

សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសលោក ស្រ៊ុន ស្រ៊ន និងសំណុំរឿងអ្នកបញ្ចេញមតិ និងសកម្មជនបក្សប្រឆាំងមួយចំនួននៅក្នុងថ្ងៃតែមួយ ក្រោមបទចោទ«ញុះញង់» ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាជាតិ និងសង្គម។ មេធាវី និងសង្គមស៊ីវិល សោកស្ដាយ និងថា ការសម្រេចនេះ នឹងរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិបន្ថែមទៀត។
មេធាវីការពារក្ដីឲ្យសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស សោកស្ដាយចំពោះការ សម្រេចរបស់សាលាឧទ្ធរណ៍ ដែលតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។
មេធាវីការពារក្ដីឲ្យលោក ស្រ៊ុន ស្រ៊ន គឺលោក សឺន ជុំជួន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃ២២ ខែមិថុនា ថា កូនក្ដីរបស់លោក នឹងប្ដឹងសាទុក្ខទៅតុលាការកំពូលទៀត ពីព្រោះកូនក្ដីមិនអាចទទួលយកបានឡើយ។
សាលាដំបូងភ្នំពេញកាលពីខែមេសា ឆ្នាំ២០២៤ បានផ្ដន្ទាទោសលោក ស្រ៊ុន ស្រ៊ន កំបាំងមុខ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយរបស់លោក អំពីរឿងក្រសួងយុត្តិធម៌តែងតាំងប្រធានតុលាការកំពូល ដោយសាលាដំបូងភ្នំពេញបានចោទប្រកាន់លើលោក ស្រ៊ុន ស្រ៊ន តាំងពីឆ្នាំ២០២៣ ប៉ុន្តែលោកមិនដឹងនោះទេ។ រហូតដល់សមត្ថកិច្ចចាប់ខ្លួនលោក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ទើបលោកបានដឹងសំណុំរឿងចោទប្រកាន់មួយនេះ។
លោក ស្រ៊ុន ស្រ៊ន និងសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសផ្សេងទៀត ដូចជា កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ក៏ត្រូវតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២ ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ៤លានរៀល ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការរិះគន់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម CLV-DTA។ លោក ស្រ៊ុន ស្រ៊ន ត្រូវចេញពីពន្ធនាគារនៅក្នុងខែកក្កដាខាងមុខនេះ ក្រោយអនុវត្តការជាប់ឃុំ ចប់សព្វគ្រប់នៅក្នុងសំណុំរឿងទី១ ប៉ុន្តែការសម្រេចរបស់តុលាការទៅលើសំណុំរឿងទី២នៅពេលនេះ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារចំនួន២ឆ្នាំបន្ថែមទៀតក្រោយអនុវត្តទោសក្នុងសំណុំរឿងទី១ចប់។
ក្រៅពីសំណុំរឿងលោក ស្រ៊ុន ស្រ៊ន នៅថ្ងៃទី២២ ខែមិថុនា ដដែលនេះ សាលាឧទ្ធរណ៍ភ្នំពេញ ក៏បានប្រកាសសាលដីកា តម្កល់សាលក្រមផ្ដន្ទាទោសអតីតពលករខ្មែរនៅប្រទេសម៉ាឡេស៊ី កញ្ញា នួន តឿន និងអ្នកប្រើប្រាស់បណ្ដាញសង្គម លោកស្រី ផៃ ឡាយហោ ក្នុងសំណុំរឿង«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»ដូចគ្នា។ កញ្ញា នួន តឿន គឺជាស្ត្រីម្នាក់ធ្លាប់បានធ្វើការងារនៅប្រទេសម៉ាឡេស៊ី និងជាអ្នកគាំទ្រគណបក្សប្រឆាំង។ កញ្ញាត្រូវបានចាប់ខ្លួន និងបញ្ជូនមកប្រទេសកម្ពុជាវិញ កាលពីចុងឆ្នាំ ២០២៤ តាមសំណើរបស់អាជ្ញាធរកម្ពុជា។
ជាមួយគ្នានេះ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមសកម្មជនគណបក្សឆន្ទៈខ្មែរ លោក កាន់ គុន និងលោក មុត រិន ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល (ប្រមាណ ៥០០ ដុល្លារ) ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»និងបទ «ប្រមាថ»ជុំវិញការបង្ហោះសាររិះគន់ដល់ថ្នាក់ដឹកនាំលើបណ្ដាញសង្គមរបស់អ្នកទាំងពីរ។ អ្នកទាំងពីរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅអំឡុងខែមីនា ឆ្នាំ២០២៥។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO)លោក អំ សំអាត សោកស្ដាយចំពោះសាលាឧទ្ធរណ៍ដែលតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញលើសកម្មជនសង្គម អ្នកបញ្ចេញមតិ និងសកម្មជននយោបាយទុកជាបានការដដែល។ លោកទទូចឲ្យតុលាការពិនិត្យ និងញែកឱ្យដាច់រវាងសេរីភាពបញ្ចេញមតិ និងបទល្មើស ដើម្បីកុំឲ្យប៉ះពាល់ដល់ ការរឹតត្បិតសេរីភាពបញ្ចេញមតិ។ «»
អង្គការលីកាដូ ឲ្យដឹងថា លោក ស្រ៊ុន ស្រ៊ន កញ្ញា នួន តឿន លោក កាន់ គុន និងលោក មុត រិន កំពុងជាប់ឃុំក្នុងពន្ធនាគារផ្សេងៗគ្នា ។ ពួកគាត់ទាំង ៤ នាក់ សិ្ថតក្នុងចំណោមមនុស្ស ១១៤ នាក់ កំពុងជាប់ឃុំដោយប្រើសិទ្ធិ។
អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសនយោបាយ និង អ្នកទោសមនសិការទាំងអស់ ឲ្យមានសេរីភាព និងត្រូវបញ្ឈប់សកម្មភាពចាប់ និងឃុំខ្លួនពលរដ្ឋខ្មែរ ដែលគ្មានកំហុស ទុកធ្វើជាចំណាប់ខ្មាំងនៃអំណាចរបស់គ្រួសារត្រកូលហ៊ុនបន្តទៀត៕








