មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​អ្នក​ជាប់ឃុំ ដោយ​សារភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ

0
87
ទណ្ឌិត​ជា​ស្រ្ដី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១០។ Photo​ Courtesy of RFA
ទណ្ឌិត​ជា​ស្រ្ដី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១០។ Photo​ Courtesy of RFA

មន្ត្រី​សង្គម​សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​ការរំលោភ​សិទ្ធិ និង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ដល់​អ្នក​ជាប់ឃុំ​កាន់តែ​ច្រើន ខណៈ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន​។ ការ​ព្រួយបារម្ភ​នេះ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​បង្ហាញ​របាយការណ៍​ពី​ចំនួន​អ្នក​ជាប់ឃុំ​នៅ​ទូទាំង​ប្រទេស​មានការ​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០២៦​នេះ។

មន្ត្រី​សិទ្ធិមនុស្ស លើកឡើង​ថា ចំនួន​កើនឡើង​នៃ​អ្នក​ជាប់ឃុំ និង​អ្នកទោស​ក្នុង​ពន្ធនាគារ​អាច​បង្ក​ជា​ជំងឺឆ្លង និង​បញ្ហា​ផ្លូវចិត្ត ដល់​អ្នក​ជាប់ឃុំ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ហើយ​ការផ្ទេរ​អ្នកទោស ឬ​អ្នក​ជាប់ឃុំ​ពី​មន្ទីរឃុំឃាំង​មួយ​ទៅ​មន្ទីរឃុំឃាំង​មួយទៀត​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ក្នុង​ការ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នេះ​ឡើយ។

ការ​លើកឡើង​នេះ គឺ​ក្រោយ​ពេល​ដែល​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក ឈន សាណាត បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២៦ ឆមាស​ទី​១ កាលពី​ថ្ងៃទី​០៤ កក្កដា ថា ចំនួន​អ្នក​ជាប់ឃុំ និង​អ្នកទោស​នៅ​ទូទាំង​ប្រទេស​បាន​បន្ត​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។ លោក​អះអាង​ថា ការ​កើនឡើង​នៃ​ចំនួន​ជន​ជាប់ឃុំ​នេះ​បណ្តាល​មក​ពី​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​ការ​ដាក់​ចេញ​នូវ​វិធានការណ៍​នានា​ពាក់ព័ន្ធ​ការ​បង្ក្រាប​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Scam Online) បទល្មើស​គ្រឿងញៀន និង​ក្រុម​ក្មេង​ទំនើង​ជាដើម។

លោក ឈន សាណាត ទទួលស្គាល់​ថា ភាព​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ​ជាដើម​ចម​ដែល​បង្ក​ការ​លំបាក​ក្នុង​ការ​រៀប​ចំការ​ឃុំឃាំង និង​អនុវត្ត​មិនបាន​ពេញលេញ​ក្នុង​ការ​បែងចែក​អ្នក​ជាប់ឃុំ​ទៅតាម​ប្រភេទ​បទល្មើស​នីមួយៗ ដូចជា​កម្រិត​ហានិភ័យ​ផ្នែក​សន្តិសុខ និង​មិនអាច​បែងចែក​ដាច់ដោយឡែក​សម្រាប់​អ្នកមាន​ជំងឺឆ្លង​បាន​ឡើយ។

មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ការ​ឃុំ​ឃាំង​អ្នក​ជាប់ឃុំ និង​អ្នកទោស​នៅក្នុង​បន្ទប់​ចង្អៀត​ណែន​តែមួយ​មាន​គ្នា​ច្រើន បង្ក​ឲ្យ​អ្នក​ជាប់ឃុំ​ទាំងនោះ មាន​សម្ពាធ​ផ្លូវចិត្ត ភាព​តានតឹង​រហូត​ចង់​ធ្វើ​អត្តឃាត​ខ្លួនឯង មាន​អារម្មណ៍​ចង់​រត់គេច ចង់​បង្ក​បាតុកម្ម​ឬ​កុបកម្ម​ក្នុង​ពន្ធនាគារ​ជាពិសេស​គឺ​ជន​ជាប់ឃុំ​ដែល​មាន​ហានិភ័យ​ខ្ពស់ មានបំណង​ចង់​រត់គេច ឬ​មានបំណង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជាដើម​។​

លោក ឈន សាណាត៖ «​ជន​ជាប់ឃុំ​មុខសញ្ញា​ពិសេស កម្រិត​គ្រោះថ្នាក់​ខ្ពស់​ដល់​សន្តិសុខ​តែងតែ​រិះរក​មធ្យោបាយ​ឬ​ឱកាសធ្វើ​សកម្មភាព​លួច​រត់គេច​ខ្លួន ឬ​ទំនាក់ទំនង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​។ បញ្ហា​នេះ​បង្ក​ផល​អវិជ្ជមាន​ដល់​ការងារ​ជា​សារ​វ័ន​ក្នុង​ការ​ស្តា​នីតិសម្បទា​ដល់​ជន​ជាប់ឃុំ​។ សមាមាត្រ​រវាង​ជន​ជាប់ឃុំ​និង​មន្ត្រី​នៅតែ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា។ បច្ចុប្បន្ន​មន្ត្រី​ម្នាក់​គ្រប់គ្រង​ជន​ជាប់ឃុំ​ចន្លោះ​ពី​២០​នាក់​ទៅ​២៥​នាក់ តាម​ពន្ធនាគារ​និង​មណ្ឌល​ដែល​មាន​ភាព​ចង្អៀត​ណែន»។

បច្ចុប្បន្ន​ចំនួន​ជន​ជាប់ឃុំ និង​អ្នកទោស​សរុប​មាន​ចំនួន​ជិត​ប្រាំ​ពីរ​ម៉ឺន (៦៧ ៦៧៧)​នាក់ ក្នុង​នោះ មាន​ស្ត្រី​ជាង បួន​ពាន់​ប្រាំ​រយ (៤ ៥៣០)​នាក់ អនីតិជន​ចំនួន​ជាង​បី​ពាន់ (៣ ០៤៧)​នាក់ និង​ជនបរទេស​ចំនួន​ជាង ប្រាំពីរ​ពាន់​បួន​រយ (៧ ៤៣៤)​នាក់ ដែល​កំពុង​ឃុំឃាំង។

ក្នុង​នោះ​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​មាន​ចំនួន​ច្រើន​ជាងគេ គឺ​៥១​ភាគរយ​នៃ​អ្នក​ជាប់ឃុំ​សរុប​ទាំងអស់​។ ចំណែក​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​ចំនួន​ជិត ២.៦០០ (​ពីរ​ពាន់​៦០០) នាក់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ទោះបី​រដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នេះ​ក្តី ប៉ុន្តែ​មន្ត្រី​នៅ​តាម​ពន្ធនាគារ និង​បន្ទប់​ឃុំឃាំង គឺ​នៅ​មាន​កម្រិត​តិច​នៅឡើយ​ធៀប​នឹង​អ្នក​ជាប់ឃុំ​ទាំងនោះ​។ លោក​ថា ភាព​ចង្អៀត​ណែន​អាច​ធ្វើ​ឲ្យ​អ្នក​ជាប់ឃុំ​មាន​ជំងឺ​ថប់​អារម្មណ៍​ដែល​អាច​បង្ក​ជា​ជំងឺ​សម្ពាធ​ឈាម ជាពិសេស​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​គឺ​ងាយ​រងគ្រោះ ហើយ​កត្តាបរិស្ថាន ចំណីអាហារ​ក៏​ជា​ផ្នែក​មួយ​ផង​ដែរ។

លោក​បន្ថែម​ទៀត​ថា ការ​អូសបន្លាយ​នៃ​សំណុំរឿង​របស់​អ្នក​ជាប់ឃុំ​ពី​តុលាការ​ក៏​ជាហេតុ​បង្ក​ឲ្យ​មានការ​កកស្ទះ និង​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​ផង​ដែរ​។ លោក​លើកឡើង​ថា តុលាការ​ត្រូវតែ​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​លើ​សំណុំរឿង​របស់​អ្នក​ជាប់ឃុំ​ទាំងនោះ ជាពិសេស​លើ​អ្នក​ដែល​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម ដែល​បាន​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​។ លោក អំ សំអាត ថា តុលាការ​មិន​គួរ​អូស​បន្លាយ​សំណុំរឿង​របស់​សកម្មជន​ទាំងនោះ ឬ​គួរ​ពិចារណា​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​បញ្ចៀស​ការរិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ និង​បញ្ចៀស​ការ​កកស្ទះ​នៅក្នុង​ពន្ធនាគារ។

លោក អំ សំអាត៖ «គោលការណ៍​សំខាន់​មួយទៀត​គឺ​គោលការណ៍​សេរីភាព​ដែល​មាន​ចែង​។ ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​វា​ជា​ការ​ចាំបាច់​ហើយនឹង​ជម្រើស​ចុងក្រោយ​។ អញ្ចឹង​បច្ចុប្បន្ន​អាការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ហ្នឹង​វា​ច្រើន អញ្ចឹង​តុល​ការគួរ​តែ​ពិនិត្យ​មើល​ថា បទល្មើស​ណា​ដែល​អាច​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​ស្ថិត​ក្រោម​លក្ខខណ្ឌ​នៃ​ការ​ត្រួតពិនិត្យ​របស់​តុលាការ ហើយ​បន្ត​នីតិវិធី អាហ្នឹង​ក៏​វា​ជា​ការ​កាត់​បន្ថយ​នៃ​ការ​ឃុំខ្លួន​អឺ​ចង្អៀត​ណែន​នោះ»។

កន្លងមក​អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​តែងតែ​លើកឡើង​ពី​ក្ដី​កង្វល់​ពី​ភាព​ណែន​តាន់តាប់​ក្នុង​ពន្ធនាគារ និង​បញ្ហា​លំបាក​ផ្សេងៗ ហើយ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ ជា​បន្តបន្ទាប់។ ចំណែក​សាច់ញាតិ​ជន​ជាប់ឃុំ​មួយចំនួន ក៏បាន​ស្នើ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​បំបែក​អ្នក​ជាប់ឃុំ​កុំឱ្យ​រស់នៅ​ចង្អៀត​ណែន​ជាមួយគ្នា​ក្នុង​បន្ទប់​តូច​ចង្អៀត ព្រមទាំង​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ផ្តល់​គ្រឿង​បរិក្ខារ​ដូចជា កង្ហារ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​រួមចំណែក​ការពារ​សុខភាព​របស់​អ្នក​ជាប់ឃុំ កុំឱ្យ​កាន់តែ​ទ្រុឌទ្រោម​ផង​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​ន​នៅតែ​មិនអាច​ទប់ស្កាត់​ការ​កកស្ទះ​និង​ចង្អៀត​ណែន​នេះ​បាន​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ