

អង្គការសង្គមស៊ីវិល អ្នកនយោបាយ និងយុវជន ជាង២០០នាក់ បានប្រមូលម្ដុំគ្នា ដាក់កម្រងផ្កានៅក្នុងបរិវេណ ស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) កណ្ដាលរាជធានីភ្នំពេញដើម្បីគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី។ អ្នកចូលរួម បានអុចធូបបួងសួង និង ថ្លែងសាររំលឹក អំពីវីរភាព និង ទទូចឱ្យរដ្ឋាភិបាល បើកការស៊ើបអង្កេតជាថ្មី ប្រកបដោយតម្លាភាព និងឯករាជ្យ ដើម្បីស្វែងរក យុត្តិធម៌ពិតប្រាកដ ជូន លោកបណ្ឌិត កែម ឡី។
ដូចសព្វមួយដង នៅថ្ងៃទី១០ ខែកក្កដា ក្រុមអង្គការសង្គមស៊ីវិល អ្នកនយោបាយបក្សប្រឆាំង និងពលរដ្ឋជាច្រើន បានជួបជុំគ្នា ដាក់កម្រងផ្កា នៅមុខហាងកាហ្វេ ស្ថានីយប្រេងឥន្ធនៈកាល់តិច ក្បែរស្ដុបបូកគោ ក្រុងភ្នំពេញ ដើម្បីគោរពវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិ ដ៏ល្បីល្បាញម្នាក់ នោះ គឺលោកបណ្ឌិត កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងចិត្តអប្រិយបាញ់ ប្រហារចំនួន២គ្រាប់ បណ្ដាលឱ្យលោក ស្លាប់ភ្លាមៗ នៅនឹងកន្លែងកាលពីឆ្នាំ២០១៦។
ឈរនៅមុខ កន្លែងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរប្រចាំនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានដោយអារម្មណ៍ក្ដុកក្ដួល និងទឹកភ្នែករលីងរលោងថា នេះជារឿងសោកស្ដាយចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ដែលជាមនុស្សពោរពេញដោយសមត្ថភាព និងតែងតែធ្វើសកម្មភាពជាច្រើនដើម្បីជាតិ។ កញ្ញារំលឹកថា ទ្រឹស្ដីមួយ ដែលធ្វើឱ្យកញ្ញាមិនអាចភ្លេចបាន នោះគឺ«បើអ្នកមិនធ្វើអ្វីសោះ ក៏គង់តែនឹងដល់វេនអ្នក»។
កញ្ញាថា ទ្រឹស្ដីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងសង្គមខ្មែរ ដូចជា ជម្លោះព្រំដែនកម្ពុជាបានធ្វើឱ្យពលរដ្ឋស្លូតត្រង់ ដែលពុំសូវខ្វល់ពីបញ្ហានយោបាយ និងអំពើអយុត្តិធម៌សង្គមបានទទួលរងគ្រោះ បាត់បង់ដីធ្លីនិងផ្ទះសម្បែងហើយពលរដ្ឋរាប់ម៉ឺននាក់ បានចាញ់បោកលុយ ឧកញ៉ា និងអ្នកមានអំណាច អស់រាប់លានដុល្លារ នៅតែពុំទាន់ទទួលបានសំណងមកវិញ ។ ចំណែកបញ្ហាដ៏ធំមួយទៀតនោះ គឺការដែលប្រទេសជាតិជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារតែបញ្ហាឆបោកតាមអនឡាញ ដែលធ្វើឱ្យអ្នកវិនិយោគនៅក្រៅប្រទេសពុំសូវហ៊ានមករកស៊ីនៅកម្ពុជា។ កញ្ញាបន្ថែមថា កម្ពុជា មានបញ្ហាជាច្រើនមិនទាន់ដោះស្រាយ ហើយអំពើអយុត្តិធម៌ ក៏កើនឡើង ដូចជាករណី ឃាតកម្មមកលើ លោកបណ្ឌិត កែម ឡី នៅតែពុំទាន់ទទួលបានយុត្តិធម៌។
ទោះជាយ៉ាងណាមេដឹកនាំសហជីពរូបនេះ មិនបាក់ទឹកចិត្តឡើយ ហើយប្ដេជ្ញាចិត្តបន្តទាមទាររកយុត្តិធម៌ជូន លោកបណ្ឌិត កែម ឡី និងដើម្បីយុត្តិធម៌ជូនប្រទេសជាតិខ្មែរទាំងមូល។ ជាមួយគ្នានោះ កញ្ញា អំពាវនាវឱ្យពលរដ្ឋបន្តគោរព និងដើរតាមគំរូភាពរបស់ លោកបណ្ឌិត កែម ឡី ដែលលោកបាន លះបង់ទាំងគ្រួសារ និងអាយុជីវិត ដើម្បីការពារផលប្រយោជន៍ជាតិ។ កញ្ញាបន្ថែមថា យុត្តិធម៌ មិនអាចកើតឡើងបានទេ ប្រសិនបើពលរដ្ឋនាំគ្នាស្ងាត់មិន ហ៊ាននិយាយ ការពិតពី អំពើ អយុត្តិធម៌ នៅក្នុងសង្គម ដូចលោកបណ្ឌិត កែម ឡី បានផ្ដាំទេនោះ។
កញ្ញា ឈឹម ស៊ីថរ៖ «សម្រាប់នាងខ្ញុំ វីរភាពរបស់ពូកែម ឡី គឺជា វីរភាពមួយដែលកិត្តិយស ខ្ពស់បំផុតសម្រាប់ជាតិសាស្ត្រខ្មែររបស់យើង បើយើងនិយាយពីសម័យកាលបុរាណ យើងមានវីរបុរសច្រើនណាស់ ប៉ុន្តែសម័យថ្មីនេះ កម្រមានវីរបុរសដូចពូ កែម ឡី។ សម្រាប់ខ្ញុំ គាត់គឺជាវីរបុរសជាតិមួយ ដែលសំខាន់ ហើយគួរឲ្យគោរពបំផុត។ ខ្ញុំនឹងដកស្រង់តាមគំរូភាព របស់គាត់ ខ្ញុំនឹងតស៊ូរឿងយុត្តិធម៌ ការងារនៅក្រុមហ៊ុនណាហ្គាវើល៍រហូតទាល់តែយើងទទួល បានជោគជ័យ ទទួលបានសិទ្ធិ សេរីភាពរបស់យើង មកវិញ។ ខ្ញុំនឹងមិនទទួលលុយ ហើយក៏ខ្ញុំ មិនចុះចូលហើយក៏ខ្ញុំមិនចេញក្រៅប្រទេសដែរ»។
នៅក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី នេះ គេឃើញមាន អ្នកនយោបាយបក្សប្រឆាំង មកពីគណបក្សកម្លាំងជាតិ គណបក្សឆន្ទៈខ្មែរ និងមេដឹកនាំសហជីព ពលរដ្ឋ រងគ្រោះដីធ្លី យុវជន និងតំណាងអង្គការសង្គមស៊ីវិល ជាង២០០នាក់ បានមកចូលរួម ។ នៅជុំវិញបរិវេណ ស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) នោះដែរ គេក៏ឃើញមានកម្លាំងសន្តិសុខ និងនគរបាលពាក់ស៊ីវិលបានចុះតាមឃ្លាំមើល និងថតរូបភាពនៅទីនោះពេញមួយព្រឹក។
រីឯ អ្នកដែលបានមកចូលរួមដាក់កម្រងផ្កាជូនលោកបណ្ឌិត កែម ឡី ពួកគាត់បាននាំគ្នាដើរដង្ហែ កម្រងផ្កាបីជុំ ដោយមាន កាន់រូបបណ្ឌិត កែម ឡី រួមដោយបដាដែលភ្ជាប់ជាមួយពាក្យថា « ១០ឆ្នាំនៃការស្វែងរកឃាតក សម្លាប់លោកបណ្ឌិត កែម ឡី តើឃាតករពិតនៅឯណា?» រួមនឹងពាក្យថា«ដំណឹងស្វែងរកយុត្តិធម៌ ជូនលោកបណ្ឌិត កែម ឡី» ហើយក៏មានទ្រឹស្ដីមួយចំនួន របស់លោកបណ្ឌិតផងដែរ។ ជាមួយគ្នានោះ អ្នកចូលរួមជាច្រើន បាននាំគ្នាអុចធូប និង ថ្លែងសាររំលឹកអំពីវីរភាព លោកបណ្ឌិត កែម ឡី ហើយក៏បាន ប្ដេជ្ញាចិត្ត បន្តតស៊ូស្វែងរកយុត្តិធម៌បិតប្រាកដ ជូនលោកបណ្ឌិត កែម ឡី និងវីរជនដទៃទៀត ដែលត្រូវបានសម្លាប់ដោយអយុត្តិធម៌។
ជាមួយគ្នានោះ ពួកគាត់ថ្លែងតាមរយៈឧបករណ៍បំពងសំឡេងខ្លាំងៗ ថា លោកបណ្ឌិត កែម ឡី គឺជាវីរបុរសដ៏សំខាន់ដែលពលរដ្ឋខ្មែររាប់លាននាក់ គោរពនិងឱ្យតម្លៃ ហើយលោក ក៏ជាបុគ្គលគំរូ ដែលហ៊ាន លះបង់អាយុជីវិត ដើម្បីការពារផលប្រយោជន៍ជាតិ។ ពួកគាត់ថា កាលនៅមានជីវិត លោក បណ្ឌិត កែម ឡី តែងតែគិតគូរពីបញ្ហាសង្គមជាតិជាច្រើន ទាំងនយោបាយ សិទ្ធិមនុស្ស បញ្ហាព្រំដែន កម្ពុជា-វៀតណាម-ថៃ និងបញ្ហាការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ និងករណីពលរដ្ឋរងគ្រោះដីធ្លី ដោយសារតែអ្នកមានលុយមានអំណាចរំលោភយកជាដើម។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលបានចូលរួមគោរពវិញ្ញាណខន្ធលោក បណ្ឌិត កែម ឡី នៅឯស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ដែរនោះ បានលើកឡើងថា រយៈពេល១០ឆ្នាំហើយដែលលោកបណ្ឌិត កែម ឡី បានស្លាប់ និងពុំទាន់ទទួលបានយុត្តិធម៌នៅឡើយ ។ លោក ចាត់ទុក លោកបណ្ឌិត កែម ឡី គឺជាមនុស្សដ៏ល្អ ដែលតែងតែចូលរួមកិច្ចការងារសង្គមជាច្រើន ជាពិសេសការបណ្ដុះយុវជនឱ្យចេះគិតគូរ ពីបញ្ហាប្រទេសជាតិ ។ លោកអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវតែផ្ដល់នូវយុត្តិធម៌ ជូនលោកបណ្ឌិត កែម ឡី និងប្រជាពលរដ្ឋខ្មែររាប់លាននាក់កំពុងតែរង់ចាំ អស់រយៈពេល ១០ឆ្នាំមកនេះ។
លោក រ៉ុង ឈុន៖ «ប្រជាពលរដ្ឋកម្ពុជានៅតែចងចាំជានិច្ចនូវវីរភាព សេចក្ដីអង់អាចក្លាហាន របស់លោកបណ្ឌិត កែម ឡី ដែលហ៊ាននិយាយការពិត។ អញ្ចឹង អ្វីៗដែលគាត់បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការបណ្ដុះបណ្ដាលនូវផ្នត់គំនិត ក៏ដូចជាការអប់រំដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនខ្មែរ ឲ្យចេះប្រើប្រាស់នូវសិទ្ធិ និងការតស៊ូដើម្បីសេរីភាព»។
ទូរទស្សន៍ អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតប រឿងនេះបានទេ នៅថ្ងៃ១០ ខែកក្កដា។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញ លោក បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅវេលាម៉ោង៩ព្រឹក ក្នុងស្តារម៉ាត (Star Mart)នៃស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៩ តុលាការកំពូល បានបិទបញ្ចប់សំណុំរឿងឃាតកម្មនេះ ក្រោយពីបាន កាត់ទោសជនដៃដល់ ឈ្មោះ អឿត អាង ដែលដាក់ រហស្សនាមខ្លួនឯងថា«ជួបសម្លាប់ » ឱ្យជាប់ពន្ធនាគារ អស់មួយជីវិត ខណៈសំណុំរឿងមួយទៀត ដែលតុលាការបំបែក ដើម្បីស៊ើបរកអ្នកពាក់ព័ន្ធ យកមកផ្ដន្ទាទោសផងនោះ តុលាការមិនទាន់បានបង្ហាញលទ្ធផល ឬការការជឿនលឿនទាក់ទងនឹងការស៊ើបអង្កេតនោះទេ។
អ្នកចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណខន្ធ លោកបណ្ឌិត កែម ឡី កាលពីព្រឹកមិញថា ប្រសិនបើរដ្ឋាភិបាលត្រកូលហ៊ុន ចង់លាងខ្លួនពីការចោទប្រកាន់ថា មិនមែនជាអ្នកបញ្ជាពីក្រោយនៃ ឃាតកម្មដ៏ឃោរឃៅមកលើ លោកបណ្ឌិត កែម ឡី ទេនោះ រដ្ឋាភិបាលមួយនេះគួរតែ បើកឱ្យមានការបង្កើត គណៈកម្មការស៊ើបអង្កេតឯករាជ្យ មួយតាមអ្វីដែល សហគមន៍ជាតិ និងអន្តរជាតិ តែងតែទទូចចង់ បានអស់រយៈពេល១០ឆ្នាំមកនេះ៕









