

សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី១១ ខែមិថុនានេះ បានបើកសវនាការ សំណុំ រឿងថ្មីមួយទៀតប្រឆាំងនឹងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ពីបទ «ញុះញង់» ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយរបស់លោក អំពីរឿង ក្រសួងយុត្តិធម៌ តែងតាំងប្រធានតុលាការកំពូល។ សំណុំរឿងនេះ សាលាដំបូងភ្នំពេញបានកាត់ទោសលោក ស្រ៊ុន ស្រ៊ន កំបាំងមុខតាំងពីមុន ពេលសមត្ថកិច្ច ចាប់ខ្លួនលោក ក្នុងខែកក្កដា ឆ្នាំ២០២៤ មកម្ល៉េះ។ មន្ត្រីសិទ្ធិមនុស្សកត់សម្គាល់ ថា សំណុំរឿងរបស់លោក ស្រ៊ុន ស្រ៊ន មិនខុសពីសំណុំរឿងអ្នកនយោបាយឡើយ តែនៅពេលអនុវត្តទោសជិតគ្រប់ចំនួនហើយ បែរជាលេចចេញបទល្មើស ថ្មីផ្សេងទៀត។
ថ្ងៃនេះ សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ លោក ស្រ៊ុន ស្រ៊ន បានឡើង សវនាការឧទ្ធរណ៍ ប៉ុន្តែ ពុំមែនសំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែល លោកបានអត្ថាធិប្បាយ ហើយត្រូវបានចាប់ខ្លួននោះទេ គឺលោកឡើងតតាំងការជម្រះក្ដី ក្នុងរឿងញុះញង់មួយ ដែលលោកមិនបានដឹងខ្លួនជាមុន។
ចំពោះសំណុំរឿង«ញុះញង់»នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ និងកាត់ទោសលោកមុនពេលលោកត្រូវបានចាប់ខ្លួនទៅទៀត។ លោក ស្រ៊ុន ស្រ៊ន មិនទាំងបានដឹងពីចំណាត់នេះផង រហូតដល់ថ្ងៃដែលលោក ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងសម្ដែងមតិទាក់ទងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ទើបចៅក្រមតុលាការភ្នំពេញប្រាប់លោកឲ្យដឹងថា លោកជាប់ក្ដីក្ដាំមួយផ្សេងទៀតរួចទៅហើយ។
លោក ស្រ៊ុន ស្រ៊ន ត្រូវបានចាប់ខ្លួនក្នុងខែកក្កដា ឆ្នាំ២០២៤ ក្នុងរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ។ រីឯសំណុំរឿង «ញុះញង់» ដែលលោក ស្រ៊ុន ស្រ៊ន ទើបតែដឹងនៅថ្ងៃចាប់ខ្លួននោះ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោកកំបាំងមុខ តាំងពីខែមេសា ឆ្នាំ២០២៤ម្ល៉េះ។
កាលនោះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក ស្រ៊ុន ស្រ៊ន ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយរបស់លោក រឿងក្រសួងយុត្តិធម៌ តែងតាំងប្រធានតុលាការកំពូល។ លោកស្រ៊ុន ស្រ៊ន បានប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ បន្ទាប់ពីបានដឹងពីការកាត់ទោសកំបាំងមុខនេះ។
សហមេធាវីការពារក្ដីឲ្យលោក ស្រ៊ុន ស្រ៊ន គឺលោក សឺន ជុំជួន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១១ ខែមិថុនា ថា សំណុំរឿងនេះ សាលាដំបូងភ្នំពេញចោទ ប្រកាន់កូនក្ដីលោក កាលពីឆ្នាំ២០២៣ និងបានផ្ដន្ទាទោសកំបាំងមុខ ក្នុងឆ្នាំ២០២៤ ពោលគឺតាំងពីមុនចាប់ខ្លួនលោក ស្រ៊ុន ស្រ៊ន រឿងគម្រោងអភិវឌ្ឍន៍តំបន់ ត្រីកោណ ជាមួយប្រទេសឡាវ និង វៀតណាម (CLV-DTA)។
លោក សឺន ជុំជួន៖ «រឿងហ្នឹង វាកើតឡើងតាំងពីឆ្នាំ២០២៣ រឿងហ្នឹងគឺ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ គាត់កាត់ទោសកំបាំងមុខ។ អ៊ីចឹងទៅដល់ពេលគេចាប់បាន គាត់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក៏ខាងតុលាការគេផ្ដល់ព័ត៌មានមកគាត់។ គាត់ថា គាត់មានរឿងមួយត្រូវតុលាការបើកសវនាការ កំបាំងមុខអ៊ីចឹង។ អ៊ីចឹងរឿងហ្នឹង ក៏ប្ដឹងមកឧទ្ធរណ៍ទៅ គាត់អត់បានប្ដឹងទាស់ទេ គាត់ប្ដឹងជំទាស់មកឧទ្ធរណ៍វិញ អ៊ីចឹងទើបមកដល់ព្រឹកមិញនេះគឺមានសវនាការជាសាធារណៈ ដើម្បី ពិភាក្សា ទៅលើអង្គសេចក្ដីហ្នឹង»។
ក្នុងសវនាការសាលាឧទ្ធរណ៍ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពលោក ស្រ៊ុន ស្រ៊ន បានស្នើឲ្យសាលាឧទ្ធរណ៍ទម្លាក់បទចោទប្រកាន់ និងផ្ដល់យុត្តិធម៌ដល់លោក ពីព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញឡើយ។
លោកមេធាវី សឺន ជុំជួន ឲ្យដឹងថា កូនក្ដីរបស់លោក បានប្រាប់ទៅចៅក្រមអំឡុងពេលសវនាការថា អ្វីដែលលោកលើកឡើងនៅលើបណ្ដាញសង្គមនោះ គឺចង់អប់រំ និងពន្យល់ពលរដ្ឋឲ្យយល់ពីនីតិវិធីច្បាប់ ផ្នែកតាមបញ្ញត្តិច្បាប់ប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ។
លោក សឺន ជុំជួន៖ «ការផ្សព្វផ្សាយ គឺក្នុងបំណងល្អទេ ក្នុងចេតនាល្អរបស់ជនជាប់ចោទ អត់មានចេតនាណាមួយធ្វើឲ្យសង្គមមានស្ថានភាពវឹកវរដល់ សន្តិសុខសង្គម ទេ ហើយយើងមានភស្តុតាងអីមួយចំនួន សាក្សីក៏មកបញ្ជាក់ដូច្នេះដែរ។ អ៊ីចឹងអ្វី ដែលលទ្ធផលចុងក្រោយ គឺក្នុងនាមយើងជាមេធាវីក៏ស្នើសុំឲ្យ តុលាការពិចារណា ទៅលើ ៣ ចំណុច។ ពិចារណាទៅលើធាតុផ្សំឲ្យបានគ្រប់គ្រាន់ មុននឹងចេញដីកា សម្រេច។ ចេញសាលដីកាសម្រេចយ៉ាងណានោះ ចំណុចទី២ ឲ្យពិចារណាទៅលើ ភស្តុតាង ដែលសាក្សី ហើយនឹងភស្តុតាងដែលកសាងដោយសមត្ថកិច្ច ហើយទី៣ ពិចារណាទៅលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ»។
ប្រពន្ធលោក ស្រ៊ុន ស្រ៊ន គឺលោកស្រី ស៊ឹង សុភីណា ស្នើឲ្យតុលាការលើកលែងបទចោទប្រកាន់ និងដោះលែងប្ដីលោកស្រីឲ្យមានសេរីភាពវិញ ពីព្រោះ ការផ្សព្វផ្សាយរបស់ប្ដីលោកស្រី មានបំណងដើម្បីជួយសង្គមជាតិប៉ុណ្ណោះ។
លោកស្រី ស៊ឹង សុភីណា៖ «សំណូមពរឲ្យតុលាការគាត់ពិចារណាទៅលើបទចោទរបស់គាត់ ព្រោះអីគាត់មិនបានធ្វើអីដែរ មួយរយៈពេល ២ ឆ្នាំហ្នឹង គាត់នៅក្នុងពន្ធនាគារ រហូត។ អ៊ីចឹងសូមឲ្យពិចារណាដោះលែងគាត់ឲ្យមកជួបជុំកូន គ្រួសារវិញ រកលុយដើម្បីបង់កូនរៀនបន្តព្រោះគាត់ធ្វើការងារហ្នឹង ក៏ដើម្បីប្រទេសជាតិទាំងមូលដែរ»។
ក្រៅពីសំណុំរឿង«ញុះញង់» ដែលសាលាឧទ្ធរណ៍ភ្នំពេញបើកសវនាការនៅថ្ងៃនេះ លោក ស្រ៊ុន ស្រ៊ន និងសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសផ្សេងទៀត ដូចជា កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ក៏ត្រូវតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោស ឲ្យជាប់ ពន្ធនាគារ២ ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ៤លាន រៀល ពីបទ «ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធទៅនឹងការរិះគន់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និង វៀតណាម CLV-DTA។ ពួកគេ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចាប់ឃាត់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលតាមដាន សវនាការនេះ កត់សម្គាល់ថា សំណុំរឿងរបស់លោក ស្រ៊ុន ស្រ៊ន មិនខុសពី សំណុំរឿងអ្នកនយោបាយនោះទេ ដោយលោកថា នៅពេលអនុវត្ត ទោសជិតគ្រប់ ចំនួនហើយ បែរជាលេចចេញបទល្មើសថ្មីផ្សេងទៀត។ លោកថា លោក ស្រ៊ុន ស្រ៊ន គ្រាន់តែសំណូមពរឲ្យក្រសួងយុត្តិធម៌បកស្រាយ អំពីការតែងតាំងចៅក្រម ឬ ប្រធានតុលាការ ប៉ុន្តែក្រសួងមិនបានបកស្រាយ។
លោក យី សុខសាន្ត៖ «ចំណុចហ្នឹង ដែលគាត់គ្រាន់តែបកស្រាយ ប៉ុន្តែក្រសួងមិន បានបកស្រាយបែរជាប្ដឹងគាត់ទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់គាត់រហូតមក ដល់ថ្ងៃនេះ ទើបយើងដឹងថា នៅពេលដែលគាត់ជាប់ឃុំរឿង CLVបានជិត ២ ឆ្នាំ ហើយបានលេចរឿងមួយទៀត ពាក់ព័ន្ធជាមួយនឹងរឿងញុះញង់ដែរ ពាក់ព័ន្ធនឹង ក្រសួងយុត្តិធម៌ ចេញសេចក្ដីសម្រេចតែងតាំងប្រធានតុលាការស្ដីទីនេះ»។
បន្ទាប់ពីបញ្ចប់សវនាការនៅ ថ្ងៃនេះ សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកា សំណុំរឿងលោក ស្រ៊ុន ស្រ៊ន នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ។
មន្ត្រីសិទ្ធិមនុស្ស និង អ្នកឃ្លាំមើល ស្នើឲ្យតុលាការនៅកម្ពុជា អនុវត្តតាមច្បាប់ ដោយយុត្តិធម៌ ជាជាងការធ្វើតាមកំហឹងបុគ្គល ពីព្រោះតែចង់បំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរ ដែលមិនស្របនឹងរដ្ឋាភិបាល៕









