អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​សោកស្ដាយ​ដែល​លោក កឹម សុខា នៅតែ​ត្រូវ​បាន​ហាមឃាត់​ធ្វើ​នយោបាយ

0
45
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​កំពុងនៅផ្ទះរបស់​លោក​នៅ​ខណ្ឌ​ទួលគោក កាលពីថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​កំពុងនៅផ្ទះរបស់​លោក​នៅ​ខណ្ឌ​ទួលគោក កាលពីថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch) សោកស្ដាយ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់ឃុំ នៅក្នុង​ផ្ទះ​ចំនួន​២៧​ឆ្នាំ នៅតែ​ត្រូវ​បាន​ហាមឃាត់ មិន​ឱ្យ​ចូលរួម​ក្នុង​ឆាកនយោបាយ និង​ហាម​ឃាត​ធ្វើដំណើរ ទៅ​ក្រៅប្រទេស​ចំនួន​៥​ឆ្នាំ​ដដែល។ ការ​លើកឡើង​នេះ ក្រោយ​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ស្ដីទី បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​លោក កឹម សុខា ឱ្យ​រួច​ផុត​ពី​ការ​ឃុំខ្លួន ប៉ុន្តែ​សិទ្ធិ​ធ្វើ​នយោបាយ ត្រូវ​បាន​ដកហូត។

បន្ទាប់ពី ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​នៅក្នុង​ផ្ទះ​អស់​រយៈពេល​៨​ឆ្នាំ មេ​បក្ស​ប្រឆាំង​ដ៏​លេចធ្លោ គឺ​លោក កឹម សុខា ទទួល​បានការ​សេរីភាព​ដើរហើរ​នៅក្នុង​ស្រុក និង​មានឱកាស​ទៅ​បួស​ជា​ព្រះសង្ឃ​សងគុណ​អ្នក​ម្ដាយ ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អង្គការ​ជាតិ និង​អន្តរជាតិ នៅតែ​ព្រួយបារម្ភ​ជុំវិញ​ការ​ដោះលែង លោក កឹម សុខា នេះ​គឺ​គ្រាន់តែ​ជា​ល្ខោន​នយោបាយ ដើម្បី​បន្ធូរបន្ថយ ពី​ការ​ដាក់​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​លើ​កម្ពុជា ខណៈ​សិទ្ធិ​ធ្វើ​នយោបាយ និង​ការ​ដើរហើរ​ទៅ​ក្រៅប្រទេស ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ដកហូត​ដដែល។

នាយិកា​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អ្នកស្រី អីឡេន ភាសិន (Elaine Pearson) បាន​លើកឡើង​ថា ការ​សម្រេចចិត្ត​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកលែង​ទោស​ដល់​លោក កឹម សុខា ដែល​តុលាការ​ផ្ដន្ទាទោស​២៧​ឆ្នាំនេះ គឺ​គ្រាន់តែ​ជា​ការ​កែប្រែ​ភាព​អយុត្តិធម៌​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​កម្ពុជា បាន​មួយ​ផ្នែក​ប៉ុណ្ណោះ ប៉ុន្តែ​សេរីភាព​នយោបាយ លោក កឹម សុខា នៅតែ​បន្ត​រឹតត្បិត ខណៈ​អ្នកនយោបាយ​ផ្សេងៗ​ទៀត​ត្រូវ​បាន​លោក ហ៊ុន សែន គំរាមកំហែង​និង​ចាប់​ដាក់​ពន្ធនាគារ​តាម​ទំនើងចិត្ត ដោយ​បំពាន​ច្បាប់។

លោកស្រី​បាន​សរសេរ​ក្នុង​សម្ដី​ដើម​ថា «​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ខ្លាំង​ណាស់ ដែល​លោក កឹម សុខា នៅតែ​ត្រូវ​បាន​ហាមឃាត់ មិន​ឱ្យ​ចូលរួម​ក្នុង ឆាកនយោបាយ ឬ​ចាក​ចេញពី​ប្រទេស​។ ដូច្នេះ អ្នកនយោបាយ និង​គណបក្សប្រឆាំង ដែល​នៅ​សេសសល់ ក្នុង​ប្រទេស​កម្ពុជា នៅតែ​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ជាប្រចាំ​ដូចជា ការ​ចាប់ខ្លួន (​ដាក់​ពន្ធនាគារ )​ដោយ​បំពាន និង​ការ​រឹតត្បិត​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ ត្រឹមត្រូវ​។» អ្នកស្រី​បន្ត​ថា «​រដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវ​ធានា​ថា សិទ្ធិ​នយោបាយ ត្រូវ​បាន​គោរព​នៅក្នុង​ប្រទេស​ឱ្យ​បាន​ពេញលេញ»។

ការ​លើកឡើង​នេះ ក្រោយពី​លោក ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​រដ្ឋស្ដីទី បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស ចំពោះ​លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ​ឱ្យ​មាន​សេរីភាព​វិញ។ តាមរយៈ​ព្រះរាជក្រឹត្យ​បញ្ជាក់​ថា ការ​លើកលែងទោស​នេះ គឺ​អនុវត្ត​តែ​ទោស​ដាក់​ពន្ធនាគារ​ចំនួន​២៧​ឆ្នាំ ចំណែក​ទោស​បន្ថែម ដូចជា​ការ​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​អស់​១​ជីវិត និង​ការ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ចំនួន​៥​ឆ្នាំ​នៅតែ​ដដែល។

មេ​បក្ស​ប្រឆាំង និង​ជា​អ្នកនយោបាយ​ដែល​តែងតែ​ប្រកាន់​ធម៌​អហិង្សា និង​បាន​តស៊ូ​ស្ទើរ​ពេញ​មួយ​ជីវិត ដើម្បី​ពលរដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា លោក កឹម សុខា កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២៣ ត្រូវ​បាន​តុលាការ ផ្ដន្ទាទោស ឱ្យ​ជាប់ឃុំ​ក្នុងផ្ទះ​រយៈពេល​២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ពោល​គឺ​សហរដ្ឋអាមេរិក ដែល​រង​ការ​រិះគន់​ថា ធ្វើឡើង​តាម​បញ្ជា​លោក ហ៊ុន សែន​។ ក្នុង​នោះ លោក កឹម សុខា ត្រូវ​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត និង​ដាក់​បម្រាម​មិន​ឱ្យ លោក កឹម សុខា ចេញពីផ្ទះ និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នកគាំទ្រ និង​ភ្ញៀវ​បរទេស លើកលែងតែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ​។ កាលពី ថ្ងៃទី​៣០ ខែមេសា កន្លងទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ក៏បាន បន្ថែម​ទោស​មិន​ឲ្យ លោក គឹម សុខា ចេញ​ពី​ប្រទេស​កម្ពុជា​៥​ឆ្នាំ​ទៀត។

ទោះ​យ៉ាងណា ថ្មីៗ​នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាច្រើន រួម​នឹង​អ្នកសារព័ត៌មាន​បាន​នាំគ្នា​ផ្សព្វផ្សាយ​ព្រោងព្រាត អំពី​ទុក្ខសោក​របស់ លោក កឹម សុខា ដែល​បាន​យំ​អោប​អ្នក​ម្ដាយ វ័យ​១០១​ឆ្នាំ ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ ខណៈ​ដែល លោក កឹម សុខា ត្រូវ​បាន​រឹតត្បិត យ៉ាង​តឹងរ៉ឹង​ពី​តុលាការ​ផង​នោះ ពលរដ្ឋ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ​បក្ស​ប្រឆាំង ជាច្រើន បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​មាន​ការ​ដោះលែង លោក កឹម សុខា ក្រោម​រូបភាព មនុស្ស​ធម៌។ ក្រោយ​មក​ការ ដោះលែង លោក កឹម សុខា ក៏បាន​កើតមាន​មែន កាលពី​រសៀល​ម្សិលមិញ។

ពាក់ព័ន្ធ​ករណីនេះ​ដែរ សារព័ត៌មាន​អន្តរជាតិ​ធំៗ​មួយចំនួន ក៏បាន​ចុះផ្សាយ​ព្រោងព្រាត​ពី​ការ​ដោះលែង លោក កឹម សុខា។ សារព័ត៌មាន BBC បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ខែឧសភា​ដោយ​រៀបរាប់​ថា ការ​លើកលែង​ទោស​លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​បណ្ដឹងឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ផ្ដន្ទាទោស​មក​លើ​លោក សុខា ត្រូវ​បាន​បដិសេធ​កាលពី​ខែ​មុន ប៉ុន្តែ ការ​លើកលែងទោស​នេះ មិន​បាន​រាប់បញ្ចូល ទាំង​ការ​ហាមឃាត់ មិន​ឱ្យ​អ្នកនយោបាយ​រូប​នេះ ធ្វើដំណើរ​ទៅ​ក្រៅប្រទេស រយៈពេល​ប្រាំ​ឆ្នាំ​នោះ​ទេ។

រីឯ​សារព័ត៌មាន​រ៉យទ័រ Reuters: ពិពណ៌នា​ថា ករណី​របស់​លោក កឹម សុខា ស្ថិត​ក្នុង​ចំណោម​ករណី​លេចធ្លោ​បំផុត ក្នុង​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ លើ​ក្រុមប្រឆាំង ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស អស់​រយៈពេល ជាង​បួន​ទសវត្សរ៍​មក​ហើយ​។ លោក កឹម សុខា ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​នយោបាយ​ប្រឆាំង​ដ៏​តិចតួច​បំផុត ដែល​នៅ​សេសសល់ ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ បន្ទាប់​ពី​អ្នក​ផ្សេងទៀត​ជាច្រើន​រូប ត្រូវ​បាន​ភៀសខ្លួន ក្រោយពី​តុលាការ​កំពូល កាលពី​ឆ្នាំ​២០១៧ បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល (CNRP)។

ចំណែក សារព័ត៌មាន The Diplomat បាន​បរិយាយ​ថា ការប្រើប្រាស់​ព្រះរាជក្រឹត្យ​លើកលែងទោស ដើម្បី​លុបចោល​សាលក្រម​តុលាការ​ដែល​មាន​រឿងរ៉ាវ​ពាក់ព័ន្ធ នយោបាយ​នៅ​ពីក្រោយ នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ធម្មតា របស់​លោក ហ៊ុន សែន ដែល​កាន់អំណាច​ជាង​៣៨​ឆ្នាំ​មក​ហើយ ដែល​ជា​​ទូទៅ​មាន​គោល​បំណង គ្រប់គ្រង​លើ​ក្រុមប្រឆាំង​នយោបាយ​ក្នុងស្រុក និង​មតិ​សាធារណជន​ពី​ខាងក្រៅ។

សារព័ត៌មាន​ដដែល​បាន​សរសេរ​ថា មិនទាន់​ច្បាស់​ទេ​ថា អ្វី​ជា​មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​ការ​លើកលែង​ទោស​នេះ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ បាន​ស្ថិត នៅ​ក្រោម​ការ​តាមដាន​យ៉ាង​ដិតដល់​ពី​បរទេស ចំពោះ​ករណី មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ធំ​សម្បើម ដែល​បាន​រីក​រាលដាល​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧកញ៉ា និង​ឥស្សរជន​នយោបាយ​លេចធ្លោ ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ខណៈ​លោក ហ៊ុន សែន បាន​ថ្លែង​កាលពី​សប្ដាហ៍​មុន ថា​កម្ពុជា «​នឹង​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ឱ្យ​ពិភពលោក​បាន​ដឹង​ថា ខ្លួន​បាន​បំផ្លាញ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដោយ​ជោគជ័យ»។

ទាក់ទិន​ការ​ដោះលែង​នេះ​ដែរ​លោក នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក របស់​លោក​ថា ការ​ដោះលែង​នេះ គឺ​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​សាមគ្គីភាព និង ឯកភាព​ជាតិ។

ទោះ​យ៉ាងណា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា ការ​ដោះលែង​លោក កឹម សុខា ក្រោម​រូបភាព​នៃ​ការ​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ និង​ការ​ហោះហើរ​ទៅ​ក្រៅប្រទេស ពុំមែន​ជា​សញ្ញា​វិជ្ជមាន​ផ្នែក​នយោបាយ​នោះ​ទេ ហើយ ក៏​ពុំមែន​ជា​ជំហាន​នៃ​ការផ្សះផ្សា​ជាតិ ឬ​ឯកភាព​ជាតិ​នោះ​ដែរ ខណៈ​លោក កឹម សុខា នៅ​មិន​ទាន់​បាន​ក្លាយជា​ពលរដ្ឋ​បាន​ពេញលេញ​នៅឡើយ​។ លោ​កថា ការ​ឯកភាព​ជាតិ គឺ​ត្រូវ​មានការ​សម្បទាន​នយោបាយ​ជាច្រើន​ទៀត​ពី​រដ្ឋាភិបាល ដូចជា​ការ​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​បរិស្ថាន និង​អនុញ្ញាត​ឱ្យ​អ្នកនយោបាយ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេល​លេញ​ឡើងវិញ នៅ​កម្ពុជា ហើយ​ត្រូវ​លើកលែងទោស ទាំងអស់​ដល់​លោក កឹម សុខា។

លោក ឯម សុវណ្ណារ៉ា៖ «​ខ្ញុំ​មិនទាន់​ឯកភាព​ទាំងស្រុង​ទេ ចំពោះ​ជំហាន​ថា ជា​ចំណុច​ផ្សះផ្សា​ជាតិ ព្រោះ​អ្នក​នៅ​ក្រៅ​ប្រទេស​មិនទាន់​អាច​ចូល​ប្រទេស​បាន​នៅឡើយ ដូច​ក្រុម​រដ្ឋាភិបាល​២៣​តុលា​ជាដើម ពីព្រោះ​សុទ្ធតែ​ជា​អតីត​អ្នកនយោបាយ​បក្ស​ប្រឆាំង ហើយ​សុទ្ធតែ​អ្នក​ដែល​ត្រូវ​បាន​ចោទប្រកាន់​។ អ៊ីចឹង​ការផ្សះផ្សា វា​អត់​ឃើញ​មាន​លក្ខខណ្ឌ​ស្មោះ​ស និង​មាន​លក្ខខណ្ឌ​ពេញ ដូច​មតិ​អន្តរជាតិ​លើកឡើង​ដែរ»។

សំណុំរឿង មេ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​តាមដាន យ៉ាង​ខ្លាំង និង តែងតែ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង លោក កឹម សុខា រួម​នឹង អ្នកនយោបាយ សកម្មជន​បរិស្ថាន និង សកម្មជន​សិទ្ធិមនុស្ស ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ស្ដារ​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង ការគោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ​។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​រង​ការរិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ ពី​សហគមន៍​អន្តរជាតិ​ថា កំពុង​ដឹកនាំ​ប្រទេស​ទៅ​រក​របប​«​ផ្ដាច់ការ​» និង​«​បក្ខពួក​និយម​» ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អ្នកនយោបាយ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​រណប​បក្ស​កាន់អំណាច បាន​ក្លាយជា​មុខសញ្ញា​នៃ​ការ​តាម​កម្ទេច​ចោល និង​ធ្វើ​ទុក្ខ​បុក​ម្នេញ សព្វ​បែប​យ៉ាង​ណា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ