

មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលយល់ថា ការដែលសភាមកពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង អនុម័តសេចក្ដីសម្រេចស្ដីពី ការទទួលស្គាល់ បូរណភាពទឹកដីកម្ពុជា ជាថ្មី និងទាមទារឱ្យថៃ ដកទ័ពចេញ ពីតំបន់មានជម្លោះ ជាមួយកម្ពុជាជារឿងដ៏ល្អ ប៉ុន្តែ ហាក់មានប្រសិទ្ធភាពតិចតូចបំផុត ព្រោះសភានៃ ប្រទេសទាំងនោះ គ្មាន ឥទ្ធិពលខាងយោធា និងសិទ្ធិអំណាចដាក់សម្ពាធ ដោយផ្ទាល់ទៅកាន់ភាគីថៃនោះទេ។ ការលើកឡើងនេះ ក្រោយពីព្រឹទ្ធសភាកម្ពុជា បានបង្ហាញ អំពីលទ្ធផល ប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង ដែលបានអនុម័តសេចក្ដីសម្រេចចិត្តស្ដីពី បូរណភាពទឹកដីកម្ពុជា និងបារម្ភពីបញ្ហាព្រំដែនកម្ពុជា-ថៃ។
ស្របពេលការ ចរចាទ្វេភាគីរឿងព្រំដែន រវាងកម្ពុជា-ថៃ បានបន្តជាប់គាំងអស់១ឆ្នាំមកនេះ គេសង្កេតឃើញថា ភាគីថៃ ពុំបានបន្ធូរដៃ ក្នុងការឈ្លានពានទឹកដីកម្ពុជា និងពង្រីកមូលដ្ឋានកងទ័ព លើទឹកដីកម្ពុជា ដែលពួកគេ វាយដណ្ដើមបាននោះទេ ខណៈរដ្ឋាភិបាលកម្ពុជា ថ្វីត្បិត ចេញសារតវ៉ានៅតាមវេទិកាអន្តរជាតិជាប្រចាំ ប្រឆាំងនឹងទង្វើឈ្លានពាន របស់ថៃក្ដី ក៏ហាក់គ្មាន ប្រសិទ្ធភាពនោះដែរ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៣ ខែកក្កដាថា ការដែលសភាប្រើប្រាស់ភាសាបានអនុម័ត សេចក្ដីសម្រេចស្ដីពីបូរាណភាពទឹកដី ស្របពេលដែលថៃ កំពុងតែឈ្លានពានកម្ពុជា នេះ ជារឿងល្អ ប៉ុន្តែលោកថា សេចក្ដីសម្រេចនេះ ហាក់គ្មានប្រសិទ្ធភាព ឬទម្ងន់ដើម្បីរារាំង ឬបញ្ឈប់ ថៃមិនឱ្យឈ្លានពានកម្ពុជាបាននោះទេ ព្រោះសមាជិកសភាទាំងនោះ គ្មានកម្លាំងយោធា និងឥទ្ធិពលនយោបាយដើម្បីដាក់សម្ពាធ រដ្ឋាភិបាលថៃនោះឡើយ។
លោកបន្តថា ភាគីថៃ ក៏មិនដកទ័ពតាមការអំពាវនាវរបស់សមាជិកសភាដែលប្រើប្រាស់ភាសាបារាំង ទាំងនោះដែរ ដរាបណាបណ្ដាញសមាជិកសភាទាំងនោះ មិនយកបញ្ហាថៃឈ្លានពានទឹកដីកម្ពុជា ទៅរកកិច្ចអន្តរាគមន៍ ជាមួយដឹកនាំនៃប្រទេសសមាជិកសភាទាំងនោះដោយផ្ទាល់ ដើម្បីឱ្យមេដឹកនាំពួកគេ ជួយនិយាយ ឬដាក់សម្ពាធផ្នែកការទូតមកលើរដ្ឋាភិបាលថៃទេនោះ។
លោក អ៊ុំ សំអាន៖ «ឱ្យសភាប្រើភាសាបារាំងឲ្យនិយាយជាមួយរដ្ឋាភិបាលរបស់ខ្លួន ព្រោះនិយាយជាមួយរដ្ឋាភិបាលដែលជាអង្គនីតិប្រតិបត្តិ អាហ្នឹងបានមានឥទ្ធិពលខ្លាំងទៅលើរដ្ឋាភិបាលថៃ។ សភាមិនមានឥទ្ធិពលទៅលើឆាកអន្តរជាតិខ្លាំងនោះទេ ហើយក៏មិនមានឥទ្ធិពលទៅលើរដ្ឋាភិបាលថៃដែរ អញ្ចឹងណា»។
ការលើកឡើងនេះ ក្រោយពីព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១២ ខែកក្កដា បានបង្ហោះលទ្ធផល ប្រជុំប្រចាំឆ្នាំលើកទី៥១ នៅឯទីក្រុងយ៉ាអ៊ូនដេ ប្រទេសកាមេរូន របស់សភាប្រើភាសាបារាំង ដែល បានអនុម័តសេចក្ដីសម្រេចចិត្ត ស្ដីពីបូរណភាពទឹកដីកម្ពុជា និងបានជ្រើសតាំងកម្ពុជាជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វីក នាថ្ងៃទី១១ ខែកក្កដា។ នៅក្នុងសេចក្ដីសម្រេចចិត្តនោះ សភាប្រើប្រាស់ ភាសាបារាំង បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត និងទទួលស្គាល់បូរាណភាពទឹកដីកម្ពុជា តាមរយៈសេចក្ដីប្រកាសទីក្រុងបាម៉ាកូ និងទីក្រុងសាំង-បូនីហ្វាស ច្បាប់អន្តរជាតិ ព្រមទាំងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ១៩៦២ និង ឆ្នាំ២០១៣។
ទន្ទឹមគ្នានោះ សភាប្រើប្រាស់ភាសាបារាំង (APF) បានបង្ហាញពីការព្រួយបារម្ភ លើការបាត់បង់ អាយុជីវិតរបស់ពលរដ្ឋខ្មែរ ការផ្លាស់ទីលំនៅ និងទង្វើនានាដែលថៃ បានរំលោភ លើបទឈប់បាញ់ និងបូរាណភាពទឹកដីកម្ពុជា។ ជាមួយគ្នានោះ សភាប្រើភាសាបារាំង (APF) ក៏សោកស្ដាយ ចំពោះ ការខូចខាត ទីតាំងវប្បធម៌ និងសាសនា ដូចជា ប្រាសាទបុរាណខ្មែរមួយចំនួន ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោករួចមកហើយ របស់អង្គការយូណេស្កូ (UNESCO)។
សភាប្រើប្រាស់ភាសាបារាំង (APF) ក៏បានអំពាវនាវឱ្យថៃ គោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពកម្ពុជា ដើម្បីចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្ដាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង និងការអនុវត្តឱ្យបានពេញលេញនូវសេចក្ដីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ កាលពីខែតុលា ឆ្នាំ២០២៥ ។ ទន្ទឹមគ្នានោះ ពួកគេក៏បានទាមទារឱ្យភាគីថៃ បន្ធូរបន្ថយភាពតានតឹង ជាបន្ទាន់ និងការដកកងទ័ពទាំងអស់ ចេញពីតំបន់មានជម្លោះ។
សភាប្រើប្រាស់ភាសា បារាំង (APF) បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះព្រំដែន (JBC) និងលើកទឹកចិត្តឱ្យមានការដោះស្រាយដោយសន្តិវិធីស្របតាម ច្បាប់អន្តរជាតិ។ ជាចុងក្រោយ សភាប្រើប្រាស់ភាសាបារាំង (APF) គាំទ្រដល់ការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ មានភាពប្រក្រតីឡើងវិញ ដោយផ្អែកលើការទទួលស្គាល់អធិបតេយ្យភាព បូរណភាពទឹកដីគ្នាទៅវិញ ទៅមក និងភាពមិនអាចរំលោភបាននៃព្រំដែន ព្រមទាំងការខណ្ឌសីមាព្រំដែនស្របតាមលិខិតុបករណ៍ គតិយុត្តិអន្តរជាតិ។
សភាប្រើប្រាស់ភាសាបារាំង ឬ សភាតំណាងក្រុមប្រទេសនិយាយភាសាបារាំង (APF) ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ សន្តិភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការពារ ភាពចម្រុះផ្នែកវប្បធម៌ និងភាសា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានោះ សភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) ដែលមានសមាជិកជិត១០០ ប្រទេស និងរដ្ឋាភិបាលមកពីប្រាំទ្វីប។ ដូចជា តំបន់អឺរ៉ុប មាន បារាំង, បែលហ្ស៊ិក ស្វីស និងរូម៉ានី ជាដើម។ ចំណែក តំបន់អាស៊ីមាន កម្ពុជា វៀតណាម ឡាវ លីបង់ និងសហគមន៍តំបន់មួយចំនួន របស់ កាណាដា រួមនឹង តំបន់អាហ្វ្រិក ជាដើម។ ស្ថាប័នអន្តរជាតិនេះ ត្រូវបានគេរំពឹងថា មានឥទ្ធិពលជាខ្លាំងលើឆាកអន្តរជាតិ ជាពិសេសកិច្ចការទូត។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ថាសេចក្ដីសម្រេចចិត្តរបស់សភា ប្រើប្រាស់ភាសាបារាំងនេះ ជារូបភាពវិជ្ជមាន ផ្នែកការទូតសម្រាប់កម្ពុជា ប៉ុន្តែមានទម្ងន់ខុសគ្នា រវាងទិដ្ឋភាពនយោបាយ និង ការអនុវត្តជាក់ស្ដែង។ លោកបញ្ជាក់ថា សេចក្ដីសម្រេចចិត្ត របស់សមាជិកសភាប្រើភាសាបារាំង កាន់តែបង្ហាញអំពីភាពម៉ឺងម៉ាត់ និងប្រើភាសាចំៗ ជាងមុន ពាក់ព័ន្ធ ដូចជា ការព្រួយបារម្ភ លើជនស៊ីវិលដែលបាត់បង់ដីធ្លី ការសោកស្ដាយ ចំពោះការឈ្លានពាន និងការទាមទារឲ្យថៃ ដកទ័ពចេញពីទឹកដីកម្ពុជា ជាដើម។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះថា នេះជាជ័យជម្នះផ្នែកឃោសនាការ និងការទូតដ៏ធំធេងមួយសម្រាប់កម្ពុជា។ លោកថា ការដែលស្ថាប័នអន្តរជាតិមួយ ប្រើពាក្យទាមទារឲ្យកងទ័ពថៃដកចេញ ស្មើនឹងជាការផ្ដល់ខ្នងបង្អែក សីលធម៌ និងយុត្តិធម៌ យ៉ាងពេញលេញដល់កម្ពុជា ដើម្បីឲ្យពិភពលោកមើលឃើញកាន់តែច្បាស់ថា កម្ពុជាជាជនរងគ្រោះ ហើយថៃគឺជាអ្នករំលោភច្បាប់អន្តរជាតិ។លោកបន្តថា ការមិនគាំទ្រឲ្យប្រើកម្លាំងយោធារំកិលព្រំដែន គឺ ជាសារព្រមានមួយផ្នែកនយោបាយ ដោយមិនឲ្យភាគីថៃ ប្រើប្រាស់ យោធារបស់ខ្លួន មកគំរាមកំហែងកម្ពុជាតាមអំពើចិត្ត។
លោក សេង វណ្ណលី៖ «កម្ពុជាអាចប្រើប្រាស់សេចក្ដីសម្រេចដែលមានតម្លៃនេះធ្វើជាទុនការទូត ដើម្បី ដាក់សម្ពាធបន្ថែមទៀតនៅក្នុងកិច្ចចរចាទ្វេភាគី ឬក៏ប្រើប្រាស់ ជាឯកសារយោងផ្នែកនយោបាយដែលមានទម្ងន់ ប្រសិនបើកម្ពុជាសម្រេចចិត្ត រុញរឿងនេះទៅកាន់ ស្ថាប័នអន្តរជាតិ ដែលមានអំណាចបង្ខំ ដូចជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬក៏តុលាការយុត្តិធម៌អន្តរជាតិ ជាដើម»។
ទន្ទឹមគ្នានោះ លោក សេង វណ្ណលី អះអាងថា ថ្វីត្បិតសភាប្រើប្រាស់ភាសាបារាំង សិទ្ធិអំណាចក្នុងការដាក់សម្ពាធ ឬធ្វើកិច្ចអន្តរាគមន៍ដោយផ្ទាល់ជាមួយភាគីថៃក្ដី ក៏ជាការបង្កើតសំឡេងរួមអន្តរជាតិ ព្រោះសភាអឺរ៉ុប ប្រើភាសាបារាំង ដែលមានសមាជិកជា រដ្ឋសភាមកពីប្រទេសរាប់សិបនៅលើពិភពលោក ដូច្នេះ សេចក្ដីសម្រេចនេះ នឹងដើរតួនាទីជាការទូតសភា ដែលជួយឲ្យរដ្ឋាភិបាលនៃប្រទេសសមាជិកទាំងនោះ ងាកមកយកចិត្តទុកដាក់ និងគាំទ្រកម្ពុជាលើឆាកអន្តរជាតិផ្សេងទៀត។លើសពីនោះទៀត លោកថា សេចក្ដីសម្រេចនេះ ជាបន្ទុក ការទូតដ៏ធ្ងន់មួយ សម្រាប់ ភាគីថៃ នៅក្នុងការដោះស្រាយមុខមាត់ និងកេរ្តិ៍ឈ្មោះ របស់ខ្លួនលើ ឆាកអន្តរជាតិ ព្រោះគ្មានប្រទេសណាមួយ ចង់ឲ្យគេរិះគន់ថាជាប្រទេសឈ្លានពាន និងរំលោភសិទ្ធិជនស៊ីវិលនោះទេ។ ទោះជាបែបនេះក្ដី លោកថា សភាអឺរ៉ុប ដែលប្រើភាសាបារាំង គឺស្ថិតនៅក្នុងកម្រិតដែរ ជាពិសេស គឺអាច ជួយសង្កត់ផ្លូវចិត្ត និងនយោបាយ ប៉ុណ្ណោះ ប៉ុន្តែមិនអាចប្រើប្រាស់ ជាផ្លូវច្បាប់ ដើម្បីឲ្យថៃដកទ័ពថយ ចេញពីតំបន់ដែលខ្លួនកាន់កាប់ ពីកម្ពុជាភ្លាមៗនោះទេ៕









