គី​ឯកភាព​ជាតិ មិន​អាច​កើតឡើង ពី​ល្ខោន​បំបិទ​សេរីភាព​បុគ្គល​ណា​ម្នាក់​ក្នុង​សង្គម​ឡើយ ប៉ុន្តែ ទាល់តែ​ផ្ដើម​ចេញ​ពី​ការផ្សះផ្សា​ដោយ​សុចរិត និង​គោរព​គោលការណ៍​យុត្តិធម៌ ទើប​ឈាន​ដល់​សាមគ្គី​ឯកភាព​ជាតិ រឹងមាំ​ក្នុង​ស្មារតី​ជាតិ​ពិតប្រាកដ ។

យើង​បារម្ភ​ថា ករណី​លោក កឹម សុខា នឹង​ក្លាយ​ទៅជា​ល្បែង​នយោបាយ​ខ្វះ​គុណធម៌​មួយ របស់​អ្នក​មាន​អំណាច ដែល​ប្រើ​ជា​ឧបករណ៍​ឃោសនា​ព្រោងព្រាត អំពី​របស់​ដែល​ពួកគេ​បំភ័ន្ត​ថា « សាមគ្គី​ឯកភាព​ជាតិ » ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ។ បន្ថែម​លើ​ការ​មិន​ដោះលែង​អ្នក​ទោស​នយោបាយ​/​មនសិការ ប្រមាណ​១០០​នាក់​ទៀត ធ្វើ​ឲ្យ​យើង​ក៏​បារម្ភ អំពី​ការ​បន្ត​យុទ្ធនាការ​របស់​របប​ភ្នំពេញ ក្នុង​ការ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា នៅតែ​វិលវល់​ក្នុង​ដែន​អំណាច​ផ្ដាច់ការ ។ លក្ខខណ្ឌ​នេះ ធ្វើ​ឲ្យ​កម្ពុជា បាត់​សក្ដានុពល​លើ​ឆាក​អន្តរជាតិ ក្នុងករណី​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​អាយុជីវិត​ជាតិ ដូចជា ជម្លោះព្រំដែន ការ​ឆបោក​អនឡាញ និង​ពាណិជ្ជកម្ម។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា សូម​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ បង្ហាញ​បំណង និង​សកម្មភាព​ប្រតិបត្តិ​ទាមទារ​ត្រង់ៗ ឲ្យ​រដ្ឋាភិបាល​របប​ភ្នំពេញ ឈប់​បន្ត​អូស​បន្លាយ​ប្រើ​ល្បិច​ក្ដោប​សិទ្ធិ​ពលរដ្ឋ​ខ្មែរ និង​អ្នកនយោបាយ​ប្រជាធិបតេយ្យ ធ្វើជា​ចំណាប់​ខ្លាំង នៃ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន​ទៀត ។ ល្បែង​នយោបាយ​បែបនេះ កាន់តែ​ធ្វើ​ប្រទេសជាតិ​វ័ណ្ឌក លង់​ក្នុង​វិបត្តិ​កាន់តែ​ជ្រៅ និង​កាន់តែ​ខ្សោយ​ជា​លំដាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ