អ្នកឃ្លាំមើល​មិន​សង្ឃឹមថា ថៃ​ធ្វើតាម​ការ​ទាមទារ​របស់​សភា​ប្រើ​ភាសា​បារាំង ឱ្យ​ថៃ​បញ្ឈប់​ការ​ឈ្លានពាន​កម្ពុជា

0
15
កិច្ចប្រជុំ​នៃ​សមាជិកសភានិយាយភាសាបារាំង នៅ​ប្រទេសកាម៉េរូន កាលពីថ្ងៃទី១២ កក្កដា ២០២៦។ រូប៖ AKP
កិច្ចប្រជុំ​នៃ​សមាជិកសភានិយាយភាសាបារាំង នៅ​ប្រទេសកាម៉េរូន កាលពីថ្ងៃទី១២ កក្កដា ២០២៦។ រូប៖ AKP

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​យល់​ថា ការដែល​សភា​មក​ពី​បណ្ដា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង អនុម័ត​សេចក្ដីសម្រេច​ស្ដីពី ការ​ទទួលស្គាល់ បូរណភាព​ទឹកដី​កម្ពុជា ជាថ្មី និង​ទាមទារ​ឱ្យ​ថៃ ដកទ័ព​ចេញ ពី​តំបន់​មាន​ជម្លោះ ជាមួយ​កម្ពុជា​ជា​រឿង​ដ៏​ល្អ ប៉ុន្តែ ហាក់​មាន​ប្រសិទ្ធភាព​តិច​តូច​បំផុត ព្រោះ​សភា​នៃ ប្រទេស​ទាំងនោះ គ្មាន ឥទ្ធិពល​ខាង​យោធា និង​សិទ្ធិអំណាច​ដាក់​សម្ពាធ ដោយ​ផ្ទាល់​ទៅកាន់​ភាគី​ថៃ​នោះ​ទេ​។ ការ​លើកឡើង​នេះ ក្រោយពី​ព្រឹទ្ធសភា​កម្ពុជា បាន​បង្ហាញ អំពី​លទ្ធផល ប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥១ នៃ​សភា​ប្រើ​ភាសា​បារាំង ដែល​បាន​អនុម័ត​សេចក្ដីសម្រេចចិត្ត​ស្ដីពី បូរណភាព​ទឹកដី​កម្ពុជា និង​បារម្ភ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ។

ស្របពេល​ការ ចរចា​ទ្វេភាគី​រឿង​ព្រំដែន រវាង​កម្ពុជា​-​ថៃ បាន​បន្ត​ជាប់​គាំង​អស់​១​ឆ្នាំ​មកនេះ គេ​សង្កេត​ឃើញ​ថា ភាគី​ថៃ ពុំបាន​បន្ធូរដៃ ក្នុង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា និង​ពង្រីក​មូលដ្ឋាន​កងទ័ព លើ​ទឹកដី​កម្ពុជា ដែល​ពួកគេ វាយ​ដណ្ដើម​បាន​នោះ​ទេ ខណៈ​រដ្ឋាភិបាល​កម្ពុជា ថ្វី​ត្បិត ចេញ​សារ​តវ៉ា​នៅ​តាម​វេទិកា​អន្តរជាតិ​ជាប្រចាំ ប្រឆាំង​នឹង​ទង្វើ​ឈ្លានពាន របស់​ថៃ​ក្ដី ក៏​ហាក់​គ្មាន ប្រសិទ្ធភាព​នោះ​ដែរ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី១៣ ខែ​កក្កដា​ថា ការដែល​សភា​ប្រើប្រាស់​ភាសា​បាន​អនុម័ត សេចក្ដីសម្រេច​ស្ដីពី​បូរាណ​ភាព​ទឹកដី ស្របពេល​ដែល​ថៃ កំពុងតែ​ឈ្លានពាន​កម្ពុជា នេះ ជា​រឿង​ល្អ ប៉ុន្តែ​លោក​ថា សេចក្ដីសម្រេច​នេះ ហាក់​គ្មាន​ប្រសិទ្ធភាព ឬ​ទម្ងន់​ដើម្បី​រារាំង ឬ​បញ្ឈប់ ថៃ​មិន​ឱ្យ​ឈ្លានពាន​កម្ពុជា​បាន​នោះ​ទេ ព្រោះ​សមាជិកសភា​ទាំងនោះ គ្មាន​កម្លាំង​យោធា និង​ឥទ្ធិពល​នយោបាយ​ដើម្បី​ដាក់​សម្ពាធ រដ្ឋាភិបាល​ថៃ​នោះ​ឡើយ។

លោក​បន្ត​ថា ភាគី​ថៃ ក៏​មិន​ដកទ័ព​តាម​ការ​អំពាវនាវ​របស់​សមាជិកសភា​ដែល​ប្រើប្រាស់​ភាសា​បារាំង ទាំង​នោះ​ដែរ ដរាប​ណា​បណ្ដាញ​សមាជិកសភា​ទាំងនោះ មិន​យក​បញ្ហា​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា ទៅ​រក​កិច្ច​អន្តរាគមន៍ ជាមួយ​ដឹកនាំ​នៃ​ប្រទេស​សមាជិកសភា​ទាំងនោះ​ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​មេដឹកនាំ​ពួកគេ ជួយ​និយាយ ឬ​ដាក់​សម្ពាធ​ផ្នែក​ការទូត​មក​លើ​រដ្ឋាភិបាល​ថៃ​ទេ​នោះ។

លោក អ៊ុំ សំអាន៖ «ឱ្យ​សភា​ប្រើ​ភាសា​បារាំង​ឲ្យ​និយាយ​ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួន ព្រោះ​និយាយ​ជាមួយ​រដ្ឋាភិបាល​ដែល​ជា​អង្គ​នីតិ​ប្រតិបត្តិ អាហ្នឹង​បាន​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​រដ្ឋាភិបាល​ថៃ​។ សភា​មិន​មាន​ឥទ្ធិពល​ទៅលើ​ឆាក​អន្តរជាតិ​ខ្លាំង​នោះ​ទេ ហើយក៏​មិន​មាន​ឥទ្ធិពល​ទៅលើ​រដ្ឋាភិបាល​ថៃ​ដែរ អញ្ចឹង​ណា»។

ការ​លើកឡើង​នេះ ក្រោយពី​ព្រឹទ្ធសភា​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែកក្កដា បាន​បង្ហោះ​លទ្ធផល ប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥១ នៅ​ឯ​ទីក្រុង​យ៉ាអ៊ូនដេ ប្រទេស​កាមេរូន របស់​សភា​ប្រើ​ភាសា​បារាំង ដែល បាន​អនុម័ត​សេចក្ដីសម្រេចចិត្ត ស្ដីពី​បូរណភាព​ទឹកដី​កម្ពុជា និង​បាន​ជ្រើសតាំង​កម្ពុជា​ជា​ប្រតិភូ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វីក នា​ថ្ងៃទី​១១ ខែ​កក្កដា​។ នៅក្នុង​សេចក្ដីសម្រេចចិត្ត​នោះ សភា​ប្រើប្រាស់ ភាសា​បារាំង បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្ដេជ្ញាចិត្ត និង​ទទួលស្គាល់​បូរាណ​ភាព​ទឹកដី​កម្ពុជា តាមរយៈ​សេចក្ដីប្រកាស​ទីក្រុង​បាម៉ាកូ និង​ទីក្រុង​សាំង​-​បូនីហ្វាស ច្បាប់​អន្តរជាតិ ព្រមទាំង​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាលពី​ឆ្នាំ​១៩៦២ និង ឆ្នាំ​២០១៣។

ទន្ទឹមគ្នា​នោះ សភា​ប្រើប្រាស់​ភាសា​បារាំង (APF) បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ លើ​ការបាត់បង់ អាយុជីវិត​របស់​ពល​រដ្ឋ​ខ្មែរ ការ​ផ្លាស់​ទីលំនៅ និង​ទង្វើ​នានា​ដែល​ថៃ បាន​រំលោភ លើ​បទ​ឈប់​បាញ់ និង​បូរាណ​ភាព​ទឹកដី​កម្ពុជា​។ ជាមួយគ្នា​នោះ សភា​ប្រើ​ភាសា​បារាំង (APF) ក៏​សោកស្ដាយ ចំពោះ ការ​ខូចខាត ទីតាំង​វប្បធម៌ និង​សាសនា ដូចជា ប្រាសាទបុរាណ​ខ្មែរ​មួយចំនួន ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួច​មក​ហើយ របស់​អង្គការ​យូណេស្កូ (UNESCO)។

សភា​ប្រើប្រាស់​ភាសា​បារាំង (APF) ក៏បាន​អំពាវនាវ​ឱ្យ​ថៃ គោរព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អធិបតេយ្យភាព​កម្ពុជា ដើម្បី​ចៀសវាង​រាល់​សកម្មភាព​ឯកតោភាគី​ណាមួយ​ដែល​បណ្ដាល​ឱ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង និង​ការអនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្ដីថ្លែងការណ៍​រួម ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​កូឡាឡាំពួរ កាល​ពី​ខែ​តុលា ឆ្នាំ​២០២៥ ។ ទន្ទឹមគ្នា​នោះ ពួកគេ​ក៏​បាន​ទាមទារ​ឱ្យ​ភាគី​ថៃ បន្ធូរបន្ថយ​ភាព​តានតឹង ជាបន្ទាន់ និង​ការ​ដក​កងទ័ព​ទាំងអស់ ចេញពី​តំបន់​មាន​ជម្លោះ។

សភា​ប្រើប្រាស់​ភាសា បារាំង (APF) បញ្ជាក់​ឡើងវិញ​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ជាពិសេស គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) និង​លើកទឹកចិត្ត​ឱ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ស្របតាម ច្បាប់​អន្តរជាតិ។ ជា​ចុងក្រោយ សភា​ប្រើប្រាស់​ភាសា​បារាំង (APF) គាំទ្រ​ដល់​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ មាន​ភាព​ប្រក្រតី​ឡើងវិញ ដោយ​ផ្អែកលើ​ការ​ទទួល​ស្គាល់​អធិបតេយ្យ​ភាព បូរណភាព​ទឹកដី​គ្នា​ទៅវិញ ទៅមក និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ព្រំដែន ព្រមទាំង​ការ​ខណ្ឌសីមា​ព្រំដែន​ស្របតាម​លិខិតុបករណ៍ គតិយុត្តិ​អន្តរជាតិ។

សភា​ប្រើប្រាស់​ភាសា​បារាំង ឬ សភា​តំណាង​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង (APF) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់ សន្តិភាព ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ការពារ ភាព​ចម្រុះ​ផ្នែក​វប្បធម៌ និង​ភាសា ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរសភា និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ជាមួយគ្នា​នោះ សភា​ប្រើ​ភាសា​បារាំង (Assemblée parlementaire de la Francophonie – APF) គឺជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​អង្គការ​អន្តរជាតិ​ឡាហ្វ្រង់កូហ្វូនី (OIF) ដែល​មាន​សមាជិក​ជិត​១០០ ប្រទេស និង​រដ្ឋាភិបាល​មកពី​ប្រាំ​ទ្វីប​។ ដូចជា តំបន់​អឺរ៉ុប មាន បារាំង​, បែលហ្ស៊ិក ស្វីស និង​រូម៉ានី ជាដើម​។ ចំណែក តំបន់​អាស៊ី​មាន កម្ពុជា វៀតណាម ឡាវ លីបង់ និង​សហគមន៍​តំបន់​មួយចំនួន របស់ កាណាដា រួម​នឹង តំបន់​អាហ្វ្រិក ជាដើម​។ ស្ថាប័ន​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា មាន​ឥទ្ធិពល​ជា​ខ្លាំង​លើ​ឆាក​អន្តរជាតិ ជាពិសេស​កិច្ច​ការទូត។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់​ថា​សេចក្ដីសម្រេចចិត្ត​របស់​សភា ប្រើប្រាស់​ភាសា​បារាំង​នេះ ជា​រូបភាព​វិជ្ជមាន ផ្នែក​ការទូត​សម្រាប់​កម្ពុជា ប៉ុន្តែ​មាន​ទម្ងន់​ខុសគ្នា រវាង​ទិដ្ឋភាព​នយោបាយ និង ការអនុវត្ត​ជាក់ស្ដែង​។ លោក​បញ្ជាក់​ថា សេចក្ដីសម្រេចចិត្ត របស់​សមាជិកសភា​ប្រើ​ភាសា​បារាំង កាន់តែ​បង្ហាញ​អំពី​ភាព​ម៉ឺងម៉ាត់ និង​ប្រើ​ភាសា​ចំៗ ជាង​មុន ពាក់ព័ន្ធ ដូចជា ការ​ព្រួយ​បារម្ភ លើ​ជន​ស៊ីវិល​ដែល​បាត់បង់​ដីធ្លី ការ​សោកស្ដាយ ចំពោះ​ការឈ្លានពាន និង​ការ​ទាមទារ​ឲ្យ​ថៃ ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា ជាដើម។

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ​ថា នេះ​ជា​ជ័យជម្នះ​ផ្នែក​ឃោសនាការ និង​ការទូត​ដ៏​ធំធេង​មួយ​សម្រាប់​កម្ពុជា។ លោក​ថា ការដែល​ស្ថាប័ន​អន្តរជាតិ​មួយ ប្រើ​ពាក្យ​ទាមទារ​ឲ្យ​កងទ័ព​ថៃ​ដកចេញ ស្មើនឹង​ជា​ការ​ផ្ដល់​ខ្នងបង្អែក សីលធម៌ និង​យុត្តិធម៌ យ៉ាង​ពេញលេញ​ដល់​កម្ពុជា ដើម្បី​ឲ្យ​ពិភពលោក​មើលឃើញ​កាន់តែ​ច្បាស់​ថា កម្ពុជា​ជា​ជនរងគ្រោះ ហើយ​ថៃ​គឺជា​អ្នក​រំលោភច្បាប់​អន្តរជាតិ​។​លោក​បន្ត​ថា ការ​មិន​គាំទ្រ​ឲ្យ​ប្រើ​កម្លាំងយោធា​រំកិល​ព្រំដែន គឺ ជា​សារ​ព្រមាន​មួយ​ផ្នែក​នយោបាយ ដោយ​មិន​ឲ្យ​ភាគី​ថៃ ប្រើប្រាស់ យោធា​របស់​ខ្លួន មក​គំរាមកំហែង​កម្ពុជា​តាម​អំពើ​ចិត្ត។

លោក សេង វណ្ណលី៖ «កម្ពុជា​អាច​ប្រើប្រាស់​សេចក្ដីសម្រេច​ដែល​មាន​តម្លៃ​នេះ​ធ្វើជា​ទុន​ការទូត ដើម្បី ដាក់​សម្ពាធ​បន្ថែម​ទៀត​នៅក្នុង​កិច្ចចរចា​ទ្វេភាគី ឬក៏​ប្រើប្រាស់ ជា​ឯកសារយោង​ផ្នែក​នយោបាយ​ដែល​មាន​ទម្ងន់ ប្រសិនបើ​កម្ពុជា​សម្រេច​ចិត្ត រុញ​រឿង​នេះ​ទៅកាន់ ស្ថាប័ន​អន្តរជាតិ ដែល​មាន​អំណាច​បង្ខំ ដូចជា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឬក៏​តុលាការ​យុត្តិធម៌​អន្តរជាតិ ជាដើម»។

ទន្ទឹមគ្នា​នោះ លោក សេង វណ្ណលី អះអាង​ថា ថ្វី​ត្បិត​សភា​ប្រើប្រាស់​ភាសា​បារាំង ​​សិទ្ធិអំណាច​ក្នុង​ការ​ដាក់​សម្ពាធ ឬ​ធ្វើ​កិច្ច​អន្តរាគមន៍​ដោយ​ផ្ទាល់​ជាមួយ​ភាគី​ថៃ​ក្ដី ក៏​ជា​ការ​បង្កើត​សំឡេង​រួម​អន្តរជាតិ ព្រោះ​សភា​អឺរ៉ុប ប្រើ​ភាសា​បារាំង ដែល​មាន​សមាជិក​ជា រដ្ឋសភា​មកពី​ប្រទេស​រាប់​សិប​នៅ​លើ​ពិភពលោក ដូច្នេះ សេចក្ដីសម្រេច​នេះ នឹង​ដើរ​តួនាទី​ជា​ការ​ទូត​សភា ដែល​ជួយ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​ទាំងនោះ ងាក​មក​យកចិត្តទុកដាក់ និង​គាំទ្រ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផ្សេងទៀត។លើសពីនោះ​ទៀត លោក​ថា សេចក្ដីសម្រេច​នេះ ជា​បន្ទុក ការទូត​ដ៏​ធ្ងន់​មួយ សម្រាប់ ភាគី​ថៃ នៅក្នុង​ការដោះស្រាយ​មុខមាត់ និង​កេរ្តិ៍ឈ្មោះ របស់ខ្លួន​លើ ឆាក​អន្តរជាតិ ព្រោះ​គ្មាន​ប្រទេស​ណាមួយ ចង់​ឲ្យ​គេ​រិះគន់ថា​ជា​ប្រទេស​ឈ្លានពាន និង​រំលោភសិទ្ធិ​ជន​ស៊ីវិល​នោះទេ​។ ទោះជា​បែបនេះ​ក្ដី លោក​ថា សភា​អឺរ៉ុប ដែល​ប្រើ​ភាសា​បារាំង គឺ​ស្ថិតនៅក្នុង​កម្រិត​ដែរ ជាពិសេស គឺអាច ជួយ​សង្កត់​ផ្លូវចិត្ត និង​នយោបាយ ប៉ុណ្ណោះ ប៉ុន្តែ​មិនអាច​ប្រើប្រាស់ ជា​ផ្លូវច្បាប់ ដើម្បី​ឲ្យ​ថៃ​ដកទ័ព​ថយ ចេញពី​តំបន់​ដែល​ខ្លួន​កាន់កាប់ ពី​កម្ពុជា​ភ្លាមៗ​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ