

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) សោកស្ដាយដែលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ឃុំ នៅក្នុងផ្ទះចំនួន២៧ឆ្នាំ នៅតែត្រូវបានហាមឃាត់ មិនឱ្យចូលរួមក្នុងឆាកនយោបាយ និងហាមឃាតធ្វើដំណើរ ទៅក្រៅប្រទេសចំនួន៥ឆ្នាំដដែល។ ការលើកឡើងនេះ ក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា ឱ្យរួចផុតពីការឃុំខ្លួន ប៉ុន្តែសិទ្ធិធ្វើនយោបាយ ត្រូវបានដកហូត។
បន្ទាប់ពី ជាប់ឃុំក្នុងពន្ធនាគារ និងបន្តឃុំខ្លួននៅក្នុងផ្ទះអស់រយៈពេល៨ឆ្នាំ មេបក្សប្រឆាំងដ៏លេចធ្លោ គឺលោក កឹម សុខា ទទួលបានការសេរីភាពដើរហើរនៅក្នុងស្រុក និងមានឱកាសទៅបួសជាព្រះសង្ឃសងគុណអ្នកម្ដាយ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ។ ប៉ុន្តែអង្គការជាតិ និងអន្តរជាតិ នៅតែព្រួយបារម្ភជុំវិញការដោះលែង លោក កឹម សុខា នេះគឺគ្រាន់តែជាល្ខោននយោបាយ ដើម្បីបន្ធូរបន្ថយ ពីការដាក់សម្ពាធរបស់សហគមន៍អន្តរជាតិលើកម្ពុជា ខណៈសិទ្ធិធ្វើនយោបាយ និងការដើរហើរទៅក្រៅប្រទេស ត្រូវបានតុលាការក្រុងភ្នំពេញដកហូតដដែល។
នាយិកាប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អ្នកស្រី អីឡេន ភាសិន (Elaine Pearson) បានលើកឡើងថា ការសម្រេចចិត្តរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លើកលែងទោសដល់លោក កឹម សុខា ដែលតុលាការផ្ដន្ទាទោស២៧ឆ្នាំនេះ គឺគ្រាន់តែជាការកែប្រែភាពអយុត្តិធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយនៅកម្ពុជា បានមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែសេរីភាពនយោបាយ លោក កឹម សុខា នៅតែបន្តរឹតត្បិត ខណៈអ្នកនយោបាយផ្សេងៗទៀតត្រូវបានលោក ហ៊ុន សែន គំរាមកំហែងនិងចាប់ដាក់ពន្ធនាគារតាមទំនើងចិត្ត ដោយបំពានច្បាប់។
លោកស្រីបានសរសេរក្នុងសម្ដីដើមថា «ជារឿងគួរឱ្យសោកស្ដាយខ្លាំងណាស់ ដែលលោក កឹម សុខា នៅតែត្រូវបានហាមឃាត់ មិនឱ្យចូលរួមក្នុង ឆាកនយោបាយ ឬចាកចេញពីប្រទេស។ ដូច្នេះ អ្នកនយោបាយ និងគណបក្សប្រឆាំង ដែលនៅសេសសល់ ក្នុងប្រទេសកម្ពុជា នៅតែស្ថិតនៅក្រោមការគំរាមកំហែងជាប្រចាំដូចជា ការចាប់ខ្លួន (ដាក់ពន្ធនាគារ )ដោយបំពាន និងការរឹតត្បិតដោយគ្មានមូលដ្ឋានច្បាប់ ត្រឹមត្រូវ។» អ្នកស្រីបន្តថា «រដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវធានាថា សិទ្ធិនយោបាយ ត្រូវបានគោរពនៅក្នុងប្រទេសឱ្យបានពេញលេញ»។
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យលើកលែងទោស ចំពោះលោក កឹម សុខា ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំឱ្យមានសេរីភាពវិញ។ តាមរយៈព្រះរាជក្រឹត្យបញ្ជាក់ថា ការលើកលែងទោសនេះ គឺអនុវត្តតែទោសដាក់ពន្ធនាគារចំនួន២៧ឆ្នាំ ចំណែកទោសបន្ថែម ដូចជាការដកហូតសិទ្ធិធ្វើនយោបាយអស់១ជីវិត និងការធ្វើដំណើរទៅក្រៅប្រទេសចំនួន៥ឆ្នាំនៅតែដដែល។
មេបក្សប្រឆាំង និងជាអ្នកនយោបាយដែលតែងតែប្រកាន់ធម៌អហិង្សា និងបានតស៊ូស្ទើរពេញមួយជីវិត ដើម្បីពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លោក កឹម សុខា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ត្រូវបានតុលាការ ផ្ដន្ទាទោស ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេសពោលគឺសហរដ្ឋអាមេរិក ដែលរងការរិះគន់ថា ធ្វើឡើងតាមបញ្ជាលោក ហ៊ុន សែន។ ក្នុងនោះ លោក កឹម សុខា ត្រូវបានដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត និងដាក់បម្រាមមិនឱ្យ លោក កឹម សុខា ចេញពីផ្ទះ និងមិនអនុញ្ញាតឱ្យជួបជាមួយអ្នកគាំទ្រ និងភ្ញៀវបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។ កាលពី ថ្ងៃទី៣០ ខែមេសា កន្លងទៅសាលាឧទ្ធរណ៍ភ្នំពេញក៏បាន បន្ថែមទោសមិនឲ្យ លោក គឹម សុខា ចេញពីប្រទេសកម្ពុជា៥ឆ្នាំទៀត។
ទោះយ៉ាងណា ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាច្រើន រួមនឹងអ្នកសារព័ត៌មានបាននាំគ្នាផ្សព្វផ្សាយព្រោងព្រាត អំពីទុក្ខសោករបស់ លោក កឹម សុខា ដែលបានយំអោបអ្នកម្ដាយ វ័យ១០១ឆ្នាំ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ ខណៈដែល លោក កឹម សុខា ត្រូវបានរឹតត្បិត យ៉ាងតឹងរ៉ឹងពីតុលាការផងនោះ ពលរដ្ឋសង្គមស៊ីវិល និងអ្នកនយោបាយបក្សប្រឆាំង ជាច្រើន បានអំពាវនាវដល់រដ្ឋាភិបាលឱ្យមានការដោះលែង លោក កឹម សុខា ក្រោមរូបភាព មនុស្សធម៌។ ក្រោយមកការ ដោះលែង លោក កឹម សុខា ក៏បានកើតមានមែន កាលពីរសៀលម្សិលមិញ។
ពាក់ព័ន្ធករណីនេះដែរ សារព័ត៌មានអន្តរជាតិធំៗមួយចំនួន ក៏បានចុះផ្សាយព្រោងព្រាតពីការដោះលែង លោក កឹម សុខា។ សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភាដោយរៀបរាប់ថា ការលើកលែងទោសលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្ដន្ទាទោសមកលើលោក សុខា ត្រូវបានបដិសេធកាលពីខែមុន ប៉ុន្តែ ការលើកលែងទោសនេះ មិនបានរាប់បញ្ចូល ទាំងការហាមឃាត់ មិនឱ្យអ្នកនយោបាយរូបនេះ ធ្វើដំណើរទៅក្រៅប្រទេស រយៈពេលប្រាំឆ្នាំនោះទេ។
រីឯសារព័ត៌មានរ៉យទ័រ Reuters: ពិពណ៌នាថា ករណីរបស់លោក កឹម សុខា ស្ថិតក្នុងចំណោមករណីលេចធ្លោបំផុត ក្នុងការបង្ក្រាបយ៉ាងចាស់ដៃ លើក្រុមប្រឆាំង ពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេស អស់រយៈពេល ជាងបួនទសវត្សរ៍មកហើយ។ លោក កឹម សុខា ស្ថិតក្នុងចំណោមឥស្សរជននយោបាយប្រឆាំងដ៏តិចតួចបំផុត ដែលនៅសេសសល់ ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីអ្នកផ្សេងទៀតជាច្រើនរូប ត្រូវបានភៀសខ្លួន ក្រោយពីតុលាការកំពូល កាលពីឆ្នាំ២០១៧ បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល (CNRP)។
ចំណែក សារព័ត៌មាន The Diplomat បានបរិយាយថា ការប្រើប្រាស់ព្រះរាជក្រឹត្យលើកលែងទោស ដើម្បីលុបចោលសាលក្រមតុលាការដែលមានរឿងរ៉ាវពាក់ព័ន្ធ នយោបាយនៅពីក្រោយ នេះគឺជាយុទ្ធសាស្ត្រធម្មតា របស់លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣៨ឆ្នាំមកហើយ ដែលជាទូទៅមានគោលបំណង គ្រប់គ្រងលើក្រុមប្រឆាំងនយោបាយក្នុងស្រុក និងមតិសាធារណជនពីខាងក្រៅ។
សារព័ត៌មានដដែលបានសរសេរថា មិនទាន់ច្បាស់ទេថា អ្វីជាមូលហេតុពិតប្រាកដនៅពីក្រោយការលើកលែងទោសនេះ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ បានស្ថិត នៅក្រោមការតាមដានយ៉ាងដិតដល់ពីបរទេស ចំពោះករណី មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដ៏ធំសម្បើម ដែលបានរីករាលដាលយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដែលជាប់ពាក់ព័ន្ធនឹងឧកញ៉ា និងឥស្សរជននយោបាយលេចធ្លោ ដែលមាននិន្នាការទៅរកគណបក្សប្រជាជនកម្ពុជា (CPP) ខណៈលោក ហ៊ុន សែន បានថ្លែងកាលពីសប្ដាហ៍មុន ថាកម្ពុជា «នឹងធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យពិភពលោកបានដឹងថា ខ្លួនបានបំផ្លាញការឆបោកតាមប្រព័ន្ធអនឡាញ ដោយជោគជ័យ»។
ទាក់ទិនការដោះលែងនេះដែរលោក នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក របស់លោកថា ការដោះលែងនេះ គឺជំហានមួយក្នុងការពង្រឹងសាមគ្គីភាព និង ឯកភាពជាតិ។
ទោះយ៉ាងណា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការដោះលែងលោក កឹម សុខា ក្រោមរូបភាពនៃការដកហូតសិទ្ធិធ្វើនយោបាយ និងការហោះហើរទៅក្រៅប្រទេស ពុំមែនជាសញ្ញាវិជ្ជមានផ្នែកនយោបាយនោះទេ ហើយ ក៏ពុំមែនជាជំហាននៃការផ្សះផ្សាជាតិ ឬឯកភាពជាតិនោះដែរ ខណៈលោក កឹម សុខា នៅមិនទាន់បានក្លាយជាពលរដ្ឋបានពេញលេញនៅឡើយ។ លោកថា ការឯកភាពជាតិ គឺត្រូវមានការសម្បទាននយោបាយជាច្រើនទៀតពីរដ្ឋាភិបាល ដូចជាការដោះលែងអ្នកទោសនយោបាយ សកម្មជនបរិស្ថាន និងអនុញ្ញាតឱ្យអ្នកនយោបាយនៅក្រៅប្រទេសមានសិទ្ធិធ្វើនយោបាយពេលលេញឡើងវិញ នៅកម្ពុជា ហើយត្រូវលើកលែងទោស ទាំងអស់ដល់លោក កឹម សុខា។
លោក ឯម សុវណ្ណារ៉ា៖ «ខ្ញុំមិនទាន់ឯកភាពទាំងស្រុងទេ ចំពោះជំហានថា ជាចំណុចផ្សះផ្សាជាតិ ព្រោះអ្នកនៅក្រៅប្រទេសមិនទាន់អាចចូលប្រទេសបាននៅឡើយ ដូចក្រុមរដ្ឋាភិបាល២៣តុលាជាដើម ពីព្រោះសុទ្ធតែជាអតីតអ្នកនយោបាយបក្សប្រឆាំង ហើយសុទ្ធតែអ្នកដែលត្រូវបានចោទប្រកាន់។ អ៊ីចឹងការផ្សះផ្សា វាអត់ឃើញមានលក្ខខណ្ឌស្មោះស និងមានលក្ខខណ្ឌពេញ ដូចមតិអន្តរជាតិលើកឡើងដែរ»។
សំណុំរឿង មេបក្សប្រឆាំង លោក កឹម សុខា នេះត្រូវបានសហគមន៍អន្តរជាតិតាមដាន យ៉ាងខ្លាំង និង តែងតែ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែង លោក កឹម សុខា រួមនឹង អ្នកនយោបាយ សកម្មជនបរិស្ថាន និង សកម្មជនសិទ្ធិមនុស្ស ទាំងអស់ឱ្យមានសេរីភាពឡើងវិញ ដើម្បីស្ដារនូវប្រព័ន្ធប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏រងការរិះគន់យ៉ាងខ្លាំងផងដែរ ពីសហគមន៍អន្តរជាតិថា កំពុងដឹកនាំប្រទេសទៅរករបប«ផ្ដាច់ការ» និង«បក្ខពួកនិយម» ខណៈដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកនយោបាយបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដែលមិនរណបបក្សកាន់អំណាច បានក្លាយជាមុខសញ្ញានៃការតាមកម្ទេចចោល និងធ្វើទុក្ខបុកម្នេញ សព្វបែបយ៉ាងណា៕









