កូនចៅ​ជំនិត​ឧក្រិដ្ឋជន ចេន ហ្ស៊ី ម្នាក់ទៀត​ត្រូវ​បាន​បញ្ជូន​ដល់​​ចិន​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
65
មនុស្ស​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​អានហ៊ុយ (Anhui) ប្រចាំ​កម្ពុជា លោក លីវ រ៉េន (ស្ដាំ) និង​ភរិយា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អ្នកស្រី ពេជ ចន្ទមុន្នី ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​មួយ កាល​ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូប៖ AKP
មនុស្ស​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​អានហ៊ុយ (Anhui) ប្រចាំ​កម្ពុជា លោក លីវ រ៉េន (ស្ដាំ) និង​ភរិយា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អ្នកស្រី ពេជ ចន្ទមុន្នី ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​មួយ កាល​ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូប៖ AKP

កូនចៅ​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ម្នាក់ទៀត គឺ​លោក លីវ រ៉េន (Liu Ren) ត្រូវ​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅដល់​ចិន​ហើយ បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ មនុស្ស​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​ចិន​តាម​ចាប់ខ្លួន​ជា​យូរ​មក​ហើយ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ មុននឹង​មក​បង្កើត​ក្រុមហ៊ុន ជីនប៉ី គ្រុប (Jin Bei Group) នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៦ ដែល​រង​ការ​ចោទប្រកាន់​ថា ជា​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដ៏​ធំ​មួយ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​មេខ្លោង​ឧក្រិដ្ឋជន ចេន ហ្ស៊ី។

ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា​ថា អាជ្ញាធរ​កម្ពុជា​បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​ការ​ចាប់ខ្លួន និង​ធ្វើ​បត្យាប័ន​បញ្ជូន​មេខ្លោង​ឆបោក​តាម​អនឡាញ​លោក លីវ រ៉េន ដែល​ជា​សមាជិក​សំខាន់​មួយ​របស់​ឧក្រិដ្ឋជន​ចេន ហ្ស៊ី​។ ភាគី​ចិន​ចាត់ទុក​ការ​ចាប់ខ្លួន​មនុស្ស​ជំនិត​ឧក្រិដ្ឋជន ចេ​ន ហ្ស៊ី រូប​នេះ ជា​ជោគជ័យ​ថ្មី​មួយទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ចិន និង​កម្ពុជា។

ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ឱ្យដឹងទៀត​ថា កាលពី​ឆ្នាំ​២០១៦ ឧក្រិដ្ឋជន ចេ​ន ហ្ស៊ី បាន​ដឹកនាំ និង​បញ្ជា​ឱ្យ​លោក លីវ រ៉េន និង​អ្នក​ដទៃទៀត​ឱ្យ​បង្កើត​ក្រុមហ៊ុន ជីនប៉ី គ្រុប (Jinbei Group) ក្នុង​ខេត្ត​ព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ជា​វេទិកា​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ជាច្រើន និង​អូស​ទាក់ទាញ​ពលរដ្ឋ​ចិន​ឱ្យ​ចូល​លេងល្បែង​ស៊ីសង​យ៉ាងសកម្ម​។ រហូត​ចាប់​តាំង​ពី​ឆ្នាំ​២០២០ រដ្ឋាភិបាល​ចិន​រក​ឃើញ​ថា ក្រុមហ៊ុន ជីនប៉ី គ្រុប បាន​ដំណើរការ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ក្លែងបន្លំ​ទូរគមនាគមន៍​នៅ​កម្ពុជា ដោយ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អន​ឡាញ​ទ្រង់ទ្រាយ​ធំ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​។ ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ឱ្យ​ដឹង​ទៀត​ថា កូនចៅ​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី គឺ​លោក លីវ រ៉េន ក៏​ត្រូវ​បាន​ជាប់​សង្ស័យ​ពី​បទ​ឧក្រិដ្ឋ​ហិង្សា​ជាច្រើន​ករណី​រួមមាន ការ​បង្ខាំង និង​ឃុំខ្លួន​មនុស្ស​ខុសច្បាប់ និង​ការប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ដោយ​ចេតនា។

លោក លីវ រ៉េន ក៏​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​អានហ៊ុយ (Anhui) ប្រចាំ​កម្ពុជា​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​មួយចំនួន​បាន​រាយការណ៍​ថា លោក លីវ រ៉េន គឺជា​មេខ្លោង និង​ជា​សមាជិក​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា​ដែល​មាន​ប្រធាន​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) គឺ​ឧក្រិដ្ឋជន ចេ​ន ហ្ស៊ី ជា​មេខ្លោង​ធំ​។ លើស​ពី​នេះ លោក​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចិន​តាម​ចាប់ខ្លួន​តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ​ពាក់ព័ន្ធ​នឹង​ការ​បើក​បន​ល្បែងស៊ីសង​តាម​អន​ឡាញ​ឆ្លងដែន​ខុសច្បាប់ និង​ការ​ឆបោក​តាម​អនឡាញ។

មនុស្ស​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​អានហ៊ុយ (Anhui) ប្រចាំ​កម្ពុជា លោក លីវ រ៉េន ពេលត្រូវបានឃាត់ខ្លួន។ រូប៖ ផ្ដល់ឱ្យ

ទូរទស្សន៍​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​នៅ​ថ្ងៃទី​១៨ ខែ​មិថុនា​។​

ទោះបីជា​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បាន​ចាប់​មេខ្លោង​ឧក្រិដ្ឋជន​ចិន និង​ឃាត់ខ្លួន​មន្ត្រី​អាជ្ញាធរ មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​ក៏​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​បន្ត​ដំណើរការ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​ក្នុង​ប្រទេស​កម្ពុជា​ដដែល។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា មេខ្លោង​ឧក្រិដ្ឋជន​ចិន មិន​អាច​មក​បើក​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា​បាន​ឡើយ ប្រសិនបើ​គ្មាន​ការអនុញ្ញាត និង​ការ​កាង​ការពារ​ពី​រដ្ឋាភិបាល និង​មន្ត្រី​អ្នកមាន​លុយ​មានអំណាច។

លោក ស៊ឹង សែន​ករុណា៖ «​អ៊ីចឹង​ហើយ បើ​មិន​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ឧកញ៉ា​ធំៗ អ្នក​មាន​អំណាច​តួនាទី​កាង ការពារ​ពីក្រោយ​ទេ ជន​ទាំងអស់​នោះ មិនអាច​ប្រព្រឹត្ត​នូវ​បទល្មើស​នៅ​លើ​ទឹកដី​កម្ពុជា​បានទេ អ៊ីចឹង​ទោះបី​បង្ក្រាប​ទៅលើ​ជនជាតិ​ចិន​នេះ ពី​មួយ​ទៅ​មួយ ក៏​អត់​ទាន់​ស្រាកស្រាន្ត ក៏​អត់​ទាន់​បិទ​បញ្ចប់​បាន​ដែរ​។ អ៊ីចឹង​ខ្ញុំ​គ្មាន​ការ​ជឿជាក់​ចំពោះ​ការ​ចាប់ខ្លួន​លោក លីវ រ៉េ​ន ចុងក្រោយ​នេះ​ថា ជា​ការ​បិទ​បញ្ចប់​នូវ​ករណី​ស្កេម​អន​ឡាញ (Scam online) ទេ បើ​មិន​ចាត់វិធានការ​ទៅលើ​បុគ្គល​ដែល​ពាក់ព័ន្ធ​ដែល​មាន​ឥទ្ធិពល​មួយចំនួន​ជា​ឧកញ៉ា និង​មាន​តួនាទី​ដែល​ជា​អ្នក​កាង ការពារ​អ្នក​ទាំង​អស់ហ្នឹង​ប្រព្រឹត្ត​បទល្មើស»។

លោក ស៊ឹង សែនករុណា កត់សម្គាល់​ថា ទោះបី​មាន​ចំណាត់ការ​បង្ក្រាប ប៉ុន្តែ​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ឥត​ស្រាកស្រាន្ត ហើយ​បណ្ដាញ​ឧក្រិដ្ឋជន​បន្ត​ផ្លាស់ប្ដូរ​ទី​តាំងពី​កន្លែង​មួយ​ទៅ​មួយ​កន្លែង​មួយ​។ លោក​ថា រូបភាព​នេះ​ឆ្លុះបញ្ចាំង​ពី​កម្សោយ​ដឹកនាំ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន និង​បញ្ហា​អំពើពុករលួយ​ដែល​កើត​ចេញ​ពី​ការដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម​។ ជាមួយ​គ្នា​នេះ លោក ស៊ឹង សែន​ករុណា ក៏​ចង់​ឃើញ​រដ្ឋាភិបាល​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ដោយ​បើក​ការស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ និង​ផ្ដន្ទាទោស​ជនសង្ស័យ​ជា​ជន​ជាតិចិន​នៅក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ជាមុន​សិន មុននឹង​បញ្ជូន​ទៅ​ប្រទេស​ចិន ដើម្បី​ធានា​ថា បណ្ដាញ​អ្នកសមគំនិត មេខ្លោង និង​មន្ត្រី​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស មិនអាច​គេច​ផុត​ពី​សំណាញ់​ច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ