

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA បានប្រមូលម្ដុំគ្នា ដាក់ញត្តិ នៅក្រសួងការងារ ដើម្បីជំរុញឱ្យរដ្ឋាភិបាល និងក្រសួងការងារផ្ដល់សច្ចាប័ន លើអនុសញ្ញាលេខ១៨៩ របស់អង្គការផ្នែកការងារអន្តរជាតិ ILO ពាក់ព័ន្ធការការពារសិទ្ធិកម្មករធ្វើការតាមផ្ទះ។ ការអំពាវនាវនេះ ក្រោយពីពួកគាត់រកឃើញថា ជាច្រើនទសវត្សរ៍មកនេះ កម្មករធ្វើការនៅតាមផ្ទះ គ្មានការការការពារ ដោយផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ ខណៈប្រាក់ឈ្នួលក៏ថោក ហើយសេវាគាំពារសង្គមក៏គ្មាន។
តំណាងកម្មករធ្វើការតាមផ្ទះ រួមនិងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA ជាង២០នាក់នៅថ្ងៃទី១៦ ខែមិថុនា បានប្រមូលម្ដុំគ្នាដើរដង្ហែញត្តិទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ។ ពួកគេស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ជួយការពារសិទ្ធិកម្មករ ដែលធ្វើការនៅតាមផ្ទះ និងជំរុញដល់រដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៩ របស់ ILO។
ញត្តិដដែលបានបញ្ជាក់ថា មានកម្មករធ្វើការតាមផ្ទះប្រមាណ១០០នាក់ បានចូលរួមផ្ដិតមេដៃ ដើម្បីអំពាវនាវ ដល់រដ្ឋាភិបាល និងក្រសួងឱ្យផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិមួយនេះ ក្រោយពីពួកគាត់ បានរៀបចំទិវាកម្មករធ្វើការតាមផ្ទះអន្តរជាតិ ក្រោមប្រធានបទ«ឆ្ពោះទៅសិទ្ធិការងារ សន្តិសុខការងារ និងគាំពារសង្គម សម្រាប់កម្មករធ្វើការងារតាមផ្ទះ» កាលពីថ្ងៃទី១៤ ខែមិថុនា។ ពួកគាត់យល់ថា ការផ្ដល់សច្ចាប័នលើអនុសញ្ញានេះ គឺជួយលើកម្ពស់ជីវភាព និងការពារសិទ្ធិកម្មករ ពីការរំលោភបំពានផ្សេងៗ និងទទួលបានសេវាគាំពារសង្គម ដួចជាប័ណ្ណ បេឡាជាតិរបបសន្តិសុខសង្គម(.ប.ស.ស) ជាដើម។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA លោក វន់ ពៅ ប្រាប់អ្នកសារព័ត៌មាន នៅមុខក្រសួងការងារ នៅថ្ងៃទី១៦ ខែមិថុនាថា គោលដៅនៃការដាក់ញត្តិនេះ គឺមានតែមួយគត់ គឺចង់ឱ្យរដ្ឋាភិបាល និងក្រសួងការងារ ផ្ដល់សច្ចាប័ន លើអនុសញ្ញាលេខ១៨៩ របស់អង្គការផ្នែកការងារអន្តរជាតិ ហៅកាត់ថា ILO ។ លោកយល់ថា កន្លងទៅ រដ្ឋាភិបាលតែងតែលើកឡើងអំពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើសកម្ពស់ឱ្យមានការផ្ដល់សេវាគាំពារសង្គមដល់ពលរដ្ឋ ដូច្នេះការផ្ដល់សច្ចាប័ន លើអនុសញ្ញាអន្តរជាតិនេះ គឺឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា អនុសញ្ញាអន្តរជាតិនេះ ពុំមែនមានវិសាលភាព ការពារសិទ្ធិកម្មករចំពោះតែកម្មករធ្វើការតាមផ្ទះក្នុងស្រុកខ្មែរនោះទេ គឺមានវិសាលភាពទូទាំងពិភពលោក ឱ្យតែមានពលរដ្ឋខ្មែរទៅធ្វើការ។ លោកថា ជារឿងគួរឱ្យបារម្ភ ដែលកន្លងទៅ កម្ពុជាពុំមានច្បាប់ការពារសិទ្ធិកម្មករធ្វើការនៅតាមផ្ទះ ឱ្យបានត្រឹមត្រូវ និងពេញលេញទើបធ្វើឱ្យកម្មករ ស្ទើរតែគ្រប់ទីកន្លែង រងការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ ហើយជាពិសេស ពុំទទួលបានប្រាក់ឈ្នួលសមរម្យ គ្មានថ្ងៃសម្រាកជួបជុំគ្រួសារបានជាក់លាក់ និងគ្មានសេវាគាំពារសង្គមពីរដ្ឋ ដូចជាប័ណ្ណប.ស.សជាដើម។
លោក វន់ ពៅ៖ «យើងចង់ឱ្យអ្នកធ្វើការតាមផ្ទះអ្នកមានប្រាក់ខែក្ដី អ្នកធ្វើការឱ្យគ្រួសារក្ដី ឱ្យពួកគាត់មានតម្លៃស្មើដូចកម្មករ អ្នកធ្វើការដទៃដែរ។ ចំណុចនឹងគឺសំខាន់ ព្រោះអ្នកធ្វើការតាមផ្ទះមិនមែនជាទាសករទេ មិនមែនជាអ្នកបម្រើទេ។ កម្មករតាមផ្ទះ គឺជាកម្មករដែលមានតម្លៃថ្លៃថ្នូរ ដូចដទៃដែរ»។
បន្ថែមពីលើនោះ លោកសង្កេតឃើញថា កម្មករធ្វើការតាមផ្ទះសឹងតែ៩៥% ធ្វើការដោយគ្មានលក្ខខណ្ឌការងារត្រឹមត្រូវ ច្បាប់សម្រាក ពេលបុណ្យទាន ឬពេលឈឺ ក៏មិនទទួលបានប្រាក់ឈ្នួល ហើយលក្ខខណ្ឌប្រាក់ឈ្នួល សមរម្យក៏អត់។ ជាមួយគ្នានោះ នៅពេលកម្មករធ្វើលើសម៉ោងក៏មិនទទួលបានថវិកាលើកទឹកចិត្ត ឬប្រាក់ឈ្នួលបន្ថែមនោះដែរ។ លើសពីនោះ លោកថា កម្មករខ្លះរងការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលធ្វើឱ្យពួកគាត់ហាក់រស់នៅដោយអារម្មណ៍ តែលតោល។ លោកសង្កត់ធ្ងន់ថា កម្មករធ្វើការ នៅតាមផ្ទះនៅស្រុកខ្មែរភាគច្រើន គឺធ្វើឱ្យអ្នកមានធូរធារ ឧកញ៉ា និងមន្ត្រីធំៗមួយចំនួន ប៉ុន្តែអ្នកទាំងនោះ មិនដែលនាំកម្មករ ទៅចុះបញ្ជីដើម្បីទទួលបានសេវាគាំពារសង្គមនោះទេ ខណៈអ្នកទាំងនោះ ហាក់ចាត់ទុកកម្មករត្រឹមតែជា ទាសករ ឬ ជាអ្នកបម្រើ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១៦ ខែមិថុនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ តំណាងស្ត្រីធ្វើការនៅតាមផ្ទះ លោកស្រី វ៉ន់ គឹមស្រ៊ី លើកឡើងថា ការដាក់ញត្តិស្នើឱ្យរដ្ឋាភិបាលធ្វើសច្ចាប័នលើអនុញ្ញាតលេខ១៨៩ របស់អង្គការILOនេះគឺធ្វើឡើងចំនួន១០លើកមកហើយ នៅពេលដែលមានទិវាអន្តរជាតិស្ដីពី កម្មករធ្វើការតាមផ្ទះ។ លោកស្រីសង្ឃឹមថា រដ្ឋាភិបាល និងក្រសួងការងារគួរតែពិចារណា លើសំណើ របស់កម្មករប្រមាណ១០០នាក់ ដែលបានផ្ដិតមេដៃលើញត្តិដែលបានដាក់នៅថ្ងៃនេះ ព្រោះលោកស្រីយល់ថា ញត្តិនេះពិតជាមានសារសំខាន់បំផុត ដើម្បីជួយការពារផលប្រយោជន៍កម្មករ ដែលធ្វើការងារតាមផ្ទះ នៅទូទៅពិភពលោក។ លោកស្រីសង្កេតឃើញថា អ្នកធ្វើការតាមផ្ទះភាគច្រើនគឺជាស្ត្រី ហើយពួកគាត់ ងាយរងគ្រោះបំផុតពីការរំលោភបំពានលើរាងកាយ ដូច្នេះលោកស្រី ស្នើឱ្យក្រសួងពាក់ព័ន្ធគួរតែពន្លឿនធ្វើសច្ចាប័នអនុសញ្ញាអន្តរជាតិនេះ។
លោកស្រី វ៉ន់ គឹមស្រ៊ី៖ «អ្នកធ្វើការនៅក្នុងផ្ទះសុទ្ធតែជាស្ត្រី គាត់ស្នាក់នៅក្នុងផ្ទះតែឯង ហើយជួនកាលបើគាត់មានបញ្ហាអ្វី គឺគាត់អត់អាចរត់រកអ្នកណាជួយទេ ព្រោះផ្ទះ ខ្លះគេបិទទ្វាខាងក្រៅ គេចាក់សោ មានរបងមានអ៊ីចឹង។អ៊ីចឹងហានិភ័យបំផុតសម្រាប់ពួកគាត់ធ្វើការតាមផ្ទះ។ អ៊ីចឹងបានពួកខ្ញុំតែងតែដាក់ញត្តិនៅក្រសួង ដើម្បីសុំច្បាប់ការពារសម្រាប់ពួកគាត់»។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីឆ្នាំ២០១៧បានចេញសេចក្ដីជូនដំណឹងលេខ ៣៣៦ ស្ដីពីការចុះឈ្មោះកម្មករក្រៅប្រព័ន្ធក្នុង ប.ស.ស ដើម្បីធានានូវសិទ្ធិទទួលបានប្រព័ន្ធមូលនិធិសមធម៌ ដើម្បីទុកចំណាយលើការព្យាបាលជំងឺនៅមន្ទីរពេទ្យឥតគិតថ្លៃ ឱ្យតែពួកគាត់បានធ្វើកាត់ប.ស.ស.។ ក៏ប៉ុន្តែអ្នកធ្វើការការពារសិទ្ធិកម្មករ នៅក្រៅប្រព័ន្ធ ភាគច្រើន រកឃើញថា កម្មករទាំងនោះ មិនទទួលបានសេវាគាំពារសង្គមឡើយ ព្រោះថៅកែ តែងតែគេចវេះ មិនចង់ធ្វើឱ្យកម្មករ ដោយគិតថា ជារឿងធម្មតា៕









