អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោយ​ដោះលែង​លោក កឹម សុខា

0
38
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​កំពុងនៅផ្ទះរបស់​លោក​នៅ​ខណ្ឌ​ទួលគោក កាលពីថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​កំពុងនៅផ្ទះរបស់​លោក​នៅ​ខណ្ឌ​ទួលគោក កាលពីថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ស្ថានទូត​អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​ជា​មូលដ្ឋាន​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ទូលំទូលាយ ដូចជា ការ​ជួបប្រជុំ​ដោយ​សន្តិវិធី និង​ការ​បញ្ចេញមតិ ដោយ​សេរី ជាដើម​។ ការ​លើកឡើង​នេះ ស្របពេល ស្ថានទូត​អាមេរិក​សាទរ​ចំពោះ​ការ​លើកលែងទោស ដល់​លោក កឹម សុខា។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែឧសភា បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​រៀបរាប់​ថា សហរដ្ឋអាមេរិក​ស្វាគមន៍​ការ​ដោះលែង លោក កឹម សុខា ឱ្យ​រួច​ផុត​ពី​ការ​ឃុំខ្លួន​នៅក្នុង​ផ្ទះ រយៈពេល​២៧​ឆ្នាំ​។ សហរដ្ឋអាមេរិក បញ្ជាក់​ថា​កន្លងទៅ តែង​បាន​អំពាវនាវ ជា​បន្តបន្ទាប់ ឱ្យ​ដោះលែង លោក កឹម សុខា ហើយ​អាមេរិក នៅតែ​រក្សា​ជំហរ​ថា ការ​ផ្ដន្ទាទោស​លោក កឹម សុខា ដោយ​ចោទ​សហរដ្ឋអាមេរិក ថា​ជាប់​ពាក់ព័ន្ធ ក្នុង​សកម្មភាព ប្រឆាំង​នឹង រដ្ឋាភិបាល​កម្ពុជា​នោះ គឺ «​គ្មាន​មូលដ្ឋាន​»​ត្រឹមត្រូវ។

ស្ថានទូត​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ ចាត់ទុក​ការ ការ​ដោះលែង​លោក កឹម សុខា គឺជា​ការ​វិវឌ្ឍ​វិជ្ជមាន​មួយ ហើយ​អាមេរិក នៅតែ​បន្ត​អំពាវនាវ ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ធានា​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង សេរីភាព ក្នុង​ការ​បញ្ចេញមតិ ដោយ​គ្មាន​ការ​រឹតត្បិត​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុងភ្នំពេញ។

លោក កឹម សុខា កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២៣ ត្រូវ​បាន តុលាការ ផ្ដន្ទាទោស ឱ្យ​ជាប់ឃុំ​ក្នុងផ្ទះ​រយៈពេល​២៧​ឆ្នាំ​ពី បទសន្ទិដ្ឋិភាព​ជាមួយ​បរទេស​ពោល​គឺ សហរដ្ឋអាមេរិក ប្រឆាំង​នឹង​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» ខណៈ​ការចោទប្រកាន់​នេះ រង​ការ​រិះគន់​ថា ធ្វើឡើង​តាម បញ្ជា​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដើម្បី​ឆ្លៀតឱកាស ក្ដោប​ក្ដាប់​អំណាច តែម្នាក់ឯង។

ថ្មីៗ​នេះ បន្ទាប់ពី​មានការ​ដោះលែង លោក កឹម សុខា បណ្ដា​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន ដូច បារាំង អាល្លឺម៉ង់ ជប៉ុន អង់គ្លេស និង ស្ថានទូត​កាណាដា ជាដើម ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ព្រោងព្រាត ដោយ​ចាត់ទុក​ការលើកលែងទោស លោក កឹម សុខា គឺជា​ជំហាន​វិជ្ជមាន​មួយ​ផ្នែក​ប៉ុណ្ណោះ ប៉ុន្តែ ពួកគេ​សោកស្ដាយ​ដែល​តុលាការ​ក្រុងភ្នំពេញ បន្ត​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​របស់​លោក កឹម សុខា​។ ជាមួយគ្នា​នោះ ពួកគេ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បង្ហាញ​ភាពស្មោះត្រង់​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ តាមរយៈ​ការ​ដោះលែង អ្នក​ទោស​នយោបាយ សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​ជាដើម។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​លើកលែងទោស លោក កឹម សុខា គឺធ្វើឡើង ព្រោះ​រដ្ឋាភិបាល​អាណិតអាសូរ​ដល់​លោក កឹម សុខា ដែល ម្ដាយ​កំពុងតែ​ឈឺ​ធ្ងន់ ដូច្នេះ ការ​ដោះលែង គឺ​ដើម្បី​ផ្ដល់​ឱកាស ឱ្យ​លោក​បាន​ទៅ​មើលថែ​ម្ដាយ​ជា​លើក​ចុង​ក្រោយ ដូច្នេះ លោក​ថា ការ​ទាមទារ​លើស​ពី​នេះ​ទៀត​ជា​គំនិត «​ចង្អៀតចង្អល់​»។

លោក ជា ធីរិទ្ធ៖ «​សម្រាប់​មនុស្ស​ដែល​មាន​ទស្សនៈ​ជ្រុលនិយម ឬ​ចង្អៀតចង្អល់ ធ្វើ​អ្វី​ក៏​មិន​ត្រូវចិត្ត​ពួកគេ​ដែរ ដូច្នេះ ករណីនេះ ប្រសិនបើ​ព្រះកូណា​មិន​លើកលែងទោស​លោក កឹម សុខា​ទេ ពួកគេ​រិះគន់​វាយប្រហារ​។ ពីមុន​គេ​ឱ្យ​លើកលែងទោស​លោក កឹម សុខា ឱ្យ​បាន​ទៅ​ជួប​ម្ដាយ និង​មើលថែ​ម្ដាយ ដល់ពេល បាន​លើកលែងទោស​លោក កឹម សុខា ឱ្យ​មាន​សេរីភាព អាច​ដើរ​ហើយ ទៅ​ជួប​មើល​ម្ដាយ​បាន​ដំណាក់កាល​ចុងក្រោយ ពួកគេ​រឿង​ផ្សេងទៀត​។ នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ នេះ​ជា​គំនិត​បែប ចង្អៀតចង្អល់​»

រដ្ឋាភិបាល​កម្ពុជា​ហាក់​មិនបាន​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ស្ដារ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នោះ​ទេ បើ​ទោះជា លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន បានដឹង​ច្បាស់​ថា ក្រោយពី​លើកលែង លោក កឹម សុខា ទទួល​បានការ​សាទរ​ពី​សំណាក់​បណ្ដា​ទូត​បរទេស និង​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ក្ដី ក៏​លោក នៅតែ​រក្សា របៀប​ដឹកនាំ​កៀបសង្កត់ និង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ តាម​អំពើ​ចិត្ត ដោយ​មិន​ខ្វល់​រឿង​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ដូចដែល លោក ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​នោះ​ទេ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី យល់​ឃើញ​ថា ការដែល​បណ្ដា​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ រួម​នឹង​សហរដ្ឋអាមេរិក​ផង អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ស្ដារ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​បើក​លំហ​សិទ្ធិ​ជា​មូលដ្ឋាន ដល់​ពលរដ្ឋ ភ្ជាប់​ជាមួយនឹង​ករណី លោក កឹម សុខា គឺ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ថា ពួកគេ មិនទាន់​ជឿ​ថា កម្ពុជា​នឹង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​នោះ​ទេ​។ ដូច្នេះ​លោក​ថា រដ្ឋាភិបាល គួរតែ​ពិចារណា​លើ​សំណើ​ទាំងអស់​របស់​សហគមន៍​អន្តរជាតិ ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ និង លើកកម្ពស់​យុត្តិធម៌​សង្គម​ឱ្យ​បាន​ត្រឹមត្រូវ។

លោក យិន ម៉េងលី៖ «ប្រទេស​ប្រជាធិបតេយ្យ និង​មហាអំណាច​ផ្សេងៗ​បាន​ស្នើ​សុំ ដល់​រដ្ឋាភិបាល​នេះ​ជា​រឿង​មួយ ដ៏​ល្អ​។ រដ្ឋាភិបាល​គួរតែ​យក​មក​ពិចារណា​រាល់​សំណើ​របស់​ប្រទេស​ទាំងអស់​ហ្នឹង ដើម្បី​បង្កើន​ទំនាក់ទំនង​ឱ្យ​បាន​ល្អ​ថែមទៀត ដើម្បី​មុខមាត់​កម្ពុជា​យើង​ដែរ»។

នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី​អន្តរជាតិ (AHRLA) លោក ហ្វីល រ៉ូបឺតសុន បាន​ប្រាប់ទូរទស្សន៍​អាស៊ីសេរី កាលពី​ថ្ងៃទី២៩ ឧសភា ថា ករណី លោក កឹម សុខា មិន​គួរ​ត្រូវ​បាន​ចោទប្រកាន់ ទាល់តែសោះ​ព្រោះ​លោក​គ្មាន​កំហុស​នោះ​ទេ ដូច្នេះ ការ​ដោះលែង លោក​ឱ្យ​នៅ​ក្រៅ​ឃុំ គ្រាន់តែ​ជា​ការ​បន្ធូរបន្ថយ​ការរំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​នឹង​លោក កឹម សុខា បាន​មួយ​ផ្នែក ប៉ុន្តែ សិទ្ធិ​ជា​ពលរដ្ឋ​ពេញលេញ នៅតែ​ត្រូវ​បាន​ដកហូត​ដដែល។

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​រូបនេះ ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​បង្ហាញ​ពី​ភាពស្មោះត្រង់ របស់​ខ្លួន ដោយ​ដោះលែង​អ្នកទោស ដែល​ត្រូវ​បាន​ឃុំខ្លួន​ជាង​១០០​នាក់ ដោយសារតែ​ការ អនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពួកគាត់ ដោយ​ចាប់ផ្ដើម​ពី សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៥​នាក់ ព្រោះ​ក្រុម​យុវជន​ការពារ​បរិ​ស្ថាន​ទាំងនេះ​កន្លងទៅ គ្រាន់តែ​បាន​បញ្ចេញមតិ និង​រៀបចំ ការ​តវ៉ា ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល ការពារ​បរិស្ថាន និង​បញ្ឈប់​គម្រោង បំផ្លិចបំផ្លាញ​នានា​ដែល​ប្រព្រឹត្ត​ដោយ​ឧកញ៉ា និង អ្នក​មាន​អំណាច​ខិលខូច​មួយ​ចំនួន​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ