អ្នក​គោរព​ស្រឡាញ់​​បណ្ឌិត កែម ឡី នាំគ្នា​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ខួប​១០​ឆ្នាំ

0
29
ពលរដ្ឋជួបជុំរំលឹកខួប១០ឆ្នាំ​របស់​អ្នកសិក្សាការស្រាវជ្រាវ​ការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី នៅស្តុបបូកគោ កាល​ពីថ្ងៃទី១០ កក្កដា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋជួបជុំរំលឹកខួប១០ឆ្នាំ​របស់​អ្នកសិក្សាការស្រាវជ្រាវ​ការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី នៅស្តុបបូកគោ កាល​ពីថ្ងៃទី១០ កក្កដា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អង្គការ​សង្គម​ស៊ីវិល អ្នកនយោបាយ និង​យុវជន ជាង​២០០​នាក់ បាន​ប្រមូល​ម្ដុំ​គ្នា ដាក់​កម្រងផ្កា​នៅក្នុង​បរិវេណ ស្ថានីយប្រេងឥន្ធនៈ​កាល់តិច (Caltex) កណ្ដាល​រាជធានី​ភ្នំពេញ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី។ អ្នកចូលរួម បាន​អុច​ធូប​បួងសួង និង ថ្លែង​សារ​រំលឹក អំពី​វីរភាព និង ទទូច​ឱ្យ​រដ្ឋាភិបាល បើក​ការស៊ើបអង្កេត​ជាថ្មី ប្រកបដោយ​តម្លាភាព និង​ឯករាជ្យ ដើម្បី​ស្វែងរក យុត្តិធម៌​ពិតប្រាកដ ជូន លោក​បណ្ឌិត កែម ឡី។

ដូច​សព្វមួយដង នៅ​ថ្ងៃទី​១០ ខែ​កក្កដា ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នកនយោបាយ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ជាច្រើន បាន​ជួបជុំគ្នា ដាក់​កម្រងផ្កា នៅមុខ​ហាង​កាហ្វេ ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ក្បែរ​ស្ដុប​បូកគោ ក្រុងភ្នំពេញ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិ ដ៏​ល្បីល្បាញ​ម្នាក់ នោះ គឺ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​ចិត្ត​អប្រិយ​បាញ់ ប្រហារ​ចំនួន​២​គ្រាប់ បណ្ដាល​ឱ្យ​លោក ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កាលពី​ឆ្នាំ​២០១៦។

ឈរ​នៅមុខ កន្លែង​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ប្រចាំ​នៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​អារម្មណ៍​ក្ដុកក្ដួល និង​ទឹកភ្នែក​រលីងរលោង​ថា នេះ​ជា​រឿង​សោកស្ដាយ​ចំពោះ​ការបាត់បង់​លោក​បណ្ឌិត កែម ឡី ដែល​ជា​មនុស្ស​ពោរពេញ​ដោយ​សមត្ថភាព និង​តែងតែ​ធ្វើ​សកម្មភាព​ជាច្រើន​ដើម្បី​ជាតិ​។ កញ្ញា​រំលឹក​ថា ទ្រឹស្ដី​មួយ ដែល​ធ្វើ​ឱ្យ​កញ្ញា​មិនអាច​ភ្លេច​បាន នោះ​គឺ​«​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់តែ​នឹង​ដល់​វេន​អ្នក»។

កញ្ញា​ថា ទ្រឹស្ដី​នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​នៅក្នុង​សង្គម​ខ្មែរ ដូចជា ជម្លោះព្រំដែន​កម្ពុជា​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លូតត្រង់ ដែល​ពុំ​សូវ​ខ្វល់​ពី​បញ្ហា​នយោបាយ និង​អំពើ​អយុត្តិធម៌​សង្គម​បាន​ទទួល​រងគ្រោះ បាត់បង់​ដីធ្លី​និង​ផ្ទះសម្បែង​ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​ចាញ់បោក​លុយ ឧកញ៉ា និង​អ្នក​មាន​អំណាច អស់​រាប់​លាន​ដុល្លារ នៅតែ​ពុំ​ទាន់​ទទួល​បាន​សំណង​មកវិញ ។ ចំណែក​បញ្ហា​ដ៏​ធំ​មួយទៀត​នោះ គឺ​ការដែល​ប្រទេសជាតិ​ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​បញ្ហា​ឆបោក​តាម​អន​ឡាញ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​នៅ​ក្រៅ​ប្រទេស​ពុំ​សូវ​ហ៊ាន​មក​រក​ស៊ី​នៅ​កម្ពុជា​។ កញ្ញា​បន្ថែម​ថា កម្ពុជា មាន​បញ្ហា​ជាច្រើន​មិនទាន់​ដោះស្រាយ ហើយ​អំពើ​អយុត្តិធម៌ ក៏​កើនឡើង ដូចជា​ករណី ឃាតកម្ម​មក​លើ លោក​បណ្ឌិត កែម ឡី នៅតែ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌។

ទោះជា​យ៉ាងណា​មេដឹកនាំ​សហជីព​រូប​នេះ មិន​បាក់​ទឹកចិត្ត​ឡើយ ហើយ​ប្ដេជ្ញាចិត្ត​បន្ត​ទាមទារ​រក​យុត្តិធម៌​ជូន លោក​បណ្ឌិត កែម ឡី និង​ដើម្បី​យុត្តិធម៌​ជូន​ប្រទេស​ជាតិខ្មែរ​ទាំងមូល​។ ជាមួយគ្នា​នោះ កញ្ញា អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​គោរព និង​ដើរ​តាម​គំរូ​ភាព​របស់ លោក​បណ្ឌិត កែម ឡី ដែល​លោក​បាន លះបង់​ទាំង​គ្រួសារ និង​អាយុជីវិត ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​។ កញ្ញា​បន្ថែម​ថា យុត្តិធម៌ មិនអាច​កើតឡើង​បានទេ ប្រសិនបើ​ពលរដ្ឋ​នាំគ្នា​ស្ងាត់​មិន ហ៊ាន​និយាយ ការពិត​ពី អំពើ អយុត្តិធម៌ នៅក្នុង​សង្គម ដូច​លោក​បណ្ឌិត កែម ឡី បាន​ផ្ដាំ​ទេ​នោះ។

កញ្ញា ឈឹម ស៊ីថរ៖ «សម្រាប់​នាង​ខ្ញុំ វីរភាព​របស់​ពូកែ​ម ឡី គឺជា វីរភាព​មួយ​ដែល​កិត្តិយស ខ្ពស់​បំផុត​សម្រាប់​ជាតិ​សាស្ត្រ​ខ្មែរ​របស់​យើង បើ​យើង​និយាយ​ពី​សម័យកាល​បុរាណ យើង​មាន​វីរបុរស​ច្រើនណាស់ ប៉ុន្តែ​សម័យថ្មី​នេះ កម្រ​មាន​វីរបុរស​ដូច​ពូ កែម ឡី​។ សម្រាប់​ខ្ញុំ គាត់​គឺជា​វីរបុរស​ជាតិ​មួយ ដែល​សំខាន់ ហើយ​គួរ​ឲ្យ​គោរព​បំផុត​។ ខ្ញុំ​នឹង​ដកស្រង់​តាម​គំរូ​ភាព របស់​គាត់ ខ្ញុំ​នឹង​តស៊ូ​រឿង​យុត្តិធម៌ ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើល៍រ​ហូត​ទាល់តែ​យើង​ទទួល បាន​ជោគជ័យ ទទួល​បាន​សិទ្ធិ សេរីភាព​របស់​យើង មកវិញ​។ ខ្ញុំ​នឹង​មិន​ទទួល​លុយ ហើយក៏​ខ្ញុំ មិន​ចុះចូល​ហើយក៏​ខ្ញុំ​មិន​ចេញ​ក្រៅ​ប្រទេស​ដែរ»។

នៅក្នុង​ពិធី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី នេះ គេ​ឃើញ​មាន អ្នកនយោបាយ​បក្ស​ប្រឆាំង មក​ពី​គណបក្ស​កម្លាំង​ជាតិ គណបក្ស​ឆន្ទៈ​ខ្មែរ និង​មេដឹកនាំ​សហជីព ពលរដ្ឋ រងគ្រោះ​ដីធ្លី យុវជន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ជាង​២០០​នាក់ បាន​មក​ចូលរួម ។ នៅ​ជុំវិញ​បរិវេណ ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច (Caltex) នោះ​ដែរ គេ​ក៏​ឃើញ​មាន​កម្លាំង​សន្តិសុខ និង​នគរបាល​ពាក់​ស៊ីវិល​បាន​ចុះ​តាម​ឃ្លាំមើល និង​ថតរូប​ភាព​នៅ​ទីនោះ​ពេញ​មួយ​ព្រឹក។

រីឯ អ្នក​ដែល​បាន​មក​ចូលរួម​ដាក់​កម្រងផ្កា​ជូន​លោក​បណ្ឌិត កែម ឡី ពួកគាត់​បាន​នាំគ្នា​ដើរ​ដង្ហែ កម្រងផ្កា​បី​ជុំ ដោយមាន កាន់​រូប​បណ្ឌិត កែម ឡី រួម​ដោយ​បដា​ដែល​ភ្ជាប់​ជាមួយ​ពាក្យ​ថា « ១០​ឆ្នាំ​នៃ​ការស្វែងរក​ឃាតក សម្លាប់​លោក​បណ្ឌិត កែម ឡី តើ​ឃាតករ​ពិត​នៅឯណា​?» រួម​នឹង​ពាក្យ​ថា​«​ដំណឹង​ស្វែងរក​យុត្តិធម៌ ជូន​លោក​បណ្ឌិត កែម ឡី​» ហើយ​ក៏​មាន​ទ្រឹស្ដី​មួយចំនួន របស់​លោក​បណ្ឌិត​ផង​ដែរ។ ជាមួយគ្នា​នោះ អ្នកចូលរួម​ជាច្រើន បាន​នាំគ្នា​អុច​ធូប និង ថ្លែង​សារ​រំលឹក​អំពី​វីរភាព លោក​បណ្ឌិត កែម ឡី ហើយក៏​បាន ប្ដេជ្ញាចិត្ត បន្ត​តស៊ូ​ស្វែងរក​យុត្តិធម៌​បិត​ប្រាកដ ជូន​លោក​បណ្ឌិត កែម ឡី និង​វីរជន​ដទៃទៀត ដែល​ត្រូវ​បាន​សម្លាប់​ដោយ​អយុត្តិធម៌។

ជាមួយគ្នា​នោះ ពួកគាត់​ថ្លែង​តាមរយៈ​ឧបករណ៍​បំពង​សំឡេង​ខ្លាំងៗ ថា លោក​បណ្ឌិត កែម ឡី គឺជា​វីរបុរស​ដ៏​សំខាន់​ដែល​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ គោរព​និង​ឱ្យ​តម្លៃ ហើយ​លោក ក៏​ជា​បុគ្គល​គំរូ ដែល​ហ៊ាន លះបង់​អាយុជីវិត ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​។ ពួកគាត់​ថា កាល​នៅ​មាន​ជីវិត លោក បណ្ឌិត កែម ឡី តែងតែ​គិតគូរ​ពី​បញ្ហា​សង្គមជាតិ​ជាច្រើន ទាំង​នយោបាយ សិទ្ធិមនុស្ស បញ្ហា​ព្រំដែន កម្ពុជា​-​វៀតណាម​-​ថៃ និង​បញ្ហា​ការ​ហូរ​ចូល​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់ និង​ករណី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ដោយសារតែ​អ្នកមាន​លុយ​មានអំណាច​រំលោភ​យក​ជាដើម។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដែល​បាន​ចូលរួម​គោរព​វិញ្ញាណ​ខន្ធ​លោក បណ្ឌិត កែម ឡី នៅឯ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច (Caltex) ដែរ​នោះ បាន​លើកឡើង​ថា រយៈពេល​១០​ឆ្នាំ​ហើយ​ដែល​លោក​បណ្ឌិត កែម ឡី បាន​ស្លាប់ និង​ពុំទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ។ លោក ចាត់ទុក លោក​បណ្ឌិត កែម ឡី គឺជា​មនុស្ស​ដ៏​ល្អ ដែល​តែងតែ​ចូលរួម​កិច្ច​ការងារ​សង្គម​ជាច្រើន ជាពិសេស​ការ​បណ្ដុះ​យុវជន​ឱ្យ​ចេះ​គិតគូរ ពី​បញ្ហា​ប្រទេសជាតិ ។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវតែ​ផ្ដល់​នូវ​យុត្តិធម៌ ជូន​លោក​បណ្ឌិត កែម ឡី និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​កំពុងតែ​រង់ចាំ អស់​រយៈពេល ១០​ឆ្នាំ​មកនេះ។

លោក រ៉ុង ឈុន៖ «​ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​ចងចាំ​ជានិច្ច​នូវ​វីរភាព សេចក្ដី​អង់អាច​ក្លាហាន របស់​លោក​បណ្ឌិត កែម ឡី ដែល​ហ៊ាន​និយាយ​ការពិត​។ អញ្ចឹង អ្វីៗ​ដែល​គាត់​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​នៅក្នុង​ការ​បណ្ដុះបណ្ដាល​នូវ​ផ្នត់គំនិត ក៏ដូចជា​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​ខ្មែរ ឲ្យ​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ និង​ការ​តស៊ូ​ដើម្បី​សេរីភាព»។

ទូរទស្សន៍ អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក សេង ឌីណា និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប រឿង​នេះ​បានទេ នៅ​ថ្ងៃ​១០ ខែ​កក្កដា។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ លោក បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ នៅ​វេលា​ម៉ោង​៩​ព្រឹក ក្នុង​ស្តារ​ម៉ាត (Star Mart)​នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦​។ កាលពី​ឆ្នាំ​២០១៩ តុលាការ​កំពូល បាន​បិទ​បញ្ចប់​សំណុំរឿង​ឃាតកម្ម​នេះ ក្រោយពី​បាន កាត់ទោស​ជន​ដៃដល់ ឈ្មោះ អឿ​ត អាង ដែល​ដាក់ រហស្សនាម​ខ្លួនឯង​ថា​«​ជួប​សម្លាប់ » ឱ្យ​ជាប់ពន្ធនាគារ អស់​មួយ​ជីវិត ខណៈ​សំណុំរឿង​មួយទៀត ដែល​តុលាការ​បំបែក ដើម្បី​ស៊ើបរក​អ្នក​ពាក់ព័ន្ធ យក​មក​ផ្ដន្ទាទោស​ផង​នោះ តុលាការ​មិន​ទាន់​បាន​បង្ហាញ​លទ្ធផល ឬ​ការ​ការ​ជឿនលឿន​ទាក់ទង​នឹង​ការស៊ើបអង្កេត​នោះ​ទេ។

អ្នកចូលរួម​ដាក់​កម្រ​ង​ផ្កា​គោរព​វិញ្ញាណ​ខន្ធ លោក​បណ្ឌិត កែម ឡី កាលពី​ព្រឹក​មិញ​ថា ប្រសិនបើ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ចង់​លាងខ្លួន​ពី​ការ​ចោទប្រកាន់​ថា មិនមែន​ជា​អ្នកបញ្ជា​ពីក្រោយ​នៃ ឃាតកម្ម​ដ៏​ឃោរឃៅ​មក​លើ លោក​បណ្ឌិត កែម ឡី ទេ​នោះ រដ្ឋាភិបាល​មួយ​នេះ​គួរតែ បើក​ឱ្យ​មាន​ការបង្កើត គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ មួយ​តាម​អ្វី​ដែល សហគមន៍​ជាតិ និង​អន្តរជាតិ តែងតែ​ទទូច​ចង់ បាន​អស់​រយៈពេល​១០​ឆ្នាំ​មកនេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ