ឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្ដន្ទាទោស​លោក ស្រ៊ុន ស្រ៊ន ក្នុង​សំណុំរឿង «​ញុះញង់» ជាមួយ​សកម្មជន​ផ្សេង​ទៀត

0
60
សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន។ រូប៖ បណ្ដាញសង្គម
សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន។ រូប៖ បណ្ដាញសង្គម

សាលាឧទ្ធរណ៍​ភ្នំពេញតម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន និង​សំណុំរឿង​អ្នក​បញ្ចេញមតិ និង​សកម្មជន​បក្ស​ប្រឆាំង​មួយចំនួន​នៅក្នុង​ថ្ងៃ​តែមួយ ក្រោម​បទ​ចោទ​«​ញុះញង់​» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​ពី​បញ្ហា​ជាតិ និង​សង្គម។ មេធាវី និង​សង្គម​ស៊ីវិល សោកស្ដាយ និង​ថា ការសម្រេច​នេះ នឹង​រង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត។

មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស សោកស្ដាយ​ចំពោះ​ការ សម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ស្រ៊ុន ស្រ៊ន គឺ​លោក សឺន ជុំ​ជួន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​២២ ខែមិថុនា ថា កូនក្ដី​របស់​លោក នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត ពីព្រោះ​កូនក្ដី​មិន​អាច​ទទួលយក​បាន​ឡើយ។

សាលាដំបូង​ភ្នំពេញ​កាលពី​ខែមេសា ឆ្នាំ​២០២៤ បាន​ផ្ដន្ទាទោស​លោក ស្រ៊ុន ស្រ៊ន កំបាំងមុខ ឲ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤​លាន​រៀល ពី​បទ​«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក អំពី​រឿង​ក្រសួងយុត្តិធម៌​តែងតាំង​ប្រធាន​តុលាការ​កំពូល ដោយ​សាលាដំបូង​ភ្នំពេញ​បាន​ចោទប្រកាន់​លើ​លោក ស្រ៊ុន ស្រ៊ន តាំងពី​ឆ្នាំ​២០២៣ ប៉ុន្តែ​លោក​មិនដឹង​នោះ​ទេ។ រហូត​ដល់​សមត្ថកិច្ច​ចាប់ខ្លួន​លោក នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ទើប​លោក​បានដឹង​សំណុំរឿង​ចោទប្រកាន់​មួយ​នេះ។

លោក ស្រ៊ុន ស្រ៊ន និង​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផ្សេងទៀត ដូចជា កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ក៏​ត្រូវ​តុលាការ​ក្រុងភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ៤​លាន​រៀល ពី​បទ​«​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ពាក់ព័ន្ធ​នឹង​ការរិះគន់​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ និង​វៀតណាម CLV-DTA​។ លោក ស្រ៊ុន ស្រ៊ន ត្រូវ​ចេញពី​ពន្ធនាគារ​នៅក្នុង​ខែកក្កដា​ខាងមុខនេះ ក្រោយ​អនុវត្ត​ការ​ជាប់​ឃុំ ចប់​សព្វគ្រប់​នៅក្នុង​សំណុំរឿង​ទី​១ ប៉ុន្តែ​ការសម្រេច​របស់​តុលាការ​ទៅលើ​សំណុំរឿង​ទី​២​នៅ​ពេល​នេះ លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​បន្ថែម​ទៀត​ក្រោយ​អនុវត្ត​ទោស​ក្នុង​សំណុំរឿង​ទី​១ចប់។

ក្រៅពី​សំណុំរឿង​លោក ស្រ៊ុន ស្រ៊ន នៅ​ថ្ងៃទី​២២ ខែ​មិថុនា ដដែល​នេះ សាលាឧទ្ធរណ៍​ភ្នំពេញ ក៏បាន​ប្រកាស​សាលដីកា តម្កល់​សាលក្រម​ផ្ដន្ទាទោស​អតីត​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី កញ្ញា នួន តឿន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម លោកស្រី ផៃ ឡាយហោ ក្នុង​សំណុំរឿង​«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​ដូចគ្នា​។ កញ្ញា នួន តឿន គឺជា​ស្ត្រី​ម្នាក់​ធ្លាប់​បាន​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​។ កញ្ញា​ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ កាលពី​ចុងឆ្នាំ ២០២៤ តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា។

ជាមួយ​គ្នា​នេះ សាលាឧទ្ធរណ៍​បាន​តម្កល់​សាលក្រម​សកម្មជន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក កាន់ គុន និង​លោក មុត រិ​ន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៨ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល (​ប្រមាណ ៥០០ ដុល្លារ​) ពី​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​និង​បទ «​ប្រមាថ​»​ជុំវិញ​ការ​បង្ហោះ​សារ​រិះគន់​ដល់​ថ្នាក់ដឹកនាំ​លើ​បណ្ដាញ​សង្គម​របស់​អ្នក​ទាំងពីរ។ អ្នក​ទាំងពីរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០២៥។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO)​លោក អំ សំអាត សោកស្ដាយ​ចំពោះ​សាលាឧទ្ធរណ៍​ដែល​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សកម្មជន​សង្គម អ្នក​បញ្ចេញមតិ និង​សកម្មជន​នយោបាយ​ទុក​ជា​បាន​ការ​ដដែល។ លោក​ទទូច​ឲ្យ​តុលាការ​ពិនិត្យ និង​ញែក​ឱ្យ​ដាច់​រវាង​សេរីភាព​បញ្ចេញមតិ និង​បទល្មើស ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់ ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ។ «»

អង្គការ​លីកាដូ ឲ្យ​ដឹង​ថា លោក ស្រ៊ុន ស្រ៊ន កញ្ញា នួន តឿន លោក កាន់ គុន និង​លោក មុត រិន កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ផ្សេងៗ​គ្នា ។ ពួកគាត់​ទាំង ៤ នាក់ សិ្ថត​ក្នុង​ចំណោម​មនុស្ស ១១៤ នាក់ កំពុង​ជាប់ឃុំ​ដោយ​ប្រើ​សិទ្ធិ។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ទោស​នយោបាយ និង អ្នកទោស​មនសិការ​ទាំ​ង​អស់ ឲ្យ​មាន​សេរីភាព និង​ត្រូវ​បញ្ឈប់​សកម្មភាព​ចាប់ និង​ឃុំខ្លួន​ពលរដ្ឋ​ខ្មែរ ដែល​គ្មាន​កំហុស ទុក​ធ្វើជា​ចំណាប់ខ្មាំង​នៃ​អំណាច​របស់​គ្រួសារ​ត្រកូល​ហ៊ុន​បន្ត​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ