ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​នៅ​តំបន់​ខ្លះ តែ​តំបន់​មួយ​ចំនួន​ទៀត​​បន្ត​ភ្លៀង​ខ្លាំង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ

0
6
ជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានឃុំដងពែង ស្រុកស្រែអំបិល ខេត្ត​កោះកុង កាល​ពីថ្ងៃទី១២ កក្កដា ២០២៦។ រូប៖ បណ្ដាញសង្គម
ជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានឃុំដងពែង ស្រុកស្រែអំបិល ខេត្ត​កោះកុង កាល​ពីថ្ងៃទី១២ កក្កដា ២០២៦។ រូប៖ បណ្ដាញសង្គម

ជំនន់​ទឹកភ្លៀង​ដែល​រង​ឥទ្ធិពល​ពី​ព្យុះ​បាវី (Bavi) បាន​ស្រក​ចុះ​វិញ​ជា​បណ្តើរ​នៅ​តាម​តំបន់​មួយចំនួន ដូចជា តំបន់​ទេសចរ​ភ្នំ​ជីផាត ខេត្ត​កោះកុង តំបន់​ទេសចរ​ភ្នំ​ខ្នង​ផ្សារ ខេត្តកំពង់ស្ពឺ​ជាដើម។

រដ្ឋបាល​ឃុំ​ជីផាត បាន​ប្រកាស​បើក​ដំណើរការ​សាឡាង​ចម្លង​ឡើងវិញ​ជា​ធម្មតា ក្រោយ​ទឹក​ស្រក​ចុះ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃទី ១៤​កក្កដា នេះ។

ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ភ្លៀង​ធ្លាក់​ខ្លាំង បាន​បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​។ ក្នុង​នោះ​ជំនន់​ទឹកភ្លៀង នៅ​តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ ខេត្ត​កំពង់ស្ពឺ សហគមន៍​ជីផាត ខេត្តកោះកុង និង​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​រារាំង និង​បង្អាក់ដំណើរ វិលត្រឡប់​របស់​ភ្ញៀវ​ទេសចរ ជាច្រើន​នាក់​។ ភ្ញៀវ​ទេសចរ​ជាង​៦០០​នាក់ ដែល​បាន​ជាប់​គាំង នៅ​តំបន់​ទេសចរ​ទាំងនោះ ត្រូវ​បាន​អាជ្ញាធរ និង​ប្រជា​សហគមន៍ ជួយសង្គ្រោះ​ចេញពី​តំបន់​ភ្នំ​ខ្នង​ផ្សារ នៅ​ស្រុក​កំពង់​សិលា និង​នៅ​តំបន់​ជីផាត ដែល​ជួប​ទឹកជំនន់​ទឹកភ្លៀង រួចរាល់​អស់​នៅ​ថ្ងៃនេះ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​។​

ទោះជា​បែបនេះ​ក្តី អាជ្ញាធរ និង​ក្រសួង ស្ថាប័ន មួយចំនួន​មិនបាន​បង្ហាញ​ពី​ទិន្នន័យ​នៃ​ផល​ប៉ះពាល់​ដែល​បាន​កើតឡើង ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​នៅឡើយ​ទេ នៅ​ថ្ងៃទី ១៤​ខែកក្កដា។

ក្រសួងសុខាភិបាល ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុង​ការ​ការពារ​សុខភាព និង​ត្រៀមខ្លួន​បង្ការ គ្រោះទឹក​ជំនន់​នៅ​អំឡុង​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​បង្កើត​ជា​ជំនន់​ទឹកភ្លៀង​រហ័ស​នៅ​តាម​តំបន់​ទំនាប ព្រមទាំង​ជំរុញ​ឱ្យ​ទឹកស្ទឹង ព្រែក ហក់​ឡើង​ខ្ពស់ បង្ក​ជា​គ្រោះ​ទឹកជំនន់ ដែល​អាច ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និង​អាយុជីវិត​ប្រជាជន​។ ក្រៅពី​ជំងឺឆ្លង ក្រសួងសុខាភិបាល ក៏បាន​រំឭក​ប្រជាពលរដ្ឋ​រងគ្រោះ ឱ្យ​ប្រយ័ត្នប្រយែង​ខ្ពស់ ចំពោះ​សត្វ​អ​សិរ​ពិស និង​ការ​ឆ្លង​ចរន្តអគ្គិសនី​ផង​ដែរ។

ចំណែក​ក្រសួង និង​ស្ថាប័ន​មួយចំនួន​ដូចជា​ក្រសួងទេសចរណ៍ ក្រសួង​ធនធានទឹក​និង​ឧតុនិយម អាជ្ញាធរ​មូលដ្ឋាន​ជាដើម បាន​ចេញ​សេចក្តីជូនដំណឹង និង​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​លើ​សុវត្ថិភាព និង​អាយុជីវិត​របស់​ភ្ញៀវ​ទេសចរ ដោយ​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ស្រប​ពេល​ដែល​អាកាសធាតុ​មានការ​ប្រែប្រួល។

កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ព្យុះ​ទី​៩ បា​វី បាន​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។ ព្យុះ​ទី​៩ ជះឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូសុង​និរតី ដែល​បក់​លើ​ឈូង​សមុទ្រ​បេងហ្គាល សមុទ្រ​អាន់ដាម៉ាន់ សមុទ្រ​ចិន​ខាង​ត្បូង ដែល​អាច​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង រួម​ជាមួយ​ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់ៗ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៣​កក្កដា​នេះ​ថា ព្យុះ​នេះ នឹង​បាត់​ទៅវិញ​នៅ​ថ្ង​ទី​១៥ កក្កដា ខាងមុខ ប៉ុន្តែ​កម្ពុជា​នឹង​បន្ត​ជួប​ព្យុះ​ជា​បន្តបន្ទាប់​ទៀត​គឺ​ព្យុះ​ទី​១១ ឈ្មោះ ហៃ​សិន នឹង​បន្ត​ឥទ្ធិពល​រហូតដល់​ថ្ងៃទី​១៧ កក្កដា។

គិត​ត្រឹម​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១៤ កក្កដា ជំនន់​ទឹកភ្លៀង និង​ខ្យល់​កន្ត្រាក់ បាន​ធ្វើ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ដូចជា​ផ្លូវ ស្ពាន ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ត្រូវ​លិចលង់ និង​បាន​ឆក់​យក​ជីវិត​អ្នកនេសាទ​ម្នាក់​នៅ​ខេត្តកោះកុង​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ