

យោធាថៃគ្រោងដំឡើងប្រព័ន្ធឃ្លាំមើលព្រំដែនដោយស្វ័យប្រវត្តិ នៅក្នុងខេត្តចំនួន២ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ដោយយោធាថៃបានអះអាងថា ដើម្បីពង្រឹងសន្តិសុខជាតិនៅតាមព្រំដែន។ អ្នកឃ្លាំមើលថា ការដំឡើងប្រព័ន្ធឃ្លាំមើលព្រំដែនស្វ័យប្រវត្តិរបស់យោធាថៃ នៅតំបន់ព្រំដែនកម្ពុជា នឹងក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់កម្ពុជា ក្នុងស្ថានភាពដែលភាគីទាំងពីរមានជម្លោះព្រំដែន ខណៈយោធាថៃបានដណ្ដើមកាន់កាប់ទីតាំងខ្ពស់ជាច្រើនកន្លែងតាមបណ្ដោយភ្នំដងរែក។
អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃ លោក វិថៃ ឡៃធំយ៉ា (Vithai Laithomya) បានប្រកាសកាលពីថ្ងៃទី១ ខែកញ្ញា ដោយលើកឡើងពីគម្រោងសាងសង់ និងដំឡើងប្រព័ន្ធឃ្លាំមើលព្រំដែនដោយស្វ័យប្រវត្តិ នៅតាមបណ្ដោយព្រំដែនខេត្តចន្ទបុរី (Chanthaburi) និងខេត្តស្រះកែវ (Sa Kaeo) ដែលស្ថិតនៅជាប់នឹងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរបស់កម្ពុជា។
លោក វិថៃ បញ្ជាក់ថា គម្រោងដំឡើងប្រព័ន្ធឃ្លាំមើលដោយស្វ័យប្រវត្តិនេះ រួមមានការសាងសង់ផ្លូវសម្រាប់ល្បាត ប៉មសម្រាប់ឃ្លាំមើល និងកាមេរ៉ាសុវត្ថិភាពដែលមានបច្ចេកវិទ្យាចាប់សញ្ញា បំពាក់នៅលើបង្គោលអង់តែនខ្ពស់។ លោកបន្តថា ប្រសិនបើគម្រោងនេះត្រូវបានអនុម័តហើយនោះ យោធាថៃនឹងដំឡើងប្រព័ន្ធឃ្លាំមើលស្វ័យប្រវត្តិនេះ នៅតាមទីតាំងដែលមានភាពតានតឹង តំបន់អូរប្រឡាយធម្មជាតិ និងនៅក្នុងតំបន់ដែលកម្ពុជា និងថៃមិនទាន់កំណត់ខ្សែបន្ទាត់ព្រំដែនច្បាស់លាស់។
អ្នកនាំពាក្យទីបញ្ជាការយោធាថៃរូបនេះអះអាងថា គម្រោងសាងសង់ប្រព័ន្ធឃ្លាំមើលព្រំដែនដោយស្វ័យប្រវត្តិនេះ ត្រូវបានស្នើឡើងគឺដើម្បីពង្រឹងសន្តិសុខ និងផលប្រយោជន៍របស់ថៃនៅតាមព្រំដែន។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ និងរដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២ ខែកញ្ញា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា ប្រសិនបើយោធាថៃពិតជាដំឡើងប្រព័ន្ធឃ្លាំមើលព្រំដែនស្វ័យប្រវត្តិ នៅតាមតំបន់ព្រំដែនកម្ពុជាមែននោះ គម្រោងនេះនឹងក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់កម្ពុជាកាន់តែខ្លាំង ខណៈយោធាថៃបានដណ្ដើមកាន់កាប់ទីតាំងយុទ្ធសាស្ត្រខ្ពស់ជាច្រើនកន្លែងតាមបណ្ដោយភ្នំដងរែក ក្រោយធ្វើសង្គ្រាមឈ្លានពានកម្ពុជានៅតាមព្រំដែនចំនួន២លើក។
លោក អ៊ុំ សំអាន៖ «មិនដែលបានបណ្ដោយឱ្យថៃជីកប្រឡាយ រាយបន្លាលួស ធ្វើរបងបេតុង ដាក់ទូកុងតឺន័រ រំលោភយកដីខ្មែរយើងស្រស់ៗ អត់មានការរារាំង អត់មានការទប់ស្កាត់ទេ។ អាហ្នឹងគឺជាចំណុចខ្សោយក្នុងការដឹកនាំរបស់ត្រកូលហ៊ុន ការពារតែអំណាច អត់ការពារទឹកដី ដែលបណ្ដោយឱ្យថៃឈ្លានពានទឹកដីខ្មែរយើងសព្វថ្ងៃ»។
យ៉ាងណាមិញ តាមការអះអាងរបស់យោធាថៃ គម្រោងសាងសង់ប្រព័ន្ធឃ្លាំមើលព្រំដែនដោយស្វ័យប្រវត្តិនេះ ក៏នឹងត្រូវដំឡើងនៅតាមទីតាំងបង្គោលព្រំដែនលេខ ៥២ ដល់៥៩ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាទីដែលយោធាថៃកំពុងសាងសង់របងព្រំដែនអចិន្ត្រៃយ៍ផងដែរ។ ក្នុងនោះ អ្នកនាំពាក្យទីបញ្ជាការយោធាថៃបានបញ្ជាក់ថា ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ដំណាក់កាលទី២ នៅចន្លោះបង្គោលព្រំដែនលេខ ៥៤ ដល់៥៩ ដែលមានប្រវែងជាង ៧គីឡូម៉ែត្រ គឺសម្រេចបាន ២០ភាគរយហើយ ខណៈការសាងសង់របងព្រំដែននៅចន្លោះបង្គោលលេខ៥២ ដល់៥៤ បានបញ្ចប់កាលពីខែសីហា។
បច្ចុប្បន្នយោធាថៃកំពុងបន្តការសាងសង់របងព្រំដែននេះយ៉ាងរលូន ដោយមិនមានការរារាំងពីភាគីកម្ពុជានោះឡើយ បន្ទាប់ពីកងទ័ពជើងទឹករបស់ថៃ បានចល័តកម្លាំងក្នុងតំបន់នេះកាន់តែច្រើន នឹងមានការជួយជ្រោមជ្រែងពីមូលនិធិរបស់រាជវង្សថៃ។
ពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងកម្ពុជា និងថៃនេះដែរ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង លោក លុយ ដេវីដ បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ឯកអគ្គរាជទូតថៃ បានពឹងពាក់ឯកអគ្គរដ្ឋទូតរបស់ប្រទេសមួយ ឱ្យមកបញ្ចុះបញ្ចូលទូតខ្មែរ ក្នុងគោលបំណងមិនឱ្យលើកយកជម្លោះព្រំដែនកម្ពុជា និងថៃ មកនិយាយនៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (OIF) ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះឡើយ។ ទោះជាយ៉ាងណា លោក លុយ ដេវីដ បញ្ជាក់ថា សំណើនេះមិនត្រូវបានស្វាគមន៍ដោយទូតខ្មែរនោះឡើយ៕








