អ្នកការពារ​សិទ្ធិ​កម្មករ​ធ្វើការ​ក្រៅ​ប្រព័ន្ធ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ការពារ​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ

0
49
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា IDEA លោក វន់ ពៅ (ស្ដាំ) និងអ្នកធ្វើការ​ការពារ​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ។ រូបថ្ងៃទី១៧ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា IDEA លោក វន់ ពៅ (ស្ដាំ) និងអ្នកធ្វើការ​ការពារ​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ។ រូបថ្ងៃទី១៧ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា IDEA បាន​ប្រមូល​ម្ដុំ​គ្នា ដាក់​ញត្តិ នៅ​ក្រសួង​ការងារ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ការងារ​ផ្ដល់​សច្ចាប័ន លើ​អនុសញ្ញា​លេខ​១៨៩ របស់​អង្គការ​ផ្នែក​ការងារ​អន្តរជាតិ ILO ពាក់ព័ន្ធ​ការ​ការពារ​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ។ ការ​អំពាវនាវ​នេះ ក្រោយពី​ពួកគាត់​រក​ឃើញ​ថា ជាច្រើន​ទសវត្សរ៍​មកនេះ កម្មករ​ធ្វើការ​នៅ​តាម​ផ្ទះ គ្មាន​ការ​ការ​ការពារ ដោយ​ផ្លូវច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ខណៈ​ប្រាក់​ឈ្នួល​ក៏​ថោក ហើយ​សេវា​គាំពារ​សង្គម​ក៏​គ្មាន។

តំណាង​កម្មករ​ធ្វើការ​តាម​ផ្ទះ រួម​និង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា IDEA ជាង​២០​នាក់​នៅ​ថ្ងៃទី​១៦ ខែមិថុនា បាន​ប្រមូល​ម្ដុំ​គ្នា​ដើរ​ដង្ហែ​ញត្តិ​ទៅកាន់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ​។ ពួកគេ​ស្នើ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក ហេង សួរ ជួយ​ការពារ​សិទ្ធិ​កម្មករ ដែល​ធ្វើការ​នៅ​តាម​ផ្ទះ និង​ជំរុញ​ដល់​រដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ ១៨៩ របស់ ILO។

ញត្តិ​ដដែល​បាន​បញ្ជាក់​ថា មាន​កម្មករ​ធ្វើការ​តាម​ផ្ទះ​ប្រមាណ​១០០​នាក់ បាន​ចូលរួម​ផ្ដិតមេដៃ ដើម្បី​អំពាវនាវ ដល់​រដ្ឋាភិបាល និង​ក្រសួង​ឱ្យ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​មួយ​នេះ ក្រោយពី​ពួកគាត់ បាន​រៀបចំ​ទិវា​កម្មករ​ធ្វើការ​តាម​ផ្ទះ​អន្តរជាតិ ក្រោម​ប្រធានបទ​«​ឆ្ពោះទៅ​សិទ្ធិ​ការងារ សន្តិសុខ​ការងារ និង​គាំពារ​សង្គម សម្រាប់​កម្មករ​ធ្វើការ​ងារ​តាម​ផ្ទះ​» កាលពី​ថ្ងៃទី​១៤ ខែមិថុនា​។ ពួកគាត់​យល់ថា ការ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ គឺ​ជួយ​លើ​កម្ពស់​ជីវភាព និង​ការពារ​សិទ្ធិ​កម្មករ ពី​ការ​រំលោភបំពាន​ផ្សេងៗ និង​ទទួល​បាន​សេវា​គាំពារ​សង្គម ដួច​ជា​ប័ណ្ណ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(.​ប​.​ស​.​ស​) ជាដើម។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា IDEA លោក វន់ ពៅ ប្រាប់​អ្នកសារព័ត៌មាន នៅមុខ​ក្រសួង​ការងារ នៅ​ថ្ងៃទី​១៦ ខែមិថុនា​ថា គោលដៅ​នៃ​ការ​ដាក់​ញត្តិ​នេះ គឺ​មាន​តែមួយគត់ គឺ​ចង់ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ការងារ ផ្ដល់​សច្ចាប័ន លើ​អនុសញ្ញា​លេខ​១៨៩ របស់​អង្គការ​ផ្នែក​ការងារ​អន្តរជាតិ ហៅ​កាត់​ថា ILO ។ លោក​យល់​ថា កន្លង​ទៅ រដ្ឋាភិបាល​តែងតែ​លើកឡើង​អំពី​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​លើស​កម្ពស់​ឱ្យ​មាន​ការ​ផ្ដល់​សេវា​គាំពារ​សង្គម​ដល់​ពលរដ្ឋ ដូច្នេះ​ការ​ផ្ដល់​សច្ចាប័ន លើ​អនុសញ្ញា​អន្តរជាតិ​នេះ គឺ​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល។

លោក​បញ្ជាក់​ថា អនុសញ្ញា​អន្តរជាតិ​នេះ ពុំ​មែនមាន​វិសាលភាព ការពារ​សិទ្ធិ​កម្មករ​ចំពោះតែ​កម្មករ​ធ្វើការ​តាម​ផ្ទះ​ក្នុងស្រុក​ខ្មែរ​នោះ​ទេ គឺ​មាន​វិសាលភាព​ទូទាំង​ពិភពលោក ឱ្យ​តែ​មាន​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើការ។ លោក​ថា ជា​រឿង​គួរ​ឱ្យ​បារម្ភ ដែល​កន្លង​ទៅ កម្ពុជា​ពុំ​មាន​ច្បាប់​ការពារ​សិទ្ធិ​កម្មករ​ធ្វើការ​នៅ​តាម​ផ្ទះ ឱ្យ​បាន​ត្រឹមត្រូវ និង​ពេញលេញ​ទើប​ធ្វើ​ឱ្យ​កម្មករ ស្ទើរតែ​គ្រប់​ទីកន្លែង រង​ការរំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ ហើយ​ជាពិសេស ពុំ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ គ្មាន​ថ្ងៃ​សម្រាក​ជួបជុំ​គ្រួសារ​បាន​ជាក់លាក់ និង​គ្មាន​សេវា​គាំពារ​សង្គម​ពី​រដ្ឋ ដូចជា​ប័ណ្ណ​ប​.​ស​.​ស​ជាដើម។

លោក វន់ ពៅ៖ «យើង​ចង់ឱ្យ​អ្នកធ្វើការ​តាម​ផ្ទះ​អ្នកមាន​ប្រាក់ខែ​ក្ដី អ្នកធ្វើ​ការ​ឱ្យ​គ្រួសារ​ក្ដី ឱ្យ​ពួកគាត់​មានតម្លៃ​ស្មើ​ដូច​កម្មករ អ្នកធ្វើការ​ដទៃ​ដែរ​។ ចំណុច​នឹង​គឺ​សំខាន់ ព្រោះ​អ្នកធ្វើការ​តាម​ផ្ទះ​មិនមែន​ជា​ទាសករ​ទេ មិនមែន​ជា​អ្នកបម្រើ​ទេ​។ កម្មករ​តាម​ផ្ទះ គឺជា​កម្មករ​ដែល​មាន​តម្លៃ​ថ្លៃថ្នូរ ដូច​ដទៃ​ដែរ»។

បន្ថែម​ពីលើ​នោះ លោក​សង្កេត​ឃើញ​ថា កម្មករ​ធ្វើការ​តាម​ផ្ទះ​សឹងតែ​៩៥% ធ្វើការ​ដោយ​គ្មាន​លក្ខខណ្ឌ​ការងារ​ត្រឹមត្រូវ ច្បាប់​សម្រាក ពេល​បុណ្យទាន ឬ​ពេល​ឈឺ ក៏​មិន​ទទួល​បាន​ប្រាក់​ឈ្នួល ហើយ​លក្ខខណ្ឌ​ប្រាក់​ឈ្នួល សមរម្យ​ក៏​អត់​។ ជាមួយគ្នា​នោះ នៅពេល​កម្មករ​ធ្វើ​លើស​ម៉ោង​ក៏​មិន​ទទួល​បាន​ថវិកា​លើកទឹកចិត្ត ឬ​ប្រាក់​ឈ្នួល​បន្ថែម​នោះ​ដែរ​។ លើស​ពី​នោះ លោក​ថា កម្មករ​ខ្លះ​រង​ការ​រំលោភ​បំពាន​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ធ្វើ​ឱ្យ​ពួកគាត់​ហាក់​រស់នៅ​ដោយ​អារម្មណ៍ តែលតោល​។ លោក​សង្កត់ធ្ងន់​ថា កម្មករ​ធ្វើការ នៅ​តាម​ផ្ទះ​នៅ​ស្រុក​ខ្មែរ​ភាគច្រើន គឺ​ធ្វើ​ឱ្យ​អ្នកមាន​ធូរធារ ឧកញ៉ា និង​មន្ត្រី​ធំៗ​មួយចំនួន ប៉ុន្តែ​អ្នក​ទាំងនោះ មិនដែល​នាំ​កម្មករ ទៅ​ចុះបញ្ជី​ដើម្បី​ទទួល​បាន​សេវា​គាំពារ​សង្គម​នោះ​ទេ ខណៈ​អ្នក​ទាំងនោះ ហាក់​ចាត់ទុក​កម្មករ​ត្រឹមតែ​ជា ទាសករ ឬ ជា​អ្នក​បម្រើ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេសា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ តំណាង​ស្ត្រី​ធ្វើការ​នៅ​តាម​ផ្ទះ លោកស្រី វ៉ន់ គឹមស្រ៊ី លើកឡើង​ថា ការ​ដាក់​ញត្តិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​សច្ចាប័ន​លើ​អនុញ្ញាត​លេខ​១៨៩ របស់​អង្គការ​ILO​នេះ​គឺធ្វើ​ឡើង​ចំនួន​១០​លើក​មក​ហើយ នៅពេល​ដែល​មាន​ទិវា​អន្តរជាតិ​ស្ដីពី កម្មករ​ធ្វើការ​តាម​ផ្ទះ​។ លោកស្រី​សង្ឃឹមថា រដ្ឋាភិបាល និង​ក្រសួង​ការងារ​គួរតែ​ពិចារណា លើ​សំណើ របស់​កម្មករ​ប្រមាណ​១០០​នាក់ ដែល​បាន​ផ្ដិតមេដៃ​លើ​ញត្តិ​ដែល​បាន​ដាក់​នៅ​ថ្ងៃ​នេះ ព្រោះ​លោកស្រី​យល់ថា ញត្តិ​នេះ​ពិតជា​មាន​សារសំខាន់​បំផុត ដើម្បី​ជួយ​ការពារ​ផលប្រយោជន៍​កម្មករ ដែល​ធ្វើ​ការងារ​តាម​ផ្ទះ នៅ​ទូទៅ​ពិភពលោក​។ លោកស្រី​សង្កេត​ឃើញ​ថា អ្នកធ្វើការ​តាម​ផ្ទះ​ភាគច្រើន​គឺជា​ស្ត្រី ហើយ​ពួកគាត់ ងាយ​រងគ្រោះ​បំផុត​ពី​ការ​រំលោភបំពាន​លើ​រាងកាយ ដូច្នេះ​លោកស្រី ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​គួរតែ​ពន្លឿន​ធ្វើ​សច្ចាប័ន​អនុសញ្ញា​អន្តរជាតិ​នេះ។

លោកស្រី វ៉ន់ គឹមស្រ៊ី៖ «អ្នកធ្វើការ​នៅក្នុង​ផ្ទះ​សុទ្ធតែ​ជា​ស្ត្រី គាត់​ស្នាក់នៅ​ក្នុងផ្ទះ​តែឯង ហើយ​ជួន​កាលបើ​គាត់​មាន​បញ្ហា​អ្វី គឺ​គាត់​អត់​អាច​រត់​រក​អ្នកណា​ជួយ​ទេ ព្រោះ​ផ្ទះ ខ្លះ​គេ​បិទ​ទ្វា​ខាងក្រៅ គេ​ចាក់សោ មាន​របង​មាន​អ៊ីចឹង​។​អ៊ីចឹង​ហានិភ័យ​បំផុត​សម្រាប់​ពួកគាត់​ធ្វើការ​តាម​ផ្ទះ។ អ៊ីចឹង​បាន​ពួក​ខ្ញុំ​តែងតែ​ដាក់​ញត្តិ​នៅ​ក្រសួង ដើម្បី​សុំច្បាប់​ការពារ​សម្រាប់​ពួកគាត់»។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ឆ្នាំ​២០១៧​បាន​ចេញ​សេចក្ដីជូនដំណឹង​លេខ ៣៣៦ ស្ដីពី​ការ​ចុះ​ឈ្មោះ​កម្មករ​ក្រៅ​ប្រព័ន្ធ​ក្នុង ប​.​ស​.​ស ដើម្បី​ធានា​នូវ​សិទ្ធិ​ទទួល​បាន​ប្រព័ន្ធ​មូលនិធិ​សមធម៌ ដើម្បី​ទុក​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ឥតគិតថ្លៃ ឱ្យ​តែ​ពួកគាត់​បាន​ធ្វើ​កាត់​ប​.​ស​.​ស​.​។ ក៏ប៉ុន្តែ​អ្នកធ្វើ​ការ​ការពារ​សិទ្ធិ​កម្មករ នៅ​ក្រៅ​ប្រព័ន្ធ ភាគច្រើន រក​ឃើញ​ថា កម្មករ​ទាំងនោះ មិន​ទទួល​បាន​សេវា​គាំពារ​សង្គម​ឡើយ ព្រោះ​ថៅកែ តែងតែ​គេចវេះ មិន​ចង់​ធ្វើ​ឱ្យ​កម្មករ ដោយ​គិត​ថា ជា​រឿង​ធម្មតា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ